សរុបព្រឹត្តិការណ៍ក្ដៅៗប្រចាំឆ្នាំ២០១៧ ដែលធ្វើអោយផ្លាស់ប្ដូរមុខមាត់ប្រទេសកម្ពុជា (ក្លាយជារដ្ឋព្រៃផ្សៃក្នុងក្រសែភ្នែកអន្តរជាតិ)-Year 2017 end review
សរុបព្រឹត្តិការណ៍ក្ដៅៗប្រចាំឆ្នាំ២០១៧ ដែលធ្វើអោយផ្លាស់ប្ដូរមុខមាត់ប្រទេសកម្ពុជា (ក្លាយជារដ្ឋព្រៃផ្សៃក្នុងក្រសែភ្នែកអន្តរជាតិ)-Year 2017 end review
ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ នេះ ព្រឹត្តិការណ៍នយោបាយជាច្រើន បានកើតមានឡើងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងត្រីមាសទីបួន ដែលអង្រួនដួងចិត្តពលរដ្ឋខ្មែរនៅគ្រប់ទិសទី និង ពិភពលោកផង ឲ្យរន្ធត់ និងភ្ញាក់ផ្អើល សឹងរកស្មានមិនត្រូវ។ ភាគច្រើននៃព្រឹត្តិការណ៍ទាំងអស់នេះ គឺគ្មានអ្វីក្រៅពីការធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ពីសំណាក់បក្សកាន់អំណាច ដែលឈានទៅដល់ការព្រមានដាក់ទណ្ឌកម្មផ្នែកការទូត និងសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
ឆ្នាំ២០១៧ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយ នៅក្នុងបរិបទនយោបាយនៅប្រទេសកម្ពុជា ដែលរឿងមិនគួរកើតឡើង បានកើតឡើងពេញបន្ទុកទៅហើយ និងដោយចំហថែមទៀតផង។ រឿងរ៉ាវដែលកើតឡើងទាំងនេះ មួយភាគធំ ប៉ះពាល់យ៉ាងខ្លាំង ទៅដល់ដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ដូចជាការធ្វើច្បាប់ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ការចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ការយកកៅអីស្របច្បាប់ របស់តំណាងរាស្ត្រគណបក្សប្រឆាំងទៅចែកគ្នា ការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលជាដើម។
ក្រោយចូលឆ្នាំសកល ឆ្នាំ២០១៧ ភ្លាម នៅខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ខំចិត្តលាឈប់ពីប្រធានបក្ស និងសមាជិកគណបក្សប្រឆាំង ដើម្បីសង្គ្រោះគណបក្សនេះ ឲ្យរួចផុតពីការប៉ុនប៉ងរម្លាយ ព្រោះនៅមុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានព្រមានថា នឹងធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីហាមឃាត់ទណ្ឌិត មិនឲ្យជាប់ពាក់ព័ន្ធនឹងកិច្ចការគណបក្សនយោបាយ។ ទោះបីលោក សម រង្ស៊ី ជាទណ្ឌិតដែលត្រូវបានតុលាការកម្ពុជា កាត់ទោសជាច្រើនករណី ប៉ុន្តែអ្នកវិភាគយល់ឃើញថា តុលាការកម្ពុជាគ្មានឯករាជ្យ និងកាត់ក្តីទៅតាមឥទ្ធិពលរបស់អ្នកមានអំណាច ដើម្បីធ្វើទុក្ខបុកម្នេញបក្សប្រឆាំងតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បានប្រកាសចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញ ក្នុងខែវិច្ឆិកា។ ប្រាំខែមុននេះ លោក ហ៊ុន សែន បានបង្គាប់ឲ្យរដ្ឋាភិបាល ដកបម្រាមដែលហាមលោក សម រង្ស៊ី មិនឲ្យចូលស្រុកចេញវិញ។ បម្រាមនេះ ដាក់តាំងពីខែតុលា ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែ នៅក្រោយការលើកបម្រាមនេះភ្លាម លោក ហ៊ុន សែន បែរជាព្រមានបើកទ្វារគុក រង់ចាំលោក សម រង្ស៊ី ភ្លាមដែរ៖ «ឥឡូវខ្លួនបានសន្យាថា មកមិនខ្លាចគុកទេ ម៉េចក៏មិនមករកគុក? ខ្ញុំឲ្យមកតើ ឥឡូវខ្ញុំអត់ខ្វល់ទេ។ ប៉ុន្តែ បើសិនជាអ្នកឯងប្រគល់ខ្លួនឲ្យចាប់ដោយស្រួល វាអត់មានបញ្ហាអ្វីកើតឡើងនោះទេ។ មកតាមគោកក៏មិនបាន មកតាមទឹកក៏មិនបាន។ មកម៉ាសេរីមក ទឹកក៏បាន គោកក៏បាន ស្អីក៏បានចូលមក។ តែបើចូលមកលួចលាក់ វាស្មើនឹងភេរវកម្មទេ ដែលទណ្ឌិតមានដីកាតាមចាប់ខ្លួននោះ។ មើលអ្នកក្លាហាន សូមអញ្ជើញ ទ្វាចំហហើយ!»។
នៅខែ កុម្ភៈ នោះដែរ អ្នកឃ្លាំមើលសង្គមគឺលោក គឹម សុខ ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ចំៗ និងឥតសំចៃមាត់ ត្រូវបានតុលាការ សម្រេចឃុំខ្លួន ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាច តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ និងព្រមានរឹបអូសទ្រព្យសម្បត្តិលោក គឹម សុខ ថែមទៀតផង៖ «ស្អី! អ្នកឯងបញ្ចេញមតិ? អត់ទេ! ទារកន្លះលានដុល្លារ។ ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បត្តិ ដើម្បីលក់ឡាយឡុងទេ អ្នកយកលុយមកសងមក! កុំអ្នកឯងស្អី អាងអ្នកវិភាគ។ វិភាគប៉ះដាក់ហើយ អត់មានទុកទេ។ នគរបាលតាមឲ្យជាប់កុំឲ្យវារត់។ អ្នកនេះខ្ញុំបញ្ជានគរបាលឲ្យតាមពីម្សិល កុំរត់! ព្រោះខ្លួនឯងថា ជើងខ្លាំង! ទៅជាប់គុកត្រឹមពីរឆ្នាំអីតើ កុំថាអត់លុយសងវើយ»។
ប្រាំមួយខែក្រោយមក កាលពីថ្ងៃទី១០ ខែសីហា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស លោក គឹម សុខ ដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល។ ទោះលោក គឹម សុខ ប្តឹងជំទាស់សេចក្តីសម្រេចនេះ នៅខែវិច្ឆិកាកន្លងទៅនេះ ក៏លោកនៅតែចាញ់ក្ដីដដែល។ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ក្នុងរឿងក្ដីនេះ បើទោះជាត្រូវឡើងទៅដល់តុលាការកំពូលទៀត ក៏មិនអាចឈ្នះក្ដីបានដែរ។
កាលពីខែកុម្ភៈ នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ដូចជាធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម ឬ ឡូហ្គោ (Logo) របស់ខ្លួន ដោយអះអាងថា ដើម្បីបញ្ចៀសការយល់ច្រឡំរបស់ប្រជាពលរដ្ឋថា ជាគ្រឹះស្ថានរបស់រដ្ឋ។ ចំណាត់ការនេះ ធ្វើឲ្យអ្នកច្បាប់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចាត់ទុកថា ជាការអនុវត្តមិនត្រឹមត្រូវ ដោយសារតែ តាមធម្មតា មុននឹងគ្រឹះស្ថានហិរញ្ញវត្ថុ អាចប្រើប្រាស់និមិត្តសញ្ញាពាណិជ្ជកម្មអ្វីមួយ គឺសុទ្ធតែទទួលបានសិទ្ធិអនុញ្ញាត និងការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ តាំងពីដើមដំបូងមកម្ល៉េះ មិនមែនរហូតប្រើបានជាង ២០ ឆ្នាំទៅហើយ ទើបបង្ខំឲ្យប្ដូរចេញបែបនេះនោះទេ។ ធនាគារអេស៊ីលីដា បានចំណាយប្រាក់ជាង ៣ លានដុល្លារ ដើម្បីកែនិមិត្តសញ្ញារបស់ខ្លួន។
កាលពីខែកុម្ភៈ ដដែល នគរបាលការពារព្រំដែន ខែត្រស្ទឹងត្រែង ឲ្យដឹងថា ទាហានឡាវ ចំនួនពីររថយន្តធំៗប្រដាប់ដោយអាវុធ បានរារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការសាងផ្លូវនៅតាមព្រំដែន។ បីខែក្រោយមក យោធាឡាវបានបន្ថែមកម្លាំង និងជីកលេណដ្ឋានថ្មីៗ ត្រង់ចំណុចអូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រដ្ឋាភិបាល មិនទទួលស្គាល់ ថាមានវត្តមានទាហានឡាវនៅលើដីខ្មែរ ដូចការផ្សាយរបស់អាស៊ីសេរីនោះទេ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ថែមទាំងចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោសអាស៊ីសេរី ថាផ្សាយព័ត៌មានបំផ្លើសការពិត មានចេតនាញុះញង់ ដែលធ្វើឲ្យភាន់ច្រឡំដល់សាធារណជន មុនការបោះឆ្នោតឃុំ-សង្កាត់។ ប៉ុន្តែ ក្នុងខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ទាហានឡាវ ពិតជាមានវត្តមានលើដីខ្មែរ តាំងពីខែឧសភា និងរដ្ឋាភិបាលកម្ពុជា បានលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទៅព្រំដែន។ យោធាឡាវ បានដកទៅវិញនៅខែសីហា ក្រោយជំនួបមេដឹកនាំប្រទេសទាំងពីរ នៅប្រទេសឡាវ។ អ្នកវិភាគ យល់ឃើញថា ការចល័តទ័ពទ្រង់ទ្រាយធំ ដើម្បីបណ្ដេញទាហានឡាវ ដែលមានចំនួនតិចតួចបែបនេះ គឺជារូបភាព ធ្វើឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋទូទៅ ស្របពេលដែលរដ្ឋាភិបាល កំពុងតែព្រមានប្រើប្រាស់កម្លាំងយោធា ដើម្បីបង្ក្រាបចលនាក្នុងស្រុក ដែលរដ្ឋាភិបាលហៅថា បដិវត្តពណ៌។
នៅខែ ឧសភា អង្គការអន្តរជាតិនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស ឈ្មោះទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បានចេញរបាយការណ៍មួយ ដោយក្រុមស៊ើបអង្កេត រកឃើញថា មន្ត្រីអាជ្ញាធរពុករលួយ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានទទួលយកប្រាក់សំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីឈ្មួញឈើ ជាថ្នូរឲ្យកាប់ព្រៃឈើ នៅក្នុងតំបន់ព្រៃអភិរក្ស ក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់ឧទ្យានជាតិវីរជ័យ និងអនុញ្ញាតឲ្យនាំឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម រួមទាំងជួយប្រែក្លាយឈើខុសច្បាប់ទាំងនោះ ទៅជាឈើស្របច្បាប់វិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាជាសាធារណៈថា បើគាត់ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើមិនបានទេ គាត់ហ៊ានកាត់កគាត់គ្រវាត់ចោល៖ «សុំសាកលមើលទៅ! បើមិនគោរពក៏សុំសាក! បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំគ្រវាត់ចោល»។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ផ្នែកព្រៃឈើ នៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ផ្តាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យសម្លាប់ខ្លួន បើទោះបីជាខកសន្យារឿងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាន ព្រោះអង្គការលោក នៅតែរកឃើញការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម រាប់សែនម៉ែត្រគូប ក្នុងអំឡុងពេលដែលរដ្ឋាភិបាល ប្រកាសថា បានហាមឃាត់ការនាំឈើចេញទៅក្រៅប្រទេស។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានរៀបចំឡើងនៅខែមិថុនា។ ការបោះឆ្នោតលើកនេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលលោក ហ៊ុន សែន ចេញឃោសនាដោយផ្ទាល់ និងជួលទូរទស្សន៍ក្នុងស្រុកយ៉ាងហោចណាស់ ៨ប៉ុស្តិ៍ ដើម្បីឲ្យផ្សព្វផ្សាយបន្តផ្ទាល់ យុទ្ធនាការឃោសនាបោះឆ្នោតនេះ។ នេះក៏ជាការបោះឆ្នោតលើកទីមួយ ដែលមានការរឹតត្បិត ក្នុងការដង្ហែក្បួនឃោសនា។ ជាលទ្ធផលគណបក្សសង្គ្រោះជាតិជាប់ឆ្នោត ដើម្បីគ្រប់គ្រងឃុំ-សង្កាត់ ៤៨៩ ឃុំ-សង្កាត់នៅទូទាំងប្រទេស និងជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ នាក់ ដែលមានសំឡេងឆ្នោតគាំទ្រជាង បីលាននាក់ ឬ ស្មើនឹងជិត ៤៤% (៤៣,៨៣%)។
ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍ដែលអះអាងថា ជាក្រុមសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតឯករាជ្យ បានចេញផ្សាយការវាយតម្លៃកាលពីថ្ងៃទី២៤ មិថុនា ហើយបានរកឃើញថា ការបោះឆ្នោតនេះ មិនទាន់អាចចាត់ទុកថាសេរី និងយុត្តិធម៌ពេញលេញ នៅឡើយទេ ដូចជាបរិយាកាសគាបសង្កត់ មុនការបោះឆ្នោត និងខ្វះតម្លាភាព និងតុល្យភាពផ្នែកថវិកាសម្រាប់ឃោសនា បើទោះជាមានភាពប្រសើរឡើងនូវការងាររបស់គ.ជ.ប យ៉ាងណាក្តី។
បួនថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតក្រុមនេះ ហើយបានជំរុញឲ្យមើលពីភាពស្របច្បាប់ និងបានចោទក្រុមនេះថាលម្អៀងទៅខាងគណបក្សប្រឆាំង។ ប្រាំពីរថ្ងៃក្រោយមក ក្រសួងមហាផ្ទៃ បានចេញបញ្ជាបញ្ចប់សកម្មភាពបន្ទប់ស្ថានការណ៍ ពីព្រោះមិនបានចុះបញ្ជិកាត្រឹមត្រូវ ដែលបានបំពានច្បាប់ស្ដីពីអង្គការសមាគម។
ក្រោយពីបិទបន្ទប់ស្ថានការណ៍បោះឆ្នោតមិនបានប៉ុន្មានផង រដ្ឋាភិបាលសម្រេចបញ្ឈប់សកម្មភាព របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI របស់អាមេរិក និងបណ្ដេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា នៅខែសីហា ដោយចោទថា អង្គការនេះ រៀបចំយុទ្ធសាស្ត្រជួយបក្សប្រឆាំង ដើម្បីផ្ដួលរំលំបក្សកាន់អំណាច។ ប៉ុន្តែអង្គការ NDI បដិសេធថា ខ្លួនមិនបានលំអៀងទៅរកគណបក្សនយោបាយណាមួយឡើយ ក្នុងការបំពេញមុខងាររបស់ខ្លួននៅកម្ពុជា។ NDI អះអាងថា ពួកគេជាស្ថាប័នឯករាជ្យ មិនលម្អៀង និងជាដៃគូរបស់គ្រប់គណបក្សនយោបាយទាំងអស់ មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងឡើយ។
អស់ពីបិទអង្គការ NDI រដ្ឋាភិបាលបានបង្គាប់ឲ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលជាសារព័ត៌មានឯករាជ្យ បង់ពន្ធជាង ៦លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាល អះអាងថា ស្ថាប័នសារព័ត៌មាននេះ ជំពាក់ជាង ១០ឆ្នាំ។ ម្ចាស់កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់ទុកអំណាចពន្ធខ្ពស់កប់ពពកនេះ គឺជាអំណាច ដែលមានចេតនាបំផ្លាញ។ អ្នកស្រីត្រូវបង្ខំចិត្តបិទការិយាល័យកាសែតនេះទាំងស្រុង នៅថ្ងៃទី៤ ខែ កញ្ញា។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកញ្ញា ក៏ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅកម្ពុជាផងដែរ ដោយសារមិនអាចស៊ូទ្រាំ នឹងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ក្រោយបញ្ហាធ្វើទុក្ខបុកម្នេញ ក្នុងរឿងពន្ធដារនេះ និងបញ្ហាបញ្ជិកា ក្រោយបើកដំណើរការនៅកម្ពុជាអស់ជាង ១០ឆ្នាំរួមមក។
តាមរបាយការណ៍របស់អង្គការ លីកាដូ គិតត្រឹមចុងខែសីហា រដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទស្ថានីយ និងប៉ុស្តិ៍វិទ្យុ FM ក្នុងស្រុក ចំនួន ៣២ នៅទូទាំង ២០ ខេត្តក្រុង។ ដោយសារការបិទប្រព័ន្ធផ្សព្វផ្សាយនេះ ធ្វើឲ្យកម្មវិធីផ្សាយបន្តរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុដទៃទៀត ខានបានផ្សាយតាមវិទ្យុ FM ដើម្បីឮដល់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅតាមទីជនបទ។
ក្រោយបណ្ដេញអង្គការក្រៅរដ្ឋាភិបាល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានសម្រេច រដ្ឋាភិបាលលោក ហ៊ុន សែន ឈានមួយជំហានទៀត ទៅបំបិទសំឡេងប្រឆាំងទាំងស្រុងតែម្ដង តាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ អំណាចនៃសាលដីកាតុលាការកំពូល ដែលបិទផ្លូវតវ៉ានេះ បានហាមឃាត់សិទ្ធិធ្វើនយោបាយ ដល់តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨រូប និងយកអាសនៈស្របច្បាប់ទាំង ៥៥អាសនៈរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗដទៃទៀត ដែលមិនបានជាប់ឆ្នោត និង ចែកជាមួយគណបក្សកាន់អំណាចផងដែរ។ មិនតែប៉ុណ្ណោះ តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតទាំង ៥,០០៧ នៅទូទាំងប្រទេស ត្រូវបានបែងចែកទៅឲ្យបក្សផ្សេងៗ និងគណបក្សប្រជាជនកម្ពុជា ដែលផ្ទុយទៅនឹងឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត ជាងបីលាននាក់។
មុនរម្លាយគណបក្សសង្គ្រោះជាតិបានសម្រេច សមត្ថកិច្ចបានចាប់ខ្លួនលោក កឹម សុខា និងកងអង្គរក្សរបស់លោកចំនួន៨នាក់ នៅម៉ោងជាង ១២ រំលងអធ្រាត្រ និងដោយកម្រោល ដោយគ្មានដីកាចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា។ អង្គរក្សទាំងនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្តែលោក កឹម សុខា នៅបន្តជាប់ឃុំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម រហូតដល់បច្ចុប្បន្ននេះ ដោយជាប់ចោទពីបទ “ក្បត់ជាតិ” ដោយសារតែសារនៅវីដេអូឃ្លីប ដែលលោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣។
រលកនៃការតវ៉ា របស់ពលរដ្ឋសហគមន៍ខ្មែរនៅក្រៅប្រទេស បានបោកបក់យ៉ាងសន្ធាប់ នៅគ្រប់ទីកន្លែងដែលពួកគាត់រស់នៅ ដើម្បីសំដែងការមិនពេញចិត្ត ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស តំណាងរាស្ត្រនៅទូទាំងពិភពលោក សមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋាភិបាលបរទេស សុទ្ធតែបានសម្ដែងការព្រួយបារម្ភ និងថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលខំកសាងយ៉ាងលំបាក ក្នុងរយៈពេលជាង ២៥ឆ្នាំចុងក្រោយនេះ។ ទណ្ឌកម្មពីអន្តរជាតិលើរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ផ្ដើមដាក់ជាហូរហែ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោត និងពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិកផងដែរ។
ទាំងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ណាស់ថា ចំណាត់ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែទង្វើរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រព្រឹត្តមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានេះឯង។ សហគមន៍អន្តរជាតិ នៅតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញឲ្យបានឆាប់ ដើម្បីស្តារស្ថានការណ៍ដុនដាបបច្ចុប្បន្នឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមដោយពេញពេញពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងត្រូវដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បើមិនចង់ឲ្យមានទណ្ឌកម្មបែបនេះនោះទេ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: