អ្នកវិភាគថាបក្សកាន់អំណាចប្តេជ្ញាលុបបំបាត់សំឡេងប្រឆាំង
សហគមន៍អន្តរជាតិបានសម្តែងការជំទាស់យ៉ាងខ្លាំងនឹងការចាប់ខ្លួនលោក កឹម សុខាហើយបានអំពាវនាវឱ្យដោះលែងព្រមទាំងបន្ធូរបន្ថយភាពតានតឹងនយោបាយ។
វ៉ាស៊ីនតោន ៖ គណបក្សសង្គ្រោះជាតិប្រឈមនឹងការរំលាយចោល ហើយអាសនៈទាំង៥៥ នឹងត្រូវយកមកចែកឱ្យគណបក្សដទៃទៀត ក្នុងពេលដែលអ្នកតំណាងរាស្រ្តគណបក្សកាន់អំណាចបានបោះមួយជំហានទៀត ដោយបានអនុម័តលើវិសោធនកម្មច្បាប់បោះឆ្នោត បើទោះបីជាមានការព្រួយបារម្ភជាអន្តរជាតិថា ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅការគ្រប់គ្រងឯកបក្សដោយបំបាត់សំឡេងប្រឆាំង។
ការតានតឹងនយោបាយបានកើនឡើងចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខាមេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែកញ្ញា ពី«បទក្បត់ជាតិ»ដោយសារតែសង្ស័យថា ឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះមក មានអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើននាក់បានចាកចេញទៅក្រៅប្រទេសដោយព្រួយបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។
លោកស្រី អូលីវៀ អឺណុស អ្នកវិភាគគោលនយោបាយនៅឯមូលនិធិបេតិកភណ្ឌ (The Heritage Foundation) បានបញ្ជាក់ថា៖
«ខ្ញុំគិតថា អ្វីដែលអ្នកឃើញនៅពេលនេះ គឺការចង់លុបបំបាត់ទាំងស្រុងរាល់ការប្រឆាំងជំទាស់នឹងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ហើយខ្ញុំគិតថាចំណាត់ការនេះនឹងឈានទៅដល់លុបបំបាត់ទាំងស្រុងនូវសេរីភាព ដែលមាននៅក្នុងប្រទេសកម្ពុជា»។
ជាផ្នែកមួយនៃការបង្ក្រាបលើសំឡេងប្រជាធិបតេយ្យ អាជ្ញាធរកម្ពុជាបានបញ្ជាឱ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) របស់សហរដ្ឋអាមេរិកចាកចេញពីប្រទេសកម្ពុជា បិទស្ថានីយវិទ្យុជាង១០ ដែលធ្លាប់បានផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។ រីឯសារព័ត៌មានឯករាជ្យ Cambodia Daily ដែលផ្សាយជាភាសាអង់គ្លេសក៏ត្រូវបានបិទទ្វារ ដោយសារតែការចោទប្រកាន់ថា មានជំពាក់ប្រាក់ពន្ធ និងការប្រាក់ជាង៦លានដុល្លារ។
កាលពីថ្ងៃច័ន្ទ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦៧នាក់បានបោះឆ្នោតដោយសំឡេងជាឯកច្ឆន្ទគាំទ្រវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបើកផ្លូវឱ្យមានការបែងចែកអាសនៈរបស់គណបក្សប្រឆាំង។
លោក ប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)បានរិះគន់ចំណាត់ការនេះ៖
«លោក ហ៊ុន សែន អាចអនុម័តច្បាប់អ្វីក៏បានដែរ តាមតែគាត់ចង់ ប៉ុន្តែវាមិនមែនធ្វើឱ្យច្បាប់នោះមានតម្លៃគតិយុត្តទេ ហើយមិនធ្វើឱ្យទង្វើរបស់គាត់ស្របច្បាប់ទេ»។
អាសនៈទាំង៥៥ដែលគណបក្សប្រឆាំងទទួលបានក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣នឹងត្រូវយកមកបែងចែកឱ្យគណបក្សនយោបាយចំនួន៥ ប្រសិនបើតុលាការរកឃើញថាលោក កឹម សុខា មានទោសក្បត់ជាតិ ហើយគណបក្សសង្គ្រោះជាតិត្រូវរំលាយចោល។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ក្រោយពីរំលាយហើយ គឺនឹងមានគណបក្សនយោបាយចំនួន៥ ចូលមកក្នុងរដ្ឋសភា។ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមប្រជុំសភានោះទេ ហើយបានហៅទង្វើនេះថាជាការប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោក ប្រែដ អាដាម បានបន្ថែមទៀតថា៖
«នេះគ្រាន់តែជាល្បែងមួយប៉ុណ្ណោះ ហើយគ្មានអ្នកណាម្នាក់ទទួលយកល្បែងដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយជ្រើសរើសមនុស្សថ្មីប្រាំនាក់ឱ្យមកកាន់គណបក្ស និងប្រគល់អាសនៈឱ្យទេ។ មែនទែនទៅគ្មានអ្នកណាទទួលស្គាល់រដ្ឋសភាហ្នឹងថាស្របច្បាប់ទេ ពីព្រោះគាត់យកសំឡេងឆ្នោតពីពលរដ្ឋរាប់លាននាក់ក្នុងឆ្នាំ២០១៣ ហើយចាក់ចោលក្នុងបង្គន់»។
លោក អាដាម បានបន្ថែមថា នៅពេលនេះលោក ហ៊ុន សែន កំពុងតែបង្ហាញឱ្យពិភពលោកឃើញថា សំឡេងឆ្នោតទាំងនោះមិនមានតម្លៃទៀតទេ ពីព្រោះគាត់មានអំណាចជាងអ្នកបោះឆ្នោតទាំងនោះ។
សហគមន៍អន្តរជាតិបានសម្តែងការជំទាស់យ៉ាងខ្លាំងនឹងការចាប់ខ្លួនលោក កឹម សុខាហើយបានអំពាវនាវឱ្យដោះលែងព្រមទាំងបន្ធូរបន្ថយភាពតានតឹងនយោបាយ។
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បានចាត់ទុកបញ្ហានេះថា ការណ៍«គួរឱ្យរំខានខ្លាំងណាស់»។ នៅក្នុងសេចក្តីថ្លែងការណ៍ភ្លាមៗក្រោយពីការចាប់ខ្លួនលោក កឹម សុខា វិទ្យាស្ថាន IRI បានបញ្ជាក់ថា៖
«ការចាប់ខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំមានការទទួលស្គាល់លើពិភពលោកតាមរយៈការបូជាកម្លាំងកាយចិត្តរបស់លោក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា គឺជាការដើរថយក្រោយមួយជំហានសម្រាប់ប្រទេសមួយ ដែលទើបតែមានការរីកចម្រើនបន្តិចកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ»។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល គឺលោក ចន ម៉ាក់ខេន និងលោកឌីក ដឺប៊ីន ក៏បានស្នើសុំឱ្យមានការដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដោយដាក់ឈ្មោះរបស់ពួកគេក្នុងបញ្ជីខ្មៅមួយ ដែលរឹតត្បិតទិដ្ឋាការ និងការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចោទជាសំណួរ ពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
លោកស្រី អូលីវៀ អឺណុស នៃមូលនិធិបេតិកភណ្ឌបាននិយាយថា ការបោះឆ្នោតជាតិឆ្នាំ២០១៨ មិនអាចទុកចិត្តបានទៀតទេ ហើយថា លទ្ធិប្រជាធិបតេយ្យកម្ពុជាកំពុងរងការគំរាមកំហែង។ លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចប្រាប់ឱ្យប្រទេសកម្ពុជាទទួលខុសត្រូវចំពោះសកម្មភាពទាំងនេះ ព្រោះខ្លួនក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកស្រីបន្ថែមថា៖
«បើគ្មានការឆ្លើយតបយ៉ាងឆាប់រហ័សពីសហរដ្ឋអាមេរិកទេ សេចក្តីសង្ឃឹមថា ប្រទេសកម្ពុជាមួយដែលមានសេរីភាព និងរុងរឿង នឹងរលាយបាត់ហើយ»។
លោកស្រី អឺណុស បានទទូចស្នើសុំឱ្យប្រទេសម្ចាស់ជំនួយចាត់វិធានការជាក់លាក់បានច្រើនជាងការចេញតែសេចក្តីថ្លែងការណ៍ ដោយក្នុងនោះត្រូវមានការដាក់ទណ្ឌកម្មមួយចំនួន ដែលមានដូចជាការហាមឃាត់ទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលមួយចំនួន និងមានវិធានការតឹងរ៉ឹងចំពោះមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយជាដើម។
ការតានតឹងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមតាំងតែពីរដ្ឋាភិបាលកម្ពុជាបានដាក់ទោសលោក សម រង្ស៊ី ហើយលោកត្រូវនីរទេសខ្លួនចេញពីប្រទេសកម្ពុជា ហើយកាលពីដើមឆ្នាំនេះ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាបានធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបង្ខំឱ្យលោក សម រង្ស៊ី មិនអាចដឹកនាំគណបក្សបាន។ ការតានតឹងនេះកាន់តែកើនឡើងខ្លាំងនៅក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ដោយគណបក្សសង្គ្រោះជាតិបានឈ្នះគ្រប់គ្រងលើឃុំ-សង្កាត់ ចំនួន៤៨៩ ដោយកើនឡើងពីចំនួន៤០ បើប្រៀបធៀបនឹងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីឆ្នាំ២០១២។
សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ គណបក្សប្រឆាំងគឺជាគូប្រជែងដ៏ខ្លាំងនឹងការគ្រប់គ្រងអំណាចរយៈពេលជាង៣០ឆ្នាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ភីធឺ ម៉ាក់ខ្វៃ អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«ប្រឈមនឹងមរណភាពនៅកម្ពុជា» បាននិយាយថា សហគមន៍អន្តរជាតិនឹងនៅតែស្ទាក់ស្ទើរក្នុងការដាក់សម្ពាធធំដុំដើម្បីទាញស្ថានការណ៍ឱ្យវិលមករកស្ថានភាពដើមវិញដោយសារតែពួកគេមានប្រវត្តិបរាជ័យក្នុងការបង្ខំឱ្យលោក ហ៊ុន សែន គោរពតាមសំណូមពរអន្តរជាតិ ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ។
«វាជាពេលវេលាដ៏អាក្រក់សម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានកសាងឡើងលើមូលដ្ឋានមិនរឹងមាំ ពីព្រោះការបោះឆ្នោតរបស់អង្គការសហប្រជាជាតិធ្វើឡើងដោយរង្គោះរង្គើទាំងអស់»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា សម្ពាធអន្តរជាតិមាន«តិចតួចនិងយឺតពេល» ហើយពេលវេលាអស់ហើយសម្រាប់ការប្រើប្រាស់វិធីសាស្រ្តត្រជាក់។
លោក ប្រែដ អាដាម បានបញ្ជាក់ថា៖
«យើងបានប្រាប់ពួកគេជាយូរមកហើយថា រឿងដូចនេះនឹងកើតមានឡើង ហើយពួកគេត្រូវទប់ស្កាត់។ ពួកគេត្រូវហ៊ាននិយាយឡើង។ ពួកគេត្រូវពន្យល់ថាតើផលវិបាកមានអ្វីខ្លះ។ ពួកគេត្រូវត្រៀមអនុវត្តតាមការព្រមាននោះ បើសិនជារដ្ឋាភិបាលហ៊ានធ្វើដូចអ្វីដែលយើងឃើញនៅពេលនេះ។ ប៉ុន្តែសហគមន៍អន្តរជាតិមិនបានធ្វើតាមទេ»។
លោកអាដាម បានបន្ថែមថា លោក ហ៊ុន សែន នឹងមិនទាញស្ថានការណ៍ឱ្យវិលត្រឡប់មកដូចមុនវិញទេ បើសិនជាសហគមន៍អន្តរជាតិមិនបានចាត់វិធានការជាក់លាក់ណាមួយ ដែលមានដូចជាការផ្តាច់ទំនាក់ទំនងយោធាជាមួយនឹងប្រទេសកម្ពុជា ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មដោយចំពោះលើមន្ត្រីជាន់ខ្ពស់គណបក្ស និងមេបញ្ជាការប៉ូលិស ទាហាននិងកងរាជអាវុធហត្ថជាដើម។
រីឯលោក ភីធឺ ម៉ាក់ខ្វៃ បានបញ្ជាក់ថា ដោយសារមានការគាំទ្រពីប្រទេសចិន បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនកំពុងតែងាកចេញពីគំរូបស្ចិមប្រទេសមករកការផ្តោតលើការដម្កល់ផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពក្នុងន័យដ៏ចង្អៀតចង្អល់មួយ។
លោក ម៉ាក់ខ្វៃ បានបន្ថែមថា៖
«ក្នុងករណីនេះវាសមស្របសម្រាប់ពលរដ្ឋកម្ពុជា ដោយសារតែមានការគាំទ្រពីប្រទេសចិន ដែលនឹងផ្តល់ឱ្យពួកគេនូវជំនួយហិរញ្ញវត្ថុច្រើនជាងសហរដ្ឋអាមេរិក និងបស្ចិមប្រទេស ដោយសារតែចិនមិនតម្រូវឱ្យគោរពសិទ្ធិមនុស្សអ្វីទេ។ ដូច្នេះនេះគឺជាបាតុភូតថ្មីមួយ។ វាទើបតែកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះទេ»។
ប៉ុន្តែលោកស្រី អេលីហ្សាបែត ប៊ែកឃឺ អតីតអ្នកសារព័ត៌មាន New York Times និងជាអ្នកនិពន្ធសៀវភៅ «នៅពេលសង្គ្រាមបានបញ្ចប់» បានផ្តល់អំណះអំណាងថា បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខិតខំទាញយកផលប្រយោជន៍ពីនយោបាយក្នុងតំបន់ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជារបបឯកបក្ស ប៉ុន្តែសហគមន៍អន្តរជាតិបានចំណាយថវិកាជាច្រើនពាន់លានដុល្លារ ដើម្បីបណ្តុះបណ្តាល និងបង្កើតស្ថាប័នប្រជាធិបតេយ្យពហុបក្ស ដែលនឹងមិនបាត់បង់តែក្នុងរយៈពេលមួយពព្រិចភ្នែកទេ។
«ច៎ាស ជាការពិតលោក ហ៊ុន សែន ព្យាយាមកម្ចាត់ចោលស្ថាប័ននោះខ្លះ ប៉ុន្តែឆ្លងតាមបទពិសោធជាង២០ឆ្នាំមកនេះ ពលរដ្ឋកម្ពុជាបានចាប់យកផលប្រយោជន៍ដ៏អស្ចារ្យពីឱកាសដែលបានផ្តល់ឱ្យនោះ។ សិល្បៈបានរីកចម្រើន។ ការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ និងសារគមនាគមន៍ក៏បានលូតលាស់។ ទាំងនេះហើយ គឺជាអ្វីដែលខ្ញុំចង់លើកឡើង។ វានឹងមិនបាត់បង់តែក្នុងរយៈពេលមួយពព្រិចភ្នែកទេ ហើយនោះគឺជាបទពិសោធដែលនឹងជួយពួកគេបាន»។
យ៉ាងណាក៏ដោយ លោកស្រី អេលីហ្សាបែត ប៊ែកឃឺ យល់ថា សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីទប់ស្ថានការណ៍កុំឱ្យកាន់តែអាក្រក់ជាងពេលបច្ចុប្បន្ននេះ៕
រូបឯកសារ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល គឺលោក ចន ម៉ាក់ខេន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសភាអាមេរិក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។ |
0 ความคิดเห็น: