ថ្វីត្បិតតែក្រសួងការបរទេសកម្ពុជា ស្នើដកខ្លួនពី CLV-DTA ទៅកាន់ភាគី ឡាវ និង វៀតណាម ហើយក្តី ប៉ុន្តែមិនទាន់អាចចប់សព្វគ្រប់ដូចលោក ហ៊ុន សែន ប្រកាសនោះទេ។
ទោះជាយ៉ាងណាក្តី តាមខ្លឹមសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម CLV-DTA មាត្រា២២ ចំណុចទី២ និងទី៣ បញ្ជាក់ថា រឿងកម្ពុជាសុំដកខ្លួនពី CLV-DTA គឺជាចំណុចចាប់ផ្តើមវិជ្ជមានមួយ សម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែត្រូវរង់ចាំ ៦ខែទៀត ស្របតាមនីតិវិធី។
ដូច្នេះ នីតិវិធីបន្ទាប់ទៀតសម្រាប់ភាគីកម្ពុជា គឺត្រូវឲ្យរដ្ឋសភាជាតិ អនុម័តលុបចោលរាល់កិច្ចព្រមព្រៀងទាំងអស់ ដែលពាក់ព័ន្ធតំបន់ CLV-DTA រួមទាំង កិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវៀតណាម ដែលមានទំហំដីជាង ២៤ ម៉ឺនហិចតា រយៈពេល ៩៩ឆ្នាំនោះផង។
ដូចរៀបរាប់ខាងលើនេះ ពលរដ្ឋខ្មែរត្រូវរង់ចាំមើលបន្តទៀត ៖
- តើលោក ហ៊ុន សែន មានចិត្តស្មោះត្រង់ចំពោះជាតិទឹកដី និងពលរដ្ឋខ្មែរពិតប្រាកដឬទេ?
- តើមានអ្វីទៀតដោះដូរជាមួយវៀតណាម ដើម្បីអំណាច និងទ្រព្យសម្បត្តិក្រុមគ្រួសារគាត់?
ជាមួយគ្នារឿង CLV-DTA នេះដែរ នៅមានចំណុចមួយចំនួនទៀត ដែលពលរដ្ឋខ្មែរទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើគឺ ៖
១. ដោះលែងពលរដ្ឋដែលជាប់ឃុំឃាំងក្នុងរឿង CLV-DTA ពីព្រោះពួកគាត់ គ្មានគំនិតដូចការចោទប្រកាន់ផ្តេសផ្តាសរបស់អាជ្ញាធរទេ។ ហើយត្រូវដោះលែងសកម្មជនសង្គម សកម្មជនបរិស្ថាន និងអ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាលទាំងអស់ ដោយគ្មានលក្ខខណ្ឌ។
២. ផ្សះផ្សាស្មារតីជាតិខ្មែរទាំងអស់ ដោយបញ្ចប់ការប្រើពាក្យ «ក្រុមជ្រុលនិយម ឬ ក្រុមឧទាមក្រៅច្បាប់ ឬក៏ក្រុមភេរវកម្ម ជាដើម ។ល។» ហើយជំនួសនូវពាក្យពេចន៍ល្អៗក្នុងនាមជាមេដឹកនាំខ្មែរ។
៣. រដ្ឋសភាកម្ពុជា ក៏ត្រូវអនុម័តលុបចោល នូវកិច្ចព្រមព្រៀង និង សន្ធិសញ្ញាព្រំដែនគោក និង ដែនទឹក ដែលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាម កន្លងទៅ ដោយបំពានរដ្ឋធម្មនុញ្ញ មាត្រា២ មាត្រា៥៥ ហើយនិង បំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រួមទាំងច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ (UNCLOS-1982)។
អត្ថបទដោយលោក ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវែស)
(ភ្ជាប់៖ លិខិតក្រសួងការបរទេសកម្ពុជា និង កិច្ចព្រមព្រៀង CLV-DTA)