วันจันทร์ที่ 11 ธันวาคม พ.ศ. 2560

អ្នកស្រីឃ្លែរ​ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren): សំឡេង​ពលរដ្ឋ​ទន់​ខ្សោយ​ត្រូវ​គេ​ផាត់​ចេញ​ដោយ​សារ​ការ​មិន​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ !


អ្នកស្រីឃ្លែរ​ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren)៖ សំឡេង​ពលរដ្ឋ​ទន់​ខ្សោយ​ត្រូវ​គេ​ផាត់​ចេញ​ដោយ​សារ​ការ​មិន​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ !

ក្នុង​បទ​វិចារណកថា​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៧ របស់​អ្នកស្រី ឃ្លែរ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren) អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ និង​ជា​តំណាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី​បាន​គូស​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​សន្ធិសញ្ញា​អន្តរជាតិ និង​ច្បាប់​ជាតិ​ជាច្រើន ត្រូវ​បាន​អនុម័ត​ឡើង​ដើម្បី​ធានា​សិទ្ធិ​របស់​មនុស្ស​គ្រប់រូប រួមមាន ស្ត្រី កុមារ ជន​ពិការ សហគមន៍​ជនជាតិ​ដើម និង​ក្រុម​ជន​ងាយ​រងគ្រោះ​ដទៃ​ទៀត​ក៏ដោយ ក៏​ជម្លោះ និង​វិសមភាព​នៅតែ​បន្ត​កើតមានឡើង​ក្នុង​ពិភពលោក​នេះ​នៅឡើយ។ អ្នកស្រី​ថា ការណ៍​នេះ តម្រូវ​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​ពិចារណា និង​រិះគិត​អំពី​វិធីសាស្ត្រ​ដែល​ត្រូវ​បន្ត​អនុវត្ត​នា​ពេល​ខាងមុខ។

អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន សរសេរ​ថា ជា​ញឹកញយ​ណាស់ ពិភពលោក​បាន​ដើរ​ឃ្លាត​ចាក​ឆ្ងាយ​ចេញពី​ទស្សនៈ​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ជា​សាកល​នេះ ហើយ​ជា​លទ្ធផល ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​បាន​ជួបប្រទះ​នូវ​សង្គ្រាម និង​ទទួលរង​នូវ​វិបត្តិ​ផ្សេងៗ ក៏ដូចជា​ការ​ផាត់​ចេញ​នូវ​សំឡេង​របស់​ពលរដ្ឋ​ទន់ខ្សោយ។

យ៉ាង​ណា​ក៏​ដោយ អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ថា សេចក្ដី​ថ្លែង​ការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស មិន​ដែល​បញ្ឈប់​ការ​ជំរុញ​ទឹកចិត្ត ឲ្យ​មនុស្ស​នៅ​តែ​មាន​ភាព​រឹងមាំ និង​ពុះពារ​តស៊ូ​ដើម្បី​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ​ពិភពលោក​បាន​គូស​បញ្ជាក់​ឡើងវិញ នូវ​ទស្សនៈ​ដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស​នេះ តាមរយៈ​ការ​អនុម័ត​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ។

របៀបវារៈ​ឆ្នាំ​២០៣០​នេះ គូស​បញ្ជាក់​ថា ការ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​សង្គម​ផាត់​ចោល អាច​សម្រេច​បាន លុះត្រាតែ​មនុស្ស​គ្រប់រូប​ទទួល​បាន​សិទ្ធិ និង​សមត្ថភាព​ពេញលេញ ដោយ​គ្មាន​ការរើសអើង ដូចដែល​បាន​ធានា​ដោយ​ច្បាប់​អន្តរជាតិ ហើយ​ការណ៍​នេះ ក៏​ជា​សសរ​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​សង្គម​ទាំងឡាយ ប្រកបដោយ​យុត្តិធម៌ និង​សុខ​សន្តិភាព សម្រាប់​មនុស្ស​ទាំងអស់​គ្នា។

អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ក៏បាន​លើកឡើង​អំពី​សារសំខាន់​នៃ​ការ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ដើម្បី​សម្រេច​បាន​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ។ អ្នកស្រី​ថា ដោយសារ​តែ​មាន​ការ​ចូល​រួម​ធ្វើការ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល កិច្ច​សហប្រតិបត្តិការ​រវាង​សហគមន៍​មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគតិច ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​កិច្ច​លើកស្ទួយ​ការគ្រប់គ្រង​ព្រៃឈើ និង​ជលផល​ប្រកបដោយ​ចិរភាព បាន​ផ្ដល់​នូវ​ភាព​វិជ្ជមាន​មួយ​ចំនួន​ហើយ។ អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​រៀបចំ​គោលនយោបាយ និង​អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ឆ្លើយតប និង​បង្ការ​អំពើ​ហិង្សា​ផ្នែក​យែនឌ័រ និង​អំពើ​ហិង្សា​លើ​កុមារ ក៏ដូចជា​នៅ​ក្នុង​ដំណើរការ​សម្រេច​បាន​នូវ​សិទ្ធិ​ទទួល​បាន​ការ​បង្ការ ព្យាបាល​មេរោគ​អេដស៍ និង​សេវា​ថែទាំ​សុខភាព សម្រាប់​អ្នក​ដែល​ត្រូវការ​ជា​ចាំបាច់។

ថ្លែង​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស មាន​ប្រសាសន៍​ថា សិទ្ធិមនុស្ស​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សង្គម​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។ សេចក្ដីថ្លែងការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស បង្កើត​ឲ្យ​មាន​សមភាព និង​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​មនុស្ស​គ្រប់រូប។ សេចក្ដីថ្លែងការណ៍​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ក្នុង​ការ​ធានា​ថា ប្រជាជន​ទាំងអស់​អាច​ទទួល​បាន​នូវ​សិទ្ធិ និង​សេរីភាព​ដែល​មិន​អាច​ដកហូត​បាន៕









ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: