អ្នកវិភាគគាំទ្រសាររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល 2018 ដែលអំពាវនាវឲ្យដោះស្រាយវិបត្តិនយោបាយ-Analyst support Kem Sokha messages
អ្នកវិភាគគាំទ្រសាររបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៨ ដែលឆ្លុះឲ្យឃើញពីចក្ខុវិស័យរបស់លោកក្នុងការដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជា សព្វថ្ងៃ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិរវាងខ្មែរ និងខ្មែរ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា ខ្មែរតែមួយ និងមិនយកខ្មែរណាមួយជាសត្រូវ ដើម្បីជៀសផុតពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅការអំពាវនាវរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាមានលក្ខណៈស្រដៀងគ្នាទៅនឹងចក្ខុវិស័យរបស់អតីតព្រះមហាក្សត្រខ្មែរ គឺព្រះបាទអង្គឌួង ដែលព្រះអង្គមានចក្ខុវិស័យស្វែងរកឯករាជ្យឲ្យខ្មែរមកវិញឲ្យរួចផុតពីនឹមត្រួតត្រារបស់ប្រទេសសៀម និងអណ្ណាម ឬប្រទេសវៀតណាម តាមរយៈការកសាងឯកភាពជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិក្នុងប្រទេសជាធ្លុងមួយ ដោយប្រកាន់យកគោលការណ៍ព្រះពុទ្ធសាសនាជាស្នូល។
លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿងឯកភាពគ្នា បង្រួបបង្រួមគ្នាហ្នឹង អាហ្នឹងគឺស្ដេចខ្មែរមួយអង្គហ្នឹងគឺគាត់មានចក្ខុវិស័យអ៊ីចឹង ក្នុងគោលបំណងរកឯកភាពជាតិ រកឯករាជ្យជាតិ ដើម្បីរំដោះខ្លួនចេញពីការគ្រប់គ្រងរួមគ្នារវាងសៀម និងយួន កាលពីជំនាន់នោះ។ លោកទៅពឹងពាក់ប្រទេសបារាំង ដែលជាមហាអំណាចមួយឲ្យមកជួយ។ ក៏ប៉ុន្តែមហាអំណាចមកនោះ ក៏ទៅត្រួតត្រាយើងទៅ។ ប៉ុន្តែទោះជាយ៉ាងណា ចក្ខុវិស័យរបស់លោកនោះ ត្រូវបានចៅទួតរបស់លោកគឺព្រះបាទ នរោត្តម សីហនុ បានសម្រេចនៅឆ្នាំ១៩៥៣ គឺយើងបានឯករាជ្យពីបារាំង មក។ យើងអត់មាននៅក្រោមការត្រួតត្រារួមគ្នារវាងសៀម និងយួនទេ។ យើងបានឯករាជ្យ ហើយក៏មានបូរណភាពទឹកដីដែលយើងមានរហូតមកទល់សព្វថ្ងៃនេះ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរសារលិខិតមួយច្បាប់ចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ផ្ញើជូនជនរួមជាតិខ្មែរក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០១៨។ សាររបស់លោកត្រូវបានកូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា យកមកអាន និងបង្ហោះនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក កឹម សុខា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងសារនោះ លោក កឹម សុខា លើកឡើងថា ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ បានញាំញីដោយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឲ្យលំហប្រជាធិបតេយ្យ និងការអនុវត្តប្រជាធិបតេយ្យដើរថយក្រោយ។ បញ្ហាទាំងនេះ រួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរឹតត្បិតសកម្មភាពអង្គការសង្គមស៊ីវិលជាដើម ដែលបន្ថែមលើបញ្ហារ៉ាំរ៉ៃជាច្រើនទៀត ដែលកម្ពុជា កំពុងតែប្រឈមស្រាប់។ លោក កឹម សុខា លើកឡើងថា បញ្ហាទាំងអស់នេះ បានកើតចេញដោយសារតែការដឹកនាំដែលប្រាសចាកពីគន្លងប្រជាធិបតេយ្យ និងជាដើមចមជំរុញឲ្យពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងភាពក្រីក្រ មានគម្លាតខ្លាំងរវាងអ្នកមាន និងអ្នកក្រ បណ្ដាលឲ្យកើនឡើងនូវអំពើអយុត្តិធម៌សង្គម និងកង្វះឱកាសស្មើភាពគ្នាក្នុងការអភិវឌ្ឍប្រកបដោយសមធម៌។
លោក កឹម សុខា សង្កត់ធ្ងន់ៗថា បញ្ហាទាំងអស់នេះគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់សង្គមកម្ពុជា ព្រោះថា វាអាចនឹងធ្វើឲ្យមានការបែកបាក់ឯកភាពជាតិ អស្ថិរភាព និងរឹតតែធ្លាក់ចុះដុនដាបថែមទៀត ប្រសិនបើរដ្ឋាភិបាល មិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញនោះ។ លោក កឹម សុខា បន្ថែមថា លើសពីនេះ កម្ពុជា កំពុងប្រឈមនឹងការបាត់បង់ជំនួយ ឱកាសទីផ្សារ និងកិច្ចសហការសេដ្ឋកិច្ចផ្សេងៗ ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសលោកសេរី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
លោក កឹម សុខា បានផ្ដល់រូបមន្តចំនួនបួន ដើម្បីដោះស្រាយបញ្ហាជាតិ បញ្ហាប្រជាពលរដ្ឋ និងបញ្ហានយោបាយ។ ក្នុងនោះរួមមាន៖ ទីមួយ ផ្សះផ្សាជាតិ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា ខ្មែរតែមួយ មិនគុំកួនសងសឹក មិនយកខ្មែរណាជាសត្រូវ។ ទីពីរ ទុកឱកាសឲ្យពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ទីបី ត្រូវអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្ដីពីកម្ពុជា ២៣ តុលា ១៩៩១ និងទីបួន ត្រូវមានគោលនយោបាយច្បាស់លាស់ក្នុងការរៀបចំសង្គម និងការអភិវឌ្ឍដោយសមភាព និងនិរន្តរភាព។
លោក កឹម សុខា បានអំពាវនាវដល់អ្នកនយោបាយខ្មែរគ្រប់និន្នាការ និងពលរដ្ឋខ្មែរទាំងអស់ឲ្យប្រកាន់យកគោលការណ៍អហិង្សា និងចូលរួមយ៉ាងសកម្មក្នុងការផ្សះផ្សាជាតិ លើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ជាចុងបញ្ចប់នៃសាររបស់លោក កឹម សុខា គូសបញ្ជាក់ថា បើទោះជាលោកជួបប្រទះនូវឧបសគ្គអ្វីក៏ដោយ លោកនៅតែប្រកាន់គោលជំហរខាងលើនេះជានិច្ច និងគ្រប់កាលៈទេសៈ ដោយលោកសង្ឃឹមថា ថ្ងៃនេះលោកមានទុក្ខ ប៉ុន្តែថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ សម្ដែងក្ដីព្រួយបារម្ភថា ក្នុងកាលៈទេសៈសព្វថ្ងៃ របបគ្រប់គ្រងរដ្ឋកំពុងឃ្លាតចាកចេញឆ្ងាយពីរបបនយោបាយដែលមានចែង និងកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដោយសារតែកម្ពុជា កំពុងធ្លាក់ចូលក្នុងរបបផ្ដាច់ការ ខណៈពលរដ្ឋលែងមានសិទ្ធិសេរីភាពដូចកាលពីពេលអតីតកាល។ លោកបណ្ឌិតបន្តថា នៅពេលដែលអ្នកគ្រប់គ្រងប្រទេសចេះតែជ្រុលវិលទៅរកផ្ដាច់ការកាន់តែធ្ងន់ទៅៗ អ្នកដែលរងគ្រោះ និងរងទុក្ខវេទនាជាងគេបំផុតគឺពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសខ្លួនឯងតែម្ដង៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: