ក្ដៅៗអ្វីៗក៏កើតមានដែរកលិយុគស្រុកខ្មែរ តុលាកាឡ៍សែនហ៊ុនទន្ទ្រានព្រៃផ្ដន្ទាទោសលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឲ្យសងជំងឺចិត្តហ៊ុន សែន ៥០០លានរៀល និងពិន័យ ៨លានរៀលចូលរដ្ឋ!
តុលាកាឡ៍សម្រេចផ្ដន្ទាទោសលោក លឺ ឡាយស្រេង ឲ្យសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៥០០លានរៀល និងពិន័យ ៨លានរៀលចូលរដ្ឋ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ឋាវរៈ នៅព្រឹកថ្ងៃទី២៥ ខែមករា បានបើកសវនាកាត់ទោសកំបាំងមុខមិនដល់ ១ម៉ោងផង ហើយប្រកាសសាលក្រមភ្លាមៗចំពោះមុខដើមបណ្ដឹងគឺលោកមេធាវី គី តិច តំណាងឲ្យលោកនាយករដ្ឋមន្ត្រីដែលជាដើមបណ្ដឹងប្ដឹងលោក លឺ ឡាយស្រេង ពីបទបរិហារកេរ្តិ៍។
នៅមុនសវនាការលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ដោយប្រកាន់ជំហរថា លោកនឹងមិនចូលខ្លួនជាដាច់ខាត ដោយសារតុលាការកាត់ក្ដីក្រោមគំនាប និងខ្លាចធ្លាក់តំណែង៖ «ចេះតែឆ្ងល់អាតុលាការហ្នឹងមិនដឹងវារៀនពីសាលាណា? បើសាលាខ្មែរក្រហមវាមានតែកាប់សម្លាប់ទេ ដល់តែមកជំនុំជម្រះ យកមកជំនុំជម្រះតែអាលួចថតគេ អាគេអត់ដឹងសោះ ប្ដឹងជំនួសគេក៏ជំនុំជម្រះ... ខ្មាសគេណាស់រៀនចេះដឹង មិនមែនអាតុលាការហ្នឹងមិនចេះដឹងទេ ចៅក្រមអស់ហ្នឹងមិនចេះដឹងទេ វាចេះដឹងដែរ តែធ្វើម៉េច? ខ្លាចគេហួស ខ្លាចអស់តំណែងហួស។ តុលាការនេះតិចទៀតក៏គង់តែងាប់ដូចគ្នាដែរ យួនពេញស្រុកហើយ តុលាការឯងរត់មិនរួចទេ»។
លោកមេធាវី គី តិច បានថ្លែងក្នុងសវនាការថា ការប្តឹងនេះគឺលោក លឺ ឡាយស្រេង បាននិយាយប៉ះពាល់ទៅដល់កិត្តិយសលោកនាយករដ្ឋមន្ត្រី ថាបានផ្ដល់លុយទៅគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១លានដុល្លារ និងបាននិយាយប្រមាថព្រះមហាក្សត្រ។
កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១៧ មេធាវីរបស់លោក ហ៊ុន សែន គឺលោក គី តិច និងលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក លឺ ឡាយស្រេង បន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ "សីហា" បានចេញផ្សាយកិច្ចសន្ទនាជាឯកជនរវាងលោកជាមួយអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ទៀត គឺអ្នកស្រី គី លំអង។ ទាំងលោក លឺ ឡាយស្រេង និងអ្នកច្បាប់ថា ការលួចស្ដាប់កិច្ចសន្ទនាជាឯកជនតាមទូរស័ព្ទ និងយកមកផ្សព្វផ្សាយជាសាធារណៈ គឺជាអំពើខុសច្បាប់៕ (ប្រភព៖ វិទ្យុអាស៊ីសេរី)
0 ความคิดเห็น: