សូមអបអរសាទរដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ
---
សូមអបអរសាទរ ដែលថ្ងៃនេះទី១៥មិថុនាឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
យ៉ាងណាក៏ដោយ យើងរង់ចាំមើលសេចក្ដីប្រកាសព័ត៌មានរបស់ ICJ ក្រោយ ICJ បានទទួលបណ្ដឹងជាផ្លូវការរបស់កម្ពុជា។ ICJ នឹងពិនិត្យមើល ថាតើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះឬអត់? ប្រសិនបើ ICJ មានយុត្ថាធិការលើសំណុំរឿងនេះ ហើយកាត់ក្តីលើរឿងក្តីនេះ យើងសង្ឃឹមថា កម្ពុជានឹងឈ្នះក្តីលើ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ១លានភាគរយ។
ទោះបីថៃ ប្រកាសមិនទទួលស្គាល់យុត្ថាធិការរបស់ ICJ តាំងពីឆ្នាំ១៩៦០ និងមិនចូលសវនាការ ICJ ក៏ដោយ បើតាមមាត្រា៥៣នៃលក្ខន្តិកៈនៃ ICJ គឺ ICJ នៅតែអាចដំណើរការក្តីបានដដែល។ បើតាមមាត្រា៩៣នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ (UN) សមាជិក១៩៣នៃ UN ទាំងអស់ជាភាគីនៃលក្ខន្តិកៈនៃ ICJ ហើយលក្ខន្តិកៈនៃ ICJ គឺជាឧបសម្ព័ននៃធម្មនុញ្ញនៃ UN ។ ហេតុនេះ រាល់សមាជិកនៃ UN គឺជាភាគីនៃលក្ខន្តិកៈនៃ ICJ ។ ថៃជាសមាជិក UN ដែលជាស្វ័យប្រវត្តិគឺថៃជាភាគីនៃលក្ខន្តិកៈនៃ ICJ ។ បើតាមមាត្រា៩៤នៃធម្មនុញ្ញនៃ UN រាល់សមាជិកនៃ UN មានកាតព្វកិច្ចគោរពសាលក្រមរបស់ ICJ ។ ហេតុនេះថៃជាសមាជិក UN មានកាតព្វកិច្ចគោរពសាលក្រមរបស់ ICJ ជាដាច់ខាត។ បើថៃមិនគោរពសាលក្រមរបស់ ICJ កម្ពុជាអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចាប់បង្ខំអោយថៃត្រូវតែគោរពសាលក្រមរបស់ ICJ ដូចករណីកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ។
ជំហានបន្ទាប់ ឬដំណាក់កាលទី២ យើងស្នើរដ្ឋាភិបាលដាក់សំណុំរឿងកោះគុត ដែនសមុទ្រត្រួតសុីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និងតំបន់ច្រកអានសេះទៅទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ រដ្ឋាភិបាល ក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ។
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព
0 comments: