วันพฤหัสบดีที่ 12 เมษายน พ.ศ. 2561

សយ សុភាព ពាលខ្លៅរឿងការទូត នៅតែមិនរៀងចាល ប្រើសំដីអសុរោះគូថវាទ វាយប្រហារលោក លោក សម រង្ស៊ី រឿងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន !


គិតទៅលោក សយ សុភាព នៅតែមិនរៀងចាល។ កាលពីឆ្នាំ២០១៣ គាត់ហ៊ានស្បថថាបើលោក សម រង្សុី បានចូលស្រុកខ្មែរវិញ គាត់នឹងកោសក់ ទីបំផុតលោក សម រង្សុី បានចូលស្រុកវិញ តែគាត់ធ្វើព្រងើយទាំងគ្មានក្តីអៀនខ្មាស់។ ក្នុងអត្ថបទកាសែតរបស់ខ្លួន កាលពីថ្ងៃទី ១០ មេសា ២០១៨នេះ ក្នុងខណៈពេលលោក សម រង្សុី ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោក សយ សុភាព បានហៅលោក សម រង្សុី ពេញៗមាត់ថា ទណ្ឌិត ទៅបំពេញទស្សនកិច្ចនៅជប៉ុន។

គាត់គ្មានក្តីអៀនខ្មាស់ទាល់តែសោះ ហើយបែបគិតថាពលរដ្ឋខ្មែរល្ងង់ខ្លៅដូចគាត់ ជាពិសេសប្រទេសជប៉ុនពិតជាអត់ចេះពិធីការទូតអ្វីបន្តិចទាល់តែសោះ ដែលអនុញ្ញាតអោយទណ្ឌិតមានទោសរាប់មិនអស់ដូចលោក សម រង្សុី ទៅចូលក្នុងប្រទេសរបស់គេ។


ប្រទេសណាក៏ដូចប្រទេសណាដែរ គេមិនអនុញ្ញាតអោយអ្នកមានទោសពិតប្រាកដចូលទឹកដីគេទេ ហើយម្យ៉ាងទៀត លោក ហ៊ុន សែន ដាក់ទោសលោក សម រង្សុី រាប់មិនអស់ទេ តែរហូតមកដល់ពេលនេះ ម៉ោងនេះ លោក ហ៊ុន សែន មិនដែលហ៊ានទៅពឹងពាក់ប៉ូលីសអន្តរជាតិអោយចាប់លោក សម រង្សុី បញ្ជូនមកកម្ពុជាវិញសោះ មានតែគិតចង់ចំណាយលុយដែលជាបំណុលគេ ប្រើចារកម្មរបស់ខ្លួន ទៅតាមចាប់លោក សម រង្សុី។ បើលោក សយ សុភាព ពិតជាមានសតិគ្រប់គ្រាន់មែន គាត់អាចយល់រឿងនេះច្បាស់ណាស់។ (Khmer Leaking News)


គូសបញ្ជាក់៖ លោក សម រង្សី ទៅ​ជប៉ុន​ដើម្បី​ឲ្យ​ជប៉ុន​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​នយោបាយ​ខ្មែរ

លោក សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១០ ខែ​មេសា ដើម្បី​ឲ្យ​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ស្រប​ពេល​ការបោះឆ្នោត​កៀក​ជិត​មកដល់​ហើយ។ ប្រទេស​ជប៉ុន កាលពី​ចុង​សប្ដាហ៍​មុន​បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​របស់​ខ្លួន ចង់​ឲ្យ​របប​លោក ហ៊ុន សែន រៀបចំ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី។ ម្យ៉ាងទៀត ប្រទេស​ជប៉ុន ធ្លាប់​មាន​ប្រវត្តិ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដោយ​ជោគជ័យ​រួចមក​ហើយ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ជាមួយ​នឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត រួមមាន​អ្នកស្រី ជូឡុង សូមូរ៉ា និង​អ្នកស្រី មូរ សុខហួរ ផង គឺ​ដើម្បី​ជា​ឱកាស​បាន​ជម្រាប​មន្ត្រី​ជប៉ុន ដោយ​ផ្ទាល់​អំពី​ការពិត នៃ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក សម រង្ស៊ី សង្ឃឹម​ថា ប្រទេស​ជប៉ុន នឹង​អាច​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ចោល​អស់ បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក សម រង្ស៊ី សង្ឃឹម ថា​ប្រទេស​ជប៉ុន នឹង​អាច​ជួយ​រក​ដំណោះស្រាយ​នយោបាយ​បាន ដោយសារ​ជប៉ុន​ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ដល់​កម្ពុជា និង​មាន​ឥទ្ធិពល​ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ​ខ្មែរ​នា​ពេល​កន្លងមក ដូចជា កាលពី​ជាង ២០​ឆ្នាំមុន ក្រោយ​រដ្ឋប្រហារ​យោធា នៅ​កណ្ដាល​ក្រុងភ្នំពេញ ប្រទេស​ជប៉ុន ក៏បាន​ជួយ​រក​ដំណោះស្រាយ ឲ្យ​អ្នកនយោបាយ​ខ្មែរ​ដែរ។ ម្យ៉ាងទៀត ប្រទេស​ជប៉ុន ជា​ប្រទេស​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​គំរូ​មួយ នៅ​ក្នុង​តំបន់​អាស៊ី។

ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ទៅ​ជប៉ុន​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ពីរ​ថ្ងៃ ក្រោយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ (Taro Kono) ទើបតែ​ជួប​ប្រមុខ​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៨ ខែ​មេសា នៅ​កម្ពុជា ដើម្បី​ផ្ដល់​ប្រាក់កម្ចី និង​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​ដល់​កម្ពុជា និង មិន​ភ្លេច​ដាស់តឿន​របប​លោក ហ៊ុន សែន អំពី​បញ្ហា​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​ដែរ។

ទោះបីជា​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​ជាច្រើនលើក​ច្រើនគ្រា នៅ​រាល់​ជំនួប​ផ្លូវការ​ជាមួយ​ភាគី​កម្ពុជា ថា​ប្រទេស​ជប៉ុន ព្រួយបារម្ភ​អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​តែងតែ​ក្រើន​រម្លឹក ឲ្យ​របប​លោក ហ៊ុន សែន ឲ្យ​វិល​ទៅ​រក​ការ​ចរចា រវាង​អ្នកនយោបាយ​របស់​បក្ស​ធំៗ​ទាំងពីរ គឺ​បក្ស​កាន់អំណាច និង​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក​ដំណោះស្រាយ ឲ្យ​បាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាងណាក៏ដោយ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​ច្រានចោល កិច្ច​ខិតខំ​ប្រឹងប្រែង ផ្នែក​ការទូត​របស់​ជប៉ុន ក្នុង​ការ​ស្វះ​ស្វែងរក​ការផ្សះផ្សា​ជាតិ​នេះ។ កាលពី​ពីរ​សប្ដាហ៍​មុន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហ៊ុន សែន ថែមទាំង​ហ៊ាន អះអាង​ជំនួស​ភាគី​ជប៉ុន ថា​ជប៉ុន​មិន​ខ្វល់​នឹង​រឿង​រក​ដំណោះស្រាយ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ៖ «ជប៉ុន​គេ​មិន​មក​ធ្វើ​រឿង​ឆ្កួតៗ​នោះ​ទេ។ ជប៉ុន​គេ​ស្គាល់​ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្មែរ​ច្បាស់​ណាស់»។


ទាំង​លោក ហ៊ុន សែន និង​ក្រសួងការបរទេស​កម្ពុជា សុទ្ធតែ​ព្យាយាម​ច្រានចោល​ជំហរ​របស់​ជប៉ុន ក្នុង​ការ​ចង់​មាន​ដំណោះស្រាយ​នយោបាយ នៅមុន​ការ​បោះឆ្នោត​ជាតិ។ របប​លោក ហ៊ុន សែន ព្យាយាម​លាក់បាំង​ព័ត៌មាន អំពី​ជំហរ​ប្រទេស​ជប៉ុន ដែល​តែងតែ​ចង់​ឃើញ​ស្ថានភាព​ប្រសើរ​ជាង​នេះ ព្រោះ​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការចូលរួម ពី​គ្រប់​គណបក្ស​នយោបាយ រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ សេចក្ដីថ្លែងការណ៍ ថ្ងៃទី៩ ខែ​មេសា របស់​ក្រសួងការបរទេស​កម្ពុជា ក្រោយ​ជំនួប​ជាមួយ​ភាគី​ជប៉ុន កាលពី​ថ្ងៃ​ទី៨ ខែ មេសា​នោះ មិន​បាន​រៀបរាប់​សូម្បី​តែមួយ​ម៉ាត់ អំពី​អ្វី​ដែល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លើកឡើង​នៅ​ក្នុង​ជំនួប ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចង់​ឲ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង យុតិ្តធម៌​នេះ​។ មិនតែប៉ុណ្ណោះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថែមទាំង​រិះគន់​អ្នកវិភាគ​ព័ត៌មាន ដែល​វិភាគ​អំពី​ជំហរ​ការទូត​របស់​ប្រទេស​ជប៉ុន​នេះ ថា​ជា​ជន​អគតិ​ថែម​ទៀត​ផង។ លោក សុខ ឥសាន ថែមទាំង​ព្រមាន​អ្នកវិភាគ ដែល​លោក​អះអាង​ថា មានគំនិត​អគតិ​នេះ ថា​នឹង​ទទួលរង​ការ​ថ្កោលទោស និង​ការ​ចងកំហឹង​ពី​សាធារណមតិ​ទាំងមូល​ជាក់​ជាមិនខាន។

ប៉ុន្តែ ទីប្រឹក្សា​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃទី​១០ ខែ​មេសា ថា លោក តារ៉ូ កូណូ ពិតជា​បាន​បញ្ជាក់​ប្រាប់​របប​លោក ហ៊ុន សែន អំពី​ជំហរ​របស់​ប្រទេស​ជប៉ុន ដែល​នៅតែ​ទទូច​ឲ្យ​របប​នេះ ធានា​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាងមុខ​នេះ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​សមស្រប ដើម្បី​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត។ លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី បញ្ជាក់​បន្ថែម​ថា ប្រទេស​ជប៉ុន គឺជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា ដែល​បន្ត​ជួយ​កសាង​ជាតិ​កម្ពុជា តាំងពី​ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល ដើម្បី​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​នឹង​គេ។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ទស្សនកិច្ច​នេះ គឺ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង ឯណោះ​វិញ យល់​ឃើញ​ថា ជំហរ​ការទូត​ច្បាស់លាស់​របស់​ជប៉ុន​ប៉ុណ្ណេះ គ្មាន​អ្វី​ដែល​មន្ត្រី​របប​លោក ហ៊ុន សែន មិន​យល់​នោះ​ទេ ខ្លាច​តែ​ធ្វើជា​មិន​យល់៖ «អ្វី​ដែល​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​និយាយ តាម​អ្នកនាំពាក្យ​និយាយ គឺ​គេ​និយាយ​ច្បាស់​ហើយ ជា​ភាសា​ការទូត គឺ​គេ​ចង់​ឲ្យ​បានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ ពាក្យ​ហ្នឹង​មាន​ន័យ​គ្រប់គ្រាន់​ហើយ គឺ​គេ​ចង់បាន​ការបោះឆ្នោត​មួយ ដែល​ត្រូវ​មាន​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ គេ​មិន​និយាយ​ចំ ព្រោះ​បើ​និយាយ​ចំ​ទៅ ខ្លាច​អាក់អន់ចិត្ត។ ដូច្នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​យក​ទៅ​គិត​ទៅ។ បើ​មិន​ចេះ​គិត​ទេ ខ្ញុំ​ជឿជាក់​ថា ជប៉ុន​នឹង​មិន​គាំទ្រ​នូវ​រដ្ឋាភិបាល​មួយ ដែល​កើត​ក្រោយ​ការបោះឆ្នោត​មួយ ដែល​អត់​មានការ​ចូលរួម​ប្រកួត ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ»។

កាលពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោ​វិទ្យា ក៏​បាន​ទៅ​ប្រទេស​ជប៉ុន និង​ជួប​សមាជិកសភា​ជប៉ុន ដើម្បី​ឲ្យ​ជួយ​រក​អន្តរាគមន៍ ដោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ​នេះ​ដែរ។

គិត​មក​ត្រឹម​ថ្ងៃនេះ គឺ​នៅ​សល់​តែ​១៩ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ចុះបញ្ជី​គណបក្ស​នយោបាយ និង បេក្ខជន ដើម្បី​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត​ជាតិ នា​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ។ ការ​ចុះបញ្ជី​នេះ មាន​រយៈពេល​តែ ១៥​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃទី១៤ ខែ​ឧសភា។ បើ​ហួស​កាលកំណត់​នេះ គណបក្ស​ប្រឆាំង នឹង​បាត់​ឱកាស​ទាំងស្រុង ក្នុង​ការ​បោះឆ្នោត​ជាតិ នា​ថ្ងៃទី២៩ ខែ​កក្កដា​នោះ។ រហូត​មក​ដល់​ពេលនេះ ពេល​វេលា​កាន់តែ​ខើច​ខ្លី​ណាស់​ទៅ​ហើយ សម្រាប់​គណបក្សប្រឆាំង ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត ឲ្យ​ទាន់​ពេល​វេលា។

ដំណោះស្រាយ​នយោបាយ ក៏​នៅតែ​មិនទាន់​ចេញ​ជា​រូបរាង។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ក៏​នៅតែ​បន្ត​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​ពន្យារពេល​បោះឆ្នោត និង​ចុងក្រោយ​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ កុំ​ទៅ​ចូលរួម​បោះឆ្នោត និង​ស្នើ​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ និង អន្តរជាតិ កុំ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ឲ្យ​សោះ ប្រសិនបើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ៕ ( វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡើេង )


Previous Post
Next Post

post written by:

0 ความคิดเห็น: