ស្ថានទូតជប៉ុនប្រចាំកម្ពុជា បញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ (Taro Kono) ពិតជាលើកយកបញ្ហានយោបាយ ពាក់ព័ន្ធនឹងការបោះឆ្នោតជាតិ នៅក្នុងជំនួបជាមួយប្រមុខរបបលោក ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅនេះ។
ទីប្រឹក្សារបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) បញ្ជាក់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក នៅថ្ងៃទី១០ ខែមេសា នេះថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក តារ៉ូ កូណូ ពិតជាបានបញ្ជាក់ប្រាប់របបលោក ហ៊ុន សែន អំពីជំហររបស់ប្រទេសជប៉ុន ដែលនៅតែទទូចឲ្យរបបនេះ ធានាឲ្យមានការរៀបចំការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខនេះ ដោយធ្វើយ៉ាងណា ឲ្យប្រព្រឹត្តទៅឲ្យបានសមស្រប ដើម្បីឆ្លុះបញ្ចាំង ឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត។
លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី បញ្ជាក់បន្ថែមថា ប្រទេសជប៉ុន គឺជាមិត្តយូរអង្វែងរបស់កម្ពុជា ដែលបន្តជួយកសាងជាតិកម្ពុជា តាំងពីក្រោយបញ្ចប់សង្គ្រាមស៊ីវិល ដើម្បីឲ្យកម្ពុជាមានប្រជាធិបតេយ្យនឹងគេ។ លោកបញ្ជាក់បន្ថែមថា ទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាំងពីក្រោយ របបលោក ហ៊ុន សែន ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ រម្លាយគណបក្សប្រឆាំង បណ្ដេញអង្គការសង្គមស៊ីវិល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្ដែង ក្តីព្រួយបារម្ភ ពីស្ថានការអាក្រក់ផ្នែកនយោបាយ នៅកម្ពុជា និងស្នើឲ្យអ្នកនយោបាយ នៃគណបក្សធំៗទាំងពីរ ងាកមករកការចរចា ដើម្បីមានដំណោះស្រាយនយោបាយសមស្របមួយ មុនការបោះឆ្នោតជាតិ។ ប្រទេសជប៉ុន ព្រួយបារម្ភអំពីស្ថានការណ៍នយោបាយបែបនេះ និងតែងតែលើកយកបញ្ហានេះ មកជជែកជាមួយថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ រៀងរាល់ជំនួបផ្លូវការកន្លងមក។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមច្រានចោលជំហរ ចង់មានដំណោះស្រាយនយោបាយ នៅមុនការបោះឆ្នោតជាតិ។ មិនតែប៉ុណ្ណោះ របបលោក ហ៊ុន សែន ព្យាយាមលាក់បាំងព័ត៌មាន អំពីជំហរប្រទេសជប៉ុន ដែលតែងតែចង់ឃើញស្ថានភាពប្រសើរជាងនេះ ព្រោះជប៉ុនចង់ឃើញការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ រួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។ សេចក្ដីថ្លែងហេតុ របស់ក្រសួងការបរទេសកម្ពុជា ក្រោយជំនួបជាមួយភាគីជប៉ុននេះ មិនបានរៀបរាប់សូម្បីតែមួយម៉ាត់ អំពីអ្វីដែលរដ្ឋមន្ត្រីការបរទេសជប៉ុន លើកឡើងអំពីរឿងនយោបាយ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ នៅក្នុងជំនួបកាលពីថ្ងៃទី៨ ខែមេសា នោះទេ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: