លោក សម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេស តែលោក កឹម សុខា តាមរយៈមេធាវីរបស់ខ្លួន បានបញ្ជាក់គោលជំហរពីក្នុងពន្ធនាគារថា លោកមិនចូលរួមឡើយ។ បច្ចុប្បន្ន ចលនាដែលលោក សម រង្ស៊ី អះអាងថាការរក្សាកម្លាំងនយោបាយបក្សប្រឆាំង ក្លាយជាប្រធានបទនៃការពិភាក្សាដែលមិនឯកភាពមួយ ។
«សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ ជាដៃគូស្លាប់រស់»។ នេះគឺជាពាក្យ ដែលលោក សម រង្ស៊ី និងលោក កឹម សុខា និយមប្រើកាលពីកន្លងមក ដើម្បីទាក់ទាញទឹកចិត្តអ្នកគាំទ្រនិងប្រជាពលរដ្ឋ ឲ្យជឿជាក់លើកពួកគាត់ទាំងពីរ និងគណបក្សសង្គ្រោះជាតិទាំងមូល។
ពិតណាស់ លោក សម រង្ស៊ី កំពុងនៅក្រៅប្រទេស ហើយលោក កឹម សុខា កំពុងស្ថិតនៅក្នុងពន្ធនាគារ ប៉ុន្តែស្មារតីរបស់ស្ថាបនិកបក្សប្រឆាំងទាំងពីររូប ត្រូវបានគេវាយតម្លៃថា ម្នាក់កំពុងនៅខាងឆ្វេង ម្នាក់ទៀតកំពុងនៅខាងស្តាំ។ តើជាសញ្ញានៃការចែកផ្លូវគ្នា?
សាធារណជន មានមន្ទិលសង្ស័យនៅពេលលោក កឹម សុខា បានផ្តាំមេធាវីពីពន្ធនាគារមកថា លោក មិនចូលរួម ហើយក៏មិនគាំទ្រដែរចំពោះការបង្កើតចលនាសង្គ្រោះជាតិ ពីក្រៅប្រទេស កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០១៨ ដោយមានលោក សម រង្ស៊ី ជាបង្គោល។ លោក ផេង ហេង មេធាវីមួយរូបរបស់លោក កឹម សុខា បានសរសេរលើគណនេយ្យហ្វេសប៊ុកថា៖«លោក កឹម សុខា មិនចូលរួមចលនាថ្មីនោះទេ។ លោក កឹម សុខា នៅជាមួយឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់ ដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
ប៉ុន្តែ លោក សម រង្ស៊ី ដែលកំពុងនិរទេសនៅក្រៅប្រទេស បែរចេញមកបកស្រាយផ្ទុយពីការប្រកាសរបស់លោក កឹម សុខា ទៅវិញ។ បើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី យល់ថា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន លោក កឹម សុខា ដែលកំពុងស្ថិតក្នុងពន្ធនាគារនៅកម្ពុជា ក៏បង្ហាញបំណងក្លែងក្លាយ ដោយធ្វើជាប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិ។
ក្រោយវិទ្យុអាស៊ីសេរីចុះផ្សាយរួចហើយ លោក សម រង្ស៊ី ក៏បានបង្ហោះសារបន្ថែមលើទំព័រហ្វេសប៊ុក ជុំវិញហេតុផល ដែលលោក កឹម សុខា មិនចូលរួមក្នុងចលនាសង្គ្រោះជាតិ។ លោក បានសរសេរយ៉ាងដូច្នេះថា៖«បើលោក កឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជាលោក ហ៊ុន សែន នឹងធ្វើបាបគាត់រឹតតែខ្លាំងបន្ថែមទៀត»។ ក្នុងន័យនេះ លោក ទំនងជាចង់បញ្ជាក់ថា លោក កឹម សុខា ក៏គាំទ្រចលនាថ្មីនេះដែរ តែមិនហ៊ានប្រកាសត្រង់ៗ។
លោក សម រង្ស៊ី លើកឡើងដូច្នេះ មិនទាន់បានមួយថ្ងៃផង ស្រាប់តែសាររបស់កញ្ញា កឹម សម្មាធីតា កូនស្រីពៅរបស់លោក កឹម សុខា បានលោតបង្ហាញលើគណនីហ្វេសប៊ុករបស់នាង ដើម្បីជាការឆ្លើយតប។ តាមរយៈសារនោះ កញ្ញា បានសម្តែងការមិនសប្បាយចិត្ត នៅពេលដែលមានការអះអាងថាលោក កឹម សុខា មិនហ៊ានបង្ហាញពីឆន្ទៈពិតប្រាកដ ព្រោះតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ថ្វីបើមិនសំដៅចំៗទៅកាន់លោក សម រង្ស៊ី ក្តី តែកញ្ញា សម្មាធីតា បកស្រាយទៅវិញថា ឪពុករបស់នាង មិនដែលសម្រេចចិត្តអ្វីមួយ ដែលផ្ទុយពីឆន្ទៈរបស់លោក ព្រោះតែខ្លាចពីសុវត្ថិភាពនោះទេ។ កញ្ញា បានសរសេរយ៉ាងដូច្នេះថា៖«បើលោកចេះក្បត់ឆន្ទៈខ្លួន ដើម្បីការពារសុវត្ថិភាពនោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំង ដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ។ [….] នាងខ្ញុំសូមសំណូមពរឲ្យបញ្ឈប់នូវការបរិហារកេរ្តិ៍មកលើឪពុកនាងខ្ញុំ ដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោក គឺដោយសារលោកខ្លាចពីសុវត្ថិភាពរបស់ខ្លួន»។
រីឯកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា មិនទាន់ប្រកាសឲ្យដាច់ណាត់នោះទេថា គាំទ្រឬប្រឆាំងនឹងចលនាសង្គ្រោះជាតិ។ ប៉ុន្តែ កញ្ញា អំពាវនាវឲ្យថ្នាក់ដឹកនាំនិងសកម្មជនគ្រប់រូប បន្តធ្វើសកម្មភាពក្នុងក្របខណ្ឌគណបក្សសង្គ្រោះជាតិ។
ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ កញ្ញា កឹម មនោវិទ្យា ដែលពុះពារយ៉ាងសស្រាក់សស្រាំ ដើម្បីស្នើដល់សហគមន៍អន្តរជាតិ ជួយជំរុញឲ្យមានការដោះលែងឪពុករបស់នាង បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖«អ្វីដែលសំខាន់ចំពោះយើងខ្ញុំទាំងអស់គ្នា គឺថែរក្សាគណបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពយ៉ាងណា ដាច់ខាតត្រូវតែ សមស្របជាមួយលក្ខន្តិកៈ និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ…»។
ក្រៅពីមេដឹកនាំកំពូលៗ និងកូនស្រីរបស់លោក កឹម សុខា នៅមានថ្នាក់ដឹកនាំមួយចំនួនទៀត នៃគណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញពភាពមិនចុះសម្រុងគ្នាដែរ។ ជាក់ស្តែងលោក អ៊ុង រិទ្ធី ជាមនុស្សម្នាក់ ដែលត្រូវបានបញ្ចូលក្នុងរចនាសម្ព័ន្ធនៃចលនាសង្គ្រោះជាតិ បានប្រកាសដកខ្លួនវិញ។
លោក អ៊ុង រិទ្ធី ប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក បានប្រកាសតាមរយៈលិខិតរបស់លោកយ៉ាងដូច្នេះថា៖«ដោយយល់ឃើញពីការមិនយល់ស្របគ្នា ក្នុងការបង្កើតចលនាសង្គ្រោះជាតិ ខ្ញុំ សូមប្រកាសលាលែង។ [….] ខ្ញុំ នឹងរក្សាស្មារតីគណបក្សសង្គ្រោះជាតិ ដើម្បីបន្តទាមទារឲ្យដោះលែងលោក កឹម សុខា…»។
លើសពីនេះ អតីតតំណាងរាស្ត្រមួយចំនួន និងប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅក្រៅប្រទេសនានា បានចេញសេចក្តីថ្លែងការណ៍រួម ដោយប្រកាសជំហរថាពួកគេ នៅតែតស៊ូ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងទៀត ក្នុងក្របខណ្ឌគណបក្សសង្គ្រោះជាតិជានិច្ច។ ពួកគេ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖«យើងខ្ញុំ មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិឡើយ»។
ប្រជាពលរដ្ឋ និងអ្នកគាំទ្រ ទំនងជាកំពុងតែវក់វី ព្រោះតែការខ្វែងគំនិតគ្នារវាងមេដឹកនាំគណបក្សសង្គ្រោះជាតិហើយមើលទៅ។ ពួកគេ មិនដឹងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែរួបរួមគ្នា ឬក៏បែកបាក់គ្នា ចាប់តាំងពីចលនាសង្គ្រោះជាតិ កើតឡើង។
ទោះយ៉ាងណា លោក សម រង្ស៊ី ធ្លាប់ពន្យល់ហេតុផលថា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែតែលតោល និងស្រពេចស្រពិលពីអនាគតគណបក្សសង្គ្រោះជាតិ ក្រោយរងការរំលាយចោល ហើយលោក កឹម សុខា ក៏ជាប់ពន្ធនាគារ។ លោក លើកឡើងថា ព្រឹត្តិការណ៍អវិជ្ជមានទាំងនេះ គឺជាមូលហេតុចម្បង ដែលជំរុញឲ្យលោក និងសហការី ត្រូវតែផ្តួចផ្តើមគំនិតថ្មីនៃការបង្កើតចលនាសង្គ្រោះជាតិ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវកម្លាំងស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូក្នុងដំណាក់កាលដ៏លំបាកនេះ។
លោក សម រង្ស៊ី បន្តថា ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលអាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដើម្បីទាមទារអ្វីមួយ ហើយគ្មាននរណាអាចប៉ះពាល់ ឬរំលាយបានឡើយ។ លោក អះអាងបន្តថា ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រឲ្យបានកាន់តែច្រើនជាងមុន ពីព្រោះរូបភាពនៃចលនានេះ អាចទទួលសមាជិកពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិលជាដើម ដែលមិនមែនជាសមាជិកគណបក្សនយោបាយ ។
បើតាមលោក សម រង្ស៊ី ពេលការទាមទារខាងលើទទួលបានជោគជ័យ ចលនាសង្គ្រោះជាតិនឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិវិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតខាងមុខ៕
((ប្រភព ៖ ថ្មី ៗ))
0 ความคิดเห็น: