សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាស្នើសុំធ្វើបាតុកម្មទាមទារបញ្ចុះតម្លៃប័ណ្ណឆ្លងដែន-CIERA request to hold a demonstration.
សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាស្នើសុំធ្វើបាតុកម្មទាមទារបញ្ចុះតម្លៃប័ណ្ណឆ្លងដែន-CIERA request to hold a demonstration.
បុគ្គលិកសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កំពុងទន្ទឹងរង់ចាំសញ្ញាភ្លើងខៀវពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មទទូចឲ្យសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ធូរបន្ថយពីការប្រថាប់ត្រានៅលើប័ណ្ណឆ្លងដែនទៅប្រទេសថៃ។ គម្រោងធ្វើបាតុកម្មនេះ បន្ទាប់ពីពួកគេបានដាក់លិខិតទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី៣ ខែមករា ដើម្បីស្នើសុំធ្វើបាតុកម្មនៅផ្លូវជាតិលេខ៥ មុខវត្តប៉ាលេលេយ្យ ក្រុងប៉ោយប៉ែត និងមានអ្នកចូលរួមប្រមាណ ៥០០នាក់។
បុគ្គលិកសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លើកឡើងថា ពួកគេបានត្រៀមរួចជាស្រេចហើយក្នុងការធ្វើបាតុកម្មប្រឆាំងនឹងសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលយកតម្លៃប្រថាប់ត្រាលើប័ណ្ណឆ្លងដែនរបស់ប្រជាពលរដ្ឋនោះ។
លេខាធិការសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ធីរិទ្ធ ឲ្យដឹងនៅថ្ងៃទី៦ ខែមករា ថា មូលហេតុដែលពួកគេស្នើសុំធ្វើបាតុកម្មដោយសារពលរដ្ឋនៅក្រុងប៉ោយប៉ែត ជាច្រើននាក់មកហើយមិនពេញចិត្តនឹងប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលយកតម្លៃសេវាប្រថាប់ត្រាទៅលើប័ណ្ណចូលទៅប្រទេសថៃ ខ្ពស់ហួសហេតុ ដោយប័ណ្ណឆ្លងដែនខ្លះ ក្នុងការប្រថាប់ត្រាឆ្លងម្ដងតម្លៃ ៥០បាត និងខ្លះទៀតតម្លៃ ១០០បាត ឬប្រមាណ ១២.៥០០រៀលជាដើម។
បន្ថែមពីនេះ លោកអះអាងថា ការធ្វើលិខិតបញ្ជាក់សម្រាប់ធ្វើកាតចេញចូលទៅផ្សារថៃ ត្រូវចំណាយ ២០០បាត ឬប្រមាណ ៥ម៉ឺនរៀល។ ម្យ៉ាងទៀតលោកថា តម្លៃសេវាទាំងនេះពុំដឹងថវិកាបានចូលរដ្ឋ ឬចូលហោប៉ៅរបស់ប៉ូលិសនោះទេ ក៏ប៉ុន្តែការយកនេះបានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្រីក្រនៅក្រុងប៉ោយប៉ែត៖ «លំបាកដោយសារសមត្ថកិច្ចគាបសង្កត់យកលុយពីប្រជាពលរដ្ឋច្រើន ហើយបើតាមដែលគេគាបធ្វើស៊ីបានគេធ្វើតែម្ដង។ យើងមើលឃើញទង្វើហ្នឹងហាក់បីដូចជាការធ្វើបាបប្រជាពលរដ្ឋខ្មែរយើង»។
អាស៊ីសេរី ពុំអាចទាក់ទងប៉ូលិសច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៦ ខែមករា។
អភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ មានប្រសាសន៍ថា លោកពុំទាន់ទទួលដំណឹងពីស្នើសុំធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋនេះនៅឡើយទេ៖ «រួចឥឡូវជាក់ស្ដែងខាងខេត្តដូចអត់មានអនុញ្ញាតឲ្យធ្វើបាតុកម្មទេ ហើយបើនិយាយរួមទៅវាអត់មានលិខិតពីខេត្តមកថាតម្រូវឲ្យខាងក្រុងត្រូវធ្វើយ៉ាងម៉េច អត់ទាន់មានទេ»។
ទោះជាយ៉ាងណានៅក្នុងលិខិតស្នើសុំនោះ អ្នកចូលរួមក្នុងធ្វើបាតុកម្មរួមមានអ្នករត់ម៉ូតូឌុប កម្មករអូសរទេះ អ្នករត់តាក់ស៊ី អាជីវករផ្សាររ៉ុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ របស់ថៃ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន លើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិស្នើសុំធ្វើបាតុកម្មដោយសន្តិវិធីបាន។ លោកបន្ថែមថា ក្រោយពេលពលរដ្ឋដាក់ពាក្យស្នើសុំទៅអាជ្ញាធររយៈពេល ៣ថ្ងៃ បើពុំមានការឆ្លើយតបថាយ៉ាងនោះគឺពួកគាត់អាចធ្វើបាតុកម្មបានដោយពុំខុសច្បាប់ឡើយ៖ «ពួកគាត់អាចជូនដំណឹងតាមផ្លូវការទៅ ហើយអាជ្ញាធរគាត់គួរតែឆ្លើយតបទៅតាមនីតិវិធីដូចដែលមានចែងស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីទៅ។ ប៉ុន្តែខ្ញុំគិតថា ករណីខ្លះបើសិនជាអាចទៅរួច បើអាជ្ញាធរគាត់ពង្រឹងឆន្ទៈក្នុងការដោះស្រាយមិនចាំបាច់ទាន់តែមានបាតុកម្មក៏វាអាចធ្វើបានដែរ»។
ក្នុងលិខិតបញ្ជាក់ថា ការធ្វើបាតុកម្មនេះមានរយៈពេលចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ដោយមានលើកបដាដាក់ឧបករណ៍ពងសំឡេង ហើយហែពីមុខវត្តប៉ាលេលេយ្យ ឆ្ពោះទៅរង្វង់មូលច្រកទ្វារព្រំដែនប៉ោយប៉ែត ដោយចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៤រសៀលជារាល់ថ្ងៃ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: