วันศุกร์ที่ 6 มิถุนายน พ.ศ. 2568

ជ្រុលនិយម ?

នៅពេលយើងទាមទារអោយ រដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាព្រំដែន លុបកិច្ចព្រមព្រៀង CLV~DTA បញ្ហាកោះគុត តំបន់សមុទ្រត្រួតស៊ីគ្នា បញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ជាដើម តាមយន្តការអន្តរជាតិ យើងតែងទទួលបាននូវការចោទប្រកាន់ថា ជាក្រុមជ្រុលនិយម ។

ទោះបីជាយ៉ាងណា កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តលុបកិច្ចព្រមព្រៀង CLV~DTA និង ទទួលស្គាល់ថា កោះគុត មានចំណែករបស់ខ្មែរ ហើយនៅពេលនេះ ក៏សម្រេចចិត្តថា នឹងប្តឹងករណីប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការអន្តរជាតិ ។

សំណួរ ៖ តើការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្នុងរឿង CLV~DTA ក្តី ក្នុងរឿងកោះគុត ក្តី និង ក្នុងរឿប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី ព្រមទាំងតំបន់មុំបី ក្តី ជាការសម្រេចចិត្តបែប ជ្រុលនិយមឬ ? ព្រោះការសម្រេចចិត្ត របស់រដ្ឋាភិបាល ទាំងនេះគឺសុទ្ធតែជាការសម្រេចចិត្ត តាមការទាមទាររបស់អ្នកដែលត្រូវគេចោទថាជាក្រុមជ្រុលនិយម ទាំងអស់ ។

សូមបញ្ជាក់ថា ការលើកឡើងនេះ មិនមានគោលបំណងផ្ចាញ់ផ្ចាលអ្នកណាទេ តែគ្រាន់តែចង់រំលឹកដល់អ្នកដែលចូលចិត្តចោទប្រកាន់កុំអោយហួសហេតុពេក ក្រែងក្លាយជាវែក អត់ស្គាល់រសជាតិសម្ល ។

យ៉ាងណាក៏ដោយ ដើម្បីបញ្ចប់វិវាទ ព្រំដែនកម្ពុជា-ថៃ ជាស្ថាពរ យើងទាមទារអោយ រដ្ឋាភិបាលកម្ពុជា  ត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិ ទាំងបញ្ហាព្រំដែនទឹក និង ព្រំដែនគោក ជាផ្លូវការ ចៀសវាង ការចរចា ទ្វេភាគី ដែលគ្មានបានផល ដូចពេលកន្លងមក។  ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើបច្ចុប្បន្នភាព នៃដំណើរការក្តី អោយបានទូលំទូលាយ និងជាសារធារណៈ ដើម្បីជូនដល់ពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេស ម្ចាស់ទឹកដី បានជ្រាប ៕

Previous Post
Next Post

post written by:

0 comments: