วันพฤหัสบดีที่ 19 ตุลาคม พ.ศ. 2560

គណបក្សសង្រ្គោះ​ជាតិ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ កុំ​ឲ្យ​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ថ្មី!

 គណបក្សសង្រ្គោះ​ជាតិ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ កុំ​ឲ្យ​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ថ្មី!

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​ ១៩​កក្កដា នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ព្រះ​មហាក្សត្រ ដើម្បី​សុំ​អន្តរាគមន៍​កុំ​ឲ្យ​ព្រះ​អង្គ ឡាយ​ព្រះ​ហត្ថលេខា លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។ លិខិត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ថា ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ពិសេស​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​បរមរាជ​វាំង​នៅ​រសៀល​ថ្ងៃ​ទី ១៩ កក្កដា​នេះ ដោយ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​យ៉ាង​តិច​ចំនួន​២​ចំណុច ប្រសិន​បើ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់ នូវ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។ ប៉ុន្តែ​អ្នក​វិភាគ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​លើក​ឡើង​ថា ព្រះ​មហា​ក្សត្រ​មិន​អាច​បដិសេធ​បាន​ទេ។

នៅ​ក្នុង​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ បរមនាថ នរោត្តម សីហមុនី នេះ ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥៥​រូប​បាន​ចាត់​ទុក​វិសោធនកម្ម​ច្បាប់​នេះ​ថា បាន​ដើរ​ផ្ទុយ​ពី​ព្រះ​រាជ​បំណង​របស់​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ដែល​ចង់​ឲ្យ​ខ្មែរ​រួប​រួម​គ្នា និង​ជា​ច្បាប់​ដែល​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ត្រង់​មាត្រា ៣៥ វាក្យខណ្ឌ​ទី​១ ដែល​បាន​ចែង​ថា “ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​ប្រទេស​ជាតិ”។ បន្ថែម​លើ​នេះ លិខិត​នេះ​ក៏​បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រថា វិសោធនកម្ម​ច្បាប់​នេះ មិន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ថា ជា​វិសោធនកម្ម​ច្បាប់​ដែល​មាន​ចរិត​នយោបាយ និង​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គូ​ប្រជែង​នយោបាយ ដែល​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

គួរ​ជំរាប​ជូន​ថា លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​រួច កាល​ពី​ថ្ងៃ​ទី​ ១៨ កក្កដា។ បើ​តាម​នីតិវិធី វិសោធនកម្ម​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ប្រកាស​ធម្មនុញ្ញ​ភាព មុន​ពេល​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា ដើម្បី​ប្រកាស​ឲ្យ​ប្រើ​ប្រាស់។

យ៉ាង​ណា​ក៏​ដោយ ក្រុម​បញ្ញាវ័ន្ត​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា ដែល​បាន​លើក​យក​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក​ពិភាក្សា​នៅ​ថ្ងៃ​នេះ បាន​កត់​សំគាល់​ថា ព្រះ​មហាក្សត្រ​នឹង​មិន​អាច​ជួយ​គណបក្ស​ប្រឆាំង​បាន​ទេ។ លោក សុខ ទូច អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​លើក​ឧទាហរណ៍​នា​ពេល​កន្លង​មក​ថា នៅ​ពេល​ព្រះ​មហាក្សត្រ​អវត្តមាន​ពី​ក្នុង​ប្រទេស នោះ ប្រមុខ​រដ្ឋ​ស្តីទី ដែល​មាន​ប្រធាន​ព្រឹទ្ធសភា និង​បន្ត​បន្ទាប់​មក​មាន​ប្រធាន​រដ្ឋសភា និង​អនុប្រធាន​ជា​ដើម នឹង​ចុះ​ហត្ថលេខា​ជំនួស​ព្រះ​អង្គ។ ចំណែក​លោក ឌុច ពិសិដ្ឋ តំណាង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​នៅ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ដែល​មិន​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​ដែរ​ថា តាម​បទ​ពិសោធន៍​នៃ​ការ​អនុម័ត​ច្បាប់​ដែល​មិន​មាន​ការ​ចូល​រួម​ពី​បក្ស​ប្រឆាំង​បែប​នេះ ព្រះ​មហាក្សត្រ​តែង​តែ​យាង​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព ដោយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​ប្រមុខ​រដ្ឋ​ស្តី​ទី​វិញ៕



ប្រភព ៖ វិទ្យុបារាំង
Previous Post
Next Post

post written by:

0 ความคิดเห็น: