រូបថត(ពីស្តាំ) ៖ លោក ហ៊ុន ម៉ាណែត, លោក ផាម មិញជិញ (Pham Minh Chinh) និងលោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon)។
មេដឹកនាំព្រមព្រៀងប្តូរឈ្មោះពី CLV ទៅជាកិច្ចសហប្រតិបត្តិការត្រីភាគី
វិទ្យុអាស៊ីសេរី RFA / ដោយ ខាន់ លក្ខិណា
14-10-2024
អតីតតំណាងរាស្ត្របក្សប្រឆាំង និងអ្នកច្បាប់ លើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានចេតនាពិតប្រាកដ ក្នុងការដកកម្ពុជាចេញពីគម្រោង CLV [Cambodia – Laos – Vietnam] នោះទេ ដោយរដ្ឋាភិបាលត្រកូល ហ៊ុន កំពុងលេងល្បែងបំប្លែងពីរូបភាព CLV ដែលជាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាកិច្ចសហប្រតិបត្តិការត្រីភាគីវិញ។ ការលើកឡើងនេះ បន្ទាប់ពីសារព័ត៌មានជាតិវៀតណាម បានលើកឡើងពីការជំរុញរបស់នាយករដ្ឋមន្ត្រីវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយកម្ពុជា និងឡាវ ខណៈដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានចេញបំភ្លឺឱ្យជ្រះស្រឡះនៅឡើយ។
អតីតតំណាងរាស្ត្របក្សប្រឆាំង និងអ្នកច្បាប់លើកឡើងថា ការបង្ហាញជំហររបស់ មេដឹកនាំរដ្ឋាភិបាលត្រកូល ហ៊ុន ពីការដកកម្ពុជា ចេញពីគម្រោង CLV នៅមានលាក់កំបាំងខ្លឹមសារប្រតិបត្តិជាច្រើន ពីភ្នែកប្រជាពលរដ្ឋខ្មែរ នៅស្របពេលដែលមេដឹកនាំ រដ្ឋាភិបាលទាំងបី បែរជាជំរុញនូវប្រសិទ្ធភាព និង ភាពជាក់លាក់នៃកិច្ចសហប្រតិបត្តិការត្រីភាគី ទៅវិញ ទោះបីជាមិននិយាយដល់ពាក្យគម្រោង CLV ក៏ដោយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រកាសរបស់លោក ហ៊ុន សែន ដែលដកកម្ពុជាពី CLV គ្រាន់តែជាល្បែងនយោបាយប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ឱ្យស្ងប់ចិត្តខ្លះ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលត្រកូល ហ៊ុន ដែលកំពុងប្រឈមនឹងវិបត្តិពីគ្រប់ទិស។ លោកថា លោក ហ៊ុន សែន ដកតែសំបកឈ្មោះ CLV ប៉ុណ្ណោះ ប៉ុន្តែគម្រោងអនុវត្តន៍ទាំងអស់ ក្រោមផ្លាក CLV រដ្ឋាភិបាលត្រកូល ហ៊ុន នៅរក្សាទុកដដែល។
លោក អ៊ុំ សំអាន ៖ «គ្រាន់តែប្ដូរគម្រោងរូបភាពគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មកជាកិច្ចសហប្រតិបត្តិការត្រីភាគីតែប៉ុណ្ណោះ ដូច្នេះ គ្រាន់តែដូចតែប៉ុណ្ណោះឯង។ ក៏ប៉ុន្តែអ្វីដែលស្ថិតគម្រោងអភិវឌ្ឍន៍ CLV នៅតែបន្តហើយបង្កើនការបន្តកិច្ចសហប្រតិបត្តិការត្រីភាគី ដដែល។ ដូច្នេះ ខ្ញុំយល់ថា នេះ គឺជាល្បែងឆ្ពិនភ្នែកមួយ ដូច្នេះ ខ្ញុំយល់ថា នៅតែជាហានិភ័យ សម្រាប់ការបាត់បង់ខេត្តទាំងបួន ទៅប្រទេសវៀតណាម នៅពេលអនាគត»។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីតំណាងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វង់ស័រ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល ដកកម្ពុជាចេញពីគម្រោង CLV ប៉ុន្តែនៅលាក់បាំងសេចក្ដីពន្យល់ជុំវិញ រឿងនេះ។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ ៖ «ហើយខ្ញុំសូមគូសបញ្ជាក់ថា ទាំងភាគីវៀតណាមទាំងភាគីឡាវ សុទ្ធតែយល់ពីមូលហេតុដែលបានជំរុញឱ្យកម្ពុជា ដកខ្លួនចេញពី CLV DTA ហើយមូលហេតុសម្ដេចធិបតី បានលើកឡើងវិញ មិនបាច់ខ្ញុំរំលឹកឡើងវិញទេ ហេតុអ្វីបានជាកម្ពុជាដកខ្លួនចេញ CLV DTA »។
ទាក់ទងនឹងចំណុចដែលថា ភាគីវៀតណាម និងឡាវយល់នោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់ចេញបំភ្លឺឱ្យប្រជាពលរដ្ឋអស់មន្ទិលក្នុងចិត្តនៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែតុលា លោក តាន់ ហ្សង់ហ្វង់ស័រ បានត្រឹមតែលើកឡើងថា CLV ចប់ជាស្ថាពរតាំងពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រកាសដកកម្ពុជាចេញពីគម្រោងនេះ និងថា ជារឿងធម្មតា ដែលលោក ហ៊ុន ម៉ាណែត ត្រូវពន្យល់ភាគីវៀតណាម និងភាគីឡាវ ដោយផ្ទាល់មាត់។
យ៉ាងណា មកដល់ពេលនេះ មិនទាន់មានប្រភពណាមួយ ដឹងអំពីខ្លឹមសារនៃការពន្យល់របស់លោក ហ៊ុន ម៉ាណែត និងជំហរពិតប្រាកដរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាក់ទងនឹងការដកកម្ពុជាពីគម្រោង CLV ទេ។
ប៉ុន្តែបណ្ដាញសារព័ត៌មាន វីអូវី (VOV.VN) និង Vietnamplus របស់វៀតណាម កាលពីថ្ងៃទី ៩ ខែតុលា បានចុះផ្សាយអំពីការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី ត្រកូលហ៊ុន លោក ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងនាយករដ្ឋមន្ត្រីឡាវ លោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon) រួមគ្នាក្នុងការអភិវឌ្ឍន៍យន្តការកិច្ចសហ ប្រតិបត្តិការទ្វេភាគី និងត្រីភាគី ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់លាក់ ព្រមទាំងប្រើក្របខណ្ឌកិច្ចសហប្រតិបត្តិការបក្ស និងបក្ស ឱ្យដើរតួនាទីស្នូលក្នុងការអភិវឌ្ឍ ទំនាក់ទំនងនៃភាគីទាំងបី តាំងពីកម្រិតយុវជន ដល់ថ្នាក់ដឹកនាំកំពូល។
នាយករដ្ឋមន្ត្រីទាំងបី បានពិពណ៌នាអំពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការត្រីភាគី នេះថា ជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។
យោងតាមសារព័ត៌មាន Vietnamplus កិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា-ឡាវ-វៀតណាម នៅតែផ្ដោតលើវិស័យសន្តិសុខ ការបង្កើនប្រសិទ្ធភាពច្រកព្រំដែនគោក ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួមទាំងកម្មវិធីផ្លាស់ប្ដូរប្រជាជន និងប្រជាជន ហើយនាយករដ្ឋមន្ត្រីវៀតណាម ថែមទាំងបាននិយាយទៅដល់រឿងរ៉ាវ ដែលភាគីរដ្ឋាភិបាលកម្ពុជា និងឡាវ គាំទ្រសហគមន៍ជនជាតិវៀតណាម ឱ្យតាំងលំនៅ និងសមាហរណកម្មចូលសង្គម ក្នុងប្រទេសទាំងពីរផង។ ការវិវត្តន៍នេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការត្រីភាគី មិនខុសអ្វីពីគម្រោង CLV ទេ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គ្មានចេតនាដកកម្ពុជាចេញពីគម្រោង CLV មែនទែនទេ ហើយការប្រកាសដកគម្រោងនេះ មានចេតនាបំភ្លៃឱ្យប្រជាពលរដ្ឋយល់ច្រឡំថា រដ្ឋាភិបាលដកកម្ពុជា ចេញពីគម្រោង CLV មែន ដើម្បីស្អំចិត្តប្រជាពលរដ្ឋ ឱ្យបន្ថយការតវ៉ា។
លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែតុលា ថា បើរដ្ឋាភិបាល ត្រកូល ហ៊ុន ពិតជាចង់ដកកម្ពុជាចេញពីគម្រោងCLV នោះពួកគេរៀបចំអ្នកជំនាញឱ្យចេញពន្យល់អំពីនីតិវិធីនៃការដកខ្លួន និងដោះលែងអ្នកជាប់ឃុំដោយសារសំណុំរឿងនេះ ហើយលោក ហ៊ុន សែន ក៏មិននៅប្រើគ្រប់មធ្យោបាយការពារផលប្រយោជន៍វៀតណាម ជាជាងប្រយោជន៍ខ្មែរ ក្នុងរូបភាពកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីនោះទេ។
លោក វ៉ន ចាន់ឡូត ៖ «មិនមែនប្រជាពលរដ្ឋគ្រាន់តែដកនៅលើក្រដាសតែប៉ុណ្ណឹងទេ វាជាការដកទាំងគម្រោង ដែលយើងឃើញថា កម្ពុជាទទួលគម្រោងជាង ៤០គម្រោងនៅក្នុង CLV DTA នេះ ដែលវាពាក់ព័ន្ធទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឬក៏ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែននៅខេត្ត ដែលយកទៅដាក់នៅក្នុងគម្រោងហ្នឹង ក៏ដូចជាការពិនិត្យមើលនិគមវៀតណាមដែលហូរចូលប្រទេសកម្ពុជាជាដើម»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងថា ការបន្លំភ្នែកដកឈ្មោះ CLV ក៏ប៉ុន្តែបែរទៅជាប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការក្នុងឈ្មោះត្រីភាគីវិញ ក៏នៅតែធ្វើឱ្យបូរណភាពទឹកកម្ពុជា ប្រឈមនឹងគ្រោះថ្នាក់ដដែល ជាពិសេសក្នុងការអនុវត្តគម្រោងដីសម្បទាន ឱ្យក្រុមហ៊ុនវៀតណាម និងការហូរចូលនៃជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ មករស់នៅទឹកដីកម្ពុជា។
លោក អ៊ុំ សំអាន ៖ «ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវៀតណាមជាង ២៤ ម៉ឺនហិកតារនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍មិនទាន់បានដកហូតនៅឡើយទេ។ ជនជាតិវៀតណាមដែលកំពុងធ្វើការ និងស្នាក់នៅខុសច្បាប់នៅលើដីសម្បទានសេដ្ឋកិច្ច ដែលផ្ដល់ឱ្យក្រុមហ៊ុនវៀតណាមនិងយោធាវៀតណាមជាង ២៤ ម៉ឺនហិកតារមិនត្រូវបានដកហូតនៅឡើយទេ។ ដូច្នេះនៅតែជាហានិភ័យនៃគ្រោះថ្នាក់ទៅដល់បូរណភាពទឹកដីយើងនៅពេលអនាគត»។
អ្នកឃ្លាំមើល លើកឡើងថា ការបំប្លែងកិច្ចសហប្រតិបត្តិការគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ទៅជាទម្រង់ថ្មី ដែលប្រើឈ្មោះ «កិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា-វៀតណាម-ឡាវ» នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក បាត់ជំនឿទាំងស្រុងពីការប្រកាសរបស់លោក ហ៊ុន សែន ដែលថា ដកកម្ពុជាពីគម្រោង CLV កន្លងមក ពីព្រោះ កិច្ចសហប្រតិបត្តិការត្រីភាគី នៅតែរក្សានូវខ្លឹមសារ CLV ដដែល និងកាន់តែប្ដេជ្ញាបង្កើនប្រសិទ្ធភាពអនុវត្តន៍ថែមទៀត។
ដោយមើលឃើញមូលហេតុនេះ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទូទាំងពិភពលោក ដូចជា នៅកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ជាដើម ចាប់ផ្ដើមរៀបចំការតវ៉ាកើតឡើងវិញ៕