วันอาทิตย์ที่ 10 ธันวาคม พ.ศ. 2560

កញ្ញាស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ​​ស៊ូ​លក់​នំ​បញ្ចុក​មិន​សុខ​ចិត្ត​លក់​ឧត្ដមគតិ!


កញ្ញាស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ស្ត្រីខ្លឹមចៅសង្កាត់អូរចារ ​​ស៊ូ​លក់​នំ​បញ្ចុក​មិន​សុខ​ចិត្ត​លក់​ឧត្ដមគតិ!

មេ​ឃុំ​អូរចារ ប្ដេជ្ញា​បន្ត​ជីវិត​នយោបាយ ទោះ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចៅ​សង្កាត់​អូរចារ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា យុទ្ធសាស្ត្រ​នយោបាយ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដែល​មាន​ផ្គរ​ផង រន្ទះ​ផង​បែប​នេះ គឺ​កញ្ញា​ត្រូវ​រក​កន្លែង​ជ្រក​សិន។ ឥឡូវ​ព្យុះភ្លៀង​នយោបាយ​កំពុង​ចាប់​ផ្ដើម​ថមថយ​បន្តិច​ម្ដង​វិញ​ហើយ ក្រោយ​មាន​ទណ្ឌកម្ម​ពី​អន្តរជាតិ​ជា​បណ្តើរៗ។ ក្នុង​ពេល​កំពុង​ជ្រក​ភ្លៀង​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឆ្លៀត​បើក​របរ​លក់​នំ​បញ្ចុក និង​ចំណី​ជា​ច្រើន​មុខ​ទៀត ប៉ុន្តែ​មិន​លក់​ឧត្ដម​គតិ​ជា​ដាច់​ខាត។

អាហារ​ស្នាដៃ​អ្នក​បាត់ដំបង” គឺ​ជា​ពាក្យ​ស្លោក​ដែល​ចៅសង្កាត់​អូរចារ ពូកែ​វោហារ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បិទ​ផ្សាយ​នៅ​លើ​ស្លាក​យីហោ​អាហារដ្ឋាន "រ៉ូហ្ស៊េត" ដែល​បើក​លក់​ចាប់​ពី​ព្រឹក​ម៉ោង​៦ ថ្ងៃ​សៅរ៍ ទី​៩ ខែ​ធ្នូ នេះ​ត​ទៅ។ មុខ​របរ​ថ្មី​នេះ គឺ​ចៅសង្កាត់​អូរចារ ចាប់​បើក​ដំណើរការ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយ​បាន​សម្រេច និង​បណ្ដេញ​មន្ត្រី​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង​អស់​លែង​ឲ្យ​បន្ត​ធ្វើការ​បម្រើ​រាស្ត្រ​ម្ចាស់​ឆ្នោត​បាន​តទៅ​ទៀត លើកលែងតែ​ព្រម​ចុះ​ចូល​បក្ស​កាន់​អំណាច។ ប៉ុន្តែ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏​ដូចជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ផ្សេង​ទៀត សុខ​ចិត្ត​ក្រាញននៀល​មិន​ព្រម​លក់​ឧត្ដមគតិ មិន​ព្រម​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ទោះ​ជា​មាន​ការ​អូសទាញ គំរាមកំហែង និង​បំភិតបំភ័យ​ឲ្យ​ចុះចូល​យ៉ាង​ណា​ក្តី៖ «នេះ​ជា​របរ​សុចរិត យើង​មិន​បាន​គាបសង្កត់ ឬ​បង្ខិតបង្ខំ​អ្នក​ដទៃ»។

​អ្នក​ដែល​អាណិត ស្រលាញ់ និង​គាំទ្រ​បាន​លើកទឹកចិត្ត​ឲ្យ​មេ​ឃុំ​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត រូប​នេះ ឲ្យ​បន្ត​ការ​តស៊ូ​មិន​លក់​ឧត្ដមគតិ ដោយ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជួយ​បរិច្ចាគ​ជា​ថវិកា​មួយ​ចំនួន​ដើម្បី​ឲ្យ​កញ្ញា​យក​ទៅ​ប្រើប្រាស់​ដើម្បី​បើក​របរ​កំដរ​ក្តី​សុបិន​ធ្វើ​នយោបាយ ដើម្បី​ប្រែក្លាយ​វាសនា​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​សង្កាត់​អូរចារ​នេះ​ថែម​ទៀត​ផង។

​អ្នក​ខ្លះ​ទៀត​បាន​តែ​ជា​កំណាព្យ និង​និពន្ធ​ជា​បទ​ចម្រៀង ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

លោក សំ វិជ្ជា បាន​តែង​ជា​កំណាព្យ​រៀបរាប់​អំពី​មុខ​ម្ហូប​នៅ​ក្នុង​ហាង​ថ្មី​នេះ ដូច្នេះ​ថា៖ "មាន​នំ​បញ្ចុក​សម្លប្រហើរ ក៏​មាន​ដែរ​តើ​សម្លការី មាន​បាយ​សាច់​ជ្រូក និង​ឆ្អឹងជំនី ណែម​មាន​មុខ​ពីរ មាន​ឆ្អិន​មាន​ឆៅ។ លក់​ទាំង​ព្រឹក​ល្ងាច​ចំណី​អាហារ មាន​គុយទាវ​ឆា នំប៉័ង​ក្តៅៗ បាញ់ហយ​បាញ់ស៊ុង ជម្រាប​ញាតិផៅ នាំ​កូន​នាំ​ចៅ​អញ្ជើញ​ពិសា”។ បន្ថែម​លើ​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បញ្ជាក់​ថា នៅ​មាន​បង្អែម ទឹកក្រឡុក ផ្លែឈើ​ស្រស់ របស់​អ្នក​ភូមិ​ផង​ដែរ៖ «យើង​មាន​លក់​ជា​ចំណី ដែល​ជា​ស្នាដៃ​ស្ត្រី​ពិតៗ​នៅ​តាម​ភូមិ នៅ​សង្កាត់​អូរចារ»។

របរ​ថ្មី​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់​ទុក​ថា ជា​ជម្រក​សម្រាប់​ជ្រក​ព្យុះភ្លៀង​នយោបាយ ដែល​បង្ក​ឡើយ​ដោយ​គណបក្ស​កាន់​អំណាច​ដែល​លាយ​ផ្គរ និង​រន្ទះ​ដ៏​កំណាច​ផង ​កំពុង​យាយី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​លំដាប់​ថ្នាក់។ ដំណាក់កាល​នេះ កញ្ញា​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ៗ ត្រូវ​តែ​អត់ធ្មត់ តស៊ូ និង​មិន​ភ្លេច​ងាក​មក​គិត​អំពី​ជីវភាព​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន៖ «មិន​មែន​មាន​ន័យ​ថា យើង​បាត់បង់​ស្មារតី​នោះ​ទេ។ ក្រោយ​ព្យុះ ក្រោយ​ភ្លៀង ចេញ​សកម្មភាព​បន្ត​ទៀត»។

សកម្មភាព​នយោបាយ​បន្ត​ទៀត​នេះ កញ្ញា​សំដៅ​លើ​ការ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​សង្កាត់​អូរចារ ដែល​នៅ​តែ​បន្ត​សួរ​រក​កញ្ញា ដែល​ធ្លាប់​តែ​បម្រើ​សេវា​ជូន​ពួកគាត់​ដោយ​ឥត​យក​ប្រាក់ និង​ដោយ​ភាព​រួសរាយ​រាក់ទាក់ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះសរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន៖ «ពលរដ្ឋ​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ។ អ្វី​ដែល​ជា​ទុក្ខ​របស់​គាត់ គាត់​បង្ហាញ​ប្រាប់​ខ្ញុំ និង​គិត​ថា ខ្ញុំ​អាច​ជួយ​ពួកគាត់​បាន»។

​ចៅសង្កាត់​អូរចា ក្រុង​បាត់ដំបង ពី​ខាង​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​ដូចជា​មេឃុំ​-​សង្កាត់ និង​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋ​អំណាច​បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់ពី​គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​រម្លាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ សមាជិក​ក្រុមប្រឹក្សា​ជា​ច្រើន​ដែល​មានៈ​មិន​លក់​ឧត្ដមគតិ ត្រូវ​បង្ខំ​ចិត្ត​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ល្បួង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។

សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស​ចំណាត់​ការ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បែប​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ជា​លទ្ធផល រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម ដោយ​បិទ​ទិដ្ឋាការ ឬ វីសា ចំពោះ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​ដែល​ចូល​ដៃ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាមេរិក​បែប​នេះ ថា​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ជាង​បី​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៖ «នេះ​ជា​ការ​ផ្តល់​សេចក្ដី​សង្ឃឹម​ដល់​ពលរដ្ឋ​ខ្មែរ»។

ដោយសារ​សម្ពាធ​អន្តរជាតិ កាន់​តែ​មាន​ភាព​សន្ធាប់​ឡើង និង​ដោយសារ​តែ​ជំហរ​មិន​ងាករេ​របស់​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​ច្រើន​លើសលប់​បែប​នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​ពេល​ឆាប់ៗ ហើយ​យុត្តិធម៌ និង​បន្ត​កើត​មាន​ចំពោះ​គណបក្ស​ប្រឆាំង​ដែល​កញ្ញា​ហៅ​ថា ជា​ជនរងគ្រោះ​ដោយ​ការ​ធ្វើបាប​ពី​សំណាក់​បក្ស​កាន់​អំណាច៖ «អំពើ​ល្អ​នឹង​ឈ្នះ​អំពើ​អាក្រក់។ យុត្តិធម៌​នឹង​ឈ្នះ​អំពើ​អយុត្តិធម៌។ ឲ្យ​តែ​ព្រះអាទិត្យ​នៅ​តែ​រះ យើង​នឹង​នៅ​តែ​មាន​សង្ឃឹម»។

​ជា​ការ​ពិត​ណាស់ ទោះ​បី​ជា​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​តែ​រះ។ ហាង​បាយ​ថ្មី​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក៏​ចាប់​បើក​ថ្ងៃ​នេះ​ដែរ។ អតិថិជន​ដែល​គាំទ្រ​ស្នាដៃ​របស់​ម្ចាស់​ហាង​វ័យក្មេង និង​មាន​ងា​ជា​ចៅសង្កាត់​ផង​នោះ គឺ​អាស្រ័យ​លើ​ភាព​ស្មោះត្រង់​ក្នុង​ការ​យកចិត្តទុកដាក់​ធ្វើ​ម្ហូប និង​បម្រើ​សេវា​ឲ្យ​បានល្អ​ជូន​ភ្ញៀវ ឲ្យ​ភ្ញៀវ​ពេញ​ចិត្ត។ យើង​នៅ​រង់​ចាំមើល ថា​តើ​ទៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​អាហារដ្ឋាន​ថ្មី ដែល​ជា​ស្នាដៃ​របស់​មន្ត្រី​បក្ស​កាន់​អំណាច អាច​នឹង​ទៅ​បើក​ទន្ទឹម​នឹង​ហាង​របស់​កញ្ញា​បក្ស​ប្រឆាំង​មួយ​នេះ​ដែរ ឬ​យ៉ាង​ណា? ឬ​ក៏​អាជ្ញាធរ​អាច​យក​លេស​បិទ​ហាង​នេះ​ចោល​តែម្តង ដោយសារ​មូលហេតុ​នយោបាយ​ក៏​ថា​បាន?  ((ប្រភព៖ វិទ្យុអាស៊ីសេរី))

និងព័ត៌មានពីទំព័រហ្វេសប៊ុករបស់កញ្ញា ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត បើកលក់ថ្ងៃដំបូង កញ្ញាក៏បង្ហោះសារថ្លែងអំណរគុណដល់អតិថិ​ជនទាំងឡាយ ដែលបានមកជួយគាំទ្រអាហារដ្ឋាន "រ៉ូហ្ស៊េត" មានយ៉ាងដូច្នេះថា៖ "ខ្ញុំសូមថ្លែងអំណរគុណអ៊ុំពូមីងបងប្អូនដែលអញ្ជើញមកគាំទ្រនៅការប្រកបមុខរបរនៃការចាប់ផ្តើមលក់ថ្ងៃដំបូងរបស់ខ្ញុំ ទោះបីការផ្តល់សេវាយឺត ខ្វះខាត អាចមិនសូវត្រូវមាត់ តែអ៊ុំពូមីងបងប្អូនបានគាំទ្រ ព្រោះមួយថ្ងៃនេះគឺតាំងពីិព្រឹកលក់ រហូតគឺម្នាក់ៗសឹងតែគ្មានពេលអង្គុយ ដោយសារលក់ដាច់ សូមអធ្យាស្រ័យអ៊ុំពូមីង ដែលនាងខ្ញុំ ខ្វះខាតពុំសូវសំបូរតុអង្គុយ ហើយធ្វើអោយបងប្អូនទាំងអស់រងចាំយូរ ខ្ញុំសូមអភ័យទោសនូវកំហុសឆ្គងទាំងឡាយដោយអចេតនា។"











Previous Post
Next Post

post written by:

0 ความคิดเห็น: