วันพุธที่ 16 ตุลาคม พ.ศ. 2567

 មេដឹកនាំ​ព្រមព្រៀង​ប្តូរ​ឈ្មោះពី CLV ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី

រូបថត​(ពីស្តាំ) ៖ លោក ហ៊ុន ម៉ាណែត, លោក ផាម មិញជិញ (Pham Minh Chinh) និង​លោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon)។

មេដឹកនាំ​ព្រមព្រៀង​ប្តូរ​ឈ្មោះពី CLV ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី

វិទ្យុអាស៊ីសេរី RFA / ដោយ ខាន់ លក្ខិណា 

14-10-2024

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ច្បាប់ លើក​ឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គ្មាន​ចេតនា​ពិត​ប្រាកដ ក្នុង​ការ​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV [Cambodia – Laos – Vietnam] នោះ​ទេ ដោយ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន កំពុង​លេង​ល្បែង​បំប្លែង​ពី​រូបភាព CLV ដែល​ជា​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​វិញ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សារព័ត៌មាន​ជាតិ​វៀតណាម បាន​លើក​ឡើង​ពី​ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ជាមួយ​កម្ពុជា និង​ឡាវ ខណៈ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​ចេញ​បំភ្លឺ​ឱ្យ​ជ្រះស្រឡះ​នៅ​ឡើយ

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​បង្ហាញ​ជំហរ​របស់​ មេ​ដឹក​នាំ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ពី​ការ​ដក​កម្ពុជា​ ចេញ​ពី​គម្រោង CLV នៅ​មាន​លាក់​កំបាំង​ខ្លឹមសារ​ប្រតិបត្តិ​ជា​ច្រើន ពី​ភ្នែក​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ស្រប​ពេល​ដែល​មេ​ដឹក​នាំ​ រដ្ឋាភិបាល​ទាំង​បី បែរជា​ជំរុញ​នូវ​ប្រសិទ្ធភាព និង ភាព​ជាក់លាក់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ត្រី​ភាគី ទៅ​វិញ ទោះបី​ជា​មិន​និយាយ​ដល់​ពាក្យ​គម្រោង CLV ក៏ដោយ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ដក​កម្ពុជា​ពី CLV គ្រាន់​តែ​ជា​ល្បែង​​នយោបាយ​ប្រជាភិថុតិ បោក​ប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ​ឱ្យ​ស្ងប់​ចិត្ត​ខ្លះ ដើម្បី​កុំ​ឱ្យ​​ប្រជាពលរដ្ឋ ​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ពី​គ្រប់ទិស។ លោក​​ថា លោក ហ៊ុន សែន ដក​តែ​សំបក​ឈ្មោះ CLV ប៉ុណ្ណោះ ប៉ុន្តែ​គម្រោង​អនុវត្តន៍​ទាំង​អស់ ក្រោម​ផ្លាក CLV រដ្ឋាភិបាល​ត្រកូល ​ហ៊ុន ​នៅ​រក្សា​ទុក​ដដែល។

លោក អ៊ុំ សំអាន ៖ «គ្រាន់​តែ​ប្ដូរ​គម្រោង​រូបភាព​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មក​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​តែ​ប៉ុណ្ណោះ ដូច្នេះ គ្រាន់​តែ​ដូច​តែ​ប៉ុណ្ណោះ​ឯង។ ក៏​ប៉ុន្តែ​អ្វី​ដែល​ស្ថិត​គម្រោង​អភិវឌ្ឍន៍ CLV នៅ​តែ​បន្ត​ហើយ​បង្កើន​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ដដែល។ ដូច្នេះ ខ្ញុំ​យល់​ថា នេះ គឺ​ជា​ល្បែង​ឆ្ពិន​ភ្នែក​មួយ ដូច្នេះ ខ្ញុំ​យល់​ថា នៅ​តែ​ជា​ហានិភ័យ សម្រាប់​ការ​បាត់​បង់​ខេត្ត​ទាំងបួន ​ទៅ​ប្រទេស​វៀតណាម​ នៅ​ពេល​អនាគត»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក តាន់ ហ្សង់ហ្វង់ស័រ បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ប៉ុន្តែ​នៅ​លាក់​បាំង​សេចក្ដី​ពន្យល់​ជុំ​វិញ​ រឿង​នេះ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ ៖ «ហើយ​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា ទាំង​ភាគី​វៀតណាម​ទាំង​ភាគី​ឡាវ​ សុទ្ធ​តែ​យល់​ពី​មូលហេតុ​ដែល​បាន​ជំរុញ​ឱ្យ​​កម្ពុជា ​ដក​ខ្លួន​ចេញ​ពី CLV DTA ហើយ​មូល​ហេតុ​សម្ដេច​ធិបតី ​បាន​លើក​ឡើង​វិញ មិន​បាច់​ខ្ញុំ​រំលឹក​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​កម្ពុជា​ដក​ខ្លួន​ចេញ CLV DTA »។

ទាក់ទង​នឹង​ចំណុច​ដែល​ថា ភាគី​វៀតណាម និង​ឡាវ​យល់​នោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចេញ​បំភ្លឺ​ឱ្យ​ប្រជាពលរដ្ឋ​អស់​មន្ទិល​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃទី១១ ខែ​តុលា លោក តាន់ ហ្សង់ហ្វង់ស័រ បាន​ត្រឹម​តែ​លើក​ឡើង​ថា CLV ចប់​ជា​ស្ថាពរ​តាំង​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រកាស​ដក​កម្ពុជា​ចេញ​ពី​គម្រោង​នេះ និង​ថា ជា​រឿង​ធម្មតា ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​ពន្យល់​ភាគី​វៀតណាម និង​ភាគី​ឡាវ ដោយ​ផ្ទាល់​មាត់។

យ៉ាងណា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​មួយ ដឹង​អំពី​ខ្លឹមសារ​នៃ​ការ​ពន្យល់​របស់​លោក ហ៊ុន ម៉ាណែត និង​ជំហរ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទង​នឹង​ការ​ដក​កម្ពុជា​ពី​គម្រោង CLV ទេ។

ប៉ុន្តែ​បណ្ដាញ​សារព័ត៌មាន វីអូវី (VOV.VN) និង Vietnamplus របស់​វៀតណាម កាលពីថ្ងៃទី ៩ ខែ​តុលា បាន​ចុះ​ផ្សាយ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ ត្រកូល​ហ៊ុន លោក ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និង​នាយករដ្ឋមន្ត្រី​ឡាវ​ លោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon) រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​យន្តការ​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី និង​ត្រីភាគី ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ជាក់លាក់ ព្រម​ទាំង​ប្រើ​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​បក្ស និង​បក្ស ឱ្យ​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​ ទំនាក់ទំនង​នៃ​ភាគី​ទាំង​បី តាំង​ពី​កម្រិត​យុវជន ដល់​ថ្នាក់​ដឹកនាំ​កំពូល។

នាយករដ្ឋមន្ត្រី​ទាំង​បី បាន​ពិពណ៌នា​អំពី​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី​ នេះ​ថា ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ពួកគេ។

យោង​តាម​សារព័ត៌មាន Vietnamplus កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​តែ​ផ្ដោត​លើ​វិស័យ​សន្តិសុខ ការ​បង្កើន​ប្រសិទ្ធភាព​ច្រក​ព្រំដែន​គោក ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួម​ទាំង​កម្ម​វិធី​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ហើយ​នាយករដ្ឋមន្ត្រី​វៀតណាម ថែម​ទាំង​បាន​និយាយ​ទៅ​ដល់​រឿង​រ៉ាវ ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ គាំទ្រ​សហគមន៍​ជន​ជាតិ​វៀតណាម ឱ្យ​តាំង​លំនៅ និង​សមាហរណកម្ម​ចូល​សង្គម ក្នុង​ប្រទេស​ទាំង​ពីរ​ផង។ ការ​វិវត្តន៍​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កត់​សម្គាល់​ថា កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី មិន​ខុស​អ្វី​ពី​គម្រោង CLV ទេ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើក​​ឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គ្មាន​ចេតនា​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV មែន​ទែន​ទេ ហើយ​ការ​ប្រកាស​ដក​គម្រោង​នេះ មាន​ចេតនា​បំភ្លៃ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា រដ្ឋាភិបាល​ដក​កម្ពុជា​ ចេញ​ពី​គម្រោង CLV មែន ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ ឱ្យ​បន្ថយ​ការ​តវ៉ា។

លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៣ ខែតុលា ថា បើ​រដ្ឋាភិបាល​ ត្រកូល​ ហ៊ុន ពិត​ជា​ចង់​ដក​កម្ពុជា​ចេញ​ពី​គម្រោងCLV នោះ​ពួកគេ​រៀបចំ​អ្នក​ជំនាញ​ឱ្យ​ចេញ​ពន្យល់​អំពី​នីតិវិធី​នៃ​ការ​ដក​ខ្លួន និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយសារ​សំណុំ​រឿង​នេះ ហើយ​លោក ហ៊ុន សែន ក៏​មិន​នៅ​ប្រើ​គ្រប់​មធ្យោបាយ​ការពារ​ផល​ប្រយោជន៍​វៀតណាម ជា​ជាង​ប្រយោជន៍​ខ្មែរ ក្នុង​រូបភាព​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី និង​ត្រីភាគី​នោះ​ទេ។

លោក វ៉ន ចាន់ឡូត ៖ «មិន​មែន​ប្រជាពលរដ្ឋ​គ្រាន់​តែ​ដក​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណឹង​ទេ វា​ជា​ការ​ដក​ទាំង​គម្រោង ដែល​យើង​ឃើញ​ថា កម្ពុជា​ទទួល​គម្រោង​ជាង ៤០​គម្រោង​នៅ​ក្នុង CLV DTA នេះ ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច ឬ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ច្រក​ព្រំដែន​នៅ​ខេត្ត ដែល​យក​ទៅ​ដាក់​នៅ​ក្នុង​គម្រោង​ហ្នឹង ក៏​ដូច​ជា​ការ​ពិនិត្យ​មើល​និគម​វៀតណាម​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​ជា​ដើម»។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​លើក​ឡើង​ថា ការ​បន្លំ​ភ្នែក​ដក​ឈ្មោះ CLV ក៏​ប៉ុន្តែ​បែរ​ទៅ​ជា​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ឈ្មោះ​ត្រីភាគី​វិញ ក៏​នៅ​តែ​ធ្វើ​ឱ្យ​បូរណភាព​ទឹក​កម្ពុជា ប្រឈម​នឹង​គ្រោះថ្នាក់​ដដែល​ ជាពិសេស​ក្នុង​ការ​អនុវត្ត​គម្រោង​ដី​សម្បទាន ​ឱ្យ​ក្រុមហ៊ុន​វៀតណាម និង​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន្ត​វៀតណាម​ខុស​ច្បាប់ មក​រស់នៅ​ទឹក​ដី​កម្ពុជា។

លោក អ៊ុំ សំអាន ៖ «ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម​ជាង ២៤ ម៉ឺន​ហិកតារ​នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មិន​ទាន់​បាន​ដក​ហូត​នៅ​ឡើយ​ទេ។ ជន​ជាតិ​វៀតណាម​ដែល​កំពុង​ធ្វើការ និង​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​វៀតណាម​និង​យោធា​វៀតណាម​ជាង ២៤ ម៉ឺន​ហិកតារ​មិន​ត្រូវ​បាន​ដក​ហូត​នៅ​ឡើយ​ទេ។ ដូច្នេះ​នៅ​តែ​ជា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ទៅ​ដល់​បូរណភាព​ទឹក​ដី​យើង​នៅ​ពេល​អនាគត»។

អ្នកឃ្លាំមើល លើក​ឡើង​ថា ការ​បំប្លែង​កិច្ច​សហប្រតិបត្តិការ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ទៅ​ជា​ទម្រង់​ថ្មី ដែល​ប្រើ​ឈ្មោះ «កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ កម្ពុជា​-​​វៀតណាម​-​ឡាវ» នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក បាត់​ជំនឿ​ទាំង​ស្រុង​ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ថា ដក​កម្ពុជា​ពី​គម្រោង CLV កន្លង​មក ពីព្រោះ កិច្ច​សហប្រតិបត្តិការ​ត្រីភាគី នៅ​តែ​រក្សា​នូវ​ខ្លឹមសារ CLV ដដែល និង​កាន់​តែ​​ប្ដេជ្ញា​បង្កើន​ប្រសិទ្ធភាព​អនុវត្តន៍​ថែម​ទៀត។

ដោយ​មើល​ឃើញ​មូលហេតុ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទូទាំង​ពិភពលោក​ ដូចជា នៅ​កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អឺរ៉ុប កាណាដា និង​សហរដ្ឋ​អាមេរិក ជាដើម ចាប់​ផ្ដើម​រៀបចំ​ការ​តវ៉ា​​កើត​ឡើង​វិញ៕

រូបថត​លោក ហ៊ុន សែន និង​លោក អ៊ុំ សំអាន។


วันอาทิตย์ที่ 22 กันยายน พ.ศ. 2567

 ថ្វីត្បិត​តែក្រសួងការបរទេស​កម្ពុជា ស្នើដកខ្លួនពី CLV-DTA ទៅកាន់ភាគី ឡាវ និង វៀតណាម ហើយក្តី ប៉ុន្តែ​​មិន​ទាន់​អាច​ចប់​សព្វគ្រប់​ដូចលោក ហ៊ុន សែន ប្រកាសនោះ​ទេ។

ថ្វីត្បិត​តែក្រសួងការបរទេស​កម្ពុជា ស្នើដកខ្លួនពី CLV-DTA ទៅកាន់ភាគី ឡាវ និង វៀតណាម ហើយក្តី ប៉ុន្តែ​​មិន​ទាន់​អាច​ចប់​សព្វគ្រប់​ដូចលោក ហ៊ុន សែន ប្រកាសនោះ​ទេ។


ទោះ​ជាយ៉ាងណាក្តី តាម​ខ្លឹមសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម CLV-DTA ​មាត្រា២២ ចំណុច​ទី​២ និងទី៣ បញ្ជាក់ថា រឿង​កម្ពុជា​សុំ​ដកខ្លួន​ពី CLV-DTA គឺ​ជាចំណុច​ចាប់ផ្តើម​វិជ្ជមានមួយ សម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែត្រូវរង់ចាំ ៦​ខែ​ទៀត ស្រប​តាម​នីតិវិធី។
 
ដូច្នេះ នីតិវិធីបន្ទាប់​ទៀត​​សម្រាប់ភាគីកម្ពុជា គឺ​ត្រូវ​ឲ្យ​រដ្ឋសភា​ជាតិ អនុម័ត​លុប​ចោល​រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់ ដែល​ពាក់ព័ន្ធ​តំបន់ CLV-DTA រួម​ទាំង​​ កិច្ច​ព្រម​ព្រៀងដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​វៀតណាម ដែល​មានទំហំដី​ជាង ២៤ ម៉ឺន​ហិចតា រយៈពេល ៩៩​ឆ្នាំ​នោះ​ផង។


ដូចរៀបរាប់ខាងលើនេះ ពលរដ្ឋខ្មែរ​ត្រូវ​រង់ចាំ​មើល​បន្តទៀត ៖

 
- តើ​លោក ហ៊ុន សែន មាន​ចិត្ត​ស្មោះត្រង់​​ចំពោះ​ជាតិ​ទឹកដី និង​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​ឬទេ?
- តើមាន​​អ្វីទៀត​ដោះដូរ​​ជាមួយ​វៀតណាម ដើម្បីអំណាច និង​ទ្រព្យសម្បត្តិក្រុមគ្រួសារគាត់?​


ជាមួយ​គ្នា​រឿង CLV-DTA នេះដែរ នៅ​មានចំណុច​មួយចំនួ​ន​ទៀត ដែលពលរដ្ឋខ្មែរ​ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើ​គឺ ៖

១. ដោះលែងពលរដ្ឋ​ដែលជាប់ឃុំឃាំងក្នុងរឿង CLV-DTA ពីព្រោះ​ពួកគាត់ គ្មាន​គំនិត​ដូច​ការ​ចោទ​​ប្រកាន់​ផ្តេសផ្តាស​របស់អាជ្ញាធរទេ។ ហើយ​ត្រូវ​ដោះលែង​សកម្មជនសង្គម សកម្មជន​បរិស្ថាន និង​អ្នកនយោបាយ​នៃបក្សក្រៅ​រដ្ឋាភិបាលទាំងអស់ ដោយ​គ្មាន​លក្ខខណ្ឌ។

២. ផ្សះផ្សាស្មារតីជាតិខ្មែរទាំងអស់ ដោយ​បញ្ចប់​ការ​ប្រើពាក្យ «ក្រុមជ្រុល​និយម ឬ ក្រុមឧទាម​ក្រៅ​ច្បាប់ ឬក៏​ក្រុមភេរវកម្ម ជា​ដើម ។ល។» ហើយ​ជំនួស​នូវ​​ពាក្យ​ពេចន៍ល្អៗ​ក្នុង​នាម​ជា​មេដឹកនាំ​ខ្មែរ។

៣. រដ្ឋសភា​កម្ពុជា ក៏ត្រូវ​អនុម័ត​លុប​ចោល​ នូវ​កិច្ច​ព្រមព្រៀង​ និង សន្ធិសញ្ញា​ព្រំដែនគោក និង ដែនទឹក ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ជាមួយ​វៀតណាម កន្លង​ទៅ ដោយ​បំពាន​រដ្ឋធម្មនុញ្ញ មាត្រា​២ មាត្រា​៥៥ ហើយ​និង បំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ រួមទាំង​ច្បាប់សមុទ្រ​ របស់អង្គការសហប្រជាជាតិ​ ឆ្នាំ១៩៨២ (UNCLOS-1982)។


អត្ថបទដោយ​លោក ម៉ែន ណាត
នៃ​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា (ប្រទេស​ន័រវែស)


(ភ្ជាប់​៖ លិខិត​ក្រសួងការបរទេសកម្ពុជា និង កិច្ចព្រមព្រៀង CLV-DTA)



















วันจันทร์ที่ 5 สิงหาคม พ.ศ. 2567

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ អភិវឌ្ឍ​តំបន់​ត្រីកោណ ​ដោយ​ខ្មែរ​ខ្លួនឯង

តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia - Laos - Vietnam) 

 The Cambodia Daily 02nd-8-2024 

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត អភិវឌ្ឍ​ខេត្ត​ទាំង ​៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង កុំ​ដាក់​បញ្ចូល​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម ព្រោះ​ការ​អភិវឌ្ឍ​រួម​គ្នា​ ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក កម្ពុជា​មាន​តែ​ការ​ខាតបង់។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា រយៈពេល ១​ សប្តាហ៍​នេះ មាន​មតិ​ពលរដ្ឋ​ជាច្រើន​ បាន​សម្ដែង​កង្វល់​អំពី​ការ​ដាក់​ខេត្ត​ខ្មែរ​ទាំង​ ៤ រួម​មាន​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV = Cambodia – Laos – Vietnam) ដោយ​លើកឡើង​ពី​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់​ទឹកដី ​ក្នុង​ការ​សហការ​ជាមួយ​វៀតណាម កន្លង​មក។ 

ប្រភព​ដដែល​លើកឡើង​ថា ករណី​នេះ​ប្រជាពលរដ្ឋ​ ចង់​ឱ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ខេត្ត​ទាំង​ ៤ ក្នុង​តំបន់​ត្រីកោណ​នេះ​ដោយ​ខ្លួនឯង ចំណែក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​យល់​ឃើញ​ថា ការ​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​ខ្មែរ​ផ្ទាល់ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​អភិវឌ្ឍ​រួម​គ្នា​ ជាមួយ​ប្រទេស​ជិតខាង​ ដែល​ធ្លាប់​មាន​ប្រវត្តិ​លេប​ត្របាក់​ទឹកដី​កម្ពុជា ​កន្លង​មក។ 

 ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ដក​ខេត្ត​ទាំង ​៤ នេះ​មក​ធ្វើការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង នោះ​កម្ពុជា​នឹង​អាច​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ រួម​ទាំង​ទឹកដី​របស់​ខ្លួន​បាន​គង់វង្ស​ សម្រាប់​ជា​កេរដំណែល​កូនចៅ​ជំនាន់​ក្រោយ។ 

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក តូ ឡឹម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ខណៈ​ខេត្ត​ព្រះវិហារ ក៏​ស្ថិត​ក្នុង​គម្រោង​ដាក់​បញ្ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ។ អ្នកជំនាញ​នយោបាយ​ការបរទេស លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​៣០ កក្កដា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ត្រូវ​ព្រងើយ​កន្តើយ​ នឹង​ប្រវត្តិ​នៃ​ការ​វាតទី​ទឹកដី​ របស់​បរទេស​ជិតខាង​ឡើយ។ លោក សេង វណ្ណលី លើកឡើង​ថា ដើម្បី​ឱ្យ​ដឹង​ថា​បរទេស​ឈ្លានពាន​មាន​ផែនការ​លេប​ទឹកដី​ខ្មែរ​តាម​វិធី​ណា​នោះ លោក​សូម​លើក​យក​ប្រទេស​ចម្ប៉ា មក​ធ្វើការ​បំភ្លឺ​ជុំវិញ​ករណី​នេះ ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​គ្នា​រវាង​កម្ពុជា-វៀតណាម ហើយ​វៀតណាម និង​ចម្ប៉ា។ 

លោក​រៀបរាប់​ថា ចម្ប៉ា គឺជា​អាណាចក្រ​ឥណ្ឌូចិន​បុរាណ​ ដែល​មាន​អាយុកាល​ពី​សតវត្ស​ទី​២ ដល់​សតវត្ស​ទី​១៧ នៃ គ.ស. ដែល​មាន​មូលដ្ឋានគ្រឹះ​ស្ថិត​នៅ​ចំ​កណ្តាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម បច្ចុប្បន្ន។ 

លោក​ថា ការ​ដាក់​បញ្ចូល​អាណាចក្រ​ចម្ប៉ា ពី​សំណាក់​អាណាចក្រ​វៀតណាម គឺ​ត្រូវ​បាន​ធ្វើឡើង​បន្តិច​ម្តងៗ និង​ជា​បណ្តើរៗ ​ក្នុង​រយៈពេល​ជាច្រើន​សតវត្សរ៍ រហូត​ឈាន​ដល់​សម្រេច​បាន​ទាំងស្រុង។ អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​ លើកឡើង​ថា នៅ​សតវត្ស​ទី​១០ រាជាណាចក្រ​វៀតណាម ដែល​ត្រួតត្រា​ដោយ​រាជវង្ស ដាយវៀត ( Dai Viet Monarchy) បាន​ចាប់ផ្តើម​ដាក់​សម្ពាធ​លើ​នគរ​ចម្ប៉ា ហើយ​រហូត​ដល់​ចុង​សតវត្សរ៍​ទី​១៥ វៀតណាម ក៏​បាន​ឈ្លានពាន​ចម្ប៉ា ដោយ​កម្លាំង​កងទ័ព និង​បាន​ដាក់​បញ្ចូល​ម្តង​មួយ​ខេត្តៗ​ទៅ​ក្នុង​អាណាចក្រ​របស់​ខ្លួន រហូត​ដល់​ចម្ប៉ា ត្រូវ​បាន​ស្រូប​យក​ទាំងស្រុង​ នៅ​ក្នុង​សតវត្ស​ទី​១៧ តែម្តង។ 

លោក សេង វណ្ណលី បញ្ជាក់​ថា នៅ​ដើម​សតវត្ស​ទី​១៩ ក្រោម​អធិរាជ យ៉ា ឡុង (Gia Long) នៃ​រាជវង្ស ង្វៀន (Nguyen) វៀតណាម បាន​បញ្ចប់​ការ​ដាក់​បញ្ចូល​ទឹកដី​ចម្ប៉ា បាន​សម្រេច​ទាំងស្រុង។ ជុំវិញ​បញ្ហា​នេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើក​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ថា នៅ​ពេល​ដែល​ប្រទេស​ទាំង​៣ រួម​គ្នា​បង្កើត​ទៅ​ជា​កូន​ប្រទេស​ឥណ្ឌូចិន បាន​សម្រេច ចលនា​កុម្មុយនីស្ត​ឥណ្ឌូចិន​ របស់​វៀតណាម ក៏​នឹង​លេច​ចេញ​ជា​រូបរាង​ដែរ ​តាមរយៈ​សមាហរណកម្ម​នៃ​ប្រទេស​ទាំង​បី​នេះ។ លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា វៀតណាម និង​ឡាវ ត្រូវ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ឥណ្ឌូចិន​រួចរាល់ គឺ​មាន​តែ​រដ្ឋាភិបាល​វៀតណាម​តែ​មួយ​គត់​ ដែល​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ លើ​ប្រទេស​ឥណ្ឌូចិន​នេះ៕