วันพุธที่ 4 เมษายน พ.ศ. 2561

សែនជោរ គូថវាទី៖ ប្រជា​ពលរដ្ឋ និង​អ្នក​វិភាគ រិះគន់​សុន្ទរកថា​ លោកហ៊ុន សែន ថាគ្មាន​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន-Useless​​ speech of Hun Sen


ប្រជា​ពលរដ្ឋ និង​អ្នក​វិភាគ​មើល​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ពេល​វេលា​ថ្លែង​សុន្ទរកថា មិន​សូវ​មាន​អត្ថរស និង​អត្ថន័យ សម្រាប់​ជា​ប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ចំណាយ​ពេល​ស្ទើរ​រាល់​ថ្ងៃ ដើរ​ថ្លែង​សុន្ទរកថា ហើយ អត្ថន័យ​ភាគ​ច្រើន​ក្នុង​សុន្ទរកថា​ទាំង​នោះ គឺ​គ្មាន​អ្វី​ថ្មី​ទេ គឺ​មាន​តែ​វាយ​ប្រហារ​បក្ស​ប្រឆាំង និង​ការ​អួតអាង​អំពី​ស្នាដៃ​របស់​របប​លោក​ជា​ដើម។

ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​មក​ដល់​លោក ហ៊ុន សែន បាន​បង្ហាញ​ខ្លួន​តាម​វេទិកា​សាធារណៈ​ស្ទើរ​រាល់​ថ្ងៃ ដើម្បី​ថ្លែង​សុន្ទរកថា ឬ​ឃោសនា ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​សំឡេង​ឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ឆ្នាំ​២០១៣។


ទោះ​យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ ដែល​ស្ដាប់​សុន្ទរកថា លោក ហ៊ុន សែន សម្ដែង ការ​មិន​ពេញ​ចំពោះ​អាកប្បកិរិយា និង​ពាក្យ​សម្ដី​ទាំង​នោះ​ទេ៖ «ខ្ញុំ​ឃើញ​ជាក់​ស្ដែង គឺ​គាត់​យក​ឱកាស​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត មិន​ថ្លែង​សុន្ទរកថា​ឲ្យ​ច្បាស់លាស់​ក្នុង​នាម​ជា​មេដឹកនាំ ឬ​ការ​ទទួល​ខុស​ត្រូវ​អ្វី​ទេ។ផ្ទុយ​ទៅ​វិញ គាត់​ឆ្លៀត​ឱកាស​យក​បញ្ហា​នយោបាយ​មក​វាយ​ប្រហារ​បក្ស​ប្រឆាំង ចង់​ចំណេញ​នយោបាយ ហើយ​យក​ភាសា​អសុរោះ​មក​និយាយ​អោយ​និស្សិត​ស្ដាប់​ទៅ​វិញ»។

កម្មករ និង​សិស្ស​និស្សិត ឬ​ទស្សនិកជន​ភាគ​ច្រើន តែង​តែ​ទទួល​បាន​ប្រាក់​ជា​ថ្នូរ នឹង​ការ​ចំណាយ ពេល​អង្គុយ​ស្ដាប់​សុន្ទរកថា របស់​លោក ហ៊ុន សែន។ ពេលខ្លះ អ្នក​ស្ដាប់​ភ្ញាក់​ផ្អើល ចំពោះ​កាយវិការ និង​សម្ដី​ច្រឡោងខាម អា​មឹង យ៉ាង​អសុរោះ។ ពាក្យ​សម្ដី​របស់​លោក ហ៊ុន សែន ខ្លះ​ទៀត ក៏​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក យក​កាត់​ត ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម ទុក​ជា​ការ​លេង​សើច​ទៀត​ផង។


គិត​ត្រឹម​ខែ​សីហា ចុង​ឆ្នាំ​២០១៧ រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៨ នេះ គឺ​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​ជួប​ជា​មួយ​កម្មករ គ្រូ​បង្រៀន គ្រូ​ពេទ្យ និង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត រួម​ទាំង​ពិធី​សម្ពោធ​សមិទ្ធិ​នានា មិន​តិច​ជាង ៥០​ដង​នោះ​ទេ ដោយ​ក្នុង​ម្ដងៗ លោក​ចំណាយ​មិន​ដែល​តិច ១​ម៉ោង នោះ​ឡើយ។ អត្ថន័យ​ភាគ​ច្រើន ក្នុង​សុន្ទរកថា​ទាំង​នោះ គឺ​លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី​ស្នាដៃ​របប​លោក ដូចជា​ស្នាដៃ​កម្ចាត់​របប ប៉ុល ពត និង​វាយ​ប្រហារ​បក្ស​សង្គ្រោះ​ជាតិ រិះគន់​អ្នក​ធ្វើការ​សង្គម រិះគន់​អ្នក​វិភាគ​នយោបាយ និង​ស្ត្រី​មេម៉ាយ ចាស់​ព្រឹទ្ធាចារ្យ អ្នក​យក​ព័ត៌មាន​ ដែល​ហ៊ាន​រាយការណ៍​ពិត​អំពី​ភាព​ផ្ដាច់ការ​ក្នុង​ការ​ដឹកនាំ​របស់​លោក និង ប្រមាថ​សហរដ្ឋអាមេរិក​ជាដើម។ ការ​ប្រមាថ​ប៉ះ​ចំ​ប្រទេស​មហា​អំណាច​មួយ​នេះ ក៏​ត្រូវ​មន្ត្រី​ទូត​អាមេរិក​ទ្រាំ​មិន​បាន​ រហូត​ហ៊ាន​តប​វិញ​ថា លោក ហ៊ុន សែន ថ្លែង​ផ្ដេសផ្ដាស និង​ឡប់ៗ ជាដើម។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ព្រះសង្ឃ ក៏​លោក ហ៊ុន សែន មិន​លើកលែង​ឲ្យ​នោះ​ដែរ មិន​ថា​សារ​ដែល​លោក​កំពុង​ថ្លែង​នោះ ធ្វើ​នៅ​ចំពោះ​ស្រពព្រះភ័ក្ត្រ​ព្រះសង្ឃ នោះ​ទេ។

ប្រជាពលរដ្ឋ លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ចុះ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​គ្រប់​ទីកន្លែង ជាពិសេស ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​ចំណាយ​ពេល ដើរ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ឥត​បាន​ការ នៅ​ចំពោះ​មុខ​ ប្រជា​ពលរដ្ឋ​ស្ទើរ​មិន​លស់​ថ្ងៃ​ដូច្នេះ។ ប្រជាពលរដ្ឋ ក៏​បាន​រិះគន់​ចំពោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រី​ធំៗ មួយ​ចំនួន​ទៀត ដែល​តែងតែ​ទៅ​អង្គុយ ហែហម​ខាង​ក្រោយ ចាំ​ស្ដាប់​លោក ហ៊ុន សែន និយាយ និង​ទះ​ដៃ​សាទរ សូម្បី​តែ​សម្ដី​របស់​លោក ហ៊ុន សែន គ្រោតគ្រាត និង​អសីលធម៌​យ៉ាង​ណា​ក៏​ដោយ។ ពលរដ្ឋ​លើក​ឡើង​បន្ថែម​ថា មន្ត្រី​ទាំង​នោះ មិន​បាន​បំពេញ​តួនាទី​ស្នូល របស់​ខ្លួន​ទៅ​តាម​មុខងារ ឬ​តាម​ក្រសួង​នោះ​ឡើយ។ ពលរដ្ឋ ចាត់​ទុក​ការ​ចំណាយ​ពេល​របស់​មន្ត្រី​ធំៗ ទាំង​នោះ គឺ​ជា​ការ​លួច​ពេល ឬ​ម៉ោង​ការងារ​រដ្ឋ ទៅ​ដើរ​តាម​លោក​នាយករដ្ឋមន្ត្រី​គ្រប់​ច្រក​ល្ហក ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ខាត​បង់​ធំធេង​ណាស់៖ «អំពើ​អយុត្តិធម៌ គឺ​វា​ច្រើន​ណាស់​នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​ស្ទើរ​តែ​គ្រប់​រឿង គ្រប់​ស្រុក​គ្រប់​ខេត្ត​ក្រុង​តែ​ម្តង ប៉ុន្តែ​ពួក​គាត់​ជា​អ្នក​មាន​អំណាច ជា​មន្ត្រី បែរ​ជា​មិន​យក​ពេល​វេលា​ទាំង​អស់​នោះ មក​គិត​ពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ ដែល​កំពុង​រស់​នៅ​រង​ទុក្ខវេទនា ក្រខ្សត់​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​យក​ពេល​វេលា​ទាំង​នោះ ទៅ​ស្តាប់​ថ្នាក់​ដឹកនាំ​របស់​គាត់ ដែល​ប្រើ​ពាក្យ​ជេរ វាយ​ប្រហារ ប្រើ​ពាក្យអសុរោះ ហើយ​បែរ​ជា​នាំ​គ្នា​សប្បាយ​ត្រេក​អរ​ទះ​ដៃ​លើក​ទឹក​ចិត្ត​ទៅ​វិញ។ ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។


ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ សង្កេត​ឃើញ​ថា ទាល់​តែ​ជិត​បោះឆ្នោត ទើប​លោក ហ៊ុន សែន បង្ហាញ​កាយ​វិការ​យក​ចិត្ត​យក​ថ្លើម​ប្រជា​ពលរដ្ឋ ជា​ពិសេស​ទៅ​លើ​ក្រុម​មនុស្ស ដែល​មាន​សំឡេង​ឆ្នោត​ខ្លាំង ដូច​ជា កម្មករ​រោងចក្រ និង​សិស្ស​និស្សិត​ជា​ដើម។ ប៉ុន្តែ​បញ្ហា​ទុក្ខសោក​ជា​ច្រើន របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​តែ​មិន​ទាន់ ត្រូវ​បាន​ដោះស្រាយ​ដដែល។ លើស​ពី​នេះ លោក ហ៊ុន សែន តែងតែ​យក​វេទិកា​ជួប​កម្មករ និង​សិស្ស​និស្សិត​ជា​ដើម​នោះ ថ្លែង​សុន្ទរកថា វាយ​ប្រហារ លើ​បក្ស​ប្រឆាំង ប្រើ​ភាសា​នយោបាយ​ហិង្សា និង​បង្ហាញ​គំរូ​មិន​ល្អ​មួយ​ចំនួន​ដល់​ប្រជា​ពលរដ្ឋ។ លោក ហង្ស វិទូ យល់​ថា ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​ប្រកាន់​ខ្ជាប់​សកម្មភាព​បែប​នេះ គឺ​មិន​បាន​ផល​ចំណេញ​នយោបាយ​នោះ​ទេ តែ​បែរ​ជា​ថែម​ទាំង​ខាតបង់​សំឡេង​ឆ្នោត កាន់​តែ​ខ្លាំង​លើស​ដើម​ទៅ​វិញ៖ «ខ្ញុំ​ឃើញ​ថា បាន​ផល​អវិជ្ជមាន​ច្រើន​ជាង ទាំង​ពាក្យ​អសុរោះ​ទាំង​សារ​នយោបាយ ទាំង​ការ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ ​កម្មករ ប្រជា​ពលរដ្ឋ និង​និស្សិត​ជា​ដើម គឺ​ជា​រួម​បាន​ផល​អវិជ្ជមាន ច្រើន​ជាង​បាន​ផល​វិជ្ជមាន។ ជា​ទូទៅ​ខ្ញុំ​ឃើញ​ថា មេដឹកនាំ​ដែល​គាត់ ដឹក​នាំ​បាន​ល្អ គឺ​ធ្វើ​រឿង ៣​សំខាន់៖ «ទី១ គឺ​គាត់​ត្រូវ​ចុះ​សិក្សា​ស្វែងយល់​អោយ​បាន​ស៊ី​ជម្រៅ​អំពី​ទុក្ខសោក​របស់​ប្រជា​ពលរដ្ឋ ជា​ជាង​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​និយាយ។នៅ​ប្រទេស​ថៃ មេ​ដឹកនាំ​មាន​ពេល​និយាយ​តែ ១៥​នាទី​ទេ ហើយ​លោក​ប៉ារ៉ាក់ អូប៉ាម៉ា (អតីត​ប្រធានាធិបតី​អាមេរិក) ក្នុង​មួយ​ថ្ងៃ​គាត់​និយាយ​តែ ១០​នាទី​នោះ​ទេ។ ទី​២ គាត់​ត្រូវ​ព្យាយាម​និយាយ​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ផ្ញើ​សារ​បង្រួបបង្រួម​រវាង​អ្នក​នយោបាយ និង​ប្រជា​ពលរដ្ឋ ដែល​នេះ គឺ​ជា​រឿង​ចាំ​បាច់​បំផុត។ ទី​៣ មេ​ដឹក​នាំ​ល្អ ឬ​អ្នក​នយោបាយ​ល្អ ត្រូវ​ព្យាយាម​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​តម្លាភាព ហើយ​អត់​ប្រកាន់​បក្ខពួក​នោះ​ទេ។ សព្វថ្ងៃ​នេះ យើង​ឃើញ​ថា គាត់​ប្រកាន់​បក្ខពួក»។

នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាប្រិយភាព និង​ក្ដោបក្ដាប់​អាសនៈ​សភា​ចំនួន ៩០​អាសនៈ​នោះ គឺ​លោក ហ៊ុន សែន កម្រ​ចេញ​មុខ​ជា​សាធារណៈ​ញឹកញាប់​បែប​នេះ​ណាស់។ មិន​តែ​ប៉ុណ្ណោះ លោក​ធ្លាប់​អះអាង​ថា ទោះ​លោក​មិន​ចេញ​មុខ ក៏​នៅ​តែ​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស​ដែរ។

ប៉ុន្តែ​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ ដែល​គណបក្ស​កាន់​អំណាច ជ្រុះ​បាត់​កៅអី​អស់ ២២ ទៅ​គណបក្ស​ប្រឆាំង និង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​អាសនៈ​ឃុំ​សង្កាត់​ជិត ៥០០​ឃុំ-សង្កាត់ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង ៥.០០៧ តំណែង លោក ហ៊ុន សែន បាន​ចេញ​ក្រៅ ថ្លែង​សុន្ទរកថា ស្ទើរ​គ្មាន​ពេល​ទំនេរ។ ការ​ប្រឹង​ចេញ​មុខ​ថ្លែង​សុន្ទរកថា គ្មាន​លស់ ពេល​នេះ គឺ​មិន​មែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​សំឡេង​ឆ្នោត​គាំទ្រ​សន្ធឹក​សន្ធាប់ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ក្នុង​ការ​បោះឆ្នោត​ជាតិ និង​ឃុំ-សង្កាត់​ចុងក្រោយ​នេះ​ឯង។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​សំឡេង​ឆ្នោត​របស់​បក្ស​ប្រឆាំង បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​បោះឆ្នោត នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា ការ​ចុះ​តាម​វេទិកា​សាធារណៈ ដើម្បី​ថ្លែង​សុន្ទរកថា របស់​លោក ហ៊ុន សែន នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការ​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​មក​វិញ​ដែរ៖ «ដោយសារ​តែ​មាន​អ្នក​គាំទ្រ​ប្រកៀកប្រកិត​គ្នា​នេះ​ឯង ដែល​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​រហូត​មក​ដល់​សព្វថ្ងៃ គឺ​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច។ អ្នក​កំពុង​ឈ្នះ ភ័យ​ខ្លាច​ចាញ់ ហើយ​អ្នក​កំពុង​ចាញ់ មិន​ទាន់​ច្បាស់​លាស់​ថា ខ្លួន​ឯង​នឹង​ត្រូវ​ឈ្នះ។អ្វី​ដែល​នៅ​ពី​ក្រោយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ គឺ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រជាប្រិយភាព។ ការ​ចុះ​ថ្លែង​សុន្ទរកថា នេះ គឺ​ជា​ផ្នែក​មួយ ដើម្បី​ខំ​ប្រឹងប្រែង​ស្ដារ​ប្រជាប្រិយភាព​ឡើង​វិញ។ ខ្ញុំ​គិត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ដក​ឃ្លា ដើម្បី​កុំ​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ អាច​ឈាន​ទៅ​រក​កាន់​អំណាច​បាន។ វា​សុទ្ធតែ​មធ្យោបាយ​ក្នុង​ការ​ពន្យារ​ពេល ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ខ្លួន​ឡើង​វិញ»។


លោក​បណ្ឌិត មាស នី ថា​ការ​ដែល​បញ្ចេញ​សារ​នយោបាយ និង​ផ្លាស់​ប្ដូរ​សារ​នយោបាយ លឿន​ពេក នៅ​មុន​ការ​បោះឆ្នោត គឺ​សារ​នយោបាយ​ទាំង​អស់​នោះ នឹង​ត្រូវ​បាន មហាជន រិះគន់​ថា គ្រាន់​តែ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ធ្វើ​ឲ្យ​ល្អ​មើល តែប៉ុណ្ណោះ។ លោក ផ្ដល់​មតិ​ថា​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​កំណែទម្រង់ ឬ​ពិនិត្យ​ឡើង​វិញ នៅ​មូលហេតុ​ដើម ដែល​នាំ​ឲ្យ​បាត់បង់ ប្រជាប្រិយភាព​ទេ គឺ​ការ​ធ្វើ​ប្រជាភិថុតិ​ផ្សេងៗ នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ៖ «ជា​ទស្សនៈ​របស់​ខ្ញុំ គឺ​គណបក្ស​កាន់​អំណាច គួរ​តែ​វិល​ត្រឡប់​ទៅ​ឆ្លុះ​មើល​ឡើង​វិញ ថា​តើ​មូលហេតុ​អ្វី​ខ្លះ ដែល​នាំ​ប្រជាប្រិយភាព​ខ្លួន​ត្រូវ​បាត់បង់។ រឿង​ធំ​និង​សំខាន់ ដែល​ធ្វើឲ្យ​បាត់បង់​ប្រជាប្រិយភាព​នោះ គឺ​ការ​បណ្ដោយ​ឲ្យ​អំពើ​អយុត្តិធម៌ និង​អំពើ​ហិង្សា​ផ្សេងៗ កើត​មាន​ឡើង ហើយ​ប្រព័ន្ធ​យុត្តិធម៌ ក៏​មិន​ទាន់​បាន​ធ្វើការ​ដោយ​ឯករាជ្យ។ ដូច្នេះ​វា​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​អាក់អន់ ចិត្ត ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។ រឿង​មួយ​ទៀត គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​ជាង ៣​លាន​នាក់ ក៏​ជា​កត្តា​មួយ ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​គិត​ដែរ បាទ! )។

អ្នក​វិភាគ​លើក​ឡើង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន និង​យល់​ដឹង​ច្រើន​ជាង​មុន ហើយ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​ឃើញ​នោះ គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​ជឿន លឿន​ដូច​ប្រទេស​ជិត​ខាង។ ដូច្នេះ​អ្នក​នយោបាយ គួរ​តែ​បញ្ឈប់​វប្បធម៌​នយោបាយ​ប្រជាភិថុតិ បោកប្រាស់ ហើយ​ងាក​មក​ចាប់​ផ្ដើម​និយាយ អំពី​គោលនយោបាយ​សំខាន់ៗ ឲ្យ​បាន​ច្រើន​ជាង​នេះ សម្រាប់​អភិវឌ្ឍន៍​ជាតិ​ដ៏​កម្សត់​មួយ​នេះ​វិញ។

រី​ឯ​អ្នក​ស្រាវជ្រាវ​នយោបាយ​សន្តិសុខ និង​ការបរទេស លោក ឡុង គឹមឃន យល់​ឃើញ​ថា ជាតិ​មួយ​ខុស​ពី​ជាតិ​មួយ គឺ​ព្រោះតែ​គំនិត មិនមែន​ព្រោះតែ​ទឹកដី​នោះ​ទេ។ ជាតិ​ដែល​រីកចម្រើន មេដឹកនាំ​ស្រុក​នោះ យល់​ថា អ្វី​ក៏​ជាតិ​គេ​អាច​ធ្វើ​បាន​ដែរ។ ចំណែក​ជាតិ​ដែល​ទៅ​មុខ ទៅ​ក្រោយ ឬ​ទៅមុខ​មិន​រួច គឺ​មេដឹកនាំ​ជាតិ​នោះ​ចេះតែ​យល់ថា អ្វី​ក៏​ទៅ​មិន​រួច​ដែរ។ ហើយ​ធ្វើ​រឿង​ដដែលៗ​មិន​មាន​គំនិត​បង្កើត​ថ្មី។ លើស​ពី​នេះ លោក​បញ្ជាក់​ថា បើ​ស្ដាប់​មេដឹកនាំ​ប្រទេស​ជឿនលឿន​និយាយ ក្នុង​១០​នាទី គេ​និយាយ​ពី​ទស្សនវិស័យ​អនាគត​ចំនួន ៧​នាទី ហើយ ២​នាទី​និយាយ​ពី​បច្ចុប្បន្ន ចំណែក ១​នាទី​ទៀត និយាយ​ពី​អតីតកាល។ ប៉ុន្តែ​នៅ​ប្រទេស​អន់ថយ មេដឹកនាំ​អ្នក​នយោបាយ ចំណាយ ៧​នាទី និយាយ​ពី​អតីតកាល ២​នាទី​ពី​បច្ចុប្បន្នភាព ហើយ​១​នាទី​ប៉ុណ្ណោះ​និយាយ​ពី​ទស្សនៈ​អនាគត ឬ​អត់​តែម្ដង៕


ប្រភព៖ វិទ្យុអាស៊ីសេរី

Previous Post
Next Post

post written by:

0 ความคิดเห็น: