កាន់តែធ្ងន់កហើយតេជោអើយ! ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោកហ្វីលីព ហ្គ្រីន(Philip Green)បដិសេធយ៉ាងដាច់អហង្ការថា ប្រទេសអូស្ត្រាលី មិនបានគាំទ្រចំណាត់ការណាមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន!-Australia deny supporting hunsen govt lasted actions.
កាន់តែធ្ងន់កហើយតេជោអើយ! ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក ហ្វីលីព ហ្គ្រីន (Philip Green) បដិសេធយ៉ាងដាច់អហង្ការថា ប្រទេសអូស្ត្រាលី មិនបានគាំទ្រចំណាត់ការណាមួយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមធ្វើឲ្យធ្លាក់ចុះដុនដាបនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលសារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាលមួយចំនួនរាយការណ៍នោះទេ។
ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក ហ្វីលីព ហ្គ្រីន បានបដិសេធថា ក្រសួងការបរទេសអូស្ត្រាលី មិនបានបង្កើនទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ដូចតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនានា ដែលស្និទ្ធនឹងរដ្ឋាភិបាលនោះទេ។ ថ្លែងក្នុងសវនាការរបស់គណៈកម្មាធិការនីតិកម្មស្ដីពីកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា លោក ហ្វីលីព ហ្គ្រីន ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ត្រី រវាងក្រសួងការបរទេស កម្ពុជា និងអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ គ្រាន់តែជាទិដ្ឋភាពបន្ថែមមួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ៖ «ខ្ញុំចង់បញ្ជាក់ត្រង់ចំណុចនេះ។ មានការរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ប្រទេសអូស្ត្រាលី និងកម្ពុជា បានបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។ នេះមិនមែនជាអ្វី ដែលខ្ញុំដាក់ចំណាត់ថ្នាក់ទំនាក់ទំនងនេះឡើយ។ វាគ្រាន់តែជាទិដ្ឋភាពថ្មី ឬទិដ្ឋភាពបន្ថែម នៃទំនាក់ទំនងរបស់យើងជាមួយប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ហើយការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះទៀតសោត ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីឲ្យប្រទេសអូស្ត្រាលី អាចផ្សាភ្ជាប់ជាមួយប្រទេសកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ផ្អែកលើទំនាក់ទំនងទ្វេភាគីនេះ ពោលគឺជាពិសេស ការផ្ដោតលើវិស័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងបញ្ហាសន្តិសុខក្នុងតំបន់»។
ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីដដែលរូបនេះ ទម្លាយឲ្យដឹងនៅចំពោះមុខសមាជិកព្រឹទ្ធសភា នៃគណៈកម្មាធិការនីតិកម្មស្ដីពីកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអូស្ត្រាលីថា ស្ថានទូតអូស្ត្រាលី ត្រូវបានគេប្រាប់នៅនាទីចុងក្រោយថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិធីចុះហត្ថលេខានេះ ដែលអមដោយពិធីជល់ស្រាសំប៉ាញ (Champagne) ប្រសិទ្ធិពរគ្នាទៅវិញទៅមក។ លោកថា ខាងស្ថានទូតបានស្នើកុំឲ្យមានដំណើរការនៃពិធីជល់ស្រាសំប៉ាញប្រសិទ្ធិពរគ្នានេះឡើយ ក៏ប៉ុន្តែមន្ត្រីការទូតកម្ពុជាបានទាមទារឲ្យមានការជល់កែវស្រាសំប៉ាញនេះឡើង ដោយសារតែពួកគេចាត់ទុកពិធីចុះហត្ថលេខានេះ ជាពិធីការការទូតដ៏សំខាន់មួយ៖ «បាទ អ្នកស្រីសមាជិកព្រឹទ្ធសភា! វាគឺជាការគួរឲ្យសោកស្ដាយណាស់ ដែលគេយករូបភាពនៃការអបអរសាទរពិធីចុះហត្ថលេខានេះ ភ្ជាប់ជាមួយនឹងការជល់ស្រាសំប៉ាញនេះ។ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជេឡា ខរខូរ៉េន (Angela Corcoran) ត្រូវបានអញ្ជើញឲ្យចូលរួមពិធីចុះហត្ថលេខានេះ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់ភាគីកម្ពុជា គឺលោក ប្រាក់ សុខុន។ ក្រសួងការបរទេសកម្ពុជា មិនបានផ្ដល់ព័ត៌មានលម្អិតជាក់លាក់អំពីពិធីចុះហត្ថលេខានេះឡើយ។ ក្រសួងការបរទេសកម្ពុជា ជូនដំណឹងអំពីពិធីចុះហត្ថលេខានេះ តែបន្តិចនៅមុនពិធីចុះហត្ថលេខាធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា។ ស្ថានទូត មិនត្រូវបានគេជូនដំណឹង ឬពិគ្រោះយោបល់ជាមួយឡើយ នៅមុនពេលចេញលិខិតជូនដំណឹងនេះ។ ក្រោយពេលចេញផ្សាយនូវសេចក្ដីប្រកាសព័ត៌មាន មន្ត្រីការទូតកម្ពុជា បានប្រាប់ស្ថានទូតថា សារព័ត៌មានជាតិត្រូវបានអញ្ជើញឲ្យចូលរួម ហើយថា មានពិធីជល់កែវស្រាសំប៉ាញ។ ស្ថានទូតបានស្នើសុំឲ្យភាគីកម្ពុជា កុំឲ្យមានការជល់កែវស្រាសំប៉ាញនេះឡើយ។ ខាងក្រសួងការបរទេស ប្រាប់មកវិញថា វាគឺជាពិធីការដ៏សំខាន់មួយ ដោយសារមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រី ប្រសិនបើចង់ឲ្យមានការចុះហត្ថលេខានេះ។ ឯកអគ្គរាជទូតត្រូវបានគេធ្វើឲ្យស្ថិតក្នុងស្ថានភាព មិនច្បាស់លាស់ដែលលោកស្រី មិនបានដឹងជាមុនថា នឹងមានពិធីជល់កែវស្រាសំប៉ាញនេះ»។
គេហទំព័រក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃទី១៨ ខែតុលា ថា លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា អ្នកស្រី អេនជេឡា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្ដីពីការបង្កើតកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ត្រី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់អូស្ត្រាលី។ ពិធីចុះហត្ថលេខានេះ ត្រូវបានសារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាល យកទៅចុះផ្សាយ អមដោយរូបភាពនៃការអបអរពិធីនេះ តាមរយៈការជល់ស្រាសំប៉ាញ ប្រសិទ្ធិពរគ្នារវាងភាគីទាំងពីរកម្ពុជា អូស្ត្រាលី ក្រោយពេលពិធីចុះហត្ថលេខារួច។
កាសែតបានសរសេរថា ក្នុងពិធីនេះ លោក ប្រាក់ សុខុន បានធ្វើការគូសបញ្ជាក់ថា ពិធីការចុះហត្ថលេខាលើអនុស្សរណៈនេះ នឹងកំណត់នូវជំហានថ្មីមួយក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់រវាងប្រទេសទាំងពីរ ឈរលើគោលការណ៍សមភាព មានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។ លោក ប្រាក់ សុខុន ត្រូវបានសារព័ត៌មានដដែលនេះ ស្រង់ប្រសាសន៍បន្តថា ការបង្កើតឲ្យមានកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្ដមមន្ត្រី រវាងក្រសួងការបរទេសទាំងពីរ នឹងជួយសម្រួលដល់ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ ព្រមជាមួយគ្នានេះ ក៏មានការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងអូស្ត្រាលី នឹងធ្វើឡើងរៀងរាល់១ឆ្នាំម្ដង ហើយថា បើក្នុងករណីចាំបាច់នឹងមានជំនួបពិគ្រោះយោបល់គ្នាញឹកញាប់។
ជុំវិញករណីអបអរសាទរពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ អមដោយរូបភាពនៃការជល់ស្រាសំប៉ាញ យ៉ាងអធិកអធមនេះ ត្រូវបានសារព័ត៌មានអន្តរជាតិ និងក្រុមអង្គការអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលអូស្ត្រាលីរបស់លោកនាយករដ្ឋមន្ត្រី ម៉ាលខុមប៍ ធឺនប៊ល (Malcomb Turnbull) មិនគួរធ្វើដូច្នេះឡើយជាមួយរដ្ឋាភិបាលកម្ពុជា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើយុទ្ធនាការ គាស់រំលើងលទ្ធិប្រជាធិបតេយ្យ ដោយមិនបង្អង់ដៃដែលធ្វើឲ្យកម្ពុជារអិលធ្លាក់ទៅក្នុងរបបផ្ដាច់ការជាស្ថាពរ។ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឲ្យប្រទេសនានា ជាពិសេសប្រទេសអូស្ត្រាលី ដែលបានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាក្នុងពេលកន្លងទៅ ឲ្យដាក់សម្ពាធមកលើលោក ហ៊ុន សែន ដើម្បីឲ្យលោកបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការនេះ ក្នុងការបំបិទមាត់ក្រុមអ្នករិះគន់ និងឲ្យពិចារណាដាក់ទណ្ឌកម្មសមស្របមកលើរបបលោក ហ៊ុន សែន នេះ។
ស្ថានទូតអូស្ត្រាលីប្រចាំក្នុងភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពនយោបាយនៅកម្ពុជា។ ស្ថានទូតថា អូស្ត្រាលីមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានបង្ហាញជូនរដ្ឋាភិបាលកម្ពុជានូវការព្រួយបារម្ភជុំវិញការវិវត្តនយោបាយនាពេលថ្មីៗនេះ។ ស្ថានទូតថា សកម្មភាពថ្មីបំផុតពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការព្រួយបារម្ភជាបន្តទៀត។ ស្ថានទូតសង្កត់ធ្ងន់ៗថា ការឈានទៅរកការំលាយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នឹងក្លាយជាជំហានថយក្រោយមួយ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជះឥទ្ធិពលដល់ការទទួលបានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានតម្លាភាព នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ អូស្ត្រាលី ជំរុញឲ្យភាគីកម្ពុជា ផ្តល់នូវបរិយាកាសអំណោយផល និងប្រកបដោយសុវត្ថិភាពជូនប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំ។ ស្ថានទូតគូសបញ្ជាក់ថា វិស័យសារព័ត៌មានដែលរស់រវើក សង្គមស៊ីវិលដែលសកម្ម និងគណបក្សប្រឆាំងដែលអាចជឿជាក់បាន ជាសមាសធាតុនៃសង្គមប្រជាធិបតេយ្យ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: