លោក Mark Zuckerberg ចាកចេញពីកិច្ចប្រជុំជាមយនឹងលោក Bill Nelson សមាជិកព្រឹទ្ធសភា នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។ |
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសូមទោសចំពោះអ្វីដែលលោកចាត់ទុកថាជាការ «រំលោភលើសេចក្តីទុកចិត្ត» ពាក់ព័ន្ធនឹងការកេងប្រយោជន៍ពីទិន្នន័យរបស់អ្នកប្រើប្រាស់មានចំនួនជិត៨៧លាននាក់ដោយក្រុមហ៊ុន Cambridge Analytica។ មានការចោទសួរជាច្រើនពាក់ព័ន្ធនឹងករណីនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅស្របពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Facebook ត្រៀមខ្លួនចូលធ្វើសក្ខីកម្មនៅមុខសភានៅក្នុងសប្តាហ៍នេះ។ ប៉ុន្តែថាតើសវនាការនេះនឹងជួយផ្លាស់ប្តូរបញ្ហាសិទ្ធិឯកជនភាពនេះដែរឬយ៉ាងណានោះ។
ញូវយ៉ក៖ លោក Mark Zuckerberg អាចសារភាពទទួលកំហុសនៅពេលលោកធ្វើខុស។ លោកបាននិយាយថា៖ «យើងមិនបានត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលជាការទទួលខុសត្រូវរបស់យើង។ នោះគឺជាកំហុសដ៏ធំមួយ ហើយវាជាកំហុសរបស់ខ្ញុំ»។
លោកស្រី Sheryl Sandberg នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនFacebook ក៏ចូលរួមទទួលកំហុសដែរ។ អ្នកស្រីបាននិយាយថា៖ «យើងពិតជាបានធ្វើកំហុសមួយយ៉ាងធំ ហើយយើងសារភាពទទួលកំហុសនេះ»។
ប៉ុន្តែបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Facebook មិនទទួលយកកំហុសទាំងអស់នោះទេ។ លោក Zuckerberg បានថ្លែងបន្តថា៖ «ព័ត៌មានភាគច្រើនរបស់អ្នកប្រើប្រាស់ដែលមាននៅក្នុង Facebook គឺដោយសារតែពួកគេជាអ្នកយល់ព្រមចែកចាយវានៅលើបណ្តាញនេះ»។ លោកស្រី Sandberg បាននិយាយដូច្នេះថា៖ «ទិន្នន័យទាំងនោះគឺជាព័ត៌មានដែលអ្នកប្រើបា្រស់បានបញ្ជូលវានៅក្នុង Facebook ជាសាធារណៈ មានន័យថាអ្នកណាក៏អាចមើលឃើញដែរ»។
ហេតុផលទាំងនេះប្រហែលជាអាចបណ្តាលឲ្យមានការពិភាក្សាមួយនៅសប្តាហ៍នេះ ខណៈដែលលោក Zuckerberg ត្រៀមខ្លួនចូលធ្វើសក្ខីកម្មនៅមុខសភា ចំពោះការបណ្តោយឲ្យក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytica យកទិន្នន័យរបស់អ្នកប្រើប្រាស់ជិត៨៧លាននាក់ទៅប្រើប្រាស់បម្រើផលប្រយោជន៍របស់ខ្លួន។
លោក JOSEPH JEROME មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យា និងប្រជាធិបតេយ្យបាននិយាយតាមប្រព័ន្ធ Skype ថា៖ «នៅសហរដ្ឋអាមេរិកមានការនិយមប្រើប្រាស់កម្មវិធីបណ្តាញសង្គមតាមប្រព័ន្ធអ៊ីនធឺណែតជាច្រើនដូចជា Facebook និងកម្មវិធី Software ជាច្រើនទៀត។ ហើយលក្ខខណ្ឌនៃការប្រើប្រាស់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនទាំងនោះផ្ទាល់។ ហើយការត្រួតពិនិត្យលក្ខខណ្ឌ និងការអនុវត្តមិនដែលបានធ្វើនោះទេ។ វានៅមានភាពមិនច្បាស់លាស់នៅឡើយ»។
នេះមានន័យថាបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមានការខាតបង់តិចតួចប៉ុណ្ណោះចំពោះកំហុសរបស់ពួកគេ។ លោក JOSEPH JEROME បានថ្លែងបន្តថា៖ «គណៈកម្មការពាណិជ្ជកម្មសហព័ន្ធហៅកាត់ថា FTC បានផាកពិន័យក្រុមហ៊ុន Google ប៉ុន្តែបានពិន័យជាប្រាក់តែ២០លានដុល្លារតែប៉ុណ្ណោះ ហើយខ្ញុំជឿថាចំនួននេះប្រហែលជាស្មើនឹងចំនួនពាក់កណ្តាលនៃប្រាក់ចំណូលដែលក្រុមហ៊ុនេះរកបាន
ក្នុងមួយថ្ងៃ។ ដូច្នេះអ្នកដឹងហើយថាការផាកពិន័យគឺគ្រាន់តែជាថ្លៃធ្វើអាជីវកម្មប៉ុណ្ណោះ»។
ការធ្វើអាជីវកម្មនោះនៅតែត្រូវការការចែកចាយទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនបង្កើតកម្មវិធីដែលជាភាគីទីបី។ ទោះបីជាខ្វះតម្លាភាពក៏ដោយ លោកស្រី Sandberg និយាយហាក់ដូចជាគោលបំណងរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះគឺអស្ចារ្យ។ អ្នកស្រី SANDBERG ថ្លែងបន្ថែមថា៖ «យើងជឿជាក់លើពិភពលោកមួយដែលមនុស្សអាចចែករំលែកព័ត៌មាន និងចូលរួមជាមួយគ្នា។ យើងគ្រាន់តែមិនបានគិតឲ្យបានគ្រប់គ្រាន់អំពីការប្រើប្រាស់ក្នុងករណីមិនសមរម្យមួយចំនួនប៉ុណ្ណោះ»។
នៅក្នុងសបា្តហ៍នេះ ពួកគេត្រូវតែចាត់វិធានការឲ្យកាន់តែតឹងរឹងជាងមុន៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: