วันพฤหัสบดีที่ 19 ตุลาคม พ.ศ. 2560

អ្នក​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​រិះគន់​ការ​ចែកចាយ​ថតរូប​អាក្រាត​នៃ​សព​​អ្នក​ចម្រៀង សាន ស្រីឡៃ


អ្នក​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​រិះគន់​ការ​ចែកចាយ​ថតរូប​អាក្រាត​នៃ​សព​​អ្នក​ចម្រៀង សាន ស្រីឡៃ

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​រិះគន់​ចំពោះ​ទង្វើ​អសីលធម៌ របស់​អ្នក​ដែល​បាន​ថតរូប​អាក្រាត​នៃ​សព​របស់​អ្នក​ចម្រៀង សាន ស្រីឡៃ ចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម។

ពួកគេ​ទាមទារ​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​នោះ​មក​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​អសីលធម៌​នោះ។

អ្នក​ការពារ​សិទ្ធិ​ស្ត្រី និង​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ស្នើ​អោយ​មាន​ការ​ដាក់​ទណ្ឌកម្ម ឬ​បណ្ដេញ​ពី​ការងារ​ប្រសិនបើ​អ្នកថតរូប និង​ចែកចាយ​រូប​អាក្រាត​នៃ​សព​របស់​អ្នក​ចម្រៀង សាន ស្រីឡៃ នោះ​គឺ​ជា​មន្ត្រី​នគរបាល​ផ្នែក​កោសល្យវិច័យ​សាកសព។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា និង​ជា​សមាជិក​នៃ​បណ្ដាញ​ទីក្រុង​សុវត្ថិភាព​សម្រាប់​ស្ត្រី អ្នកស្រី អ៊ូ ទេព ផល្លីន អោយ​ដឹង​ថា នេះ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​សព និង​ក្រុម​គ្រួសារ​របស់​សព។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ តុលា ថា មាន​ការ​ចែកចាយ​រូបថត​អាក្រាត​របស់​សព​នាង សាន ស្រីឡៃ នៅ​ក្នុង​បណ្ដាញ​សង្គម ក្នុង​ចំណោម​មន្ត្រី​នគរបាល​​ជា​របៀប​លេង​សើច​សប្បាយ។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រៀបរាប់​ថា រូប​ថត​នោះ​អាច​ត្រូវ​គេ​ថត​នៅ​ក្នុង​ពេល​ធ្វើ​កោសល្យ​សាកសព។

អ្នក​ចម្រៀង សាន ស្រីឡៃ មាន​វ័យ​២៣​ឆ្នាំ ត្រូវ​អតីត​ស្វាមី​បាញ់​សម្លាប់ នៅ​ក្នុង​ហាង​កែ​សម្ផស្ស​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី១៦ ខែ តុលា ហើយ​បុរស​ជា​ប្ដី​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ភ្លាមៗ​ដែរ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បាន​ដឹង​ព័ត៌មាន​​ទាក់ទង​នឹង​ការ​ចែកចាយ​រូប​ភាព​នោះ​បាន​រិះគន់​អ្នក​ចែកចាយ​នឹង​ថា ប្រសិន​បើ​ជា​មន្ត្រី​គួរតែ​ត្រូវ​ដក​តួនាទី។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន​សរសេរ​ប្រហាក់​ប្រហែលគ្នា​ថា មន្ត្រី​នោះ​គួរ​តែ​ត្រូវ​បក​សក្ដិ​ចោល​ព្រោះ​ល្មើស​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ខ្លាំង​បំផុត​ក្នុង​ពេល​អនុវត្តន៍​ការងារ​របស់​ខ្លួន ព្រោះ​មុន​ពេល​​បាន​ចូល​ធ្វើ​ប៉ូលិស​គឺ​សុទ្ធ​តែ​បាន​រៀន​សូត្រ​ចេះដឹង។

អ្នក​សម្របសម្រួល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី ក្នុង​វិស័យ​នយោបាយ​របស់​អង្គការ​សីលកា កញ្ញា សេង រាសី លើក​ឡើង​ថា នេះ​មិនមែន​ជា​ករណី​លើក​ទី​១​ទេ ករណី​បែប​នេះ​តែង​កើត​ឡើង​ជា​ញឹកញាប់​ទៅ​ស្ត្រី ជាពិសេស​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា មាន​ករណី​រំលោភ​ផ្លូវ​ភេទ​ជា​ដើម គឺ​រូបភាព​របស់​ស្ត្រី​រងគ្រោះ​តែង​ត្រូវ​គេ​ដាក់​បង្ហាញ ដោយ​មិន​បាន​គិត​ពី​ភាព​រងគ្រោះ​របស់​ស្ត្រី​ឡើយ។

ទាក់ទិន​នឹង​ករណី​នេះ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ជួន សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កំពុង​ស្រាវជ្រាវ​ចំពោះ​មន្ត្រី​នគរបាល​ពាក់​ព័ន្ធ​ទាំងនោះ ប្រសិន​បើ​មាន​ករណី​បែប​នោះ​មែន​លោក​នឹង​ចាត់​វិធានការ​តាមច្បាប់ ព្រោះ​វា​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សព វិជ្ជាជីវៈ និង​ក្រមសីលធម៌​នគរបាល៕





ប្រភព ៖ វិទ្យុអាស៊ីសេរី 
Previous Post
Next Post

post written by:

0 ความคิดเห็น: