วันศุกร์ที่ 13 เมษายน พ.ศ. 2561

ហិហិ សិល្បៈ វប្បធម៌ខ្មែរ កំពុងតែសាបព្រោះបណ្ដុះចង្វាក់បែកស្លុយនឹងឆ្កែកើន​ឡើង ក្នុងយុគតេជោរឆ្កែឡើងដៃប្លន់អំណាចគ្រប់គ្រងខេមររដ្ឋ ខណៈអ្នកជំនាញខាងអភិរក្ស សិល្បៈ វប្បធម៌ខ្មែរ ​បារម្ភ​ពី​ការ​ផលិត​បទបែក​ស្លុយ​នេះ !​


អ្នកជំនាញខាងអភិរក្ស សិល្បៈ វប្បធម៌ខ្មែរ ​ បារម្ភ​ពី​ការ​ផលិត​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ដែល​គេ​និយម​ហៅ​ថា ចង្វាក់​បែក​ស្លុយ​នោះ កើន​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​ការ​លេង​ល្បែង​របាំ​ប្រពៃណី និង​ការ​ផលិត​បទ​ចម្រៀង​បែប​ប្រជាប្រិយ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ និង​មិន​សូវ​ជា​ទី​ចាប់​អារម្មរណ៍​របស់​មនុស្ស​សម័យ​ថ្មី​មួយ​ចំនួន​ឡើយ។ អ្នក​ជំនាញ​យល់​ថា​បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អត្តសញ្ញាណ​ប្រពៃណី ទំនៀម​ទម្លាប់ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​វប្បធម៌​ខ្មែរ រួមទាំង​អាច​ធ្វើ​ឲ្យ​យុវជន​ស្រករ​ក្រោយ បាត់បង់​នៅ​មនសិការ​ចំពោះ​ជាតិ​ខ្លួន​ជា​ដើម។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ចោល​ឈូង បោះ​អង្គុញ លាក់​កន្សែង វាយ​ក្អម និង​ល្បែង​ជា​ច្រើន​ប្រភេទ​ទៀត អម​ដោយ​បទ​ចម្រៀង​ប្រជាប្រិយ​ផ្តោះផ្តង​ក្នុង​សម្លៀក​បំពាក់​ប្រពៃណីជាតិ ដែល​ជា​អត្តសញ្ញាណ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ហាក់​ដូច​ជា​កាន់​តែរ​សាត់​ឆ្ងាយ​បន្តិច​ម្តងៗ ពី​ក្រសែ​ភ្នែក​និង​អារម្មណ៍​របស់​យុវវ័យ​សម័យ​ថ្មី។

ទាក់ទង​បញ្ហា​នេះ ​ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង ឈ្មោះ ស៊ុន មករា លើក​ឡើង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ «ច» ២០១៨ នេះ ហាក់​ដូច​ជា​សោះកក្រោះ​សម្រាប់​លោក ព្រោះ​លោក​ឃើញ​ថា ទី​ណា​ក៏​ដោយ ក៏​ឮ​តែ​បទ​ចម្រៀង​បែក​ស្លុយ ខុស​ឆ្ងាយ​ពី​បណ្តា​ឆ្នាំ​មុនៗ។

លោក ស៊ុន មករា បន្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ តែងតែ​មាន​អារម្មណ៍​រំភើប សប្បាយ​រីករាយ នៅ​ពេល​ឮ​បទ​ចម្រៀង​ប្រជាប្រិយ ដូចជា​រាំវង់ សារ៉ាវ៉ាន់ តាលុង និង​ចង្វាក់​កន្ទ្រឹម ជា​ដើម ដែល​ត្រូវ​បាន​គេ​ចាក់​តាម​ធុងប៉ាស់​នៅ​តាម​វត្ត ឬ​ភូមិ និង​ស្រុក​នានា សម្រាប់​អប់អរ​ពិធី​បុណ្យ ចូល​ឆ្នាំ​ខ្មែរ​ម្តងៗ។

ពលរដ្ឋ​ដទៃ​ទៀត ក៏​រិះគន់​ដែរ​ថា របប​លោក ហ៊ុន សែន សព្វថ្ងៃ​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ ដែល​ជា​ខឿន​វប្បធម៌​ជាតិ​ប៉ុន្មាន​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ដែល​ផលិតកម្ម​ធំៗ នាំ​គ្នា​ប្រកួត​ប្រជែង​ផលិត​បទ​ចម្រៀង​បែក​ស្លុយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​ពួក​គេ ធ្លាប់​ទទួល​បាន​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​របប​លោក ហ៊ុន សែន។ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៧ លោក ហ៊ុន សែន និង​ភរិយា​របស់​លោក បាន​យក​បទ​រាំ​ញី​កែង​ជើង បទ​រាំ​អញ្ចេកៗ និង​បទ​ឆ្កែ​រត់​បុក​ប៉ោត ដើរ​រាំ​គ្រប់​ទី​កន្លែង សូម្បី​តែ​នៅ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ក្តី។ រីឯ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក ហ៊ុន សែន បាន​យក​បទ​រាំ​ញី​កែង​ជើង​ទៅ​រាំ​នៅ​ប្រទេស​កាណាដា​ដែរ ខណៈ​ដែល​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ដឹក​នាំ​ដោយ​លោក ទៀ បាញ់ បាន​នាំ​គ្នា​រាំ​បទ​ញី​កែង​ជើង​នៅ​ប្រទេស​រុស្សី។


តារាចម្រៀង អ្នកនាង​ ខាត់ សុឃីម មាន​ប្រសាសន៍​ថា ការ​ផលិត​បទ​ចម្រៀង​បែប​កន្ទ្រឹម និង​បែប​ប្រជាប្រិយ គឺ​មាន​ចំនួន​តិចតូច​បំផុត បើ​ប្រៀបធៀប​ជា​មួយ​បទ​ញាក់​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ។ អ្នកនាង​សម្តែង​ការ​សោក​ស្តាយ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វប្បធម៌​ប្រពៃណី​ខ្មែរ​កំពុង​បាត់​បង់​បន្តិច​ម្តងៗ។ តាម​ចម្រៀង​ពហុ​ជំនាញ​រូប​នេះ​បន្ត​ទៀត​ថា សព្វថ្ងៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​តែ​គាំទ្រ​បទ​ចម្រៀង​បែប​ប្រជាប្រិយ​ខ្មែរ​ដដែល ប៉ុន្តែ​ដោយសារ​ខាង​ផលិតកម្ម និង​អ្នក​ចម្រៀង ចេះ​តែ​នាំ​គ្នា​ផលិត និង​ច្រៀង​បទ​ញាក់ៗ ទៅ​វិញ។

នៅក្នុងពិធីបុណ្យចូលឆ្នាំនេះ អ្នកនាង ខាត់ សុឃីម បាន​ផលិត​បទ​ចម្រៀង​បែប​ប្រជាប្រិយ​ចំនួន ៧​បទ។ ក្នុង​ចំណោម​នោះ មាន​បទ​មួយ​មាន​ចំណង​ជើង​ថា «ពុក​វា​មើល​កូន អូន​ឡើង​រាំ'» បាន​​ទទួល​​ការ​​ពេញ​និយម​យ៉ាង​ខ្លាំង​​​ពី​​ពលរដ្ឋ​​ខ្មែរ។


កាលពីមុនពិធីបុណ្យចូលឆ្នាំ​ខ្មែរ អ្នក​នាង ខាត់ សុឃីម ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត​ដែរ ដែល​ជា​ភ្លេង បុរាណ​មាន​ចំណង​ជើង​ថា «រងា»។

បទមួយនេះបង្ហាញអំពីការស្តាយស្រណោះ នូវ​បទ​ភ្លេង​បុរាណ​ខ្មែរ ដែល​ ត្រូវ​បាន​គេ​ទុក​ចោល មិន​សូវ​មាន​ការ​គាំទ្រ​ដូច​បទ​បរទេស ជា​ពិសេស គឺ​ក្មេង​សម័យ​ថ្មី​តែ​ម្ដង ដែល​ចូល​ចិត្ត​ច្រៀង​តែ​បទ​បែក​ស្លុយ។

អ្នកនាង ខាត់ សុឃីម ឲ្យដឹងដែរថា អ្នកនាង​នឹង​ខិតខំ​បន្ត​ធ្វើ​បទ​ចម្រៀង​បែប​ប្រពៃណី ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​ក្នុង​ឈុតហូល ផាមួង ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​នាំ​អារម្មរណ៍​ប្រជា​ពលរដ្ឋ​ឲ្យ​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជាតិ។

បទចម្រៀងចង្វាក់ញាក់ៗ ដែល​លេច​ធ្លោ មាន​ទាំង​ការ​គាំទ្រ និង​មាន​ការ​រិះគន់​ក៏​ខ្លាំង​ដែរ​នោះ មាន​ដូច​ជា​បទ«បីឆ្កែចូលរាំ បទដឹកឆ្កែទៅលេងស្រុក បទមាន់ស្រែ ​ បទស្រលាញ់អូនស្លៀកខោរហែក បទហាមលេងជេម៉ែ មាន់ស្រែ បន្លែស្រស និងបទរាំស្កុប ជាដើម…។

បទ​ទាំង​នេះ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​តាម​រលក​ធាតុអាកាស​វិទ្យុ និង​ ទូរទស្សន៍​ឡើយ។

អ្នក​នាំ​ពាក្យ​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈសត្យា មាន​ប្រសាសន៍​ថា បទ​ចម្រៀង ដែល​បណ្តា​ផលិតកម្ម​បាន​តាក់តែង និង​ផលិត​នោះ គឺ​ជា​ការ​ឆ្នៃ​ប្រឌិត និង​ជា​ការ​តម្រូវ​ទៅ​លើ​ទីផ្សារ ហើយ​គ្មាន​ចេតនា​ជាន់​ឈ្លី​វប្បធម៌ និង​ចង់​ឲ្យ​គេ​ស្អប់ ឬ​រិះគន់​នោះ​ទេ។ លោក​បន្ថែម​ថា ផលិតកម្ម​ទាំង​អស់ ក៏​មិន​បាន​ផលិត​សុទ្ធតែ​បទ​បែក​ស្លុយ​នោះ​ដែរ ពោល​គឺ​មាន​ទាំង​បទ​រាំវង់ រាំ​ក្បាច់ និង​ចង្វាក់​កន្ទ្រឹម​ទៀត​ផង។ ទន្ទឹម​គ្នា​នេះ លោក​ប្រតិកម្ម​ថា អ្នក​រិះគន់​បទ​ចម្រៀង​ញាក់​មួយ​ចំនួន ចេះ​តែ​រិះគន់​តាម​គ្នា​ប៉ុណ្ណោះ មិន​បាន​យល់​ដឹង​ស៊ី​ជម្រៅ​លើ​អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ឡើយ។


ផ្ទុយពីការលើកឡើងនេះ ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល ហៅ​វត្តខ្ចាស់ ខេត្ត​បន្ទាយមាន ជ័យ ព្រះតេជ​ព្រះគុណ ចាន់ សុជន មាន​ថេរៈដីកា​ថា ការ​ផលិត​បទ​ចម្រៀង ដែល​គ្រាន់​តែ​តម្រូវ​ទៅ​លើ​ទីផ្សារ​នោះ មិន​គួរ​ភ្លេច​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ជាតិ​នោះ​ទេ។ ព្រះតេជគុណ​បន្ត​ថា ជាការ​ពិត​ណាស់ វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ គឺ​ជា​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយៗ។ សម្រាប់​ជាតិ​សាសន៍​ខ្មែរ ល្បែង របាំ​ប្រជាប្រិយ បទ​ចម្រៀង និង​សម្លៀក​បំពាក់​ប្រពៃណី​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​គឺ​ជា​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។ សម្បត្តិ​វប្បធម៌​ទាំង​នោះ ​គួរ​តែ​ត្រូវ​បាន​អភិរក្ស​ឲ្យ​បាន​គង់វង្ស​ បើ​ទោះ​ជា​មនុស្ស​ចាំបាច់​ត្រូវ​ការ​ភាព​ទំនើប​ក៏​ដោយ។

លើស​ពី​នេះ​ទៀត ព្រះតេជគុណ ចាន់ សុជន ផ្តល់​មតិ​ថា អ្នក​ដឹក​នាំ​ប្រទេស ឬ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​យក​មតិ​រិះគន់​របស់​មហាជន​មក​ពិនិត្យ​មើល ហើយ​កែ​តម្រូវ​ឡើង​វិញ ដើម្បី​ជៀសវាង​ផល​វិបាក​នានា ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត។

អ្នកនាង​ ខាត់ សុឃីម អំពាវនាវឲ្យ​​យុវជន​​ខ្មែរ​​ជំនាន់​​ក្រោយ​ភ្ញាក់​ស្មារតី​​ស្គាល់​​តម្លៃ​​សម្បត្តិ​វប្ប​ធម៌​​ជាតិ ​ហើយ​​ចេះ​​ស្រឡាញ់​​ និង​​ថែរក្សា​​កេរ្តិ៍​ដំណែល​​ដូនតា​​របស់​ខ្លួន​ ព្រោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​​គ្រប់​គ្នា តែងតែ​ទន្ទេញ​រត់​មាត់​ថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណារាយ​ជា​តិថ្កើង​ថ្កាន៕

បាទ! លោកអ្នកនាងជាទីមេត្រី! ខ្ញុំបាទ​សូម​ប្រសិទ្ធិពរ​ជ័យ ជូន​លោក​អ្នកនាង ព្រមទាំង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល ​សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ពាំ​នាំ​មក​ជូន​លោក​អ្នក​នូវ​សុខ​សន្តិភាព សុភមង្គល​ សុខភាព​ល្អ និង​ភាព​រុងរឿង​ត​រៀង​ទៅ! ៕

ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: