អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS រកឃើញប្រភេទរុក្ខជាតិកម្រនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា WCS នៅថ្ងៃទី០៣ ខែមករា នេះ បានរកឃើញប្រភេទរុក្ខជាតិកម្រជាង ៦០ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្ដមណ្ឌលគិរី ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅដល់តំបន់នេះ។
ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅខេត្ដមណ្ឌលគិរី បានផ្ដល់ជាទីជម្រកធម្មជាតិដល់សត្វព្រៃ និងរុក្ខជាតិជាង ៦០ ប្រភេទ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារៈសំខាន់ជាសាកលក្នុងការភិរក្សប្រភេទសត្វពានរ ដែលមានដូចជាសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង។ លើសពីនេះដែនជម្រកសត្វព្រៃកែវសីមា ក៏មានពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀតផងដែរ។
លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា នៃអង្គការ WCS បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីនៅថ្ងៃនេះថា ការរកឃើញរុក្ខជាតិដែលកម្រនេះ គឺជារុក្ខជាតិដែលមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ផលប្រយោជន៍ដល់ជីវៈចម្រុះផ្សេងៗ ដែលមានដូចជាផ្ដល់ជាទីជម្រកសត្វព្រៃ និងសម្រាប់ជាអេកូទេសចរណ៍ ដល់តំបន់នេះ។ លោកសំណូមពរដល់ស្ថាប័នពាក់ព័ន្ធនានា និងប្រជាពលរដ្ឋ គ្រប់រូបចូលរួមទាំងអស់គ្នាដើម្បីរក្សា ព្រៃឈើដ៏កម្រ និងសត្វព្រៃដែលមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមានេះ ក៏ដូចជាតំបន់ផ្សេងៗផងដែរ។
លោក សូត្រ វ៉ាន់ឌឿន ៖«សុំឲ្យមានការចូលរួមគ្រប់ស្ថាប័នអ្នកពាក់ព័ន្ធទាំងអស់ ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន មានសត្វព្រៃ ព្រៃឈើទាំងអស់ហ្នឹង ដែលជាប្រភេទកម្រៗ ក្នុងប្រទេសកម្ពុជាយើង។ ជាពិសេសនៅក្នុងតំបន់កែវសីមាហ្នឹងតែម្ដង ហើយក៏ជាតំបន់ដែលមានសក្កដានុពល។ និយាយទៅគឺត្រូវមានការចូលរួមទាំងអស់គ្នា ហើយសុំឲ្យមានការចូលរួមពីយុវជន សិស្សា នុសិស្ស ឲ្យមានការស្វែងយល់ យល់ដឹង រួមចំណែកទាំងអស់គ្នា»។
លើសពីនេះលោកបន្ដថា តាមរយៈបទពិសោធន៍ដែលលោកបានដើរក្នុងដែនជម្រកសត្វព្រៃកែវសីមា រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ លោកបានមើលឃើញថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាដែនជម្រកសត្វព្រៃដ៏អស្ចារ្យមួយ និងពិតជាស្រស់ស្អាតខ្លាំង ដែលក្រៅពីសម្បូរទៅដោយសត្វព្រៃសំខាន់ៗ ហើយ តំបន់នេះមានប្រភេទរុក្ខជាតិកម្រ និងផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ហើយជាពិសេស គឺមានទឹកធ្លាក់ធម្មជាតិជាង ១០កន្លែង ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិមិនធ្លាប់បានឃើញពីមុនមក។
គួរជម្រាបថា អង្គការសមាគមអភិរក្សសត្វព្រៃ បានសហការជាមួយក្រសួងបរិស្ថាន និងប្រជាជនសហគមន៍ បាននិងកំពុងធ្វើការរួមគ្នាដើម្បីថែរក្សា និងការពារដែនជម្រកសត្វព្រៃកែវសីមានេះ អស់រយៈពេលជាង ២០ឆ្នាំកន្លងមកហើយ។ សកម្មភាពអភិរក្សសំខាន់ៗ រួមមានការងារអនុវត្ដច្បាប់ សកម្មភាពអប់រំផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វ និងរុក្ខជាតិ ការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គម្រោងចិញ្ចឹមជីវិតប្រជាសហគមន៍ និងគម្រោងទេសចរណ៍ធម្មជាតិជាដើម៕
តំបន់អភិរក្សសត្វព្រៃ កែវសីមា នៅក្នុងខេត្តមណ្ឌលគិរី។ រូបថត Edward Pollard-WCS ប្រភពរូបភាពី កាសែតភ្នំពេញប៉ុស្ដិ៍ |
ផ្ដាព្រៃនៅតំបន់អភិរក្សសត្វព្រៃ កែវសីមា នៅក្នុងខេត្តមណ្ឌលគិរី ប្រភពរូបភាពពី WCS |
ទឹកជ្រោះនៅតំបន់អភិរក្សសត្វព្រៃ កែវសីមា នៅក្នុងខេត្តមណ្ឌលគិរី ប្រភពរូបភាពពី WCS |
0 ความคิดเห็น: