วันอังคารที่ 9 มกราคม พ.ศ. 2561

ប្រទេស​អ៊ីរ៉ង់​បន្ទោស​សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ចំពោះ​ភាពចលាចល​ដែល​កំពុង​កើត​មាន_Iran blames unrest on US and others.


ប្រទេស​អ៊ីរ៉ង់​បន្ទោស​សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ចំពោះ​ភាពចលាចល​ដែល​កំពុង​កើត​មាន_Iran blames unrest on US and others.

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​និយាយ​ថា ភាពចលាចល​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​គឺ​បណ្តាល​មក​ពី​យុទ្ធសាស្ត្រ​ «អ្នក​អន្តរាគមន៍​និយម‍» ​របស់​អាមេរិក និង​បាន​ហៅ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ថា​ជា​ឧបសគ្គ​លើ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត។ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ Mohammad Javad Zarif ក៏​បាន​ចោទប្រកាន់​ថា ប្រទេស​មហាអំណាច​បរទេស ដែល​រួម​មាន​ទាំង​ប្រទេស​អារ៉ាប៊ី​សាអូឌីត ដែល​ជា​គូប្រជែង​នៅ​ក្នុង​តំបន់ ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នេះ។ ​

លោក Zarif បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ ស្តី​សន្តិសុខ​នៅ​មជ្ឈឹមបូព៌ា ក្នុង​ទីក្រុង តេហេរ៉ង់ ជាមួយ​នឹង​មន្ត្រី​អ៊ីរ៉ង់ មន្ត្រី​អន្តរជាតិ​ និង​អ្នក​ជំនាញការ ជាង​២០០​នាក់។ នេះ​បើយោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់។

នាយក​សន្និសីទ​នោះ លោក Jalal Dehghani Firouzabadi បាន​មានប្រសាសន៍​ថា ការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម បាន​ផ្លាស់ប្ដូរ​ស្ថានភាព​សន្តិសុខ​នៅក្នុង​តំបន់ ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​ដទៃ​ទៀត ហើយ​សមាជិក​នៃ​សន្និសីទ​នេះ​ត្រូវ​តែ​ធ្វើ​ផែនការ​ថ្មី​ទៀត។ ​សន្និសីទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​អ៊ីរ៉ង់។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីមាន​ការ​តវ៉ា​មួយ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ចលនា​សាធារណៈ​សម្តែង​ចេញ​នូវ​ការ​មិន​ពេញចិត្ត​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​មានការ​ធ្វើ​បដិវត្តន៍កាល​ពី​ឆ្នាំ​១៩៧៩មក។ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២២​នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជាង​៥០០​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស៕
លោក Mohammad Javad Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ថ្លែង​ក្នុង​សន្និសីទ​សន្តិសុខ​មួយ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។
ប្រភព៖ វីអូអេខ្មែរ
Previous Post
Next Post

post written by:

0 ความคิดเห็น: