ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានដឹងមុនពីគម្រោងបង្កឲ្យមានការផ្ទុះ ដែលរៀបចំដោយឈ្មោះ សម សេរី និងថា ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានដាក់បញ្ជាជាបន្ទាន់ឲ្យអាជ្ញាធរ បង្កើនការការពារសន្តិសុខ បន្ទាប់ពីលោកអះអាងថា មានការប៉ុនប៉ងរៀបចំគម្រោងបង្កឲ្យមានអសន្តិសុខនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានដឹងមុនពីគម្រោងបង្កឲ្យមានការផ្ទុះ ដែលរៀបចំដោយឈ្មោះ សម សេរី និងថា ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «យប់មិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់ទៅឲ្យអភិបាលក្រុងដឹងហើយ។ ខ្ញុំសូមប្រកាសផែនការលោកឯងទាក់ទងនឹងបញ្ហាថ្ងៃ ១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានមុនហើយ អាហ្នឹងអាមេក្បត់ជាតិមួយ ឈ្មោះ សម សេរី កំពុងបញ្ជាមកឲ្យបង្កសកម្មភាពផ្ទុះ។ ខ្ញុំបានបញ្ជូនទៅឲ្យផ្នែកពាក់ព័ន្ធហើយ។ អាហ្នឹងពាក់ព័ន្ធអីនៅឯណា? គេងនៅឯណា? ដាក់វា! ព្រោះវាចង់បង្កឲ្យមានសំឡេងផ្ទុះ»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា អ្នកដែលទទួលបញ្ជាពីឈ្មោះ សម សេរី បានបដិសេធរួចហើយថា ធ្វើមិនកើត។ ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យតាមចាប់ខ្លួនអ្នកដែលត្រូវបានជួលឲ្យបង្កភាពអសន្តិសុខនោះ ព្រមទាំងបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ និងការពារលើករណីនេះ។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ «អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយក៏អ្នកឯងប្រុងធ្វើនៅសៀមរាប។ ប៉ុន្តែអាអ្នកដែលប្រុងធ្វើហ្នឹងវាថាធ្វើវាមិនកើត ប៉ុន្តែបើថាធ្វើមិនកើតក្រែងលោវាទាញអ្នកណាមកធ្វើទៀត។ អ្នកដែលត្រូវទទួលបទបញ្ជាថាធ្វើមិនកើតនោះ អាហ្នឹងត្រូវដាក់វា»។
កម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពាក់កណ្តាលខែមេសាខាងមុខ ដោយមានការឈប់សម្រាក ដំណើរកំសាន្ត ពិធីបុណ្យសង្ក្រាន្តនៅតាមខេត្តនានាផងដែរ។ បុណ្យអង្គរសង្ក្រាន្តនៅខេត្តសៀមរាបដែលរៀបចំដោយកូនប្រុសពៅ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រនេះ ដោយរំពឹងថាមានពលរដ្ឋជាច្រើនម៉ឺននាក់ចូលរួម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា កម្លាំងជំនាញមានសមត្ថកិច្ចកំពុងធ្វើការពាក់ព័ន្ធនឹងគម្រោងបង្កសំឡេងផ្ទុះនេះ។ ទោះយ៉ាងណាលោកថា រហូតមកដល់ពេលនេះមិនទាន់មានការរាយការណ៍ថា អ្នកដែលត្រូវបានបញ្ជាឲ្យរៀបចំនោះត្រូវបានចាប់ខ្លួនហើយ ឬនៅនោះទេ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលសម្តេចនាយកលោកបានលើកឡើងនេះគឺជាការដាស់តឿនស្មារតីរបស់សមត្ថកិច្ចរបស់យើងឲ្យខិតខំប្រុងប្រយ័ត្នបន្ថែមទៅទៀត ក្នុងរយៈពេលចូលឆ្នាំហ្នឹង ជាពិសេសគឺរហូតដល់ថ្ងៃបោះឆ្នោតតែម្តង។ របស់យើងគេក្តាប់បាន និងមានការទំនាក់ទំនង។ ជំនាញក្នុងប្រទេស និងក្រៅប្រទេស គេបានទំនាក់ទំនងគ្នាហើយ»។
ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប ជាប្រធានចលនាមួយឈ្មោះ «រណសិរ្សរំដោះជាតិ» ដែលកំពុងរស់នៅក្នុងប្រទេសដាណឺម៉ាក និងជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ៩ឆ្នាំ ពីបទរួមគំនិតក្បត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០១៤។
ចលនា «រណសិរ្សរំដោះជាតិ» នេះ មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់មកស៊ើបទីតាំងយោធាសំខាន់ៗ ធ្វើសកម្មភាពបាចខិត្តបណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល ហ្វឹកហាត់កម្លាំងភេរវកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនប្រទេសថៃ និងកសាងបណ្តាញនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅមេខ្លោងដែលនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមក៕
ប្រភព៖ វិទ្យុវីអូអេខ្មែរ
0 ความคิดเห็น: