ហេតុអ្វីបានជាកម្ពុជានិងអាមេរិកចេះតែមើលមុខគ្នាមិនត្រង់? (ដោយJean-Francois TAIN)
ហេតុអ្វីបានជាកម្ពុជានិងអាមេរិកចេះតែមើលមុខគ្នាមិនត្រង់? (ដោយJean-Francois TAIN)
បើយើងងាកក្រោយពិនិត្យមើលប្រវត្តិសាស្ត្រ ឃើញថា តាំងពីទសវត្សរ៍ទី៥០មក ក្រៅតែពីរបបសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មួយចេញ អាមេរិកនិងកម្ពុជាមិនដែលត្រូវគ្នាទេ។
ក្នុងសម័យសង្គមរាស្រ្តនិយមរបស់សម្តេចសីហនុដែលប្រកាន់នយោបាយអព្យាក្រឹតនៅលើឆាកអន្តរជាតិ កម្ពុជាបានរហូតទៅដល់ផ្តាច់ទំនាក់ទំនងទូតជាមួយអាមេរិកទៀតផង។ កាលណោះគឺនៅក្នុងឆ្នាំ១៩៦៥។
រីឯរបបរបស់ខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩វិញ ដែលមិនរាប់រកបស្ចិមប្រទេសសោះនោះ គ្មានទំនាក់ទំនងទូតជាមួយអាមេរិកទេ។ សម្រាប់រដ្ឋកម្ពុជាដែលគេនិយមហៅថារបបហេង សំរិន ក្នុងពេញមួយសវត្សរ៍ទី៨០វិញ ក៏ដូចគ្នាដែរ។ កាលសម័យនោះ អាមេរិកដែលបានទៅចាប់ដៃគ្នាជាមួយចិនដើម្បីទប់ទល់នឹងសហភាព សូវៀត បានចាត់ទុកកម្ពុជាជាសត្រូវ ដ្បិតកម្ពុជាជាប្រទេសរណបវៀតណាមដែលការពារដោយសូវៀត។
ដល់សម័យឥឡូវនេះទៀត ទោះជាអាមេរិកនិងកម្ពុជាមានទំនាក់ទំនងទូតនឹងគ្នាឡើងវិញតាំងពីឆ្នាំ១៩៩១មកម្ល៉េះក៏ដោយ ក៏ប្រទេសទាំងពីរនៅតែមើលមុខគ្នាមិនចំ នេះបើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងបណ្តាប្រទេសប្រជាធិតេយ្យធំៗបែបលោកបស្ចិមលោកដទៃផ្សេង ដូចជារវាងកម្ពុជានិងបារាំង ឬរវាងកម្ពុជានិងជប៉ុន ឬក៏រវាងកម្ពុជានិងឥណ្ឌា។
តើហេតុអ្វីបានជាពីមួយជំនាន់ទៅមួយជំនាន់ទៀត កម្ពុជានិងអាមេរិកចេះតែមិនត្រូវគ្នា?
វាគឺជាសំណួរមួយដែលពិបាករកចម្លើយសត្យនុម័ត។ អ្នកខ្លះថា ជាប្រពៃណីនិងតាមគោលការណ៍ អាមេរិកដែលជាជើងឯកផ្នែកសេរីភាពនៅក្នុងពិភពលោក រាប់រកតែបណ្តាប្រទេសណាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ការយល់ឃើញបែបនេះជាការឆោតល្ងង់ ដ្បិតនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងអន្តរជាតិ គ្មានទេឧត្តមគតិ គ្មានទេ សត្រូវ គ្មានទេមិត្ត មានតែប្រយោជន៍មួយគត់។ គេត្រូវយល់ថា នៅក្នុងសម័យសង្គ្រាមត្រជាក់ ហើយបើនិយាយតែពីតំបន់អាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់លើក
ឡើងពីទ្វីបអាហ្វ្រិកឬពីទ្វីបអាមេរិកខាងត្បូងទេ បណ្តាប្រទេសដែលអាមេរិកគាំទ្រសុទ្ធសឹងជារបបផ្តាច់ការបែបយោធាដែលប្រឆាំងនឹងមនោគមវិជ្ជាកុម្មុយនិស្ត។ ឧទាហរណ៍ជាក់ស្តែង ក្នុងចំណោមរបបផ្តាច់ការបែបយោធាដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងសម័យសង្គ្រាមត្រជាក់ រួមមានជាអាទិ៍ហ្វីលីពីនរបស់ម៉ាកកុស(Marcos) ឬឥណ្ឌូណេស៊ីរបស់ស៊ូហារតូ(Suharto)ឬក៏ថៃរបស់ក្រុមនាយទាហាន។ សូម្បីតែវៀតណាមខាងត្បូងនិងសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ដែល
អាមេរិកបានការពារនិងដែលបានដួលរលំនៅឆ្នាំ១៩៧៥ ក៏សុទ្ធតែត្រូវបានគេរាប់បញ្ចូលទៅក្នុងបណ្តារបបផ្តាច់ការបែបយោធាដែរ។
ដូចគ្នាអ៊ីចឹងដែរ សម័យឥឡូវ និយាយថា អាមេរិករាប់រកតែបណ្តាប្រទេសណាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ខុសដែរឬក៏មិនត្រូវទាំងស្រុងនោះទេ។ បើអ៊ីចឹងមែននោះ ហេតុអ្វីបានជាអាមេរិកនៅតែមានទំនាក់ទំនងល្អជាមួយម៉ាឡេស៊ី សិង្ហបុរី ព្រុយណេដែលមិនមែនជារបបប្រជាធិបតេយ្យ ឬជាមួយប្រទេសថៃគ្រប់គ្រងដោយក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារ និងថ្មីៗនេះទៀតជាមួយវៀតណាមកុម្មុយនិស្តឬជាមួយភូមាដែលទើបតែផ្តើមឈានជើងចូលក្នុងអន្តរកាលប្រជាធិបតេយ្យតែបន្តឋិតនៅក្រោមអំណាចធំធេងដដែលរបស់ពួកនាយទាហាន?
តាមពិតទៅ ក្នុងនាមជាមហាអំណាចនិងក៏ដូចប្រទេសចិនដែរ អាមេរិកគិតប្រយោជន៍ធំជាងអ្វីៗទាំងអស់នៅក្នុងទំនាក់ទំនងជាមួយកម្ពុជា។ ប៉ុន្តែ ខុសពីចិនដែលតែងតែចាត់ទុកកម្ពុជាជាប្រទេសអាទិភាពមួយនៅក្នុងយុទ្ធសាស្រ្តតំបន់របស់ខ្លួន អាមេរិកមិនដែលមាននយោបាយការបរទេសច្បាស់លាស់ទេនៅចំពោះមុខកម្ពុជាតាំងពីទសវត្សរ៍ទី៥០មកទល់សព្វថ្ងៃ។
ហេតុអ្វី? ពីព្រោះនៅក្នុងក្រសែភ្នែករបស់អាមេរិក កម្ពុជាតូចពេកនិងមានប្រយោជន៍តិចណាស់សម្រាប់ខ្លួន។ និយាយបែបផ្សេង ពីមួយជំនាន់ទៅមួយជំនាន់ ទីក្រុងវ៉ាស៊ីងតោន (Washington) តែងតែចាត់ទុកកម្ពុជាជាប្រទេសបន្ទាប់បន្សំ។ ម្ល៉ោះហើយ អាមេរិកខុសផ្ទុយពីចិន មិនសូវចេះគោរពកម្ពុជាហើយក៏មិនចេះចាត់ទុកកម្ពុជាថាជាដៃគូស្មើភាពគ្នាទេ។ គឺនៅក្នុងន័យនេះហើយបានជា ក្នុងរយៈពេលជាង៦០ឆ្នាំចុងក្រោយនេះ ក្រៅពីករណីលោកអូបាម៉ា(Obama)មួយចេញដែលបានមកជាន់ដីកម្ពុជាក្នុងឆ្នាំ២០១២ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ីបូព៌ា គ្មានប្រធានាធិបតីអាមេរិកាំងណាម្នាក់ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាម្តងណាឡើយ។
គួរយល់ថា រហូតដល់ឆ្នាំ១៩៧៥ អ្វីដែលសំខាន់សម្រាប់នយោបាយការបរទេសអាមេរិកាំងនៅ
ឥណ្ឌូចិនគឺមិនមែនកម្ពុជាទេ។ អ្វីដែលសំខាន់សម្រាប់ថ្នាក់ដឹកនាំអាមេរិកាំងគឺវៀតណាម គឺសង្គ្រាមវៀតណាម គឺការកម្ចាត់ពួកវៀតកុងដែលបានចូលមកបង្កប់ខ្លួនធ្វើសង្គ្រាមព្រៃនៅវៀតណាមខាងត្បូង។ នៅក្នុងក្របខណ្ឌនៃបេសកកម្មនេះ អ្វីដែលអាមេរិកចង់បានកាលណោះ គឺអូសទាញទាំងប្រទេសកម្ពុជានិងទាំងប្រទេសឡាវឱ្យមកចូលរួមជាមួយខ្លួនក្នុងសង្គ្រាមប្រឆាំងនឹងពួកវៀតកុង។ ម្ល៉ោះហើយ បានជាអាមេរិកមិនឱ្យតម្លៃសោះឡើយដល់នយោបាយអព្យាក្រឹត
របស់សម្តេចសីហនុពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧០។ ម្ល៉ោះហើយដែរ បានជាអាមេរិកបានចូលដៃជាមួយក្រុមនាយទាហានខ្មែរធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុនៅថ្ងៃ១៨មិនា១៩៧០។ ដូចគ្នាអ៊ីចឹងដែរ អាមេរិកមិនឱ្យតម្លៃសោះឡើយកាលសម័យនោះដល់បូរណភាពទឹកដីរបស់ប្រទេសកម្ពុជាឬរបស់ប្រទេសឡាវ។ ឧទាហរណ៍ជាក់ស្តែង រហូតដល់ឆ្នាំ១៩៧៣ អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីNixonនិងប្រមុខការទូតKissinger បានទម្លាក់គ្រាប់បែកយ៉ាងដំណំទៅលើប្រទេសកម្ពុជានិងទៅលើប្រទេសឡាវ ក្នុងគោលដៅកម្ទេចផ្លូវយុទ្ធសាស្រ្តHo Chi Minh ដែលពួកវៀតកុងបានលួចសាងសង់ក្នុងទឹកដីឡាវនិងក្នុងទឹកដីកម្ពុជា តាមបណ្តោយព្រំដែនជាមួយវៀតណាម ពីខាងជើងប្រទេសឡាវដល់ខាងត្បូងប្រទេសកម្ពុជា។
ក្រោយមកទៀត ក្រោមរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ អាមេរិកគ្មានជម្រើសអ្វីផ្សេងក្រៅពីបំភ្លេចកម្ពុជា។ នេះគឺមកពីនៅម្ខាង ក្នុងឆ្នាំ១៩៧៦ ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីCarter អាមេរិកបានទទួលបរាជ័យក្នុងការទាក់ទងជាមួយថ្នាក់ដឹកនាំខ្មែរក្រហម និងមកពីនៅម្ខាងទៀត កម្ពុជាគ្មានប្រយោជន៍យុទ្ធសាស្រ្តបន្តិចសោះឡើយសម្រាប់អាមេរិក។
គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៧៩ ជាមួយការរលំរលាយទៅនៃរបបខ្មែរក្រហមនិងជាមួយការចូលកាន់កាប់ទឹកដីខ្មែរដោយកងទ័ពវៀតណាម ទើបឃើញអាមេរិកវិលមកចាប់អារម្មណ៍លើប្រទេសកម្ពុជាវិញ។ ប៉ុន្តែ កាលជំនាន់នោះ ក្នុងពេញមួយទសវត្សរ៍ទី៨០ ជាថ្មីម្តងទៀត ខុសផ្ទុយពីចិនដែលចាត់ទុកកម្ពុជាជាបញ្ហាអាទិភាព អាមេរិកបន្តចាត់ទុកកម្ពុជាជាកម្មវត្ថុបន្ទាប់បន្សំ។ សម្រាប់ចិនគោលដៅគឺធ្វើយ៉ាងណាកុំឱ្យវៀតណាមលេបយកឥណ្ឌូចិនទាំងមូលបាន កុំឱ្យវៀតណាមដែលការពារដោយសូវៀតខ្លាំងដៃក្លាយជាមហាអំណាចតំបន់ឥណ្ឌូចិនបាន នៅជាប់ព្រំដែននឹងប្រទេសខ្លួន។ និយាយបែបផ្សេង អ្វីដែលសំខាន់សម្រាប់ចិននៅក្នុងទស្សវត្សរ៍ទី៨០ គឺធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសឯករាជ្យវិញ ដើម្បីនៅទីបំផុតធ្វើឱ្យវៀតណាមខ្សោយ។
សម្រាប់អាមេរិកវិញដែលបានចាប់ដៃជាមួយចិននៅចុងទសវត្សរ៍ទី៧០ដើម្បីប្រឆាំងនឹងសូវៀត អ្វីដែលសំខាន់គឺការយកឈ្នះសូវៀតក្នុងសង្គ្រាមត្រជាក់ អ្វីដែលសំខាន់គឺបញ្ហាកម្ពុជាក្នុងទសវត្សរ៍ទី៨០ត្រូវតែក្លាយជាឱកាសមួយជាក់ស្តែងក្នុងការពង្រឹងសម្ព័ន្ធភាពជាមួយចិន ។ នៅក្នុងន័យនេះ អាមេរិកបានចូលដៃជាមួយចិននិងអាស៊ាន ដើម្បីពង្រឹងទ័ពខ្មែរក្រហមឡើងវិញ ដើម្បីរក្សាអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទុកឱ្យខ្មែរក្រហមបន្តអង្គុយដដែល និងដើម្បីគាំទ្រខ្មែរក្រហម កងកម្លាំងតស៊ូរបស់សម្តេចសីហនុនិងរបស់លោកតាស៊ឺន សាន ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋកម្ពុជារណបវៀតណាមដែលការពារដោយសហភាពសូវៀត។
ដោយឡែក តាំងពីសង្គ្រាមត្រជាក់បានចប់ ជាមួយនឹងការរលំរលាយទៅនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនៅតែមិនល្អប្រសើរទាល់តែសោះ ជាពិសេសចាប់តាំងពីឆ្នាំ១៩៩៧-១៩៩៨មក ពោលគឺក្រោយពេលដែលកម្ពុជាឋិតនៅក្រោមការគ្រប់គ្រងសឹងផ្តាច់មុខរបស់គណបក្សប្រជាជន។ ហេតុអ្វី?
គួរយល់ជាបឋមថា ក្រោយសម័យសង្គ្រាមត្រជាក់ បរិបទអន្តរជាតិបានប្រែប្រួល។ ការរលំរលាយទៅនៃសហភាពសូវៀតធ្វើឱ្យអាមេរិកនិងចិនលែងជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តដូចសម័យទសវត្សរ៍ទី៨០ទៀតហើយ។ ប្រទេសទាំងពីរក្លាយជាគូប្រជែងយុទ្ធសាស្ត្រវិញ។ នៅក្នុងកាលៈទេសៈថ្មីបែបនេះដែលកំពូលមហាអំណាចទាំងពីរបាននិងកំពុងបន្តដណ្តើមឥទ្ធិពលគ្នានៅអាស៊ីប៉ាស៊ីហ្វិក អាមេរិកនៅតែគ្មាននយោបាយការបរទេសច្បាស់លាស់នៅចំពោះមុខប្រទេសកម្ពុជា ខុសផ្ទុយពីចិនដែលនៅតែបន្តចាត់ទុកកម្ពុជាថា ជាប្រទេសអាទិភាពតទៅទៀតនៅក្នុងយុទ្ធសាស្រ្តតំបន់របស់ខ្លួន។
នៅត្រង់នេះ គួរគូសបញ្ជាក់ថា ក្នុងគ្រាបច្ចុប្បន្នក៏ដូចក្នុងអតីតកាលដែរ បើប្រៀបទៅនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនផ្សេងជាពិសេសហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ល។និង។ល។ កម្ពុជាគ្មានប្រយោជន៍សេដ្ឋកិច្ច និងគ្មានប្រយោជន៍យុទ្ធសាស្រ្តទេសម្រាប់អាមេរិក។ ម្ល៉ោះហើយ អាមេរិកមិនអាចរវីរវល់ពីកម្ពុជាតាមបែបផ្សេង ក្រៅតែពីនិយាយពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ជាក់ស្តែង នយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិកាំងអូបាម៉ា(Obama)ពីឆ្នាំ២០០៩ដល់ដើមឆ្នាំ២០១៧ បានដៅទៅរកការសម្រួលទំនាក់ទំនងឱ្យល្អប្រសើរឡើងវិញជាមួយប្រទេសសត្រូវឬក៏ជាមួយប្រទេសដែលខ្លួនមិនពេញចិត្តមួយចំនួន រួមមានជាអាទិ៍ ជាមួយវៀតណាម ភូមា អ៊ីរ៉ង់ និងគុយបា។ ទាំងនេះគឺ ដើម្បីប្រយោជន៍របស់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ចំពោះទំនាក់ទំនងជាមួយកម្ពុជា អាមេរិកនៅតែគ្មានឆន្ទៈកែធ្វើវាឱ្យល្អប្រសើរជាងសព្វថ្ងៃ។
ម្ល៉ោះហើយបន្តិចម្តងៗ ជាពិសេសចាប់ពីចុងទសវត្សរ៍ទី៩០មក ប្រយោជន៍នយោបាយនិងប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់កម្ពុជានិងរបស់អាមេរិកចៀសមិនរួចពីមានលក្ខណៈខ្វែងគ្នា។ នៅម្ខាង របបទីក្រុងភ្នំពេញបច្ចុប្បន្នមានជំនឿថា អាមេរិកចេះតែលូកដៃឬចេះតែចង់លូកដៃរមកក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកម្ពុជាមិនអាចទទួលបានទេ។ នៅម្ខាងទៀត អាមេរិកជឿជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់បក្សប្រជាជនឋិតនៅខាងចិន១០០% មិនចាំបាច់ទៅអូសទាញមកវិញទេ នាំតែខាតពេល។
បន្ថែមពីលើនេះ ទំនាក់ទំនងមិនល្អរវាងអាមេរិកនិងកម្ពុជាក៏អាចចេញមកពីការមិនយល់គ្នានិងមិនយោគយល់គ្នារវាងទីក្រុងភ្នំពេញនិងទីក្រុងវ៉ាស៊ីនតោនដែរ។ គួរគូសបញ្ជាក់ម្តងទៀតថា មែនទែនទៅ អាមេរិកនិងកម្ពុជាគ្មានទម្លាប់និងប្រពៃណីក្នុងការទាក់ទងគ្នាទេតាំងពីអតីតកាលមក លើកលែងតែសម័យសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់ឆ្នាំ១៩៧០-១៩៧៥មួយ
ចេញ៕
ប្រភព៖ Jean-François Tain
0 ความคิดเห็น: