ក្រុមអ្នកច្បាប់សហរដ្ឋអាមេរិកគ្រោងដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាក់លាក់ ក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតដល់រដ្ឋាភិបាលហ៊ុន យ៉ាងយូរត្រឹមដើមឆ្នាំ២០១៨-USA to put more sanction to Hun sen govt.
ក្រុមអ្នកច្បាប់សហរដ្ឋអាមេរិកគ្រោងដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាក់លាក់ ក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតដល់រដ្ឋាភិបាលហ៊ុន យ៉ាងយូរត្រឹមដើមឆ្នាំ២០១៨
ក្រុមអ្នកច្បាប់សហរដ្ឋអាមេរិកគ្រោងដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាក់លាក់ ក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតដល់រដ្ឋាភិបាលលោក ហ៊ុន សែន នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ វិធានការថ្មីនេះ ដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
តំណាងរាស្ត្រសហព័ន្ធសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋហ្វ្លរីដា (Florida) និងជាប្រធានអនុគណៈកម្មការកិច្ចបរទេសសភាអាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បានប្រាប់ អាស៊ីសេរីកាលពីថ្ងៃទី១២ ខែធ្នូ ថា វិធានការថ្មីដែលរដ្ឋសភាអាមេរិកគ្រោងដាក់ទណ្ឌកម្មបន្ថែមដល់រដ្ឋាភិបាលលោក ហ៊ុន សែន នោះនឹងចេញជាលទ្ធផល នៅខែមករា ខាងមុខយ៉ាងយូរបំផុត៖ «គណៈកម្មការរបស់យើងធ្វើកិច្ចការលឿនណាស់ អ្នកឯងនឹងបានដឹង អំពីដំណឹងនេះប្រហែលនៅខែមករា ឬខែកុម្ភៈ។ យើងក៏ចង់ឲ្យពលរដ្ឋ ខ្មែរទាំងអស់ដឹងដែរថា យើងនឹងឈរជាមួយពួកគេទាំងអស់គ្នា ហើយតស៊ូទាមទារសេរីភាពរបស់ពួកគេមកវិញឲ្យទាល់តែបាន។ យើងក៏ចង់ប្រាប់លោក ហ៊ុន សែន ដែរថា ផ្លូវដែលលោកកំពុងដើរនេះ មិនមែនជា ជម្រើសល្អនោះទេ ហើយផ្លូវរបៀបនេះធ្លាប់នាំអោយប្រទេសរបស់ខ្លួនមានជម្លោះ ម្ដងរួចមកហើយ។ ដូច្នេះលោក ហ៊ុន សែន គួរ ផ្ដោតលើវិស័យពាណិជ្ជកម្ម និងការលើកកម្ពស់ពលរដ្ឋរបស់ខ្លួនវិញប្រសើរជាង។ ការលើកកម្ពស់ សិទ្ធិពលរដ្ឋរបស់នឹងនាំឲ្យ សេដ្ឋកិច្ចរបស់ប្រទេសមានភាពរុងរឿង»។
តំណាងរាស្ត្រសហរដ្ឋអាមេរិករូបនេះអះអាងថា អាមេរិកមានទណ្ឌកម្មជាច្រើនដែលអាចធ្វើទៅលើរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា សហរដ្ឋអាមេរិកបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួនរួចគឺគាំទ្រ ពលរដ្ឋខ្មែរឥតងាករេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យអោយទាល់តែបាន។
ការអះអាងរបស់លោក ថិត យ៉ូហូ ធ្វើឡើងនៅក្រោយសវនាការសួរដេញដោលគ្នាមួយរបស់អនុគណៈកម្មការទទួលបន្ទុកកិច្ចការបរទេស នៃរដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែធ្នូ ដែលមានកូនស្រី ច្បងរបស់លោក កឹម សុខា លោក ឃែននេត វ័រឡាក់ (Kenneth Wallace) ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI និង អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) មន្ត្រីជាន់ខ្ពស់ នៃអង្គការមូលនិធិ កេរ្តិ៍ដំណែលពិភពលោកចូលរួមធ្វើសក្ខីកម្ម។
នៅក្នុងសវនាការកាលពីថ្ងៃអង្គារទី១២ ធ្នូ នោះ ក្រុមតំណាងរាស្ត្រអាមេរិក បានស្នើឲ្យសាក្សីជួយស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមហ៊ុនទាំងឡាយណាដែលជាប់ពាក់ព័ន្ធ នឹងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យនៅកម្ពុជា។
ជាងនេះទៅទៀត សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ លោក ដេណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា អាមេរិកនឹងអាចប្រើច្បាប់ ក្លូបល មែកនីតស្គី (Global Magnitsky) ដើម្បីទណ្ឌកម្មសេដ្ឋកិច្ចលើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេស ដែលទទួលផលពីអំពើពុករលួយក្នុងរបប ដឹកនាំរបស់លោក ហ៊ុន សែន។
ច្បាប់នេះមានឥទ្ធិពលបង្កកទ្រព្យសម្បត្តិ រឹបអូសទ្រព្យសម្បត្តិ ហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅវិធានការថ្មីៗ របស់សហរដ្ឋអាមេរិកមកលើរដ្ឋាភិបាលកម្ពុជាថា ជាវិធានការព្រៃផ្សៃធ្វើតាមតែអំពើចិត្តទៅតាមមហិច្ឆតារបស់ខ្លួនប៉ុណ្ណោះ៖ «វាបង្ហាញមហិច្ឆតាចង់គាបសង្កត់មកលើរដ្ឋាភិបាលដោយសារតែកាន់ជើងអាយ៉ងរបស់ខ្លួន ក្នុងការដែលដាក់ខ្លួនដាក់កាយបម្រើជនបរទេស ក្នុងសតិអារម្មណ៍បម្រើចក្រពត្តិនិយមតទៅទៀតក្នុងសង្គ្រាមមនោគមន៍វិជ្ជានៅលើពិភពលោកតែប៉ុណ្ណោះ។ ខ្ញុំយល់ថាបញ្ហាហ្នឹងវាសាហាវ ព្រៃផ្សៃខ្លាំងណាស់ក្នុងការលើកវិធានការដែលមិនមានការផ្អែកលើគោលការណ៍ច្បាប់អីច្បាស់លាស់ទេ»។
ក្រោយពីគ្មានដំណោះស្រាយលើវិបត្តិគោលការណ៍ប្រជាធិបតេយ្យ នៅកម្ពុជា សហរដ្ឋអាមេរិកបានបោះជំហានដំបូងរបស់ខ្លួន ក្នុងការកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។ ជំហានបន្ទាប់មកទៀត គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល កម្ពុជាដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។
ហើយជំហានបន្តបន្ទាប់ទៅទៀត អ្នកស្រី អូលីវៀ អ៊ីណូស មន្ត្រីជាន់ខ្ពស់នៃអង្គការមូលនិធិកេរ្តិ៍ដំណែល បានផ្ដល់អនុសាសន៍ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជាដែលកំពុងដាក់តម្កល់នៅបរទេស និងកៀរគរ ប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកោះប្រជុំអំពីបញ្ហាកម្ពុជាឡើងវិញ។
ចំណែកឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ផាតទ្រីក មើសហ្វី ក៏បានទាមទារអោយរដ្ឋាភិបាលលោក ហ៊ុន សែន បង្វែរស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញ គឺមានការដោះលែង លោក កឹម សុខា ដោះលែងរាល់អ្នកទោសនយោបាយ បើកអោយសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យដំណើរការឡើងវិញ និងលប់ចោលការរំលាយគណបក្សសង្គ្រោះជាតិ។
មន្ត្រីការបរទេសជាន់ខ្ពស់របស់អាមេរិករូបនេះ ក៏បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតដែលថា សហរដ្ឋអាមេរិកនៅក្រោយគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: