លោក ហ៊ុន សែន បង្ហាញបំណងចង់ឱ្យកម្ពុជា-ថៃ យកបញ្ហានៅតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញបំណងចង់ឱ្យកម្ពុជា និងថៃ យកបញ្ហាព្រំដែននៅតំបន់មុំបី អមជាមួយសាក្សី និងភស្តុតាងផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ ដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិឡាអេ(ICJ) ដើម្បីបញ្ចប់ការវង្វេងប្រវត្តិសាស្ត្ររបស់ក្រុមជ្រុលនិយមថៃមួយចំនួន និងដើម្បីការពារទឹកដីកម្ពុជា។
នេះបើយោងតាមសំណេរនៅលើបណ្តាញសង្គម របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសំណេរនោះ លោក ហ៊ុន សែន បានលើកឡើងថា មានពួកជ្រុកនិយមថៃមួយចំនួន បានចូលមកជេរប្រមាថនៅក្នុងហ្វេសប៊ុករបស់លោក ដែលមានចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងទាំងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ ហើយក្នុងនោះក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើងផងដែរ។
ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជា ឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត ដែលមានន័យថា មុន MOUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ ករណីនេះ លោកថា បើក្រុមជ្រុលនិយមថៃទាំងនោះមិនច្បាស់ប្រវត្តិសាស្ត្រនេះទេ កម្ពុជា និងថៃ អាចយកបញ្ហានេះដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិឡាអេបាន។
លោកបញ្ជាក់ថា៖ «អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត»។ ជាមួយគ្នានោះដែរ លោកក៏បានបង្ហាញនូវភស្តុតាងជារូបថតជាច្រើនសន្លឹក ដែលលោក និងភរិយា រួមទាំងសហការី ដែលបានថតនៅតំបន់មុំបី ដែលជាទឹកដីកម្ពុជាយ៉ាងពិតប្រាកដ កាលពីជាង ១៥ឆ្នាំមុនផងដែរ។
ក្រៅពីនោះ មេដឹកនាំគណបក្សកាន់អំណាចរូបនេះ ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួន តាមការទាមទាររបស់ភាគីថៃបានឡើយ ហើយព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់មុំបី ចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃ។
កាលពីថ្ងៃទី២៨ ខែឧសភា ក្រសួងការពារជាតិកម្ពុជា រួមនិងលោក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ បានបញ្ជាក់ថា នៅព្រឹកម៉ោងប្រមាណ៥:៣០នាទី ទាហានថៃបានធ្វើការវាយប្រហារលើកងទ័ពកម្ពុជា ដែលឈរជើងនៅជួរមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ ឈ្មោះ សួន រោន បានបាត់បង់ជីវិត។
ក្រោយហេតុការណ៍នេះ កម្ពុជាបានបញ្ជូនសម្ភារៈយុទ្ធបករណ៍ធុនធ្ងន់ជាបន្តបន្ទាប់ ទៅព្រំដែនជាការត្រៀមឆ្លើយតបផងដែរ។ យ៉ាងណាកម្តៅព្រំដែន នៅទិសខេត្តព្រះវិហារនេះ ត្រូវបានគណបក្សប្រឆាំង ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការអន្តរជាតិ ប្តឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់មហិច្ឆតាបរទេសឈ្លានពាន និងទប់ស្កាត់ជម្លោះប្រដាប់អាវុធ ខណៈថៃបានដណ្តើមយកទាំងស្រុងនូវប្រាសាទតាមាន់តូច និងផ្នែកខ្លះនៃប្រាសាទមាន់ធំ និងប្រាសាទតាក្របី។
មួយវិញទៀត តំបន់ខេត្តព្រះវិហារនេះ ធ្លាប់ប៉ះទង្គិចគ្នាដោយអាវុធ នៅ ឆ្នាំ ២០០៨ និង ២០១១ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរៀងៗខ្លួន រវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ខណៈកម្ពុជានៅបន្តចរចាករណីនេះតាមយន្តការទ្វេភាគី ដោយមិនព្រមប្តឹងទៅតុលាការអន្តរជាតិនៅឡើយ ទោះកម្ពុជាបាត់ប្រាសាទតាមាន់តូច និងមួយផ្នែកនៃប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី រួមទាំងកោះគុតក្ដី ៕
0 comments: