วันอังคารที่ 2 มกราคม พ.ศ. 2561

សារ​ហិង្សា​​ ក្រោម​លេស «សន្តិភាព» និង«បដិវត្ត​ពណ៌» របស់​បុរសខ្លាចតេជោរសែនហ៊ុន ឆ្នាំ​២០១៧-Hun Sen's violent rhetorics in 2017 under pretext of "peace" and "color revolution"


សារ​ហិង្សា​​ ក្រោម​លេស «សន្តិភាព» និង«បដិវត្ត​ពណ៌» របស់​បុរសខ្លាចតេជោរសែនហ៊ុន ឆ្នាំ​២០១៧-Hun Sen's violent rhetorics in 2017 under pretext of "peace" and "color revolution" 

ឆ្នាំ​២០១៧ ​កន្លង​ទៅ​នេះ គឺ ជា​ឆ្នាំ​ ដែល​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ នូវ​សារ​ នយោបាយ បែប​ហិង្សា កាប់សម្លាប់​ ពូជសាសន៍​ខ្មែរ​ គ្នាឯង ដែល​អាចធ្វើ​ ឲ្យ​លោក​ ជាប់​បន្ទុក​ ក្នុង​បទឧក្រិដ្ឋ​កម្ម​ ប្រឆាំង ​នឹង​មនុស្សជាតិ នៅ​ឯ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC) នៅ​ថ្ងៃ​ ណាមួយ​ នា​ពេល​ អនាគត។  អ្នក​ជំនាញ​ លើក​ឡើង​ ថា, សម្រាប់​ ឆ្នាំ​២០១៨​នេះ មេដឹកនាំ​ខ្មែរ គប្បី​ដឹកនាំ​ ប្រទេស ​ដោយ​តម្កល់​ ផលប្រយោជន៍ ​ជាតិ​ជាធំ និង​ត្រូវ​ មាន​ព្រហ្ម​វិហារធម៌​ ក្នុង​ការ​ផ្សះផ្សា​ ជាតិ ចៀសវាង​ នូវ​ការ ​យក​ខ្មែរ​ គ្នា​ឯង​ ជាស​ត្រូវ ព្រោះ ​នាំ​ឲ្យ​ បែកបាក់​ សាមគ្គី​ រវាង​ ខ្មែរ និង​ខ្មែរ។

សម្ដី​លោក ហ៊ុន សែន «អា​គុក កុំ​ ព្រហើន​», «​កុំ​ ថា​រង្ស៊ី​ មួយ, ១០០​រង្ស៊ី, ហើយ​ ហៅ​ទាំង​ខ្មោច សម សារី ដែល​ជា​ឳ​លោក​ឯង​ ក្បត់ជាតិ ក៏ ហ៊ុន សែន មិន​ ខ្លាច​ដែរ​», «​ចុះ​នរក​ក៏​ចុះទៅ ... មិន​មក​ទេ មុខ​ដូច​ម៉ែ​អញ​?», «​ស្ដាយ​ មិន បាន​សម្លាប់​ខ្មែរ​...។»
ពាក្យចាស់​បុរាណ​ខ្មែរ តែងតែ​ពោល​តៗ​គ្នា​ថា​៖ «​សម្ដី​សរជាតិ មាយាទ​សរ​ពូជ​» ដែល​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា មនុស្ស​គ្រប់រូប អាច​នឹង​ត្រូវ​សង្គម​វាយតម្លៃ​តាមរយៈ​ពាក្យពេចន៍​សម្ដី​គ្រប់​ម៉ាត់​របស់​ខ្លួន។ សម្រាប់​អ្នក​ដែល​មិន​ស្គាល់​ពី​កម្ពុជា​ច្បាស់ បើ​គេ​គ្រាន់តែ​ស្ដាប់​តែមួយ​ភ្លែត គេ​អាច​ច្រឡំ​ថា នេះ​ជា​សម្ដី​មនុស្ស​អសីលធម៌ មិន​បាន​រៀន​សូត្រ អប់រំ​ត្រឹមត្រូវ ដែល​ជនានុជន​ទូទៅ ឬ​សង្គម​ទាំងមូល មិន​ចង់​រាប់រក។ ក៏ប៉ុន្តែ សម្រាប់​អ្នក​ដែល​ស្គាល់ និង​យល់ដឹង​ច្បាស់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា គេ​ប្រាកដជា​ដឹង​យ៉ាង​ច្បាស់​ថា សម្ដី​ទាំងនោះ គឺជា​សម្ដី របស់​លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ឋានៈ​ជា​មេដឹកនាំ​កំពូល​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ហើយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ 

លោក ហ៊ុន សែន ប្រហែលជា​គិត​ថា ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​លោក​សម្រេច​បាន​នូវ​ជោគជ័យ និង​សមិទ្ធផល​យ៉ាង​ច្រើន​អនេក ក្រោម​ការដឹកនាំ​របស់​លោក ដែល​លោក និង​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក តែង​ហៅ​ដោយ​ឥត​លាក់លៀម​ថា ជា​ការ​ដឹកនាំ «ប្រកប ដោយ​គតិបណ្ឌិត»។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត ជោគជ័យ​សំខាន់​បំផុត​សម្រាប់​អនាគត​នយោបាយ​របស់​លោក​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការណ៍​ដែល​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បញ្ជា​ឲ្យ​តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​តែម្ដង ដែល​លោក​ចាត់ទុកថា​ជាស​ត្រូវ​សួរ​ពូជ​របស់​លោក។ លោក ហ៊ុន សែន ក៏​ទំនងជា​គិត​ដែរ​ថា ករណី​ដែល​លោក​បានសម្រេច​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ទាំងនេះ ក៏​ផ្ដល់​ឱកាស​ឲ្យ​លោក អាច​មាន​ពេលវេលា​គ្រប់គ្រាន់ សម​ល្មម​នឹង​អាច​ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៀត យ៉ាងហោចណាស់​បាន​១​ទសវត្សរ៍​ទៀត ដែល​ពេលវេលា​នេះ គឺជា​ឱកាស​មាស ឱកាស​ពេជ្រ​របស់​លោក ដើម្បី​អនុញ្ញាត​ឲ្យ​លោក អាច​ទិញ​ពេលវេលា ធានា​ផ្ចុងផ្ដើម​ឲ្យ​កូនៗ​របស់​លោក អាច​ឡើង​បន្ត​អំណាច ក្ដោបក្ដាប់​ប្រទេស​កម្ពុជា ក្រោយពេល​លោក​ចូល​និវត្ត​នា​ពេល​អនាគត។
ក៏ប៉ុន្តែ លោក ហ៊ុន សែន ប្រហែលជា​ភ្លេច​ថា សម្រាប់​ឆ្នាំ​២០១៧​ដែល​ទើបនឹង​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ សារ​នយោបាយ​របស់​លោក​ផ្ទាល់​ខ្លួនឯង​ដែល​បង្កប់​ដោយ​អំពើ​ហិង្សា អួតអាង​គំរាម​កាប់សម្លាប់​គ្នាឯង ដូចជា​សារ​អំពី​សង្គ្រាម សារ​ចាប់ចង​ដាក់គុក​ច្រវាក់ សារ​ឲ្យ​ត្រៀម​ក្ដារមឈូស សារ​ប្រឆាំងនឹ​ង​សកម្មភាព​ដែល​លោកប្រសិទ្ធ​នាម​ឲ្យ​ថា ជា​អំពើ «បដិវត្ត​ពណ៌» សារ​ចោទប្រកាន់​ក្រុម​ខ្មែរ​ម្ខាង​ទៀត​ថា​ជា «​ជន​ក្បត់ជាតិ​» ឬ​ដែល​លោក​ហៅថា «​កូន​អា​ក្បត់ជាតិ​ត​ជំនាន់​» ជាដើម អាច​នឹង​តាម​លង​បន្លាច​លោក​នា​ពេល​អនាគត​បាន​គ្រប់ពេលវេលា ហើយ​ថា លោក​អាច​ជាប់​ផុង​ជ្រៅ​ទៅ​ក្នុង​រណ្ដៅ​នៃ​មហន្តរាយ ដែល​ធ្វើ​ឲ្យ​លោក ក្រុម​គ្រួសារ និង​មន្ត្រី​របស់​លោក​ខ្លួនឯង ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កត់ត្រា​ទុក ដែល​អាច​ចាត់ទុកថា​ជា​ករណី ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ព្រោះតែ​ដោយសារតែ​សារ​ដែល​បង្កប់​នូវ​ចេតនា សម្លាប់​មនុស្ស និង​ប្រជាពលរដ្ឋ​ពូជសាសន៍​ខ្លួនឯង​ដ៏​ស្លូតត្រង់​ទាំងនេះ។ សារ​ទាំងនេះ គឺ​សុទ្ធ​តែ​ជា​សារ​នយោបាយ​ដ៏​លេចធ្លោ និង​ជា «​កម្មសិទ្ធិបញ្ញា» ផ្ដាច់មុខ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​ខ្លួនឯង​អួត​ថា​ជា បិតា​បណ្ឌិត ហើយ​កាន់​សញ្ញាប័ត្រ​បណ្ឌិត កិត្តិយស (Ph.D.) រហូតដល់​ទៅ​រាប់​ភ្លេច​នោះ។

ជាក់ស្ដែង​នៅមុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើន​សា​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា​លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់​លាន​នាក់៖ «ទង្វើ​ណា​ក៏​ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ផ្ដួល​រំលំ គឺជា​ទង្វើ​ដែល​ត្រូវតែ​បង្ក្រាប​ដាច់ខាត​តែម្ដង​។ គ្មាន​ការ​អត់អោន​ឲ្យ​ទេ​! ដើម្បី​ធានា​ជីវិត​មនុស្ស​រាប់​លាន​នាក់ យើង​សុខចិត្ត​កម្ចាត់​ចោល ១០០ ទៅ​២០០ នាក់​។ ខ្ញុំ​ឲ្យ​ឡាយត៍​ផ្ទាល់​សម្ដី​នេះ​!»

ក្រោយ​មក​ទៀត ដោយ​មិន​អស់ចិត្ត​មិន​អស់​ថ្លើម​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​គ្នាឯង​នេះ ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដែល​ជា​ទិវា​រំលឹក​ខួប​លើក​ទី​២៦​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន អួតអាង​ថា លោក​អាច​កំដរ​គណបក្សប្រឆាំង​បាន​គ្រប់​ពេល​វេលា ក្នុង​ការ​ធ្វើ​សង្គ្រាម​ជាមួយគ្នា ក៏ប៉ុន្តែ​លោក​ថា ក្រុម​ប្រឆាំង​មាន​ផ្លូវ​ដើរ​តែ​ពីរ​ទេ គឺ​ត្រូវ​ត្រៀម​ក្ដារមឈូស ឬ​ត្រូវ​ដេក​គុក៖ «អ្នក​មិនទាន់​មានលទ្ធភាព​ផ្ដួល​រំលំ ហ៊ុន សែន តាម​កំលាំង​យោធា​ទេ។ បើ​អ្នក​ហ៊ាន​លោត ក៏​ហ៊ាន​ស្លាប់​! ធ្វើ​ក្ដារមឈូស​ទុក​ឲ្យ​ហើយ បើ​អ្នក​ចង់​លេង។ ប៉ុន្តែ​បើ​អ្នកលេង​មិន​ឈ្នះ ហ៊ុន សែន គឺ​អ្នក​មានតែ​កន្លែង​មួយ​គត់ គឺ​គុក ព្រោះ​គុក គេ​សម្រាប់​ដាក់ អា​មនុស្ស​ធ្វើ​ខុស ហើយ​កាន់តែ​ដាក់​ធ្ងន់ធ្ងរ​ទៀត​សម្រាប់​អា​អ្នក​ក្បត់ជាតិ។»

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​រោងចក្រ រាប់ពាន់​នាក់ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ភ្ញាក់ផ្អើល ដោយ​សម្ដី​ដែល​លោក​ថ្លែង ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ថា លោក​មានការ​សោកស្ដាយ​ជា​ពន់ពេក ដោយសារតែ​លោក មិនបាន​សម្លាប់​ក្រុម​អ្នកប្រឆាំង​រាប់​ម៉ឺន​នាក់ ដែល​បាន​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ហើយ​ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ធ្វើ «​បដិវត្ត​ពណ៌»៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង តាំងពី​ហ្នឹង ប្រហែលជា ដើម​...​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ គឺ​ពួក​នេះ ងាប់​អស់ហើយ។ ងាប់​អស់ហើយ​! គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង​។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នឹង​នុះ​ណា អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នឹង​! ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នឹង​ទេ​! ម៉ែ​! ស្ដាយ​ណាស់​អាហ៍!»


កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​សារ​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​ហាក់​ដូច​ជា​មាន​ការ​រៀប​ចំ​ថត​ទុកជាមុន លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក បាញ់សម្លាប់​ក្មួយ​ប្រសា​លោក បើ​ហ៊ាន​ដៃ​ជាមួយ​សមត្ថកិច្ច​ក្នុង​ករណី​បង្ក្រាប​ល្បែង​ជល់​មាន់ ដែល​ករណី​នេះ​គឺជា​ការ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​ប្រហារជីវិត​នោះ។ ក្នុង​សារ​ដដែល​នេះ លោក ហ៊ុន សែន ទំនងជា​ចង់​អួតអាង​ប្រាប់​សាធារណជន​ថា សូម្បីតែ​សាច់ញាតិ​របស់​លោក ក៏​លោក​មិន​អត់ឱន​ឲ្យ​ដែរ៖ «អភិបាលខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់ តាម​ចាប់​អា អា​ដេញ កូន​ប្រសា ហ៊ុន សាន នេះ តាម​ចាប់​ឲ្យ​បាន។ បើ​វា​តដៃ គឺ​អនុញ្ញាត​ឲ្យ​បាញ់​ចោល​តែម្ដង គឺ​បាញ់​ចោល​នៅ​ហ្នឹង​កន្លែង​តែម្ដង​!»

ក្នុង​ឆ្នាំ​២០១៧​នេះ សារ​របស់​លោក ហ៊ុន សែន មិនទាន់​បិទ​បញ្ចប់​ត្រឹម​ការ​បញ្ជា​ឲ្យ​សម្លាប់​ក្មួយ​ប្រសា​របស់​លោក ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នេះ​ទេ នៅ​មាន​សារ​មួយ​ដែល​ហាក់ជា​ការព្រមាន​ដោយ​ផ្ទាល់​ទៅ​ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​របស់​លោក​ខ្លួនឯង ដែល​នេះ ទំនង​មកពី​ការណ៍​ដែល​លោក​មានការ​ព្រួយ​បារម្ភ​ខ្លាំង និង​កើត​ជំងឺ​បាក់ស្បាត​អំពី​ករណី​បែកបាក់​ផ្ទៃក្នុង ឬ​ដណ្ដើម​អំណាច​ពី​លោក ពី​សំណាក់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គ្រាក់ៗ​ដទៃ​ទៀត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​ក្រុម​របស់​លោក ស ខេង និង​ក្រុម​មេបញ្ជាការ​កំពូលៗ​ទាហាន​ដទៃ​ទៀត ដោយសារតែ​ការអំពាវនាវ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្សី។ 

នៅ​គ្រានោះ លោក ហ៊ុន សែន បាន​ភ្លាត់មាត់ ធ្លោយ​សម្ដី លើក​យក​សេនារីយោ ដែល​ថា លោក​អាច​នឹង​ធ្វើ​ពុត​ជា​ស្លាប់ នៅ​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត ដើម្បី​ឲ្យ​ក្រុម​របស់​លោក សម្លាប់​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ដែល​ក្បត់​នឹង​លោក ទាំងអស់​ចោល​តែម្ដង៖ «អស់លោក​ត្រូវ​គិត​ថា នៅ​ក្នុង​រយៈពេល​នោះ គឺ​រយៈ​ពេល​ដែល​អស់លោក ត្រូវ​ងាប់​ហើយ​! មុខសញ្ញា​ទាំងឡាយ​ដែល​គេ​គូស​ទុក​រួច​ហើយ​នោះ ត្រូវ​ងាប់​តែម្ដង​! អាហ្នឹង ត្រូវ​ប្រយ័ត្ន​អា​កន្លែង​ហ្នឹង​! ប្រយ័ត្ន​តែ​ខ្ញុំ​ធ្វើ​ងាប់​មែនទែន​! មិនមែន​មែនទែន​ទេ អា​ធ្វើ​ងាប់​តាម​លោក​ឯង​ថា ប៉ុន្តែ​ធ្វើ​តែ​ពីរ​ម៉ោង ទុក​ឲ្យ​អាហ្នឹង​វា​ចេញ រួចហើយ​ខ្មោច វា​រស់​ឡើងវិញ ភ្លាម​ប៉ុណ្ណឹង​ហើយ អា​នាក់​រស់​បន្ត​ការងារ អា​នាក់​ងាប់​យក​ទៅ​កប់​។ តា​ប៉ុណ្ណឹង វា​ចប់​បាត់​ទៅ​ហើយ​! ត្រូវ​លោក​ឯង​ប្រយ័ត្ន​ណា!»

ឆ្នាំ​២០១៧​នេះ មិនមែន​ជា​ឆ្នាំ​ចម្លែក ឬ​ជា​ឆ្នាំ​ដំបូង​ឡើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ភាសា​អ​សុរស គ្រោតគ្រាត បង្កប់​ដោយ​អំពើ​ហិង្សា រាប់​មិន​ភ្លេច​នោះ​ទេ។ កាលពី​ឆ្នាំ​កន្លងៗ​ទៅ អតីត​កម្មាភិបាល និង​ជា​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​រូប​នេះ ដែល​ល្បីឈ្មោះ​បោះ​សំឡេង​ថា​ជា​នាយករដ្ឋមន្ត្រី​ជំនាញ​ខាង​ប្រើប្រាស់​ភាសា​អសុរស គ្រោតគ្រាត គំរាម​សម្លាប់ និង​ចាប់ចង​ក្រុម​អ្នកប្រឆាំង​ដាក់​ពន្ធនាគារ​ដោយ​មិន​រើសមុខ សូម្បីតែ​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក កឹម សុខា ឬ​ជនបរទេស​ក៏ដោយ​នោះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រើប្រាស់​ភាសា​អា​-​ម៉ឹង ដែល​សូម្បីតែ​ស្ត្រី​ខ្មែរ ក៏​លោក​មិន​ទុក​មុខ​ឲ្យ​ដែរ។
រៀងរាល់​ពេល​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​ភាសា​ទាំងនេះ សម្ដី​របស់​លោក ត្រូវ​បាន​កាសែត​បរទេស យក​ទៅ​ចុះផ្សាយ​ព្រោងព្រាត ដែល​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ កិត្តិយស​ជនជាតិ​ខ្មែរ ដែល​លោក​តែងតែ​អួត​ក្អេងក្អាង​នៅ​លើ​ឆាក​អន្តរជាតិ​ថា​ជា «ព្រះរាជាណាចក្រ​ អច្ឆរិយ» ទទួល​រង ​នូវ​ការ​អាម៉ាស់ ស្ទើរតែ​ ងើបមុខ​ មិន​រួច។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​ចរិត​របស់លោក ហ៊ុន សែន ថា ជា​មេដឹកនាំ «​កោងកាច​» ដោយសារតែ​អាង​អំណាច។ លោក​ថា ក្នុងនាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​មិន​សប្បាយចិត្ត​ទាល់តែសោះ និង​ខ្មាស​ជនបរទេស​ដោយ​សារ​តែ​មាន​មេដឹកនាំ​ប្រើប្រាស់​ភាសា​អសុរស និង​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​គ្នាឯង ស្ទើរតែ​រៀងរាល់​ពេល​យ៉ាង​ដូច្នេះ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា លោក ហ៊ុន សែន មាន​ការ​ខ្វះខាត​នូវ​ការ​ប៉ិនប្រសព្វ​ក្នុង​ការ​ពន្យល់​សាធារណជន​ឲ្យ​យល់ ជឿ​តាម និង​ធ្វើតាម​គំនិត​របស់​លោក ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ពាក្យពេចន៍​គំរាមកំហែង ឬ​គំរាម​ប្រើ​អំពើ​ហិង្សា​នោះ៖ «ចរិត​របស់​អ្នកដឹកនាំ កាន់តែ​មាន​អំណាច​យូរ​ទៅ គេ​ហៅថា កាន់តែ​មាន​ភាព​កោងកាច​ខ្លាំង​ទៅ! តាម​ក្បួនខ្នាត​បុរាណ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ តែ​កាលណា​ចរិយា​មាយាទ​របស់​មេដឹកនាំ​យ៉ាងម៉េច​ហើយ វា​ត្រូវ​មាន​ឥទ្ធិពល​ទៅលើ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ ក៏​នឹង​ប្រកាន់យក​ឥរិយាបថ​បែបយ៉ាង​ដូច្នេះ​ដែរ គឺថា​ប្រសិនបើ​មេដឹកនាំ​អសីលធម៌ នឹង​នាំ​ឲ្យ​រាស្ត្រ មិន​យូរ​មិន​ឆាប់ គឺ​អសីលធម៌​ដូច​អ៊ីចឹង​ដែរ។ ឃើញ​ទេ​គឺ ចេញ​មក​សម្តី​សម្តៅ​អី របៀបៗ​គ្នា​ហ្នឹង គឺ​អ្នក​ដែល​ជំនិតៗ​របស់​គាត់​ហ្នឹង បាទ​! អាហ្នឹង ប៉ះពាល់​ដល់​កិត្តិយស​ខ្មែរ​ហើយ​បាទ​... តា​ខ្ញុំ​អី​ក៏​ប៉ះពាល់​ដែរ ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ហើយ​មាន​មេដឹកនាំ គេ​ដាក់ទណ្ឌកម្ម​អ៊ីចឹង គឺ​ខ្ញុំ​អត់​សប្បាយចិត្ត​ទេ បាទ​! គឺ​ខ្មាស​គេ ដោយសារ​ខ្លួនឯង​មាន​មេដឹកនាំ​អ៊ីចឹង។»

អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក​បណ្ឌិត មាស នី ថ្លែង​បន្ទរ​ថា ក្នុង​នាម​ជា​មេដឹកនាំ ការ​និយាយ​ស្តី គឺ​ត្រូវ​ប្រុងប្រយ័ត្ន ពីព្រោះ​ពាក្យ​សម្ដី​របស់​មេដឹកនាំ​គ្រប់​ម៉ាត់ ត្រូវ​ពលរដ្ឋ​ទូទៅ​នៅ​ទូទាំង​ប្រទេស និង​នៅ​ពិភពលោក រង់ចាំ​ត្រងត្រាប់​ស្ដាប់ និង​ធ្វើជា​គំរូ។ លោក​បណ្ឌិត មាស នី ពន្យល់​ថា មេដឹកនាំ ត្រូវ​ចេះ​រៀបចំ​នូវ​ពាក្យពេចន៍ ពាក្យ​សម្ដី​របស់​ខ្លួន ដោយសារ​សម្ដី​ទាំងនេះ​តំណាង​ទាំង​កិត្តិយស​ខ្លួនឯង​ផង និង​កិត្តិយស​របស់​ជាតិ​ផង​ដែរ៖ «វា​ជា​សិទ្ធិ​របស់​សម្ដេច​នាយក​ទេ គាត់​អាច​និយាយ​ថា​ម៉េច​ក៏បាន​ដែរ ប៉ុន្តែ​សម្រាប់​ជា​ទស្សនៈ​របស់ខ្ញុំ សីលធម៌​របស់​អ្នកដឹកនាំ គឺ​មាន​សារសំខាន់​ណាស់ ហើយ​ពេល​ដែល​យើង​កាន់​ក្បាល​មេក្រូ និយាយ​ម្តងៗ គឺ​មាន​មនុស្ស​រាប់​លាន​នាក់​គេ​ចាំ​ស្ដាប់​។ អ៊ីចឹង​បើ​កាលណា​បើ​យើង​និយាយ​ពាក្យពេចន៍​អី ដែល​មិន​សម យើង​ក៏​ត្រូវ​បាន​ទទួល​រង​នូវ​ការរិះគន់​ពី​មនុស្ស​រាប់​លាន​នាក់​ដែរ​បាទ​។ តែ​បើ​យើង​និយាយ​ទៅ​ល្អ ក៏​មាន​មនុស្ស​រាប់​លាន​នាក់​គេ​ស្ដាប់ ហើយ​គេ​យក​តម្រាប់​តាម​ដែរ​។ គឺ​សារសំខាន់​នៅត្រង់​ហ្នឹង​!»

អ្នក​ជំនាញ​ខាង​ព្រះពុទ្ធសាសនា និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ​នៅ​ប្រទេស​កាណាដា ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ មាន​សង្ឃ​ដីកា​ពន្យល់​ថា មេដឹកនាំ​ប្រទេស ត្រូវ​មាន​ព្រហ្មវិហារ​ធម៌​ក្នុង​ការ​ផ្សះផ្សា​ជាតិ ដែល​ក្នុង​នោះ​រួមមាន​៖ «​មេត្តាធម៌​» ដែល​ជា​ការ​រាប់អាន​ប្រជារាស្ត្រ​ទូទៅ មិន​ប្រកាន់​ឋានៈ​, «​ករុណា​» ដែល​ជា​ការ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ​ក្រីក្រ វេទនា​ខ្វះខាត ក្នុង​ជីវភាព​, «មុទិតា​» គឺ​សេចក្ដី​ត្រេកអរ​ពេល​ដែល​ប្រជារាស្ត្រ​បាន​សុខ​សប្បាយ មាន​សុខភាព​ល្អ មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹមជីវិត​បាន ព្រមទាំង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញ​បរិបូរណ៍​, និង​ចុងក្រោយ​គឺ «ឧបេក្ខា» ដែល​មានន័យថា​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដែល​ពួកគេ​រស់នៅ។ 

ព្រះអង្គ​មាន​ថេរដីកា បន្ត​ថា អ្នកដឹកនាំ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ទាំង​សម្ដី ទាំង​អំពើ ទាំង​ចិត្តគំនិត ពោល​គឺ​គិត​កុំ​ឲ្យ​ខុស យក​ប្រយោជន៍​ជាតិ​ជាធំ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ជាតិ​មាន​ឯកភាព ជាតិ​មាន​លំនឹង ដែល​បរទេស​មិន​អាច​ឈ្លានពាន​បាន៖ «អ្នកដឹកនាំ​ណា ដែល​ចេះ​បង្រួប​បង្រួម​ជាតិ ដោយ​មិន​ប្រើ​ហិង្សា ហើយ​គេ​ខ្លាច​គេ​គោរព អ្នកដឹកនាំ​ហ្នឹង ល្អ​ណាស់ ខ្ពង់ខ្ពស់​ណាស់​! គឺថា​គេ​គោរព ដោយ​មិន​ចាំបាច់​ប្រើ​កាំភ្លើង គំរាមកំហែង​។ អាហ្នឹង​គឺជា​អ្នកដឹកនាំ មានគុណ​ធម៌។ ហើយ​បើ​ដឹកនាំ​ដោយ​គ្រាន់តែ​គំរាមកំហែង អាហ្នឹង​ជា​អ្នកដឹកនាំ​ថោក ដែល​ទន់ខ្សោយ​ទេ​។ ... សម្ដី​គំរាមកំហែង​មិន​ត្រឹមត្រូវ​ទៅតាម​អ្នកដឹកនាំ​ទេ។ អ្នកដឹកនាំ​ដែល​ធ្វើ​ឲ្យ​បែកបាក់​គ្នា ហើយ​ចងកំហឹង​ជាមួយ​ប្រជារាស្ត្រ​របស់​ខ្លួន​។ យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​រាស្ត្រ​បែកបាក់​គ្នា រាស្ត្រ​មាន​កំហឹង រាស្ត្រ​ក្តៅ​ក្រហាយ អាហ្នឹង​មិនមែន​ជា​អ្នកដឹកនាំ​ទេ។ ម្ល៉ោះហើយ​គុណធម៌​ខ្ពស់​ណាស់​... គុណធម៌​ដែល​ចេះ​អត់ធ្មត់ ចេះ​បង្រួបបង្រួម​ជាតិ​ហ្នឹង​សំខាន់​ណាស់​! បើ​អ្នកដឹកនាំ​មិន​ចេះ​បង្រួបបង្រួម​ជាតិ​ទេ ហើយ​ទៅជា​បំបែកបំបាក់ ប្រើ​សម្ដី​អ​សុរស​គំរាមកំហែង នោះ​មិនមែន​ជា​អ្នកដឹកនាំ​ល្អ​ទេ អាហ្នឹង​ធ្វើ​ឲ្យ​ជាតិ​លិចលង់ ធ្វើ​ឲ្យ​ជាតិ​បែកបាក់​សាមគ្គី​គ្នា អត់​មាន​លូតលាស់​ទៅមុខ​ទេ។»
ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ បាន​លើក​យក​ឧទាហរណ៍​មួយ​ចំនួន​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​មេដឹកនាំ​ប្រកបដោយ​គុណធម៌​នៅ​កម្ពុជា តួយ៉ាង​ដូចជា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ កម្ពុជា​ជា​អាណាចក្រ​ថ្កុំថ្កើង និង​មាន​អរិយធម៌​ខ្ពស់​។ បន្ថែម​ពីលើ​នេះ​ទៀត គំរូ​វីរភាព​របស់​សម្ដេច ជួន ណាត និង​ព្រះ​សមណគោតម​ជាដើម ដែល​ព្រះអង្គ​មិន​មាន​ប្រើ​កាំភ្លើង ឬ​អង្គរក្ស​ណា​ម្នាក់​នោះ​ឡើយ ក៏ប៉ុន្តែ​បែរជា​ទទួល​បាន​ការ​គោរព​កោតក្រែង​ពី​សំណាក់​មនុស្សម្នា​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​គុណធម៌ និង​សច្ចធម៌​ខ្ពង់ខ្ពស់​នេះឯង។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៨​នេះ ព្រះ​តេជគុណ​បណ្ឌិត ហុក សុវណ្ណ អំពាវនាវ​ឲ្យ​មេដឹកនាំ​ខ្មែរ​គ្រប់រូប គប្បី​ដឹកនាំ​ប្រទេស​ដោយ​ប្រើប្រាស់​នូវ​ឥរិយាបថ​យ៉ាងណា​តម្កល់​ផលប្រយោជន៍​ជាតិ ប្រយោជន៍​ប្រទេស​កម្ពុជា​ជាធំ ចៀសវាង​ការ​យក​ខ្មែរ និង​ខ្មែរ​ជាស​ត្រូវ ព្រោះ​នាំ​ឲ្យ​បែកបាក់​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បរទេស​មើលងាយ៕




ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: