วันพฤหัสบดีที่ 19 ตุลาคม พ.ศ. 2560

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់​និង​បន្លែ​ផ្លែឈើ​រក​ជាតិគីមី


អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បន្ត​​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់​និង​បន្លែ​ផ្លែឈើ​រក​ជាតិគីមី

មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់ បន្លែ​ផ្លែឈើ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ ដែល​អាជីវករ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិសោធន៍​រក​សារ​ធាតុគីមី​ហាមឃាត់​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ស្ថាប័ន​នេះ បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ ពិសោធន៍​មុខម្ហូប​សមុទ្រ​ស្រស់ បន្លែ​ផ្លែឈើ ពិសេស​ភេសជ្ជៈ​នៅ​តាម​ដេប៉ូ ឬ​ទីតាំង​ចែកចាយ​មួយ​ចំនួន​នា​មូលដ្ឋាន​នេះ ហើយ​បាន​រក​ឃើញ​ភេសជ្ជៈ​ហួស​កាលកំណត់​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ។

លោក ជា ប៉ិច អះអាង​ថា សកម្មភាព​ចុះ​ពិនិត្យ​មុខម្ហូប​សមុទ្រ​ស្រស់​មាន ត្រី បង្គា មឹក​និង​ក្ដាម​សមុទ្រ​ជាដើម​នៅ​តាម​ទីផ្សារ ក្នុង​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ ម​ន្រី្ត​ជំនាញ​រក​មិន​ឃើញ​អាហារ​សមុទ្រ ត្រូវ​គេ​លួច​ដាក់​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ។

លោក​បន្ត​ថា យុទ្ធនា​ការ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​នេះ មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ធ្វើ​សកម្មភាព នៅ​គោលដៅ​សំខាន់ៗ​ជា​បន្ត​ទៀត​រួមមាន​៖ តាម​សាលារៀន តាម​ទីផ្សារ និង​នៅ​តាម​មណ្ឌល ឬ​ទីតាំង​កម្សាន្ត​នានា នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

លោក ថា​ការ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​រួមចំណែក​រក្សា​សុខភាព​ប្រជាពលរដ្ឋ។ ជាង​នេះ​ទៀត​ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​លើ​សុវត្ថិភាព​ចំណីអាហារ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ។

សកម្មភាព​នេះ លោក ជា ប៉ិច អះអាង​ថា ទាំង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នឹង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យ​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​ទីផ្សារ​នានា និង​តាម​ច្រក​កំពង់ផែ​នាំចូល​ទំនិញ​ជាដើម​ឲ្យ​បានជា​ប្រចាំ ឬ​ញឹកញាប់។

លោក ក៏បាន​ស្នើ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​តាម​ទីផ្សារ​នានា ទាំង​អ្នកលក់​បោះ​ដុំ និង​អ្នក​លក់រាយ​ទំនិញ​គ្រប់​ប្រភេទ មិន​ត្រូវ​បន្ត​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ដាក់​ទៅលើ​ចំណីអាហារ ឬ​បន្លែ​ផ្លែឈើ ដើម្បី​ឲ្យ​អ្នកទិញ​មើល​ឃើញ​ស្រស់ និង​ទុក​លក់​បាន​យូរ​ថ្ងៃ​ទៀត​ទេ ព្រោះ​ទង្វើ​នេះ​ខុសច្បាប់ និង​ត្រូវ​ផ្ដន្ទាទោស។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ស្ត្រី​មេផ្ទះ ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​សកម្មភាព របស់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ពិសោធន៍​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គា មឹក ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ​ជាដើម ដើម្បី​រក​សារ​ធាតុគីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី បាន​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ ដោយ​បង្ហាញ​កា​​គាំទ្រ​សកម្មភាព​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​នេះ ដែល​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​តាម​ទីផ្សារ​នានា និង​ចុះ​អប់រំ​ដល់​កុមារ​នៅ​តាម​សាលា​ជា​បន្តបន្ទាប់​មកនេះ។

អ្នកស្រី ស្នើ​ដល់​មន្ត្រី​កាំកុងត្រូល ត្រូវ​នាំ​ខ្លួន​អ្នក​ផ្ដើម​គំនិត លួច​ដាក់​សារធាតុ​គីមី​នៅ​លើ​ចំណីអាហារ ដើម្បី​ស្តុក​ទុក​លក់​បាន​យូរ​ថ្ងៃ និង​មើល​ឃើញ​ស្រស់ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ដើម្បី​ជា​ការ​ព្រមាន។


យ៉ាងណា​ក៏ដោយ​ចុះ លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ប្រកាស​លេខ​ទូរស័ព្ទ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ បើ​ដឹង​ថា ទីតាំង​ណាមួយ​មាន​លក់ទំនិញ​ខូចគុណភាព មុខម្ហូប​ស្រស់ ចំណីអាហារ​វេច​ខ្ចប់​ទាំង​ស្រស់ ឬ​ក្រៀម ព្រមទាំង​ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ ដែល​សង្ស័យ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​មកកាន់​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាមរយៈ​ទូរស័ព្ទ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៤៦ ០៤៦៕
អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។
ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: