សវនាការនៅថ្ងៃទី១២ ខែមេសានេះ ដែលពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍ ដែលខាងអគ្គនាយកដ្ឋានពន្ធដាររបស់របបលោក ហ៊ុន សែន ប្ដឹងម្ចាស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវលើកពេលជាថ្មីម្ដងទៀត ដោយគ្មានកាលកំណត់ ក្រោយមេធាវីការពារសិទ្ធិរបស់កាសែតខេមបូឌា ដេលី ស្នើឲ្យកោះហៅប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ឈ្មោះហ្វ្រេសញូវ (Fresh News) មកបំភ្លឺក្នុងរឿងនេះ។ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនអន្តរជាតិ កាលពីឆ្នាំ២០១៧ ឲ្យឈ្មោះថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយ ដ៏ធំជាងគេមួយ ក្នុងចំណោមរោងចក្រផលិតព័ត៌មានក្លែងក្លាយឯទៀត នៅកម្ពុជា។
មេធាវីមួយរូបក្នុងចំណោមមេធាវីពីររូប ដែលការពារសិទ្ធិឲ្យម្ចាស់ខេមបូឌា ដេលី លោក សេក សោភ័ណ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១២ ខែមេសា ថា ចៅក្រមជំនុំជម្រះ ត្រូវការពេលវេលាបន្ថែម ដើម្បីពិភាក្សាទៅនឹងសំណើ សុំកោះហៅកាសែត ហ្វ្រេសញូវ នេះ។
ឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ដែលអះអាងថា កាសែត ខេមបូឌា ដេលី ជំពាក់ពន្ធរដ្ឋរហូតដល់ ៦.៣ លានដុល្លារ ត្រូវបានកាសែត ហ្វ្រេសញូវ នេះ យកមកចុះផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៧ ហើយបានអះអាងថា បានមកពីទំព័រហ្វេសប៊ុករបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ។
ការលើកឡើងបែបនេះ ត្រូវបានលោក អ៊ូ ច័ន្ទឫទ្ធិ បដិសេធភ្លាមៗ នៅថ្ងៃដដែលនោះ ដោយលោកអះអាងថា មានជនខិលខូចលួចប្រើគណនីទំព័រហ្វ៊េសបុករបស់លោក ដើម្បីបញ្ចេញឯកសារសម្ងាត់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលកាសែត ហ្វ្រេសញូវ យកទៅផ្សាយបន្តនេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ នៅពេលនោះ បានបញ្ជាក់ថា រាល់ការចុះផ្សាយនៅលើហ្វេសប៊ុកលោកនោះ គឺលោកមិនទទួលខុសត្រូវនោះឡើយ។
ទោះជាយ៉ាងនេះក្តី រោងចក្រផលិតព័ត៌មានក្លែងក្លាយរបស់លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ នៅតែបន្តចុះផ្សាយអត្ថបទបែកធ្លាយនោះដដែល។
ចំណែកឯម្ចាស់សារព័ត៌មាន ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រស្ទាល (Deborah Krisher-Steele) ក៏ជំទាស់ទៅនឹងការយកព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងរឿងរ៉ាវឯកជន អំពីពន្ធដាររបស់សារព័ត៌មានអ្នកស្រី ទៅចុះផ្សាយជាសាធារណៈ ទាំងម្ចាស់ខ្លួន មិនអនុញ្ញាត និងមិនដឹងមុនយ៉ាងដូច្នេះនោះដែរ។ នៅចុងខែសីហា ឆ្នាំ២០១៧ អ្នកស្រី បានប្រាប់វិទ្យុអាស៊ីសេរី ដោយចង្អុលឲ្យអគ្គនាយកដ្ឋានពន្ធដារ ទទួលខុសត្រូវ ចំពោះការបែកធ្លាយឯកសារសម្ងាត់នេះ។ អ្នកស្រីចាត់ទុកការធ្វើឲ្យបែកធ្លាយឯកសារផ្ទៃក្នុងបែបនេះ គឺជាចេតនានយោបាយ ដើម្បីជាលេសក្នុងការបិទសារព័ត៌មានរបស់អ្នកស្រី។
ការថ្លែងបែបនេះ ត្រូវបានខាងអគ្គនាយកដ្ឋានពន្ធដារ ប្ដឹងអ្នកស្រី ដេប្រា គ្រីស័រស្ទាល ពីបទបរិហារកេរ្តិ៍។
មួយខែក្រោយការលេចធ្លាយព័ត៌មាន អំពីការចោទប្រកាន់ ជុំវិញការជំពាក់ពន្ធរដ្ឋនេះ កាសែត ឌឹ ខេមបូឌា ដេលី ដែលជាសារព័ត៌មានឯករាជ្យ ហ៊ានផ្សាយរិះគន់ចំៗ អំពីភាពអសកម្មរបស់របបលោក ហ៊ុន សែន ត្រូវបង្ខំចិត្តឈប់ដំណើរការនៅថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីខ្លួនបានបើកដំណើរការចំនួន ២៤ឆ្នាំ និង១៥ថ្ងៃ នៅប្រទេសកម្ពុជារួចមក។
អង្គការអ្នកកាសែតគ្មានព្រំដែន អះអាងថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដូចជាការប្រើអំពើហិង្សា ការបំភិតបំភ័យ និងការបិទស្ថាប័នព័ត៌មាន ក្នុងគោលដៅបំបិទសំឡេងរិះគន់ ដើម្បីធានាថា ខ្លួននឹងឈ្នះការបោះឆ្នោតជាតិ នៅឆ្នាំកក្កដា ២០១៨ ខាងមុខ។
សំណុំរឿងនេះ ត្រូវបានលើកពេលម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ។
ជាទូទៅ រឿងក្តីដែលពាក់ព័ន្ធ នឹងករណីដែលមជ្ឈដ្ឋានទូទៅ ចាត់ទុកថា ជារឿងនយោបាយបែបនេះ ភាគីក្នុងរឿងក្តី ដែលរងបណ្ដឹងចោទប្រកាន់ពីអ្នកកាន់អំណាច ឬអាជ្ញាធរ ដូចក្នុងករណីកាសែត ខេមបូឌា ដេលី នេះជាដើម ច្រើនតែចាញ់ក្តី៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: