អង្គការសង្គមស៊ីវិលស្នើស៊ើបអង្កេតអ្នកទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ក្មួយប្រសាលោក ហ៊ុន សែន!
អង្គការសង្គមស៊ីវិលស្នើស៊ើបអង្កេតអ្នកទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ក្មួយប្រសាលោក ហ៊ុន សែន
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកឃ្លាំមើលអំពើពុករលួយ ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ស៊ើបអង្កេតជាបន្ទាន់ លើករណីអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ដ៏ធំពីរកន្លែង គឺនៅស្រុកបាទី ខែត្រតាកែវ និងនៅស្រុកល្វាឯម ខែត្រកណ្ដាល។
សង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះទង្វើរបស់អាជ្ញាធរ ដែលបានបញ្ចេញតែឈ្មោះ និងប័ណ្ណអ្នកសារព័ត៌មាន ដែលអាជ្ញាធរសង្ស័យថា ទទួលលុយពីម្ចាស់សង្វៀនជល់មាន់នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខែត្រកណ្ដាលនោះ។
ពួកគេស្នើឲ្យអាជ្ញាធរគួរតែបង្ហាញឈ្មោះរបស់មន្ត្រី ដែលបានទទួលយកលុយពីក្មួយប្រសា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅម៉ាប់ ដែលជាម្ចាស់សង្វៀនមាន់ជល់ដ៏ធំ និងមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា ដែលមិនមានមន្ត្រីតុលាការ ឬអាជ្ញាធរណា ហ៊ានប៉ះពាល់បានឡើយ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការប្រព្រឹត្តិបទល្មើស ដូចជាបង្កើតសង្វៀនជល់មាន់ដ៏ធំសម្បើមនេះជាដើម ពិតជាមានការជាប់ពាក់ព័ន្ធជាមួយមន្ត្រី ឬអាជ្ញាធរមូលដ្ឋានជាក់ជាមិនខាន។ លោក ព្រាប កុល បន្តថា ក្រៅពីអ្នកដែលទទួលសំណូក ក៏នឹងអាចមានអ្នកដែលអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួន ទទួលសំណូកផងដែរ។
លោក ថៃ ផានី ហៅម៉ាប់ គឺជាកូនប្រសារបស់លោក ហ៊ុន សាន និងត្រូវជាក្មួយប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួន កាលពីថ្ងៃទី៥ ខែធ្នូ ដោយចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងករណីបើកសង្វៀនជល់មាន់ ទ្រង់ទ្រាយធំខុសច្បាប់ នៅស្រុកល្វាឯម។ សង្វៀនជល់មាន់ដ៏ធំសម្បើមរបស់ក្មួយប្រសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ បានបើកធ្វើអាជីវកម្មរាប់ឆ្នាំមកហើយ និងមិនធ្លាប់មានមន្ត្រីតុលាការ ព្រះរាជអាជ្ញា ឬអាជ្ញាធរណាម្នាក់ ហ៊ានបង្ក្រាបឡើយ។ ការហ៊ានចេញមុខបង្ក្រាបរបស់អាជ្ញាធរ គឺនៅក្រោយពេលដែលមានការបើកផ្លូវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាអោយកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ក្មួយប្រសារបស់លោកនោះចោល ប្រសិនបើហ៊ានតដៃ ក្នុងករណីបង្ក្រាបបនល្បែងជល់មាន់។ «»
បន្ទាប់ពីប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានសម្រេចឃុំខ្លួនក្មួយប្រសា លោក ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅម៉ាប់ បណ្ដោះអាសន្ន ជនសង្ស័យ៦៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១ខែ ពីបទលេងល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែទោសនេះត្រូវព្យួរ។ ក្រោយពេលប្រកាសសាលក្រមរួច តុលាការក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែប័ណ្ណអ្នកសារព័ត៌មានជាង១០០នាក់ ត្រូវបានស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន បញ្ជូនទៅកាន់សាលាដំបូងខែត្រកណ្ដាល។ ស្នងការខេត្តកណ្ដាល ហៅការបញ្ជូនប័ណ្ណអ្នកកាសែត ទៅតុលាការ ថាជាភារកិច្ច ដែលត្រូវធ្វើបញ្ជីនេះភ្ជាប់ជាមួយសំណុំរឿងទៅតុលាការ និងអនុវត្តតាមនីតិវិធី គឺមិនមែនជាការចោទប្រកាន់ទេ។ លោក អ៊ាវ ចំរើន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនលោកថា រាល់វត្ថុតាង ដែលដកហូតយកបានពីកន្លែងកើតហេតុ នគរបាលយុត្តិធម៌ដាច់ខាត ត្រូវបញ្ជូនទៅអយ្យការ និងចៅក្រមជាចាំបាច់ ព្រោះនេះជាកាតព្វកិច្ចរបស់នគរបាលយុត្តិធម៌។
ឯកសារដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា មិនមែនមានតែម្ចាស់កាតអ្នកកាសែតទេ ដែលទទួលបានលាភសក្ការៈ ពីម្ចាស់សង្វៀនជល់មាន់ របស់ក្មួយប្រសា លោក ហ៊ុន សែន នោះ គឺមានទាំងអាជ្ញាធរខេត្ត ស្នងការខែត្រ មេប៉េអឹមខេត្ត ប្រធានតុលាការខេត្ត ព្រះរាជអាជ្ញា និង អាជ្ញាធរនៅក្នុងខែត្រគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពី ម្ចាស់សង្វៀនជល់មាន់ របស់លោក ថៃ ផានី ហៅម៉ាប់ ទាំងនៅឃុំអរិយក្សត្រ ស្រុកល្វាឯម និងនៅឃុំកណ្ដឹង ស្រុកបាទី។
អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយជុំវិញរឿងនេះ ពីអ្នកដែលអាចពាក់ព័ន្ធទទួលសំណូកសំខាន់ៗមួយចំនួន ដូចជា ស្នងការខែត្រ មេប៉េអឹម និងប្រធានតុលាការខេត្ត បានទេកាលពីថ្ងៃ ទី១០ ធ្នូ។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកសារព័ត៌មានល្បីឈ្មោះផ្នែកស៊ើបអង្កេត លោក ម៉ៃ ទិត្យថារ៉ា មើលឃើញថា ការបញ្ជូនតែកាតអ្នកកាសែតទៅតុលាការមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបង្ហាញឈ្មោះរបស់មន្ត្រី និងអាជ្ញាធរ ដែលពាក់ព័ន្ធទៅស្ថាប័នតុលាការផង។ លោកអះអាងថា បើទោះជាកាសែតខ្លះមានតែឈ្មោះ មិនដែលបានចេញផ្សាយក៏ពិតមែន ប៉ុន្តែ ករណីនេះ បើអាជ្ញាធរមិនបានទទួលសំណូកនោះទេ ក៏មិនអាចបិទបាំងរឿងនេះបាន រយៈពេលយូរ ដូច្នេះបាននោះដែរ។ «»
កាលពីខែឧសភា ឆ្នាំ២០១៦ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានបញ្ជាឲ្យលោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បិទសង្វៀនជល់មាន់នោះដែរ តែពួកគេមិនអនុវត្តតាមឡើយ ហើយនៅតែបន្តបើកល្បែងជល់មាន់ ដោយមានការភ្នាល់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារទៀតផង។ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ស្ត្រីចំណាស់ម្នាក់ ជាអ្នកលក់ម្ហូបអាហារ និងភេសជ្ជៈ នៅស្រុកបាទី ជិតសង្វៀនជល់មាន់ បានប្រាប់ថា មួយថ្ងៃៗ មានឡានប្រណីតៗ បានទៅចតតម្រង់ជួរគ្នា តាមបណ្ដោយផ្លូវ ដើម្បីចូលលេងល្បែងជល់មាន់ និងចាក់អាប៉ោងនៅទីនោះ។ ចំណែកអ្នកភូមិម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ប្រាប់ថា កន្លែងជល់មាន់នៅស្រុកបាទី មានផ្ទៃដីប្រមាណ៦ហិកតារ ដែលពោរពេញទៅដោយឡានទំនើប និងម៉ូតូមកលេងជល់មាន់រាល់ថ្ងៃ ហើយគេដាក់លុយភ្នាល់គ្នាចាប់ពី ២៥០ដុល្លារ រហូតដល់ ៥.០០០ ដុល្លារ ហើយមានកន្លែងបញ្ចាំឡាន និងម៉ូតូថែមទៀតផង។
ពាក់ព័ន្ធករណីសង្វៀនជល់មាន់ នៅឃុំអរិយក្សត្រ ខែត្រកណ្ដាល កាលពីពេលកន្លងមក សាច់ញាតិរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន សាន និងកូនប្រសា ធ្លាប់ទៅព្រមានអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដល់ការិយាល័យនៅភ្នំពេញ ក៏ព្រោះតែកាសែតអន្តរជាតិមួយនេះ បានចុះផ្សាយអំពីការបើកសង្វៀនជល់មាន់ដ៏ធំនោះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការប្រជល់បក្សីកីឡានេះ គឺជាប្រភេទល្បែងស៊ីសង ដែលញាំញីក្នុងសង្គមខ្មែរធ្ងន់ធ្ងរ ដូច្នេះអាជ្ញាធរត្រូវតែបង្ក្រាបទាំងអស់ ដោយមិនត្រូវចាត់ទុកសង្វៀនជល់មាន់ នៅក្នុងកាស៊ីណូ ឬនៅកន្លែងណាមួយ ជាល្បែងស្របច្បាប់នោះឡើយ។ លោកបន្ថែមថា ចំណាត់ការបែបនេះ អាចជាការទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ខណៈ ដែលបទល្មើសព្រៃឈើ បទល្មើសនេសាទ មិនទាន់ឃើញមានការបង្ក្រាបទ្រង់ទ្រាយធំឡើយ ហើយការបង្ក្រាបបែបនេះធ្វើឡើងតែមួយឆាវៗប៉ុណ្ណោះ។ «»
លោក សន ជ័យ ក៏ចង់ឃើញវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើមន្ត្រីទទួលសំណូក ពីម្ចាស់សង្វៀនជល់មាន់ទាំងពីរកន្លែងនៅស្រុកល្វាឯម ខែត្រកណ្ដាល និងនៅស្រុកបាទី ខែត្រតាកែវផងដែរ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេ កាលពីថ្ងៃទី១០ ធ្នូ ដោយ លោកបដិសេធ មិននិយាយជាមួយជនណា ដែលប្រើប្រាស់លេខឯកជន ដើម្បីហៅទៅលោកនោះទេ។
ប្រជាពលរដ្ឋអះអាងថា សង្វៀនជល់មាន់ដ៏ធំទាំងពីរនោះ បានបើកចំហជាយូរឆ្នាំមកហើយ ដោយកន្លងមកធ្លាប់មានអ្នកទៅលែងជល់មាន់ទីនោះ ភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ក្នុងនោះក៏មាន មន្ត្រីបក្សកាន់អំណាចដែរ ជាពិសេសគេឧស្សាហ៍ឃើញ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន កាលនៅមានជីវិតក៏ទៅលេងជល់មាន់នៅទីនោះដែរ។ ប្រជាពលរដ្ឋ ក៏ធ្លាប់រកចំណូលបាន ច្រើនដែរ ពីការជួលកន្លែងផ្ញើម៉ូតូឡាន។ ប្រជាពលរដ្ឋ ប្រាប់ថា មិនមែនអាជ្ញាធរមិនចង់បង្ក្រាបទេ ប៉ុន្តែ គ្មានអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ ដោយសារគេខ្លាចឥទ្ធិពលក្មួយប្រសាលោក ហ៊ុន សែន គ្រប់ៗគ្នា។
ចំហាយអំណាច និងឥទ្ធិពល លើការធ្វើជំនួញទាំងផ្លូវសុចរិត និងផ្លូវទុច្ចរិត របស់ក្រុមគ្រួសារ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនមែនមានតែក្មួយប្រសារបស់លោកនោះទេ។ មុន២ថ្ងៃ ដែលឃាតកបាញ់សម្លាប់លោក បណ្ឌិត កែម ឡី របាយការណ៍របស់អង្គការGlobal Witness រកឃើញថា បើទោះជាលោក ហ៊ុន សែន មានប្រាក់ខែសរុបមិនដល់២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំក្ដី ប៉ុន្តែការប៉ាន់ប្រមាណថា គ្រួសារលោក ហ៊ុន សែន មានទ្រព្យសម្បត្តិសរុបមិនតិចពី ៥០០លាន ទៅ ១ពាន់លានដុល្លារអាមេរិកនោះទេ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិតឡៅ ម៉ុងហៃ បានហៅចំណាត់ការ លោក ហ៊ុន សែន គឺជាការបង្ហាញពីអំណាចប្រមូលផ្តុំមួយ ព្រោះថា នៅពេលដែលអ្នកមានអំណាច ឬអ្នកណាជាប់ខ្សែស្រឡាយអ្នកធំ ប្រព្រឹត្តខុសច្បាប់នោះ គឺអាជ្ញាធរមិនហ៊ានចាត់ការតាមច្បាប់ដោយឯករាជ្យឡើយ ទាល់តែមានបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន។ ជាក់ស្ដែងដូចជាករណីបង្ក្រាបសង្វៀនជល់មាន់នេះ និងករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មការិនីរោងចក្រឲ្យរងរបួសធ្ងន់ធ្ងរនោះជាដើម៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: