សហគមន៍ដីធ្លីចាត់ទុកការហាមមិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកជាទង្វើផ្ដាច់ការ
សហគមន៍រងគ្រោះធ្លីនៅរាជធានីភ្នំពេញ មានសហគមន៍ពលរដ្ឋបឹងកក់ សហគមន៍បុរីកីឡា និង សហគមន៍ព្រលានយន្តហោះអេសអូអេស (SOS) បញ្ចេញប្រតិកម្ម ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗ ដែលមិនអនុញ្ញាតឲ្យពួកគាត់ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣២ ឆ្នាំ២០១៧នេះ។
អ្នកស្រី ស៊ា ណារ៉េត ឲ្យដឹងកាលពីថ្ងៃទី១៥ តុលាថា ក្រុមសហគមន៍រងគ្រោះដីធ្លីមិនពេញចិត្ត ចំពោះលោក ហ៊ុន សែន ដែលចេញលិខិតកាលពីថ្ងៃទី១៤ តុលា ហាមឃាត់មិនឲ្យពលរដ្ឋរងគ្រោះដីធ្លីជួបជុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទទី១៦ តុលា។ អ្នកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលលោក ហ៊ុន សែន មិនគ្រាន់តែខ្លាចគណបក្សសង្គ្រោះជាតិ ដែលជាបក្សមានអ្នកគាំទ្ររាប់លាននាក់នោះទេ សូម្បីតែប្រជាសហគមន៍មានជម្លោះដីធ្លី មានគ្នាតែ ១០០នាក់ ក៏រដ្ឋាភិបាលភ័យខ្លាចដែរ។
អ្នកស្រី ស៊ា ណារ៉េត សំដែងនូវការឈឺចាប់ ដោយសារតែអ្នកស្រី និងពលរដ្ឋបឹងកក់ ជាង៣ពាន់គ្រួសារ បានរងគ្រោះធ្លាក់ខ្លួនក្រីក្រី ដោយសារតែគម្រោងអភិវឌ្ឍន៍បឹងកក់របស់រដ្ឋាភិបាល មិនបានផ្ដល់សំណងសមរម្យឲ្យពលរដ្ឋជាម្ចាស់ផ្ទះ ម្ចាស់ដី។ អ្នកស្រី បន្ថែមថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបង្ហាញឲ្យគ្រប់គ្នាឃើញថា រដ្ឋាភិបាលកម្ពុជាជា រដ្ឋាភិបាលផ្ដាច់ការ មិនគោរពសិទ្ធិពលរដ្ឋជាដើម។ ក្រៅពីនេះទៀត រដ្ឋាភិបាលនៅតែបណ្ដោយឲ្យមន្ត្រីក្រោមឱវាទ បន្តធ្វើអាក្រក់ និងពុករលួយដីរបស់ពលរដ្ឋយកទៅឲ្យឈ្មួញដដែល។ អ្នកស្រីចាត់ទុកការហាមឃាត់របស់រដ្ឋាភិបាលមិនឲ្យពលរដ្ឋសំដែងមតិនេះ គឺរដ្ឋាភិបាលនៅតែមិនអាចទទួលបានព័ត៌មានពិត ហើយមន្ត្រីពុករលួយ និងឈ្មួញអាក្រក់នៅតែអាចបន្តធ្វើបាបប្រជាពលរដ្ឋគ្មានថ្ងៃឈប់ឈរឡើយ។
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: