วันอังคารที่ 2 มกราคม พ.ศ. 2561

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​និង​បិទ​អង្គការ​បន្ថែម​ទៀត-MOI warns of arresting more opposition official and mps


ក្រសួង​មហាផ្ទៃ​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​និង​បិទ​អង្គការ​បន្ថែម​ទៀត-MOI warns of arresting more opposition official and mps

ក្រសួង​មហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​កូនស្រី​លោក កឹម សុខា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ព្រមាន​បិទ​អង្គការ​ណា​ដែល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ។ រី​ឯ​អ្នក​វិភាគ​យល់​ថា ការ​ព្រមាន​ពី​ចំណាត់​ការ​ក្ដៅ​របស់​រដ្ឋាភិបាល​នៅ​ដើម​ឆ្នាំ​២០១៨ នេះ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កាន់​តែ​ផ្ដាច់ការ។

ទោះបីជា​ឆ្នាំ​ចាស់​ផុត​ទៅ​ឈាន​ចូល​ឆ្នាំ​ថ្មី ២០១៨ ហើយ​ក្តី រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​អាច​កែប្រែ​ចិត្ត​គំនិត​ចាស់​របស់​ខ្លួន ពោល​គឺ​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​នៅ​តែ​ក្តៅ​ក្រហាយ​ចងកម្ម​ចងពៀរ​ជាមួយ​បក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដដែល។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា  អាជ្ញាធរ​កម្ពុជា នឹង​រង់ចាំ​ចាប់​ខ្លួន​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ប្រសិនបើ​ពួកគាត់​ហ៊ាន​ជិះ​យន្តហោះ​ត្រឡប់​មក​ជាន់​ទឹក​ដី​កម្ពុជា​វិញ នៅ​ពេល​ណា​មួយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ខៀវ សុភ័គ បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។

ការ​ព្រមាន​ចាប់​ខ្លួន​នេះ គឺ​ក្រោយ​ពី​កញ្ញា កឹម មនោវិទ្យា និង​តំណាងរាស្ត្រ​បក្ស​ឆាំង​មួយ​ចំនួន កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ ពិនិត្យ​មើល​ឡើង​វិញ​អំពី​សមាជិកភាព​របស់​កម្ពុជា ដោយ​ព្យួរ​អាសនៈ។ ជាមួយ​គ្នា​នោះ ពួកគេ​បាន​ប្រាប់​ទៅ​បរទេស​អោយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដូចជា​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក និង​សហគមន៍​អឺរ៉ុប បង្កក​ទ្រព្យ​សម្បត្តិ និង​មិន​ឲ្យ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ជាដើម។ ការ​អំពាវនាវ​របស់​ពួកគាត់​ដែល​បាន​សម្រេច​លទ្ធផល​បណ្ដើរៗ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​លោក កឹម សុខា ដាក់​គុក ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​អង្គការ​របស់​អាមេរិក​មួយ​ចំនួន និង​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ជាដើម។

​លោក ខៀវ សុភ័គ ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បុគ្គល​ចំនួន ១១៨​នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ​នោះ គឺ​ក្រសួង​មហាផ្ទៃ នឹង​ស្នើ​ទៅ​តុលាការ​កំពូល ម្តង​ទៀត ដើម្បី​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត ដែល​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រូប​នេះ​អះអាង​ថា ជា​សកម្មភាព​រឹង​ទទឹង និង​ខុស​ច្បាប់​កម្ពុជា។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា  ការ​ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ វា​ផ្ទុយ​ពី​ច្បាប់ និង​បង្ហាញ​ពី​ភាព​ផ្ដាច់ការ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់៖ «»។

អាស៊ីសេរី មិន​អាច​ទាក់ទង​កញ្ញា កឹម មនោវិទ្យា និង​អ្នកស្រី មូរ សុខហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ។

​ក្រៅ​ពី​ព្រមាន​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នោះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​បាន​ព្រមាន​នឹង​បិទ​អង្គការ​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ស្រប​ពេល​ដែល​ថ្មីៗ​នេះ មាន​ក្រុម​សង្គម​ស៊ីវិល​ខ្លះ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្មី​ទៀត​ដែល​គេ​ហៅ​ថា «ថ្ងៃ​អាទិត្យ​ពណ៌​ស»។

លោក ខៀវ សុភ័គ អះអាង​ថា អាជ្ញាធរ​កំពុង​តាមដាន​សកម្មភាព​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល និង​កត់ត្រា​ទុក​សកម្មភាព​ទាំង​អស់​នោះ​ថែម​ទៀត​ផង។

​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មាន​សកម្មជន​មួយ​ចំនួន​បាន​ស្លៀកពាក់​ពណ៌​ស និង​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ រួម​មាន​លោក កឹម សុខា  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន អ្នក​វិភាគ​នយោបាយ លោក គឹម សុខ និង​សកម្មជន​ដីធ្លី​អ្នកស្រី ទេព វន្នី ជាដើម។

​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» គឺ​មិន​ផ្ទុយ​ពី​ច្បាប់​នោះ​ឡើយ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ គឺ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មើល​អំពី​បំណង​របស់​អ្នក​ទាមទារ​ឡើយ ប៉ុន្តែ​គេ​តែងតែ​ផ្ដោត​ថា ការ​ទាមទារ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល គឺ​ជា​ចលនា​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ៖ «»។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សមាគម​ដទៃ​មួយ​ចំនួន​ទៀត មិន​ទាន់​ឃើញ​ចូលរួម​ធ្វើ​យុទ្ធនាការ «ថ្ងៃ​អាទិត្យ​ពណ៌​ស» នេះ​នៅ​ឡើយ​ទេ ដោយ​ពួកគេ​អះអាង​ថា បារម្ភ​ខ្លាច​ក្រសួង​មហាផ្ទៃ រក​លេស​បិទ​អង្គការ​នេះ​ចោល។

មាត្រា ១៩ នៃ​សេចក្ដី​ប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចែង​ថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​យោបល់។ សេរីភាព​នេះ​រួមមាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រារាំង និង​សិទ្ធិ​ដើម្បី​ស្វែង​រក ទទួល និង​ផ្ដល់​ព័ត៌មាន និង​គំនិត​តាម​រយៈ​ផ្សព្វផ្សាយ​បែប​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​ព្រំដែន។ ​រីឯ​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​វិញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។

​អ្នក​វិភាគ និង​សង្គម​ស៊ីវិល ស្នើ​អោយ​អ្នក​នយោបាយ ជាពិសេស​គណបក្ស​កាន់​អំណាច ចាប់​ផ្ដើម​ចរចា​ត្រូវរ៉ូវ​គ្នា និង​ដឹកនាំ​ប្រទេស​វិល​ទៅ​រក​របប​ប្រជាធិបតេយ្យ គោរព​រដ្ឋធម្មនុញ្ញ គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ដើម្បី​ជា​កាដូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ  និង​ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ​ពី​សហគមន៍​អន្តរជាតិ៕


ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: