วันเสาร์ที่ 13 มกราคม พ.ศ. 2561

ថ្មីៗទាន់លោកបច្ចេកវិទ្យា៖ ហ្វេសប៊ុក​ធ្វើ​កំណែទម្រង់​ដោយ​ផ្តល់​អាទិភាពឬការសំខាន់ទៅ​លើ​ទំនាក់ទំនងក្រុមគ្រួសារ និង​មិត្តភក្តិ-Facebook Updates News Feed to Make Friends a Priority


ថ្មីៗទាន់លោកបច្ចេកវិទ្យា៖ ហ្វេសប៊ុក​ធ្វើ​កំណែទម្រង់​ដោយ​ផ្តល់​អាទិភាពឬការសំខាន់ទៅ​លើ​ទំនាក់ទំនងក្រុមគ្រួសារ និង​មិត្តភក្តិ-Facebook Updates News Feed to Make Friends a Priority 

ហ្វេសប៊ុក (Facebook) នៅថ្ងៃ​សុក្រនេះ បាន​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ធ្វើកំណែទម្រង់ ស៊ីជម្រៅ ដោយ​ផ្តល់​អាទិភាព​ទៅលើ​ទំនាក់ទំនង​មិត្តភក្តិ ហើយ​និង​គ្រួសារ។ ទៅតាម​នយោបាយ​ផ្លាស់ប្តូរ​របស់​ហ្វេសប៊ុក ដែល​នឹង​ចាប់អនុវត្ត​ធ្វើ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខ្លឹមសារ​រូបភាព ដែល​ចែកចាយ រវាង​មិត្តភក្តិ និង​គ្រួសារ នឹង​មាន​អាទិភាព ជាង​ទំព័រ​ហ្វេសប៊ុក របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​សាធារណៈ។

អំណឹះ​តទៅ រូបថត ឬ​វីដេអូ ដែល​ចែកចាយ​រវាង​មិត្តភក្តិ និង​សមាជិក​គ្រួសារ នឹង​លេច​មុខ​ចេញ​ច្រើន នៅ​លើ​ទំព័រ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ ផ្ទុយ​ទៅ​វិញ ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ស្ថាប័ន​សាធារណៈ និង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាសែត វិទ្យុ និង​ទូរទស្សន៍ នឹង​មាន​តិច​ជាង​មុន នៅ​លើ​ទំព័រ​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក។ នេះ​បើតាម​នយោបាយ ចម្រោះ សម្រិតសម្រាំង​ថ្មី របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។

ក្រុមហ៊ុន​ហ្វេសប៊ុក​ដែល​មានអ្នកប្រើប្រាស់ ជាង២ពាន់​លាននាក់ នៅក្នុង​ពិភពលោក បាន​សម្រេច​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន នៅក្នុង​ហេតុផល​សំខាន់​មួយ នោះ គឺ​រក្សា និង​ទាក់ទាញ​អ្នកប្រើប្រាស់​ហ្វេសប៊ុក ឲ្យ​កាន់តែ​ច្រើន​ជាងមុន។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)​ ស្ថាបនិក និងជាអគ្គ​នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក (CEO) ទទួល​ស្គាល់ថា ក្រុមហ៊ុន​បាន​ទទួល​ពាក្យតវ៉ា របស់​អ្នកប្រើប្រាស់ ដែល​សង្កេត​ឃើញ​ថា នៅលើ​ទំព័រ​ដើម​របស់​ពួកគេ ការចែកចាយ ខ្លឹមសារ ព័ត៌មាន ឬវីដេអូ​របស់​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន ស្ថាប័ន​រដ្ឋ ឬ​ស្ថាប័ន​ព័ត៌មាន មាន​ច្រើន ធ្វើ​ឲ្យ​លុបបាត់ រូបភាព​ដែល​ចែកចាយ​ដោយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់ពួកគេ។

ដោយសារ​តែ​មិនពេញចិត្ត​នឹង​ខ្លឹមសារ របស់​ហ្វេសប៊ុក អ្នកប្រើប្រាស់​មួយចំនួន បាន​សម្រេច​ដើរចេញ ឬ​លែងសូវ​ប្រើប្រាស់​បណ្តាញសង្គម ហ្វេសប៊ុក ក្នុង​ពេល​ដែល​យុវជន​ជាច្រើន បង្ហាញ​អរិភាព មិន​ចង់​ចុះឈ្មោះ​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ដោយ​កាត់បន្ថយ​វីដេអូរ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​រដ្ឋ ដែល​មិនមែន​ជា​មិត្តភក្តិ​របស់​អ្នកប្រើប្រាស់ ក្រុមហ៊ុន ហ្វេសប៊ុក​នឹង​ជួប​បញ្ហា​ប្រឈម​ពីរ។ ទីមួយ គឺ​អ្នកប្រើប្រាស់​នឹង​ចំណាយ​ពេល​តិចជាងមុន នៅលើ​បណ្តាញ​សង្គម។ ទី២ ចំណូល​ដែល​ក្រុមហ៊ុន​បាន​មក​ពីការផ្សាយ​ពាណិជ្ជកម្ម ក៏​នឹង​ធ្លាក់ចុះ ដោយសារ​តែ អ្នកប្រើប្រាស់ មិនចំណាយពេល មើល​ការផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​នៅក្នុង​វីដេអូ នៅលើ​ទំព័រ​ហ្វេសប៊ុក។ សូមបញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ផ្តល់​អាទិភាព​ច្រើន​លើ​ការចែកចាយ រូបភាព​វីដេអូ​ដែល​មាន​បង្កប់​ដោយការផ្សាយ​ពាណិជ្ជកម្ម ដែល​បាន​ផ្តល់​ប្រាក់ចំណូល​សំខាន់​មួយ​ដល់​ក្រុមហ៊ុន។ ទោះអាច​បាត់បង់​ប្រាក់ចំណូល ប៉ុន្តែ ហ្វេសប៊ុក បញ្ជាក់ថា កំណែទម្រង់​របស់ខ្លួន ធ្វើឡើង​ដើម្បី​ប្រយោជន៍​ទៅថ្ងៃ​អនាគត និង​ដើម្បី​ផាសុខភាព​របស់​អ្នកប្រើប្រាស់។ “អាទិភាព​របស់​យើង​នៅឆ្នាំ ២០១៨ គឺ​ធ្វើយ៉ាងណា​ធានា​ថា ការចំណាយពេល​របស់​អ្នកប្រើប្រាស់​នៅលើ​ទំព័រហ្វេសប៊ុក គឺ​ជា​ការចំណាយ​ពេល​ដ៏​មាន​ប្រយោជន៍” នេះ​ជា​សំដី​របស់​លោក ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)​ ស្ថាបនិក​របស់​ហ្វេសប៊ុក នៅក្នុង​សារ ជូនពរ ឆ្នាំ ២០១៨៕




Cr. : វិទ្យុបារាំង
Previous Post
Next Post

post written by:

0 ความคิดเห็น: