ថ្មីៗទាន់អាយធី រូបរាងគម្រូរបស់ iPhone X ឆ្នាំ 2018 មានក្បាលឆកតូចជាងមុន គែមអេក្រង់ខ្លីជាងមុន និងកន្លែងដាក់ស៊ីមបានពីរ
កាលពីចុងឆ្នាំ 2017 កន្លងទៅនេះ Apple បានបញ្ចេញស្មាតហ្វូនចំនួន 3 ស៊េរីឯណោះ រួមមាន iPhone X, 8 & 8+ ប៉ុន្តែស្មាតហ្វូនដែលទទួលបានចាប់អារម្មណ៍ច្រើនជាងគេនោះគឺ iPhone X ក៏ព្រោះតែវាមានរចនាបថខុសពី iPhone 8 & 8+ ដែលចេញតំណាលគ្នា រួមទាំង iPhone ជំនាន់មុនៗ។ ម្យ៉ាងវិញទៀត ដោយសារតែវាមានអេក្រង់លាតពេញផ្ទៃខាងមុខ ហើយលុបបំបាត់ប៊ូតុង Home, មានមុខងារដោះសោរដោយសម្គាល់មុខមនុស្ស (Face ID), កាមេរ៉ាភ្លោះខាងក្រោយមានរាងបញ្ឈរចុះក្រោម អមជាមួយនឹងសមត្ថភាពល្អទាំងការថតរូប & វីដេអូ រួមនឹងបច្ចេកវិទ្យាថ្មីផ្សេងៗជាច្រើនទៀត។
ហើយមកទល់ពេលនេះ ក៏មានដំណឹងលេចលឺថ្មីៗជាច្រើន ពាក់ព័ន្ធជាមួយស្មាតហ្វូនជំនាន់ក្រោយ របស់ Apple ដែលត្រៀមនឹងបង្ហាញខ្លូន នៅក្នុងឆ្នាំ 2018 នេះ។ ចំនុចដែលលេចលឺទាំងនោះ បានបង្ហាញពី រូបរាងគម្រូ iPhone XC, ការត្រលប់ទៅបំពាក់អេក្រង់ LCD លើ iPhone មួយម៉ូឌែល ដាក់លក់ក្នុងតម្លៃទាបជាងគេ, ចំណែក iPhone X នឹងមានស៊េរី Plus ដែលមានអេក្រង់លាតធំជាងមុន, ការបំពាក់បន្ទះឈីប A12 លើ iPhone ជំនាន់ថ្មី និង ចំនុចផ្សេងៗមួយចំនួនទៀត។ នៅក្នុងពេលនេះដែរ ក៏ស្រាប់តែលេចចេញចំនុចថ្មីមួយទៀតពី iDrop News ដែលជាគេហទំព័រ ឌីហ្សាញរូបគម្រូរបស់ស្មាតហ្វូន ដោយបានបង្ហាញថា iPhone ស៊េរីថ្មីរបស់ Apple ដែលចេញនៅក្នុងឆ្នាំនេះ និងរចនាក្បាលឆក (Notch) តូចជាងមុន ហើយខ្លីជាងមុន ខុសពី iPhone X។ ចំនុចមួយទៀតនោះ គឺថា iPhone ជំនាន់ឆ្នាំ 2018 ក៏នឹងមានការកាត់បន្ថយគែមអេក្រង់ អោយនៅសល់កាន់តែតិចជាងមុនផងដែរ ដោយវាពិតជាទាក់ទាញមែនទែន ហើយនេះក៏ជាចំនុច ដែលអតិថិជនរបស់ Apple កំពុងសង្ឃឹមថាវានឹងកើតមានឡើងទៅចុះ។
ចំណែករូបភាពគម្រូមួយ ដែល iDrop News បានបង្ហាញពី iPhone ស៊េរីថ្មី ប្រើប្រាស់ ស៊ីមបានដល់ទៅ 2 ដូចអ្វីដែលធ្លាប់លេចលឺនាពេលកន្លងមក។ តាមពិត នេះជាអ្វីដែល Apple កំពុងពិចារណាចំពោះការបន្ថែមដំណើរការស៊ីម 2 ទៅលើម៉ូឌែល iPhone ស៊េរីណាមួយ នាពេលអនាគតខាងមុខ ប៉ុន្តែវាមិនច្បាស់នោះទេ ថាតើ iPhone ដែលប្រើប្រាស់ស៊ីមបាន 2 នោះ នឹងចេញនៅក្នុងឆ្នាំ 2018 នេះ រឺ អាចចេញនៅឆ្នាំក្រោយៗទៀត។ គួររំលឹកដែរថា Apple ធ្លាប់បានចុះបញ្ជីប៉ាតង់ ដែលស្តីពីបច្ចេកវិទ្យា អាចប្រើប្រាស់ ស៊ីមកាតបានចំនួន 2 លើ iPhone តាំងពីឆ្នាំ 2015 មកម្ល៉េះ គ្រាន់តែយើងមិនទាន់ប្រាកដថា iPhone ជំនាន់ណាមួយ នៅពេលខាងមុខ ដែលនឹងអាចបំពាក់នូវបច្ចេកវិទ្យានេះទេ។
តាមពិត បច្ចេកវិទ្យាប្រើប្រាស់ស៊ីមបានចំនួន 2 នេះ ក៏យើងឃើញមាន បំពាក់លើ ស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនដទៃច្រើនហើយ នាពេលកន្លង រហូតមកដល់ពេលនេះ ប៉ុន្តែបើ Apple សម្រេចដាក់វា នៅលើ iPhone ស៊េរីថ្មីនៅក្នុងឆ្នាំនេះ ប្រាកដជាមានអ្នកពេញចិត្តច្រើន។ ហើយចំពោះរូបរាងគម្រូ ដែលបង្ហាញពីការ iPhone ស៊េរីថ្មី និងរចនាក្បាលឆក តូចជាងមុន ហើយខ្លីជាងមុន រូមជាមួយ ការកាត់បន្ថយគែមអេក្រង់ អោយនៅសល់កាន់តែតិចជាងមុននោះ វាពិតជាពិសេសតែម្តង ម្យ៉ាងវិញទៀត វាក៏ជាអ្វីដែល Fan របស់ Apple កំពុងចង់បាននោះដែរ។ ចុះអ្នកយល់យ៉ាងណាដែរ លើចំនុចទាំង 3 នេះ?៕ ((Credit: Cambo-report))
0 ความคิดเห็น: