គណៈកម្មការរបស់ពលរដ្ឋមួយត្រូវបង្កើតឡើងដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ម៉ែន គឹមសេង
សហគមន៍ខ្មែរនៅក្រៅប្រទេសបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដើម្បីចងក្រងសកម្មភាពរំលោភច្បាប់និងសិទ្ធិមនុស្សនានានៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។
គណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជា (Commission of Inquiry for Cambodia) នេះជាគណៈកម្មការពលរដ្ឋដំបូងដែលធ្វើកិច្ចការនេះនិងផ្តួចផ្តើមដោយអង្គការ Save Cambodia ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងចូលរួមដោយសមាគមខ្មែរជាច្រើនដែលនៅសហរដ្ឋអាមេរិកអឺរ៉ុបនិងអូស្ត្រាលី ។
គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមពីកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្រ្តមួយកាលពីថ្ងៃទី១៨ខែកក្កដា នៅពេលដែលលោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សHuman Rights Watchបានធ្វើឡើងជាមួយមេដឹកនាំសហគមន៍ខ្មែរប្រមាណ៥០នាក់អំពីបញ្ហាប្រឈមនៅប្រទេសកម្ពុជាលើផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លទ្ធផលសំខាន់នៃសម័យប្រជុំនោះគឺបានសន្និដ្ឋានថាកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អង្គការសហប្រជាជាតិនិងអន្តរជាតិផ្សេងទៀតដើម្បីដោះស្រាយការគាបសង្កត់កាន់តែខ្លាំងនិងគ្រប់ទិសទីរបស់រដ្ឋាភិបាលលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាមិនបានដំណើរការល្អទេ។ នេះបើតាមការបញ្ជាក់របស់លោកMorton Sklarទីប្រឹក្សាផ្នែកច្បាប់សម្រាប់គណៈកម្មការនេះ។
លោក Morton Sklar បានបន្ថែមថា៖ «គំនិតដែលសហគមន៍ខ្មែរខ្លួនឯងអាចបង្កើតគណៈកម្មការស៊ើបអង្កេតតាមសិទ្ធិរបស់ខ្លួនគឺជាគំនិតថ្មីមួយ ហើយជាគំនិតសំខាន់មួយ។ វាកើតចេញពីការខកចិត្តជាមួយនឹងរបាយការណ៍មុនៗនិងសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនិងមន្ត្រីអង្គការសហប្រជាជាតិផ្សេងៗអំពីប្រទេសកម្ពុជាដែលមិនបានបង្កើតលទ្ធផលប្រកបដោយអត្ថន័យ»។
អ្នកស្រីនីកូល អ៊ឹង (Nicole Ung) ប្រធានមូលនិធិមេបុណ្យនិងជាអ្នកទំនាក់ទំនងជាមួយនឹងសហគមន៍ខ្មែសម្រាប់អង្គការSave Cambodia បានថ្លែងថា៖«នេះគឺជាលើកដំបូងហើយដែលរាស្ត្រខ្មែរដែលនាំគ្នាធ្វើកិច្ចការនេះហើយដោយសារមានទង្វើរៀបចំរបៀបនេះខ្ញុំជឿថារាស្ត្រអាចជួយទាញមតិអន្តរជាតិឲ្យគេមកគាំទ្រព្រមទាំងជំរុញអ្នកដែលមានអំណាចមានឥទ្ធិពលឲ្យគេមកជួយគាំទ្ររាស្ត្រខ្មែរយើង» ។
វិធីសាស្រ្តថ្មីនេះគឺជាការផ្តល់ឱកាសឱ្យជនរងគ្រោះពីការធ្វើទុក្ខបុកម្នេញនិងឃាតកម្មដែលមានដូចជាគ្រួសារលោកបណ្ឌិតកែម ឡី អ្នកវិភាគនយោបាយសង្គមលោក ជា វិជ្ជាមេដឹកនាំសហជីពកម្មករលោក ឈុត វុទ្ធីសកម្មជនការពារបរិស្ថាននិងជនរងគ្រោះផ្នែកនយោបាយនិងសិទ្ធិដីធ្លីដទៃទៀតបានថ្លែងពីបញ្ហារបស់ពួកគេដោយសារពួកគេនៅស្ងៀមជាយូរព្រោះមិនទទួលបានយុត្តិធម៌ក្រោមរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
គណៈកម្មការស៊ើបអង្កេតឬស្វែងរកការពិតដែលបង្កើតឡើងដោយពលរដ្ឋស្រដៀងគ្នាត្រូវបានអនុវត្តនៅប្រទេសចិននិងលើបញ្ហាជនជាតិចិនអ៊ុយហ្គ័រ (Uyghur) និងនៅប្រទេសមីយ៉ាន់ម៉ាដោយស៊ើបអង្កេតករណីរំលោភបំពានសិទ្ធិជនជាតិរ៉ូហ៊ីងយ៉ា(Rohingya) ដោយពួកយោធាជាដើម ។
រូបឯកសារ៖ កងសន្ដិសុខរឹបអូសឧបករណ៍បំពងសំឡេងពីបាតុករម្នាក់ ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មមួយដើម្បីប្រារព្ធខួបទី២៩ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនៅមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ស្ថានភាពកម្ពុជាបច្ចុប្បន្ន
របាយការណ៍របស់ក្រសួងការបទេសសហរដ្ឋអាមេរិកអំពីប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២១កន្លងទៅនេះ បានកត់សម្គាល់ថាស្ថានភាពសិទ្ធិមនុស្សនៅតែមានបញ្ហាក្នុងនោះមានការធ្វើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌ឬការធ្លាក់ចុះមិនយកចិត្តទុកដាក់និងការដាក់ទោសទណ្ឌដោយអាជ្ញាធររដ្ឋាភិបាល។ មានការឃុំខ្លួនតាមអំពើចិត្តដោយរដ្ឋាភិបាលអ្នកនយោបាយនៅតែត្រូវបានដាក់ទោសទណ្ឌប្រព័ន្ធតុលាការគ្មានឯករាជ្យភាពការជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋរួមទាំងការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក ។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកាំងបានបន្ថែមថាមានការជ្រៀតជ្រែកដល់សិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាពក្នុងការបង្កើតសមាគម។ រីឯលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក៏បានធា្លក់ចុះ ។
អង្គការសិទ្ធិមនុស្សលីកាដូបានបង្ហាញក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២៥ខែវិច្ឆិកាថាក្នុងឆ្នាំ២០២០មានអ្នកបញ្ចេញមតិតាមបណ្តាញសង្គមចំនួន១៥៨នាក់ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងនោះមានស្ត្រីចំនួន៣៤នាក់ ។
សកម្មភាពរបស់គណៈកម្មការ
គណៈកម្មការនេះបានប្រកាសចាប់ផ្តើមដំណើរការនៅថ្ងៃទី២៣ខែតុលាគឺចំថ្ងៃខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាកិច្ចព្រមព្រៀងមានគោលបំណងនាំមកឲ្យពលរដ្ឋកម្ពុជានូវសន្តិភាពការឯកភាពជាតិ ការអភិវឌ្ឍការគោរពអធិបតេយ្យជាតិលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សបន្ទាប់ពីសង្គ្រាមហែកហួរគ្នាជាង២ទសវត្សរ៍។ អ្នកច្បាប់និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សពីររូបបានស្ម័គ្រចិត្តជាស្នងការដើម្បីជួយដឹកនាំគណៈកម្មការស៊ើបអង្កេតនេះ ។
អ្នកស្រី Louisa Coan Greve ជាស្នងការមួយរូបនៃគណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជា។ អ្នកស្រីធ្លាប់បានចូលរួមនៅក្នុងគណៈកម្មការឯករាជ្យដូចនេះចំនួនពីរក្នុងពេលកន្លងមកដោយផ្តោតលើបញ្ហាចិននិងជនជាតិអ៊ុយហ្គ័រ។ អ្នកស្រី មានជំនឿថាកម្ពុជាអាចនឹងទទួលបានផ្លែផ្កាពីកិច្ចខិតខំប្រឹងប្រែងលើកនេះដែរ ។
អ្នកស្រី Louisa Coan Greve បានថ្លែងក្នុងសារវីដេអូថា៖«ខ្ញុំបានឃើញប្រសិទ្ធភាពរបស់គណៈកម្មការនេះ។ នេះហើយជាមូលហេតុដែលខ្ញុំប្តេជ្ញាបម្រើគណៈកម្មការស៊ើបអង្កេតនេះ។ ហេតុអ្វីបានជាខ្ញុំជឿថាវាមានសារៈសំខាន់ហើយហេតុអ្វីបានជាគណៈកម្មការនេះមានសារៈសំខាន់ព្រោះវាមានគោលបំណងជាវេទិកាសម្រាប់ស្វែងរកយុត្តិធម៌និងសម្រាប់សាក្សីនានា» ។
លោក Paul Hoffman ស្នងការមួយរូបទៀតនៃគណៈកម្មការបានថ្លែងនៅក្នុងសារវីដេអូដែរថា៖ «យើងសង្ឃឹមថា គណៈកម្មការនឹងជួយប្រមូលការព្រួយបារម្ភនិងសកម្មភាពអន្តរជាតិដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ។ ក្រុមអ្នកធ្វើចលនាសិទ្ធិមនុស្សដឹងថាការលើកបញ្ហាមកបង្ហាញជាប្រចាំនិងជានិច្ចអំពីការធ្វើទុក្ខបុកម្នេញគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការធានាបាននូវយុត្តិធម៌និងការទទួលខុសត្រូវសម្រាប់ជនរងគ្រោះនិងដើម្បីការពារភាពអយុត្តិធម៌នាពេលអនាគត» ។
អ្នកជំនាញដូចជាលោក Gareth Evans អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក៏បានលើកទឹកចិត្តដល់សកម្មជនសហគមន៍ខ្មែរនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសឲ្យបន្តយកចិត្តទុកដាក់និងចងក្រងការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិនិងឲ្យពួកគេប្រើប្រាស់ជានិច្ចនូវរាល់វេទិកាដែលមានជាសកលនិងប្រចាំតំបន់បង្ហាញនូវអ្វីដែលខុសឆ្គង ។
នៅឆ្នាំ២០២២គណៈកម្មការនឹងបើកសវនាការយ៉ាងតិចចំនួនបួនដែលផ្តោតលើបញ្ហានិងកង្វល់បុគ្គលជាច្រើនដែលមានដូចជា៖ ទី១) ការបំផ្លិចបំផ្លាញនៃដំណើរការប្រជាធិបតេយ្យទី២)ការលុបបំបាត់សិទ្ធិបញ្ចេញមតិនិងសិទ្ធិបង្កើតសមាគមដោយសេរីតាមរយៈការចាប់ខ្លួនការផ្តន្ទាទោសដាក់ពន្ធនាគារនិងការកាត់ទោសព្រហ្មទណ្ឌជាប្រព័ន្ធនិងរីករាលដាល ទី៣ការបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបណ្តាញសារព័ត៌មានសេរីនិង ទី៤ការដកហូតដីធ្លីនិងធនធានសាធារណៈ និងទ្រព្យសម្បត្តិដោយមន្ត្រីរដ្ឋាភិបាលនិងសមាជិកគ្រួសារ លោក ហ៊ុន សែន ។
សម័យប្រជុំដំបូងរបស់គណៈកម្មការគ្រោងនឹងធ្វើនៅខែមីនាឆ្នាំ២០២២ ដោយផ្តោតលើបញ្ហានីតិរដ្ឋដែលផ្តោតលើការប្រើប្រាស់តុលាការ និងនីតិរដ្ឋដោយខុសច្បាប់របស់រដ្ឋាភិបាល ហ៊ុន សែន ក្នុងគោលបំណងនយោបាយ ។
លោក Kingley Abbott នាយកនៃកម្មវិធីគណនេយ្យភាពសាកលនិងយុត្តិធម៌អន្តរជាតិនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិនឹងផ្តល់សក្ខីកម្ម ដោយផ្អែកលើរបាយការណ៍រំលោភសិទ្ធិមនុស្សនានាដែលអង្គការ Human Rights Watch និង Amnesty International បានចងក្រងជាច្រើនពីប្រទេសកម្ពុជា។
លោក Morton Sklar បានថ្លែងថា៖ «គណៈកម្មការអន្តរជាតិនៃអ្នកច្បាប់រួមជាមួយអង្គការលើកលែងទោសអន្តរជាតិនិងអង្គការ ឃ្លាំមើលសិទ្ធិមនុស្សក្រុមទាំងបីនោះបានចេញរបាយការណ៍យ៉ាងលម្អិតអំពីបញ្ហាកង្វះឯករាជ្យលើផ្នែកនៃតុលាការនិងប្រព័ន្ធអនុវត្តច្បាប់នៅកម្ពុជា។ ពួកគេបានផ្តល់នូវព័ត៌មានសំខាន់ៗជាច្រើនអំពីរបៀបដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់តុលាការនិងប្រព័ន្ធអនុវត្តច្បាប់និងនីតិរដ្ឋមិនត្រឹមត្រូវដើម្បីបង្ហាញអំពីភាពត្រឹមត្រូវគាំទ្រ ដើម្បីធ្វើឱ្យមានលទ្ធភាពចាប់ខ្លួននិងកាត់ទោសបទល្មើសមួយចំនួនធំដែលបានកើតឡើង»។
សកម្មជនយល់ថាជំងឺរាតត្បាតកូវីដ១៩បានផ្តល់ឱកាសថ្មីដល់ការងាររបស់គណៈកម្មការនេះអាចដំណើរការបានដោយប្រសិទ្ធភាពនិងចំណាយថវិកានិងពេលវេលាតិចតួច។ សវនាការដោយផ្ទាល់លែងធ្វើឡើងនៅកម្រិតអន្តរជាតិទៀតហើយក្រុមការងារនឹងរៀបចំសវនាការភាគច្រើនតាមរយៈអនឡាញដោយប្រើប្រាស់ Zoom។
រូបឯកសារ៖ បាតុករកាន់ផ្ទាំងបដាដែលមានរូបអ្នកជាប់ពន្ធនាគារនៅកម្ពុជាដោយសារសកម្មភាពសង្គមនិងទាមទារឲ្យដោះលែងពួកគេ ក្នុងអំឡុងបាតុកម្មមួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ (ម៉ែន គឹមសេង/វីអូអេ)
ឥទ្ធិពលនយោបាយនិងអំណាច
ក្រុមសកម្មជនអះអាងថាយុទ្ធនាការនេះនឹងមិនរងសម្ពាធនយោបាយពីក្រុមអ្នកនយោបាយទេ។ ការទាមទាររបស់ពួកគេនឹងនៅបន្តបើទោះជាមានការសម្របសម្រួលនយោបាយយ៉ាងណាក៏ដោយ ។
លោកMorton Sklar បានបញ្ជាក់ថា៖«សកម្មភាពរបស់គណៈកម្មការស៊ើបអង្កេត គឺមិនមែនជារឿងនយោបាយឡើយ។ ទិដ្ឋភាពនយោបាយតែមួយគត់គឺយើងចង់ធ្វើឲ្យប្រាកដថាលទ្ធិប្រជាធិបតេយ្យត្រូវបានរក្សានៅកម្ពុជា។ នោះគឺជាស្ថានការណ៍បើកចំហដោយមិនមានសម្ពាធនយោបាយទេ។ នោះជាទិដ្ឋភាពតែមួយគត់នៃនយោបាយហើយយើងយកចិត្តទុកដាក់ ។ យើងមិនគាំទ្រ ឬទទួលជំនួយពីគណបក្សនយោបាយណាមួយទេ» ។
អ្នកស្រី នីកូល អ៊ឹង ក៏បានថ្លែងថា៖ «យើងឃើញថាបងប្អូនខ្មែរយើងឥឡូវមិននៅស្ងៀមដូចពីដើមទេហើយរាស្ត្រខ្មែរខំសិក្សាតាមរបៀបសម័យទំនើបហើយចេះបង្រៀនគ្នាជាបន្តបន្ទាប់ទោះបីជួបប្រទះការលំបាកសម័យកូវីដក៏ដោយគឺខ្មែរនៅតែបង្កើតជាកម្លាំងអន្តរជាតិ» ។
បើទោះជាគណៈកម្មការនេះមានបញ្ជីឈ្មោះស្ថាប័ននិងសាក្សីជាច្រើននៅក្នុងចំណោមអ្នកនយោបាយប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្សដែលត្រូវមកផ្តល់សក្ខីកម្មនិងមានដំណើរការស្រដៀងគ្នានឹងសវនាការរបស់សភាអាមេរិកាំងប៉ុន្តែពួកគេគ្មានអំណាចក្នុងការកោះហៅឬដាក់ទោសទណ្ឌអ្នកដែលមិនព្រមមកចូលរួមផ្តល់សក្ខីកម្មទេ។ ជាឧទាហរណ៍គណៈកម្មការនឹងផ្តល់ឱកាសឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាមកផ្តល់សក្ខីកម្មប៉ុន្តែពួកគេអាចមិនឆ្លើយតបតាមការអញ្ជើញនេះទេ ។
លោក Morton Sklar បានពន្យល់ថា៖ «ប្រសិនបើពួកគេមិនឆ្លើយតបទេ ការឆ្លើយតបដែលពួកគេបានឆ្លើយយ៉ាងលម្អិតចំពោះអង្គការសហប្រជាជាតិនឹងត្រូវបានប្រើជាការឆ្លើយតបរបស់ពួកគេ។ ពួកគេបានបង្ហាញពីមូលហេតុដែលពួកគេបានធ្វើចំពោះការរំលោភបំពានជាច្រើនដែលកំពុងកើតឡើង។ ដូច្នេះយើងមានភស្តុតាងជាច្រើនដែលមានសារៈសំខាន់អំពីទស្សនៈរបស់ពួកគេហើយយើងនឹងប្រើប្រាស់ភស្តុតាងនោះប្រសិនបើពួកគេមិនឆ្លើយតបនឹងសំណើរបស់យើង»។
ក្រុមការងារនឹងសរសេររបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនានាដែលពួកគេប្រមូលបានតាមរយៈសវនាការនេះសម្រាប់ដាក់ជូនដល់អ្នកតាក់តែងច្បាប់នៃបណ្តាប្រទេសនានាជាពិសេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអង្គការសហប្រជាជាតិនិងស្ថាប័នអន្តរជាតិនានាដើម្បីជាទុនសម្រាប់ពួកគេពិចារណានិងធ្វើសកម្មភាព ៕ វីអូអេខ្មែរ
រូបថតនៃគេហទំព័រគណៈកម្មការស៊ើបអង្កេតសម្រាប់កម្ពុជា
ដែលជាគណៈកម្មការពលរដ្ឋដំបូងដែលធ្វើកិច្ចការនេះនិងផ្តួចផ្តើមដោយអង្គការ
Save Cambodia ថតកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
(ថតពីគេហទំព័រ Save Cambodia) Photo: Web Screenshot