មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាល ៦ចំណុច អំពីសិទ្ធិសេរីភាពអ្នកប្ដូរភេទ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាល ៦ចំណុច ទាក់ទងនឹងការផ្ដល់សិទ្ធិសេរីភាពដល់អ្នកប្ដូរភេទ ឬការទទួលស្គាល់អត្តសញ្ញាណយេនឌ័រដោយខ្លួនឯង។
អនុសាសន៍នេះធ្វើឡើងក្រោយ ទិវាអន្តរជាតិ លើកកម្ពស់ការយល់ដឹងបញ្ហាប្រឈមរបស់អ្នកប្ដូរភេទ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្ដីពី ការទទួលស្គាល់យេនឌ័រតាមផ្លូវច្បាប់នៅកម្ពុជា ផ្សាយថ្ងៃទី២ មេសា បញ្ជាក់នៅក្នុងអនុសាសន៍ទាំងនោះ មានដូចជា សុំឲ្យមនុស្សគ្រប់រូប ដែលមានអាយុ ១៥ឆ្នាំ មានសិទ្ធិទទួលបានការទទួលស្គាល់អត្តសញ្ញាណយេនឌ័រ ដោយខ្លួនឯង នៅលើរាល់ឯកសារផ្លូវច្បាប់ទាំងអស់ចេញដោយរដ្ឋ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន ជាដើម។ អ្នកប្ដូរភេទទាំងអស់ ដែលស្វែងរកការទទួលស្គាល់តាមផ្លូវច្បាប់លើអត្តសញ្ញាណយេនឌ័ររបស់គេ អាចធ្វើបែបនេះបាន ដោយគ្រាន់តែដាក់ពាក្យស្នើសុំ តាមរយៈបែបបទរដ្ឋបាលតែប៉ុណ្ណោះ។ ពុំមានអ្នកប្ដូរភេទណាមួយ នឹងត្រូវដាក់ឲ្យឆ្លងកាត់ដំណើរការវេជ្ជសាស្ត្រ ឬការធ្វើរោគវិនិច្ឆ័យ សម្រាប់ជាបុរេលក្ខខណ្ឌ ដើម្បីឲ្យមានការទទួលស្គាល់យេនឌ័ររបស់ពួកគេតាមផ្លូវច្បាប់ឡើយ។
ការទទួលស្គាល់យេនឌ័រ ត្រូវពង្រីកដល់គ្រប់ផ្នែកដទៃទៀតនៃច្បាប់ ដូចជា សិទ្ធិរបស់អ្នកប្ដូរភេទ ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយប្ដី ឬប្រពន្ធរបស់ពួកគេជាដើម ព្រោះថា កម្ពុជាពុំមានច្បាប់ដែលអនុញ្ញាតច្បាស់លាស់ដល់អ្នកប្ដូរភេទ ក្នុងការទទួលបាននូវការទទួលស្គាល់ផ្លូវច្បាប់ និងរដ្ឋបាល នូវអត្តសញ្ញាណយេនឌ័រតាមការកំណត់យកដោយខ្លួនឯងឡើយ។ ប៉ុន្តែ ក៏ពុំមានបទបញ្ញត្តិច្បាប់ជាក់លាក់ណាមួយហាមប្រាមដែរ។ ការបដិសេធក្នុងការទទួលស្គាល់តាមច្បាប់នូវអត្តសញ្ញាណយេនឌ័រតាមការកំណត់យកដោយខ្លួនឯង នៅលើឯកសារផ្លូវការ ធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពរបស់បុគ្គល និងរារាំងនូវការអនុវត្តជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ ដែលផ្ទុយពីកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្ដីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
0 ความคิดเห็น: