ប្រធានាធិបតីចិននឹងប្រថុយហានិភ័យបន្ថែមទៀតទាំងនៅក្នុងប្រទេស និងនៅបរទេសនៅក្នុងឆ្នាំ ២០១៨
នៅក្នុងឆ្នាំ ២០១៧ ប្រធានាធិបតីចិនលោក Xi Jinping បានក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ទីក្រុងប៉េកាំង៖ លោក Xi Jinping គឺជា «មេដឹកនាំស្នូល» នៃគណបក្សកុម្មុយនិស្តចិន ហើយដូចលោកម៉ៅ សេទុង ផងដែរ ឈ្មោះរបស់លោក និងទស្សនៈនយោបាយរបស់លោកឥឡូវនេះត្រូវបានចារទុកក្នុងធម្មនុញ្ញរបស់គណបក្ស។
ក្នុងនាមជាមេដឹកនាំប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក លោក Xi Jinpingកំពុងដឹកនាំការជំរុញមួយដើម្បីផ្សព្វផ្សាយអំពីអ្វីដែលលោកហៅថា «ដំណោះស្រាយរបស់ប្រទេសចិន» ដែលនេះជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការជួយដោះស្រាយភាពស្រពេច ស្រពិល ផ្នែកហិរញ្ញវត្ថុ និងផ្នែកនយោបាយនានានៅលើពិភពលោក។
នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ អ្នកវិភាគនានាដូចជាលោក David Kelly ដែលជាប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន China Policy ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង បានយល់ឃើញថា លោក Xi Jinping បន្តក្ដាប់ឱកាសនៅបរទេសនៅពេលដែលឱកាសទាំងនោះហុចឲ្យ។
លោក David Kelly និយាយថា៖ «មានឱកាសល្អៗជាច្រើននៅបរទេសដែលបានកើតឡើងដោយសាររដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដោយសារការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ដោយសារបញ្ហានៅមជ្ឈិមបូព៌ា និងដោយសារកត្តាមួយចំនួនផ្សេងៗទៀត។ ហើយទោះបីជាដឹងថាមានហានិភ័យក៏ដោយ ដែលឧទាហរណ៍ដូចជាការកសាងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសប៉ាគីស្ថានជាដើម ក៏ប្រទេសចិនរឹតតែជម្នះតស៊ូទៅមុខបន្ថែមទៀត»។
លោក David Kelly បានបន្ថែមថា ថ្នាក់ដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនគិតថា ពេលវេលាឥឡូវនេះគឺជាពេលដែលត្រូវធ្វើសកម្មភាព។
គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិន ដែលជាកម្មវិធីយុទ្ធសាស្ត្រ និងពាណិជ្ជកម្មមានទឹកប្រាក់រាប់លានលានដុល្លារអាមេរិក មានរួមបញ្ចូលនូវគម្រោងនានាដូចជាគម្រោងកំពង់ផែសមុទ្រដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកនៅក្នុងទីក្រុង Gwadar ប្រទេសប៉ាគីស្ថាន និងច្រករបៀងសេដ្ឋកិច្ចកាត់តាមប្រទេសប៉ាគីស្ថាននេះ ដែលជាប្រទេសរងការគំរាមកំហែងដោយសារអំពើភេរវកម្មជាដើម។
ប៉ុន្តែ គេឃើញមានការប្រឆាំងនឹងគម្រោងរបស់ប្រទេសចិននៅក្នុងប្រទេសប៉ាគីស្ថាននេះ ក៏ដូចជាគោលនយោបាយរបស់ចិនផ្សេងទៀតនៅក្នុងតំបន់។
អ្នកវិភាគនានាបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនៅតែបន្តពង្រីកឥទ្ធិពលយោធារបស់ខ្លួនដោយការសាងសង់កោះសិប្បនិម្មិតនានានៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេសចិនក៏បានបង្ហាញនូវភាពបត់បែនផងដែរនៅពេលដែលខ្លួនធ្វើការលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Yang Kai-huang សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ming Chuan របស់តៃវ៉ាន់ បាននិយាយថា វិធីសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺធ្វើតាមគោលការណ៍ផង និងមានលក្ខណៈបត់បែនផង។
លោក Yang Kai-huang បាននិយាយថា បណ្ដាប្រទេសនានាដែលរួមមានទាំងប្រទេសចិនផងដែរ ត្រូវតែស៊ាំទៅនឹងកម្រិតនៃការចូលរួមផ្សេងៗគ្នានៅក្នុងទិដ្ឋភាពខុសៗគ្នាជាច្រើន ដោយគោលបំណងអាទិភាពគឺការធ្វើយ៉ាងណាមិនឲ្យមានជម្លោះ ឬក៏សង្គ្រាមធំៗកើតឡើង។ លោកបានបន្ថែមទៀតថា ពិភពលោកទាំងមូល ដែលរួមមានទាំងប្រទេសចិនផងដែរ បានយល់ឃើញរួមគ្នានូវបញ្ហានេះ។
បញ្ហាកូរ៉េខាងជើងនៅតែជាភាពស្រពិចស្រពិលដ៏ធំមួយសម្រាប់ប្រទេសចិនដដែល។ រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញសមត្ថភាពកាលពីមួយឆ្នាំកន្លងទៅនេះ ដើម្បីចាត់វិធានការដែលមានលក្ខណៈប្រថុយប្រថានជាងមុនមួយចំនួនដូចជា ការអនុម័តការដាក់ទណ្ឌកម្មតឹងតែងជាងមុនលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅពេលដែលកូរ៉េខាងជើងបន្តសាកល្បងជាមួយនឹងសហគមន៍អន្តរជាតិ។ ករណីនេះមានន័យថា ពេលខ្លះត្រូវសហការឲ្យកាន់តែជិតស្និទ្ធជាងមុនថែមទៀតជាមួយនឹងសហរដ្ឋអាមេរិក បើទោះបីជាមានការភ័យខ្លាចថាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកអាចនឹងកើតឡើងក៏ដោយ។
លោក David Kelly នៃក្រុមហ៊ុន China Policy បាននិយាយថា មានភាពស្រពេច ស្រពិលជាច្រើន។ លោកបានបន្ថែមថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Doanld Trump គឺជាការប្រឈមដ៏ខ្លាំងក្លាជាងបញ្ហានៃគោលនយោបាយផ្ទាល់របស់ប្រទេសចិនទៅទៀត។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកមានគោលនយោបាយសេដ្ឋកិច្ចប្រកបដោយគ្រោះថ្នាក់ និងការធ្វើនយោបាយប្រកបដោយគ្រោះថ្នាក់ នោះអ្នកនឹងមានហានិភ័យ ៤ ដងឯណោះ គឺមិនមែនត្រឹមតែពីរដងនោះទេ»។
ឥទ្ធិពលរបស់លោក Xi Jinping ក៏បានបង្កើតឲ្យមានឱកាស និងហានិភ័យផងដែរនៅក្នុងប្រទេសចិនផ្ទាល់ ។ លោក Yang Kai-huang បានបញ្ជាក់ថា ដោយសារតែឥទ្ធិពលរបស់លោក Xi Jinpingកើនឡើង និងការយល់ឃើញជាទូទៅដែលថា លោក Xi Jinpingទទួលបានជោគជ័យនៅក្នុងអំឡុងពេលលោកកាន់អំណាច ៥ ឆ្នាំដំបូង ក្ដីរំពឹងរបស់សាធារណជនទូទៅ និងហានិភ័យនៃការទទួលបរាជ័យរបស់លោ Xi Jingping នឹងមានការកើនឡើងជាងមុន។
លោក Yang Kai-huang បាននិយាយថា ប្រសិនបើសមាជិកនៃក្រុមថ្នាក់ដឹកនាំរបស់លោក Xi Jinping ធ្វើខុសអ្វីមួយ ឬក៏ដោះស្រាយបញ្ហាណាមួយដោយមិនត្រឹមត្រូវ សាធារណជននឹងមានអារម្មណ៍ថា លោក Xi Jinping មិនបានសម្រេចចិត្តឲ្យបានត្រឹមត្រូវ ហើយលោកនឹងត្រូវទទួលខុសត្រូវទាំងស្រុងលើរឿងនេះ។
ការខឹងសម្បាកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការបណ្ដេញកម្មករចំណាកស្រុកចេញដោយបង្ខំនៅក្នុងទីក្រុងប៉េកាំង និងប្រតិកម្មខ្លាំងក្លាពាក់ព័ន្ធនឹងគម្រោងបង្ខំប្រជាពលរដ្ឋដែលរស់នៅតំបន់ភាគឦសានឲ្យឈប់ប្រើការដុតធ្យូងសម្រាប់ធាតុអាកាសត្រជាក់ក្នុងរដូវរងា មុនពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនបានបញ្ចប់ គឺជាឧទាហរណ៍ពីរនាពេលថ្មីៗនេះអំពីការមិនពេញចិត្តរបស់សាធារណជនចំពោះលោក Xi Jinping។
អ្នកវិភាគនានាបាននិយាយថា ពេលដែលបក្ខពួករបស់លោក Xi Jinping ដូចជាលេខាធិការគណបក្សកុម្មុយនិស្តចិនលោក Cai Qi ជាដើម បានព្យាយាមជៀសពីការប្រឈមទាំងនោះដោយមិនឲ្យមានការប៉ះពាល់អ្វីធំដុំ នោះឧទាហរណ៍ពីរខាងលើនេះបានបង្ហាញឲ្យឃើញអំពីកម្រិតនៃការកើនឡើងនូវហានិភ័យ និងក្ដីរំពឹងទុកនានា៕
ប្រែសម្រួលដោយ ភី សុភាដា
ប្រភព ៖ វីអូអេខ្មែរ
0 ความคิดเห็น: