អ្នកច្បាប់អន្តរជាតិថាការបន្តប្រើច្បាប់បំបិទមាត់ក្រុមប្រឆាំងនឹងអន្តរាយដល់ប្រព័ន្ធនីតិរដ្ឋ
អ្នកច្បាប់អន្តរជាតិថាការបន្តប្រើច្បាប់បំបិទមាត់ក្រុមប្រឆាំងនឹងអន្តរាយដល់ប្រព័ន្ធនីតិរដ្ឋ
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ) វាយតម្លៃថា ការបន្តប្រើប្រាស់ច្បាប់ខុសពីគោលដៅពិតប្រាកដ ដើម្បីបំបិទមាត់ក្រុមអ្នកប្រឆាំង នឹងបណ្ដាលឲ្យមានវប្បធម៌និទ្ទណ្ឌភាពកាន់តែខ្លាំង ព្រមទាំងធ្វើឲ្យអន្តរាយដល់ប្រព័ន្ធនីតិរដ្ឋ។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ រកឃើញថា ប្រទេសកម្ពុជាកំពុងតែប្រើប្រាស់ច្បាប់ ធ្វើជាអាវុធមុខពីរ ក្នុងគោលដៅដើម្បីបំបិទមាត់ ក្រុមអ្នករិះគន់ប្រឆាំង និងកម្ទេចលទ្ធិប្រជាធិបតេយ្យ តាមរយៈចៅក្រម និងព្រះរាជអាជ្ញា ដែលជាក្រុមមនុស្សខ្វះឯករាជ្យ។
របាយការណ៍វាយតម្លៃជាមូលដ្ឋានរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ស្ដីពី «ការធ្វើឲ្យសម្រេចបាននូវប្រព័ន្ធយុត្តិធម៌ សម្រាប់ស្ថានភាពរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរនៅកម្ពុជា» ចេញផ្សាយថ្ងៃទី១៨ ខែតុលា គូសបញ្ជាក់ថា បញ្ហាចុងក្រោយចម្បងបំផុតមួយ ដែលប្រព័ន្ធច្បាប់កម្ពុជា កំពុងតែជួបប្រទះនៅពេលនេះ គឺកង្វះឯករាជ្យភាពនៃអង្គចៅក្រម និងព្រះរាជអាជ្ញាដែលអព្យាក្រឹត្យ ស្របពេលដែលមានការជ្រៀតជ្រែក ផ្នែកនយោបាយដ៏រ៉ាំរ៉ៃ ជាប្រព័ន្ធក្នុងសំណុំរឿងរសើបនានា រួមផ្សំជាមួយប្រព័ន្ធពុករលួយ ចាក់ឫសគល់លើគ្រប់វិស័យ។
ការចេញផ្សាយរបាយការណ៍នេះ គឺក្រោយពេលដែលរដ្ឋសភាជាតិកម្ពុជា ដែលមានតែសមាជិកមកតែពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ តុលា បានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតចំនួន ៤ ដ៏ចម្រូងចម្រាស ដើម្បីធ្វើការបែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សតូចតាចដទៃទៀត ក្នុងករណីដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ ប្រចាំតំបន់ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ថ្លែងថា «ការធ្វើវិសោធនកម្មច្បាប់ទាំងអស់នេះ គឺជាចំណាត់ការចុងក្រោយក្នុងចំណោមព្រឹត្តិការណ៍ដ៏វែងអន្លាយដែលរដ្ឋាភិបាលកម្ពុជា បានអនុម័តធ្វើវិសោធនកម្មច្បាប់ដោយឥតអៀនខ្មាស ក្នុងគោលបំណងជាក់លាក់ ដើម្បីធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ដល់អ្នកឡាយណា ដែលគេចាត់ទុកថាជាអ្នកប្រឆាំងរដ្ឋាភិបាល និងដើម្បីធ្វើឲ្យប្រព័ន្ធភាពអ្នកជាតំណាងនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ ចុះទន់ខ្សោយ»។
អង្គការដដែលនេះ សម្ដែងក្ដីបារម្ភដែលរដ្ឋាភិបាលតែងការពារដដែលជាដដែលថា ចំណាត់ការរបស់ខ្លួនទាំងនេះ គឺជាការអនុវត្តនីតិរដ្ឋ។ លោក អាបុត្ត (Abbott) ផ្ដល់អំណះអំណាងថា នីតិរដ្ឋមិនមែនសំដៅតែទៅលើការអនុម័ត និងអនុវត្តច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឲ្យមានការធានាច្បាស់លាស់ថា ច្បាប់ទាំងនោះ ត្រូវបានព្រាង និងអនុវត្តដោយអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ដោយពុំមានការរើសអើងផ្អែកលើហេតុផលនយោបាយ ឬការបញ្ចេញមតិ នោះឡើយ។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៥២ ដោយក្រុមចៅក្រម និងមេធាវីល្បីឈ្មោះចំនួន ៦០ រូប មកពីគ្រប់តំបន់នៅទូទាំងពិភពលោក ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សតាមរយៈប្រព័ន្ធនីតិរដ្ឋ ដើម្បីការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធច្បាប់ជាតិ និងអន្តរជាតិ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: