วันศุกร์ที่ 29 ธันวาคม พ.ศ. 2560

អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ!!-The plan to amend constitution.


អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ!!

អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង មិន​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដើម្បី​ពិនិត្យ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នោះ​ទេ។ ពួកគេ​ចាត់​ទុក​ផែនការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ថា​នឹង​ធ្វើ​ឲ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ថែម​ទៀត​ផង។

​អ្នក​ច្បាប់​មើល​ឃើញ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ មិន​មែន​រដ្ឋាភិបាល​ធ្វើ​ដើម្បី​បម្រើ​ឆន្ទៈ​រាស្ត្រ​ទេ គឺ​ដើម្បី​បម្រើ​ឆន្ទៈ​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ។

​អ្នក​វិភាគ និង​អ្នក​ច្បាប់​ចាត់​ទុក​ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានភាព​នយោបាយ​កំពុង​តែ​ប្រេះឆា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នេះ ថា​គឺ​ជា​ការ​ពង្រឹង​អំណាច​របស់​ខ្លួន មិន​មែន​ជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឲ្យ​វិវឌ្ឍ​ទៅ​ភាព​ប្រសើរ​ឡើយ។

​ក្រុម​អ្នក​ច្បាប់ អ្នក​វិភាគ រួម​ទាំង​បក្ស​ប្រឆាំង​ផង ព្រួយ​បារម្ភ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​នោះ​ថា គឺ​ជា​ការ​ពង្រួម​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​រដ្ឋ​សភា​ធ្លាប់​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​នោះ។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​ហេតុផល​នយោបាយ​ដែល​លោក ហ៊ុន សែន ចង់​ពង្រឹង​អំណាច និង​រក្សា​អំណាច​នេះ​ឲ្យ​កូនចៅ​របស់​លោក​បន្ត​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន និង​បក្សពួក​របស់​លោក​បាន​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ដឹក​នាំ​ប្រទេស និង​ការ​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ ដែល​បំពាន​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត៖ «»។

​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ ដែល​ទើបតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​មាន​សមាសភាព​ចម្រុះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ។ ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ជួយ​នាយករដ្ឋមន្ត្រី​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដួចផ្ដើម​អំពី​ជម្រើស​នានា ក្នុង​ការ​ធ្វើ​វិសោធនកម្ម​តាម​ការ​ចាំបាច់ តាម​មាត្រា ១៥១ និង​មាត្រា ១៥២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ។ ក្រុម​ការងារ​នេះ​ដឹកនាំ​ដោយ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​ប្រធាន មាន​អនុ​ប្រធាន ៣​រូប និង​សមាជិក ៨​រូប​ទៀត ដែល​ជា​ក្រុម​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជាដើម។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នៅ​ស្រប​ពេល​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​អង្គប្រជុំ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២២ ខែ​ធ្នូ ថា រដ្ឋាភិបាល​របស់​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​មាត្រា​មួយ​ចំនួន ក្នុង​នោះ​លោក ហ៊ុន សែន ថា ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក​អាច​តែងតាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​តាម​រយៈ​ព្រះរាជក្រឹត្យ​ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​តែងតាំង​ដោយ​ផ្ទាល់​នេះ នឹង​ធ្វើ​ឲ្យ​ការ​តែងតាំង​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​មាន​ភាព​ងាយ​ស្រួល​ប្រសើរ​ជាង​មុន​ដើម្បី​ឲ្យ​មន្ត្រី​របស់​លោក​អាច​បំពេញ​មុខ​តំណែង​ទំនេរ​នានា ពេល​អនាគត។

មាត្រា​១៥១​ថ្មី ចែង​ថា ការ​ផ្ដើម​គំនិត​សើរើ ឬ​ការ​ផ្ដើម​គំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ ឬ​របស់​នាយករដ្ឋមន្ត្រី និង​របស់​ប្រធាន​សភា​តាម​សេចក្ដី​ស្នើ​របស់​តំណាងរាស្ត្រ​មួយ​ភាគ​បួន​នៃ​សមាជិក​សភា​ទាំង​មូល។ ការ​សើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រូវ​ធ្វើ​ឡើង​ដោយ​ច្បាប់​ធម្មនុញ្ញ​មួយ ដែល​អនុម័ត​ដោយ​អនុម័ត​រដ្ឋ​សភា​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​សភា​ទាំង​មូល។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដើម្បី​សួរ​បន្ថែម​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​ជា​អនុ​ប្រធាន​នៃ​ក្រុម​ការងារ​ចម្រុះ​នេះ បាន​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ មិន​មែន​សំដៅ​ការពារ​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ទៅ​លើ​សមាសភាព​រដ្ឋាភិបាល​ដែល​កន្លង​មក​ធ្លាប់​តែ​មាន​ការ​រិះគន់​ថា គណៈរដ្ឋមន្ត្រី “ខ្លួន​តូច ក្បាល​ធំ” ជាដើម។

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ។ លោក​បញ្ជាក់​ថា បើសិនជា​ការ​ធ្វើ​កំណែទម្រង់​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ខ្លួន​តូច ឬ​ការ​បង្រួម​មន្ត្រី​ឲ្យ​មក​នៅ​ចំនួន​តិច​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​បញ្ចប់​ការ​រិះគន់​តែប៉ុណ្ណោះ ហើយ​ការ​តែងតាំង​រដ្ឋលេខាធិការ​ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ហ៊ុន សែន វិញ​នោះ គឺ​លោក ហ៊ុន សែន នឹង​កាន់​តែ​ជិះ​សេះ​លែងដៃ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន៖ «»។

​លោក​មេធាវី ហែម សុជាតិ ពន្យល់​ថា រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ ហើយ​ក៏​ជា​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​នគរ​ដែរ។ ការ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​តែងតាំង​រដ្ឋលេខាធិការ​ដោយ​មិន​ចាំបាច់​ឆ្លង​សភា​នោះ​គឺ​ជា​រឿង​មិន​ល្អ​ឡើយ។ លោក​អះអាង​ថា រដ្ឋលេខាធិការ​ក៏​ជា​មន្ត្រី​នយោបាយ​ដែរ ពួកគាត់​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​រដ្ឋសភា​ដែល​​ប្រជារាស្ត្រ​បោះឆ្នោត​ជូន​ដែរ។ លោក​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​គេ​មិន​ងាយ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ឡើយ ដើម្បី​រក្សា​ស្ថិរភាព និង​អធិបតេយ្យ​របស់​ខ្លួន៖ «»។

​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​ស្ថាប័ន​ទាំង​បី​ឲ្យ​នៅ​ឯករាជ្យ​ពី​គ្នា ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ស្ថាប័ន​នីតិប្រតិបត្តិ ពិសេស​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ទៅលើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ ដែល​លោក ហ៊ុន សែន ចង់​ធ្វើ​អ្វីៗ បាន​សព្វបែបយ៉ាង ដោយ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​របស់​លោក​ហ៊ាន​ជំទាស់​នោះ​ឡើយ។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ជា​ការ​ប្រែក្លាយ​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​របប​កុម្មុយនិស្ត​ផង និង​ជា​របប​យោធានិយម​ផង ដែល​ថ្មីៗ​នេះ មេដឹកនាំ​យោធា​បាន​ប្រកាស​ប្ដេជ្ញា​ការពារ​ក្រុម​គ្រួសារ និង​រដ្ឋាភិបាល​របស់​លោក ខណៈ​លោក ហ៊ុន សែន ជា​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៥ ផុត​លេខ​នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា របប​កុម្មុយនិស្ត​គឺ​ជា​របប​ដែល​មេដឹកនាំ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​ដើម្បី​កម្ទេច​ក្រុម​អ្នក​មាន​មតិ​ផ្ទុយ ឬ​ក្រុម​ប្រឆាំង ដូច​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​កន្លង​មក៖ «»។

​គិត​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ឆ្នាំ​២០១៥ សភា​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៨​លើក​មក​ហើយ ក្រៅ​ពី​នេះ ក៏​បង្កើត​ច្បាប់​ថ្មី និង​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ទៀត ដោយ​ខាង​រដ្ឋាភិបាល​អះអាង​ថា ការ​បង្កើត​ច្បាប់​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ។ នៅ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន ជាង ៣០​ឆ្នាំ​មក​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights watch លើក​ឡើង​ថា ជា​របប​គ្រប់គ្រង​មួយ​ពេញ​ដោយ​អំពើ​ហិង្សា និង​កាប់​សម្លាប់​អ្នក​មាន​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល ពេល​ខ្លះ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ទាំង​នោះ ដើម្បី​ចាប់​អ្នក​រិះគន់​ខ្លួន​ដាក់​ពន្ធ​ធនាគារ រួម​មាន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បក្ស​ប្រឆាំង ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា រួម​ទាំង​អ្នក​សារព័ត៌មាន​ផង ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់។

​អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា​មិន​មាន​ស្ថាប័ន​ណា​មួយ​ឯករាជ្យ​ពិតប្រាកដ​ដើម្បី​បកស្រាយ​ច្បាប់​ដោយ​តម្លាភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ស្រេច​តែ​ចិត្ត និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​គុណ​តម្លៃ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។ ការ​ធ្វើ​ច្បាប់​ថ្មី និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ពេល​ខ្លះ​ព្រះមហាក្សត្រ ទ្រង់​មិន​ឡាយ​ព្រះ​ហត្ថលេខា​ដើម្បី​ទទួល​ស្គាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ទេ ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ជា​អ្នក​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ទាំង​នោះ ដោយ​ព្រះអង្គ​យាង​ទៅ​ក្រៅ​ប្រទេស ដែល​គេ​មើល​ឃើញ​ថា​អាច​ជា​ការ​គេចវេះ​ជាដើម៕



ប្រភព ៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: