วันเสาร์ที่ 7 เมษายน พ.ศ. 2561

ក្រុម​អ្នក​ទោស​នយោបាយពី​ខាង​​បក្ស​​ប្រឆាំង​​ភាគច្រើន​ជា យុវជន​កំពុង​ជាប់​ឃុំឃាំង ​​ទាមទារ​​ឲ្យ​​​តុលាការ​​ដោះ​លែង​​ពួក​គេ​​ឲ្យ​​មាន​សេរីភាពឡើងវិញ​ដើម្បី​មាន​ឱកាស​បាន​...!


ក្រុម​អ្នក​ទោស​នយោបាយ​ភាគច្រើន​ជា យុវជន​កំពុង​ជាប់​ឃុំឃាំង ក្នុង​ពន្ធនាគារ​ព្រៃស អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​មាន​ឱកាស​បាន​ជួបជុំ​ក្រុម​គ្រួសារ និង​ស្វែងរក​ការសិក្សា​បន្ត។

អ្នកទោស​មនសិការ​ចំនួន ១៤​រូប ដែល​កំពុង​ជាប់ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ កុំ​យក​ពួកគេ​ជា​ចំណាប់ខ្មាំង​នៃ​នយោបាយ ហើយ​ធ្វើ​យ៉ាងណា ប្រញាប់​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ឆាប់ ដើម្បី​អាច​ឲ្យ​ពួកគេ​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ។

ការ​អំពាវនាវ​របស់​អ្នកទោស​នយោបាយ​ដែល​រួមមាន​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន លោក អឿ ណារិទ្ធិ លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង និង​មនុស្ស​១០​នាក់​ផ្សេង​ទៀត ធ្វើ​ឡើង​ខណៈ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន បី​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរសុខទុក្ខ​ពួកគេ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​អោយ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន បី​រូប រួម​មាន​លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ និង​លោក ម៉ៅ មុនីវណ្ណ ចូល​ជួប​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំងនោះ ជា​លើកដំបូង ក្រោយពី​រដ្ឋាភិបាល​បាន​បិទ​អស់​រយៈពេល ១​ឆ្នាំ មិន​ឲ្យ​ពួកគេ​មានលទ្ធភាព​ចូល​សួរសុខទុក្ខ​អ្នកទោស​មនសិការ ទាំងអស់​ក្នុង​ពន្ធនាគារ​ព្រៃស​នោះ។

តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ក្រុម​សកម្មជន​របស់​បក្ស​ប្រឆាំង ទាំងនោះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ពន្ធនាគារ​យ៉ាង​ខ្លាំង​ដោយសារ​នៅ​ទីនោះ​មាន​ភាព​ចង្អៀត​ណែន​តាន់តាប់ គ្មាន​កង្ហារ លំបាក​ដកដង្ហើម និង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​មក​សួរសុខទុក្ខ​នោះ​ឡើយ។


លោក​បន្ត​ថា លោក​មាន​ក្ដី​អាណិត​អាសូរ​ជា​ខ្លាំង​ចំពោះ​សកម្មជន​ទាំងនោះ ដែល​ភាគច្រើន​ជា​យុវជន​ហើយ​ត្រូវ​ជាប់​ពន្ធនាគារ នាំ​ឲ្យ​ខូច​អនាគត​ដើម្បី​អាច​បន្ត​ការសិក្សា​បន្ថែម៖ «ពួកគាត់​ហាក់​ដូច​ជា​រង់ចាំ​ដំណោះស្រាយ​ហ្នឹង​យូរហើយ និង​រង់ចាំ ការ​លើកលែង​ទោស​ហ្នឹង​យូរហើយ។ អ្នកខ្លះ​មាន​ជាប់​ពន្ធនាគារ រហូត​ដល់​បី​ឆ្នាំ​ជាង​ឯណោះ​ទៅទៀត។ ពួកគាត់​យល់ថា​អាច​មាន ដំណោះស្រាយ​នយោបាយ​ណាមួយ​ដែល​ធ្វើ​អោយ​ពួកគាត់​អាច​រួច​ទោស​អ៊ីចឹង​ទៅ។ ពួកគាត់​ក៏បាន​អំពាវនាវ​ដល់​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល គួរតែ​មាន​ការ​សន្ដោស​ប្រោសប្រណី​ដល់​ពួកគាត់​ដែល​ភាគច្រើន​ជា​យុវជន ព្រោះ​ពួកគាត់​បាន​ជាប់​ឃុំឃាំង នេះ​ដោយ​អំពើ​អយុត្តិធម៌។ ពួកគាត់​ក៏បាន​និយាយ​ដែរ​ថា​ការ​ប្រឈម មុខ​ដាក់គ្នា​នូវ​ពាក្យ​សម្ដី​រវាង​លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី កាន់តែ​ធ្វើ​អោយ​ពួកគាត់​រងគ្រោះ​ទៅវិញ​ទេ ពីព្រោះ​វា​គ្មាន​អ្វី​ត្រូវ​ពាក់​ព័ន្ធ​នឹង​ពួកគាត់​នោះ​ទេ។ ពួកគាត់​អំពាវនាវ​ថា​គួរតែ​មាន​ការ​ពិចារណា ឲ្យ​ពួកគាត់​មាន​សេរីភាព​ដើម្បី​កសាង​អនាគត​ឡើងវិញ»។

លោក​បន្ត​ថា លោក​បាន​ជួប​ក្រុម​សកម្មជន របស់​គណបក្ស​ប្រឆាំង​ទាំងអស់​រួម​ទាំង​លោក​តំណាងរាស្ត្រ អ៊ុំ សំអាន ថែមទៀត ប៉ុន្តែ​ក្រុម​តំណាងរាស្ត្រ​របស់​លោក​មិនបាន​ជួប​លោក មាជ សុវណ្ណារ៉ា នោះ​ទេ ដោយសារ​លោក មាជ សុវណ្ណារ៉ា ត្រូវ​ទទួលរង​ការចោទប្រកាន់​លោក ហ៊ុន សែន ថា លោក​បាន​លួច​ប្រើ​ទូរស័ព្ទ​ដៃ​ក្នុង​ពន្ធនាគារ។ បច្ចុប្បន្ន ឆ្មាំ​គុក​ក៏បាន​ដាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​តាមដាន​សកម្មភាព​របស់​លោក មាជ សុវណ្ណារ៉ា។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មិនា កន្លង​ទៅ​នេះ​លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ទៅ​នឹង​លោក មាជ សុវណ្ណារ៉ា ដែល​លួច​ប្រើ​ទូរស័ព្ទ​ដៃ​ក្នុង​ពន្ធនាគារ​និយាយ​ដើម​លោក ហើយ​ព្រមាន ថា លោក មាជ សុវណ្ណារ៉ា គ្មាន​ថ្ងៃ​រួចខ្លួន​នោះ​ទេ៖ «ហេតុអ្វី​បានជា​អោយ អា មាជ សុវណ្ណារ៉ា និយាយ​ទូរស័ព្ទ​រាល់ថ្ងៃ។ តើ​ប៉ូលិស​យើង​នៅ​អាគុក​ព្រៃស​ហ្នឹង​វា​យ៉ាងម៉េច? ប៉ូលិស​ធ្វើ​ភ្លាម ហើយ​ខ្លួនឯង​ហ្នឹង ហើយ​ខ្លួនឯង​ហ្នឹង​ជា​អ្នក​បញ្ជូន​អា​ព័ត៌មាន​ហ្នឹង​មក​ខ្ញុំ ហើយ​ហេតុ​អី​ទុក​អោយ អា មាជ សុវណ្ណារ៉ា នៅ​និយាយ​ទូរស័ព្ទ រាល់ថ្ងៃ​? ទៅ​ដក់​ភ្លាម​ទៅ​! ហើយ​អាហ្នឹង​សុទ្ធតែ​ថា លោក ហ៊ុន សែន ហ្នឹង​តិច​ទៀត​អញ្ចេះ តិច​ទៀត​អញ្ចុះ។ ទៅ​ៗ​ដក​ពី​អា មាជ សុវណ្ណារ៉ា! មួយ​ម៉ោង​ទៀត​ដកចេញ​អោយ​បាន»។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ចាប់​តាំង​ពី​ការ​មាន​ការ​ដក​ទូរស័ព្ទ និង​សម្ភារៈ​របស់​លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ​ព្រៃស​រួច​មក​មន្ត្រី​ពន្ធនាគារ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ដល់​ក្រុម​សកម្មជន​ផ្សេងទៀត ដូចជា ការ​ផ្លាស់ប្ដូរ​បន្ទប់ ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព និង​ការ​ហាម​មិន​ឲ្យ​ជួប​ក្រុម​គ្រួសារ​ដែល​តែង​មក​សួរសុខទុក្ខ​ពួកគេ​ជាដើម៖ «មាន​មូស​មានអី​ខាំ​អ៊ីចឹង ព្រោះ​នៅ​ពន្ធនាគារ​មាន​មូស​ច្រើន​ណាស់ ហើយ​ខ្ញុំ​បាន​ឃើញ​ជាក់ស្ដែង​គឺ​គាត់​បើ​ដៃ​អាវ​អោយ​មើល​ឃើញ​កន្ទួល​អ៊ីចឹង​មែន។ ហើយ​ម្យ៉ាងទៀត​គេ​ដាក់​កាមេរ៉ា​នៅ​តាម​បន្ទប់​ហើយ តំណាងរាស្ត្រ អ៊ុំ សំអាន លោក​ថា​ធ្វើ​អោយ​មាន​ការ​អៀនខ្មាស​ពេល ផ្លាស់​ខោ ផ្លាស់​អាវ​អី ហើយ​ដាក់​កាមេរ៉ា​អញ្ចឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ភាព​ឯកជន​របស់​លោក។ មាន​ការ​ឆែកឆេរ​មែន​ក្រោយពី​លោក ហ៊ុន សែន ប្រកាស​អោយ​ឆែកឆេរ​រក ទូរស័ព្ទ​ដៃ​ពី​លោក មាជ សុវណ្ណារ៉ា ហើយ​ក៏​មានការ​ឆែកឆេរ​យក​លុយ របស់​លោក អ៊ុំ សំអាន ថែមទៀត​តែ​គេ​អោយ​គាត់​វិញ​ហើយ»។

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១៤​រូប ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន ដោយ​របប​ក្រុងភ្នំពេញ អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ពី​បទ​ប្រព្រឹត្តិ អំពើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ នៅ​ម្ដុំ​ស្ពាន​នាគ​វត្តភ្នំ កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៤។ ទោះជា​យ៉ាងណា​ក្រុម អ្នកទោស​មនសិការ​ទាំង​នោះ អះអាង​ថា ពួកគេ​គ្មាន​កំហុស ដូច​ការ ចោទប្រកាន់​របស់​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ​ឡើយ។

លោក អ៊ូ ចន្ទ័រ័ត្ន ឲ្យ​ដឹង​ថា​ក្រុម​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំងនោះ អះអាង​ថា​ពួកគេ​បាន​ទទួលទោស​រយៈពេល​២​ភាគ​បី ក្នុង​ពន្ធនាគារ​ហើយ ហើយ​រដ្ឋាភិបាល​គួរ​ពិចារណា​ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​ដូចដើម​វិញ៕

លោក មាជ សុវណ្ណារ៉ា (រូប​កណ្ដាល) មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥ ។ RFA/Morm Moniroth




ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

Previous Post
Next Post

post written by:

0 ความคิดเห็น: