ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជារឿងល្អ ប៉ុន្តែ...
"ការបង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺជារឿងល្អ ប៉ុន្តែសំនួរសួរថា ប្តឹងនៅពេលណា? ត្រូវការរយៈពេលប៉ុន្មានខែទៀតទើបប្តឹង? តើប្រាកដជាប្តឹងឬអត់? ព្រោះលោក ហ៊ុន ម៉ាណែត សរសេរថា ប្តឹងក្នុងករណីចាំបាច់។
ប្រសិនបើលោក ថាក់ស៊ិន ខលមកលោក ហ៊ុន សែន អោយឈប់ប្តឹងទៅ ICJ ព្រោះខ្លាចពួកយោធាថៃធ្វើរដ្ឋប្រហារទម្លាក់កូនស្រីរបស់គាត់ ហើយគម្រាមលាតត្រដាងអាថ៌កំបាំងរបស់លោក ហ៊ុន សែន ដូចករណីលោក ថាក់ស៊ិន ខលមកលោក ហ៊ុន សែន អោយដកទ័ព តើកម្ពុជា នឹងឈប់ប្តឹងទៅ ICJ ដូចករណីដកទ័ពដែរឬទេ? ហើយម្យ៉ាងទៀត យោធាថៃនឹងដាក់សម្ពាធបន្ថែមទៀតនូវការពង្រាយទ័ពតាមព្រំដែន បិទច្រកព្រំដែន នឹងអាចផ្តាច់ភ្លើង និងអ៊ិនធឺណែត។
ហេតុនេះ បណ្តឹងមិនទាន់ទៅដល់ដៃ ICJ យើងនៅមិនទាន់ទុកចិត្តលោក ហ៊ុន សែន នៅឡើយ រឿងបងប្អូនធម៌ជាលោក ថាក់ស៊ិន ដែលអាចចរចាក្រោមតុម្តងទៀតដូចករណីដកទ័ព។
យ៉ាងណាក៏ដោយ យើងស្នើដាក់បញ្ចូលបន្ថែមនូវសំណុំរឿងកោះគុត ដែនសមុទ្រត្រួតសុីគ្នា តំបន់វាលឥន្រ្ទីយ៍ តំបន់ភ្នំទ្រព្យ និងតំបន់ច្រកអានសេះទៅក្នុងបណ្តឹងតែមួយ។ រដ្ឋាភិបាលត្រូវបញ្ជាក់ប្រាប់ពលរដ្ឋអោយច្បាស់លាស់ថាតើនឹងត្រូវប្តឹងទៅ ICJ ក្នុងរយៈពេលប៉ុន្មានខែទៀត? រដ្ឋាភិបាលក៏ត្រូវតែស្នើទៅរដ្ឋសភាអោយផ្តល់សច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ។"
គណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃគណបក្សសង្រ្គោះជាតិ
0 comments: