មន្ត្រីបក្សប្រឆាំងថា ការបញ្ចេញកិច្ចសន្ទនារបស់លោក ហ៊ុន សែន មិនមែនជារឿងខុសឆ្គងឡើយ
មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាតាមទូរសព្ទរបស់លោក ហ៊ុន សែន ជាមួយមេដឹកនាំថៃ មិនមែនជារឿងអសីលធម៌ឡើយ ពីព្រោះប្រទេសថៃមានកលល្បិចនិងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងទំនាក់ទំនងការទូត មិនគួរបញ្ចេញការចរចាសម្ងាត់ជាសាធារណៈឡើយ។
ពលរដ្ឋភាគច្រើនបានចាត់ទុកការបញ្ចេញកិច្ចសន្ទនាសម្ងាត់របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra )ថាជាការគិតគូរពីផលប្រយោជន៍ជាតិជាធំ ប៉ុន្តែពលរដ្ឋខ្លះទៀតយល់ថា ការបញ្ចេញសារសំឡេងនេះ ជារឿងអសីលធម៌ដែរ។
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ខែមិថុនាថា លោក ហ៊ុន សែន បានបញ្ចេញសារសន្ទនាឯកជនជាមួយនាយករដ្ឋមន្ត្រីថៃ ដោយសារប្រទេសថៃ មានលកល្បិចឈ្លានពានលើកម្ពុជា និងព្យាយាមកេងចំណេញទាំងផ្នែកនយោបាយនិងការទូតតាមរយៈការចរចាទាំងចំហនិងសម្ងាត់ពីភាគីកម្ពុជា។
លោក អ៊ុំ សំអាន៖ «ការបញ្ចេញសារនេះ ខ្ញុំយល់ថា មិនប៉ះពាល់ដល់ទំនាក់ទំនងលក្ខណៈអន្តរជាតិ ជាមួយបណ្ដាប្រទេសដទៃទៀតនោះទេ ហើយខ្ញុំយល់ថា ប្រទេសដទៃទៀត ក៏មិនបាត់បង់ទំនុកចិត្ត ដែលសន្ទនាជាមួយមេដឹកនាំកម្ពុជានោះដែរ ពីព្រោះមេដឹកនាំកម្ពុជា ធ្វើតែជាមួយសត្រូវប្រទេសជិតខាង។ ប៉ុន្តែប្រទេសដដៃទៀត គ្មានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា មេដឹកនាំកម្ពុជា នឹងមិនបញ្ចេញសារសន្ទនាជាលក្ខណៈឯកជននោះទេ»។
ការលើកឡើងពីមន្ត្រីបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែមិថុនា បានបញ្ចេញសារសន្ទនារយៈពេលជាង១៧នាទី ដែលលោកបាននិយាយទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាលពីថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធនឹងជម្លោះព្រំដែន។
នៅក្នុងសារសំឡេងនោះ នាយករដ្ឋមន្ត្រីថៃបានព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ហ៊ុន សែន ជួយសម្រួលបើកច្រកព្រំដែនសម្រាប់ការនាំចូលបន្លែនិងផ្លែពីប្រទេសថៃឡើងវិញ និងបានប្រាប់លោក ហ៊ុន សែន ឱ្យឈប់ចាប់អារម្មណ៍ទៅនឹងការលើកឡើងរបស់មេបញ្ជាការកងទ័ពថៃប្រចាំនៅភូមិភាគទី២ឈ្មោះ ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដែលតែងប្រើប្រាស់ពាក្យសម្ដីគំរាមកំហែងបង្កសង្គ្រាមឈ្លានពានកម្ពុជា និងធ្វើឱ្យជម្លោះព្រំដែនឡើងកម្ដៅជាបន្តបន្ទាប់។
អ្នកស្រីបានបញ្ជាក់ថា មេទ័ពភូមិភាគរូបនេះ ជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលអ្នកស្រី ហើយតែងនិយាយប្រឆាំងនឹងប្រទេសកម្ពុជា ដើម្បីទាក់ទាញប្រជាប្រិយភាពសម្រាប់ខ្លួនឯង។
ទោះជាយ៉ាងណាលោក ហ៊ុន សែន បានបញ្ជាក់ថា យោធាថៃជាអ្នកបិទព្រំដែនដោយឯកតោភាគីជាមុន ដែលជាការប្រមាថមួយមិនអាចទទួលយកបានឡើយ។
ដូច្នេះលោកថា កម្ពុជាមិនទទួលយកការចរចាទេ ប៉ុន្តែប្រសិនបើយោធាថៃបើកច្រកព្រំដែនឱ្យដំណើរការដូចដើមវិញ នោះកម្ពុជានឹងសម្រេចបើកព្រំដែនតាមក្រោយ។
ជុំវិញការបែកធ្លាយកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញសុំទោសប្រជាជនថៃ ខណៈអ្នកស្រីប្រឈមការតវ៉ាឱ្យចុះចេញពីតំណែង រីឯគណបក្សដែលជាសម្ព័ន្ធភាពគណបក្សភឿថៃកំពុងដឹកនាំរដ្ឋាភិបាល ក៏បានសម្រេចដកខ្លួនចេញ។ អ្នកស្រីបញ្ជាក់ថា ការសន្ទនាជាមួយលោក ហ៊ុន សែន គ្រាន់តែជាបច្ចេកទេសនៃការចរចារបស់អ្នកស្រីប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រសួងការបរទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃប្រគល់កំណត់ទូត ដើម្បីបង្ហាញការខកចិត្តចំពោះការបែកធ្លាយសារសំឡេងសន្ទនានោះ។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានមើលឃើញថា ការបញ្ចេញសារសន្ទនាឯកជនជាសាធារណៈ អាចធ្វើឱ្យប្រទេសកម្ពុជាបាក់មុខ និងធ្វើឱ្យនយោបាយការទូតកម្ពុជាលើឆាកអន្តរជាតិ ចាញ់ប្រៀបប្រទេសថៃ។
លោក គឹម សុខ៖ «ចាប់ពីពេលនេះទៅ បណ្ដាមេដឹកនាំសំខាន់ៗនានា នឹងមើលលោក ហ៊ុន ម៉ាណែត ចុងភ្នែក ចាប់ចុងដៃ សន្ទនាចុងមាត់ គ្រាន់តែជាការសន្ទនាបែប Protocol (បែបពិធីការ) ប៉ុន្តែគេនិយាយបែបទុកចិត្តជាមួយ ផេថងថាន ទៅវិញ»។
លោក ហ៊ុន សែន បានលើកឡើងថា ដើម្បីតម្លាភាពផ្ទៃក្នុងកម្ពុជា និងចៀសវាងការបំភាន់ ឬបន្លំ ចាំបាច់ត្រូវថតសម្លេងទុក។ លោកក៏បានបញ្ជាក់ថា ការបញ្ចេញសារសន្ទនាជាសាធារណៈ ដោយសារក្រោយការសន្ទនាប៉ុន្មានម៉ោង មេដឹកនាំថៃ បានចេញមកចោទមេដឹកនាំកម្ពុជា ថាធ្វើនយោបាយមិនមានវិជ្ជាជីវៈ និងតាមហ្វេសប៊ុក (Facebook) ដែលលោកចាត់ទុកថា មេដឹកនាំថៃបាននិយាយផ្សេង ប៉ុន្តែធ្វើផ្សេង៕
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ប្រាក់សុខុន #តុលាការយុត្តិធម៌អន្តរជាតិ #ជម្លោះព្រំដែន
#RFAKhmer #Cambodia #Thailland #HunManet #HunSen #PrakSokhonn #ICJ #BorderConflict