ព្រះមហាក្សត្រខ្មែរលើកលែងទោសលោក ហុង សុខហួរ, តែក៏ជា "ទុដ្ឋវដ្ដចក្ក-Cycle Of Crisis" គឺដំណើរវិលវង់នៃអំពើអាក្រក់ថោកទាប ក្នុងបរិបទនយោបាយខ្មែរ ដែលតែងតែកើតមានឡើងជារឿយៗ តាមការសង្កេតបែបវិទ្យាសាស្ត្រនយោបាយ គឺ៖
រឿងច្រំដែល ៗ តែងកើតឡើងដល់ភាគីប្រឆាំងមករាប់ទសវត្សរ៍ហើយ ចាប់ហើយលែងៗហើយចាប់ៗហើយលែង តែងកើតជារឿយៗ ថ្វីបើពួកគេគ្មានទោសកំហុសអ្វីបន្តិចក៏ដោយ យុគនេះសម័យនេះ សម្តេចតេជោចង់ចាប់ ចង់ចងនរណាស្រេចតែក្បាលចិត្ត ក្បាលវ៉ាល់ ចង់ធ្វើច្បាប់រំលាយគណបក្សគូប្រជែងក៏ធ្វើបានដូចចិត្ត ចង់ដោះលែងនរណាក៏អាចធ្វើបាន បុគ្គលម្នាក់ក្លាយជាបិសាចដៃមឹកចាប់គេឯងស៊ីជាអាហារ ហើយពេលអស់ចិត្តក៏លែងមកវិញ ហើយពួកអាម៉ីអាថោងក៏ប្រឹងបំប៉ោងព័ត៌មានប្រាប់ដល់ប្រជាពលរដ្ឋថា សម្តេចតេជោជាបិតាសន្តិភាព។ លោកមានចិត្តអាណិតខ្មែរដែលត្រូវរងគ្រោះណាស់ ឱ! សង្គមខ្មែរអើយ ម្តេចក៏ទៅជាយ៉ាងនេះ នេះហើយជា "ទុដ្ឋវដ្ដចក្ក-Cycle Of Crisis" គឺដំណើរវិលវង់នៃអំពើអាក្រក់ថោកទាប ក្នុងបរិបទនយោបាយខ្មែរ ជាហេតុធ្វើអោយប្រទេសខ្មែរ ក្រីក្រតោយ៉ាក ចលាចល ខ្យល់ព្យុះ វឹកវរអសន្តិសុខ កើតមានគ្រប់ច្រកល្ហក រកសុវត្ថិភាព សន្តិភាពក្នុងសង្គមគ្មាន ។
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ ព្រះមហាក្សត្រលើកលែងទោសលោក ហុង សុខហួរ ក្រោយសូមទោសលោក ហ៊ុន សែន
លោក ហុង សុខហួរ ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីព្រះមហាក្សត្រ ត្រាប់បង្គាប់ព្រះរាជទានលើកលែងទោស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវជាប់ចោទពីបទថា បានក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំពីបទក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។ អំណាចសាលក្រមដែលចេញកាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងរឿងក្ដីនេះ ធ្វើឡើងក្រោយការចំណាយពេលឃុំខ្លួន អតីតសមាជិកព្រឹទ្ធសភារូបនេះប្រមាណជាង ១ឆ្នាំនៅពន្ធនាគារព្រៃស។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនទាំងតក់ក្រហល់ និងទាំងលោកនៅមានអភ័យឯកសិទ្ធិ។ ការចោទប្រកាន់ប្រឆាំង អតីតសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារាវុធ ឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ តុលា ថា ព្រះមហាក្សត្រ ព្រះអង្គពិតជាបានឡាយព្រះហត្ថលេខា ផ្ដល់សេរីភាពឲ្យលោក ហុង សុខហួរ ប្រាកដមែន។
ការព្រះរាជទានលើកលែងទោសដល់លោក ហុង សុខហួរ នេះនៅក្រោយពេលអតីតសមាជិកព្រឹទ្ធសភារូបនេះ សរសេរលិខិតសូមទោសពីលោក ហ៊ុន សែន។ លិខិតសូមការយោគយល់ ដែលចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៧ លោក ហុង សុខហួរ រៀបរាប់ថា លោកមានគំនិតដូចទៅនិងគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីដែរ ដែលចង់ឲ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ និងបង្រួបបង្រួមជាតិ។ ជាងនេះទៀតនេះ លោក ហុង សុខហួរ ស្នើសុំព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈលោក ហ៊ុន សែន ដើម្បីអាចឲ្យលោកបានជួបជុំគ្រួសារ និងបានទៅព្យាបាលនៅប្រទេសបារាំងផង៕
0 ความคิดเห็น: