សហភាពអឺរ៉ុបថា កម្ពុជាអាចឃុបឃិតជាមួយកូរ៉េខាងជើងដើម្បីបញ្ចៀសរាល់ទណ្ឌកម្ម
សហភាពអឺរ៉ុបថា ប្រទេសកម្ពុជាអាចឃុបឃិតជាមួយរបបក្រុងព្យុងយ៉ាង (Pyongyang) របស់លោក គឹម ជុនអ៊ុន (Kim Jong-un) នៃប្រទេសកូរ៉េខាងជើង ដើម្បីបញ្ចៀសរាល់ការទណ្ឌកម្មចុងក្រោយ ពីសហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
រដ្ឋសមាជិកនៃសហភាពអឺរ៉ុប គ្រោងបញ្ជាឲ្យមន្ត្រីស្ថានទូតរបស់ខ្លួន ចេញសេចក្ដីព្រមានជាផ្លូវការមួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសនេះអនុវត្តតាមវិធានការណ៍នៃការដាក់ទណ្ឌកម្មថ្មីចុងក្រោយរបស់ខ្លួនប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
ព័ត៌មានអំពីការព្រមាននេះ កើតមានឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសនានាក្នុងសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នានៅទីក្រុងឡុចហ្សំបួរ (Luxembourg) នៃប្រទេសប៊ែលហ្សិក (Belgium) ដើម្បីដាក់ទណ្ឌកម្មជាកញ្ចប់ថ្មីមួយ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ឆ្លើយតបនឹងកម្មវិធីនុយក្លេអ៊ែរ និងអាវុធប្រល័យលោករបស់ប្រទេសនេះ។
ការដាក់ទណ្ឌកម្មជាកញ្ចប់ថ្មីនេះរួមមាន ការដាក់បម្រាមទាំងស្រុងមិនឲ្យមានការវិនិយោគនៅប្រទេសកូរ៉េខាងជើង និងមិនឲ្យមានការនាំចេញប្រេងពីសហភាពអឺរ៉ុបទៅកាន់ទីក្រុងព្យុងយ៉ាង។ ទណ្ឌកម្មថ្មីនេះ ក៏រួមបញ្ចូលនូវការបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រីនៃកងទ័ពប្រជាជនកូរ៉េខាងជើង និងក្រសួងការពារជាតិ ដែលមាននៅសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបថា វិធានការណ៍ថ្មីនេះ ធ្វើឡើងដោយសារតែរបបលោក គឹម ជុនអ៊ុន កំពុងតែបន្តការគំរាមកំហែងយ៉ាងគឃ្លើនដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។ កាលពីដើមខែកញ្ញានេះ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ ដ៏មានឥទ្ធិពលរបស់ខ្លួន ដែលបណ្ដាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់អន្តរជាតិ។
អាស៊ីសេរីបានព្យាយាមសុំប្រតិកម្មពីមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ជុំវិញបញ្ហានេះ តែទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
មិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលសហភាពអឺរ៉ុបគ្រោងនឹងព្រមានយ៉ាងដូច្នេះ ក្នុងប្រទេសថៃ ប្រទេសវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Congo) និងប្រទេសអេរីត្រេ (Eritrea) ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលសហភាពអឺរ៉ុប សង្ស័យថា អាចបង្កហានិភ័យក្នុងការបញ្ចៀសនូវការដាក់ទណ្ឌកម្មថ្មីនេះ មិនឲ្យអនុវត្តបានជោគជ័យផងដែរ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: