ចំណេះដឹង៖ រឿងសំបុត្រឡានឡើងថ្លៃជាបញ្ហាសេដ្ឋកិច្ចទីផ្សារសេរី ? អត្ថបទដោយ ខ្មែរ សុវណ្ណភូមិ
ចំណេះដឹង៖ រឿងសំបុត្រឡានឡើងថ្លៃជាបញ្ហាសេដ្ឋកិច្ចទីផ្សារសេរី ?
ពួកមេដឹកនាំស៊ីភីភី និងកូនចៅតែងនិយាយថារឿងសំបុត្រឡានក្រុងឡើងថ្លៃនាពេលបុណ្យទានម្តងៗគឺ«រដ្ឋមិនអាចមានសិទ្ធិកំណត់ថ្លៃបានទេ ព្រោះវាជាសេដ្ឋកិច្ចបែបទីផ្សារសេរី»។
សំដីនេះគឺខុស ១០០% និងបញ្ជាក់ពីភាពល្ងង់ខ្លៅទាំងស្រុង មិនយល់ពីបញ្ញតិ និងគោលបំណងពិតនៃសេដ្ឋកិច្ចទីផ្សាសេរីឡើយ។ ព្រោះថាបញ្ញតិ និងគោលបំណងពិតរបស់វាគឺការប្រកួត ឬការរកស៊ីដោយភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ តម្លាភាព ការផ្តល់សេវាកម្មល្អ គុណភាព មានការទទួលខុសត្រូវ ការជួយជីវភាពពលរដ្ឋជាធំ និងគោរពច្បាប់នៃប្រទេសជាចំបង។
ជាក់ស្តែងនៅអឺរ៉ុប ការឡើងថ្លៃសំបុត្រធ្វើដំណើរនានាសម្រាប់ពេលពិធីបុណ្យជាតិធំៗអ្វីមួយគឺគេធ្វើឡើងនៅចំថ្ងៃ«ក្រហម» តែប៉ុណ្ណោះ។ នេះប្រសិនបើក្រុមហ៊ុនខ្លះចង់ដំឡើង។ តែជាទូទៅពួកគេមិនដំឡើងទេ។ មូលហេតុនៃការដំឡើងគឺដោយសារនៅថ្ងៃពិធីបុណ្យជាតិធំៗដែលជាថ្ងៃ«ក្រហម» ក្រហ៊ុនពិបាករកបុគ្គលិកធ្វើការបន្ថែម ហើយត្រូវជួលបុគ្គលិកធ្វើការថ្ងៃគេសម្រាក និងជាពិសេសប្រាក់ម៉ោងការងារថ្ងៃក្រហមនោះគឺឡើងទ្វេរគុណ។ ចំពោះការឡើងថ្លៃសំបុត្រទៀតសោធ គឺឡើងជាភាគរយតាមក្បួនខ្នាត គិតជាសមាមាត្រអាចទូទាត់ប្រាក់ខែបុគ្គលិកសម្រាប់ថ្ងៃក្រហមនោះ តែមិនមែនដំឡើងស្រេចក្បាលចិត្ត ឆ្លៀតឧ៌កាសកេងប្រវ័ញ្ចយកធ្វើមានធ្វើបាន ហើយដាក់មនុស្សលើសចំណុះមិនគិតពីសុវត្ថិភាពនោះទេ។
សម្រាប់តួនាទីរបស់រដ្ឋាភិបាលវិញគឺតាមដាន និងពិនិត្យសកម្មភាពក្រុមហ៊ុនរកស៊ីទាំងឡាយណាដែលបំពានច្បាប់ ឆ្លៀតឧ៌កាស កេងប្រវ័ញ្ចេពលរដ្ឋ បង្កលក្ខណៈភ័យខ្លាច លើសុវត្ថិភាពធ្វើដំណើរដល់ពលរដ្ឋទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។
នេះហើយគេហៅថាទីផ្សារសេរី។ សម្រាប់ស្រុកខ្មែរ អ្វីដែលហ៊ុន សែន និងរបបបក្សប្រជាជននិយាយគឺជារបបទីផ្សារអនាធិបតេយ្យ និងរបបទីផ្សារដែលមានមេដឹកនាំគ្មានសមត្ថភាព និងមិនដឹងខ្យល់អីដឹកនាំទើបត្រូវ។
ពី ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: