ជីវិតកម្មកររោងចក្រ(កាត់ដេរ)ខ្មែរ៖ តើខ្មែរគួរយកវិស័យនេះជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចជាតិទៀតទេបើចង់ឲ្យខ្មែរខ្លាំង និងថ្លៃថ្នូរ?-Cambodian garment workers
វាជារឿងពិតដែលប្រទេសនានាមិនដឹង និងមេដឹកនាំខ្មែរមិនឈឺក្បាល ហើយមិនបានគិតពីសុខទុក្ខ និងសេចក្តីថ្លៃថ្នូរនៃជាតិសាសន៍ខ្មែរយើង។ ព្រោះជីវិតកម្មករខ្មែរសព្វថ្ងៃគឺរស់នៅមិនស្មើនឹងសត្វចិញ្ចឹមនៅស្រុករីកចម្រើនទេ។ ជាក់ស្តែងគឺ៖
១. មកធ្វើការ ឃ្លាតពីគ្រួសារ ភូមិកំណើតទាំងបង្ខំ និងប្រាក់ខែតិច។
២. កន្លែងស្នាក់នៅគ្មានអនាម័យ គ្មានស្តង់ដារដែលអាចរស់នៅសមរម្យ ថ្លៃថ្នូរដូចពលរដ្ឋខ្មែរដែលធ្វើការក្នុងវិស័យផ្សេងៗទៀតបាន។
៣. កន្លែងរស់នៅគ្មានសុវត្ថិភាព និងជីវិតក្នុងសង្គមគេមិនសូវឲ្យតំលៃ។
៤. ការហូបចុកខ្វះជីវជាតិ គ្មានអនាម័យ ខូចសុខភាព ហើយនេះក៏ជាមូលហេតុមួយធ្វើឲ្យពួកគេដួលសន្លប់ពេលកំពុងធ្វើការផងដែរ។
៥. កន្លែងធ្វើការជាច្រើនខ្វះអនាម័យដែលជាញឹកញាប់កម្មករតែងដួលសន្លប់ទាំងហ្វូងៗដោយសារជាតិពុល ហើយបញ្ហានេះនៅតែបន្ត។
៧. រដ្ឋាភិបាលមិនត្រឹមតែមិនដឹងគុណពួកគេក្នុងចំណែកកសាងសេដ្ឋកិច្ចសង្គម តែតែងប្រើកម្លាំងបង្រ្កាប កាប់សំលាប់ឥតស្តាយស្រណោះ គ្មានក្តីអាណិត ចាត់ទុកជីវិតពួកគេជាមនុស្សគ្មានតំលៃរាល់ពេលពួកគេតវ៉ារឿងសិទ្ធិកម្មករ និងបញ្ហាប្រាក់ខែ។ល។
៨. មធ្យោបាយធ្វើដំណើរគ្រោះថ្នាក់ មិនសមរម្យ ដែលបង្ហាញពីទង្វើរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងឲ្យតំលៃលើជីវិតពួកគេ។
៩. គ្មានប្រាក់ចូលនិវត្តន៍ ពេលចាស់ទៅ ពេលធ្វើការងាររោងចក្រលែងកើតមិនដឹងជាពួកគេទៅពឹងស្អី ហើយបើមានជំងឺទៀតមិនដឹងបានប្រាក់ពីខាងណាមកព្យាបាល ឬខាងណាជួយ។
១០. គ្មានតំលៃក្នុងចំណែកកសាងសង្គម ព្រោះរដ្ឋមិនមានកម្មវិធីផ្តល់អត្ថប្រយោជន៍ឲ្យពួកគេវិញ ដូចជាសេវាសុខភាព ធានារ៉ាប់រង ការបង្កើតសាលារៀនជូនដល់កូនចៅពួកគេ យកចិត្តទុកដាក់ដល់ការសិក្សានៃកូនចៅពួកគេ និងសុខភាពគ្រួសារកូនចៅពួកគេជាដើម។
១១. ស្ទើរគ្រប់រោងចក្រសុទ្ធតែពួកចិន/បរទេសជាចៅហ្វាយ ជាអ្នកចាត់ចែង ជាមេការ ហើយរដ្ឋាភិបាលគ្មានគោលការអប់រំ បង្រៀនកូនខ្មែរឲ្យមានចំណេះនេះ ឲ្យខ្មែរចេះគ្រប់គ្រងការងារ ដោយបណ្តោយឲ្យពួកបរទេសធ្វើចៅហ្វាយ និងជាន់ក្បាលខ្មែរគ្រប់វិស័យតទៅទៀត។
១២. រដ្ឋាភិបាលឬមេដឹកនាំខ្មែរតែងឈរខាងក្រុមហុន តែមិនឈរជាមួយកម្មករជាតិសាសន៍ខ្លួនឡើយ ហើយកម្មករខ្វះសិទ្ធិសេរីភាព និងតែងរងការគំរាមកំហែងគ្រប់ពេល។
១៣. រោងចក្រភាគច្រើនពួកបរទេសជាចៅហ្វាយ ប្រាក់ចំណេញ ទោះបរទេសអនុគ្រោះពន្ធ ឬមិនអនុគ្រោះពន្ធគឺមិនបានមកកម្មករខ្មែរទេ តែបានទៅចៅហ្វាយក្រុមហ៊ុននិងពួកកាន់អំណាចខ្មែរទាំងអស់។ ចំណែកកម្មករខ្មែរបានត្រឹមប្រាក់តែតិចតួចមួយរស់ពីមួយខែទៅមួយខែតែមួយគែដូចសត្វប៉ុណ្ណោះ។
ជារួមជីវិតកម្មករខ្មែរវេទនាណាស់ ដោយក្លាយជាទាសករជាតិសាសន៍គេលើទឹកដីខ្លួន ហើយសេដ្ឋកិច្ចបែបរោងចក្របែបនេះ ខ្មែរមិនគួរលើកតម្កើងឡើយ ព្រោះវាមិនអាចជួយខ្មែរឲ្យរស់ខ្លួនឯងបានផងកុំថាឡើយសង្ឃឹមដល់ក្លាយជាប្រទេសខ្លាំង។ ពោលមេដឹកនាំខ្មែរគួរពង្រឹងវិស័យអប់រំ ពង្រឹងនីតិរដ្ឋ ការបំបាត់នូវអំពើពុករលួយ ពង្រឹងសិទ្ធិសេរីភាព ពអ្រឹងតម្លាភាពនៃការដឹកនាំ/គ្រប់គ្រង ពង្រឹងធនធានមនុស្ស ពង្រឹងជំនាញដល់ពលរដ្ឋ ស្រូបយកការវិនិយោគទុនលើវិស័យសេវាកម្ម បច្ចេកវិទ្យា ឧស្សាហកម្មគ្មានផ្សែង ការផលិតកែច្នៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ទើបអាចកែប្រែមុខមាត់សេដ្ឋកិច្ចជាតិឲ្យខ្លាំង ហើយជាតិសាសន៍យើងរស់នៅមានសេចក្តីថ្លៃថ្នូរបាននាពេលអនាគត៕ ((អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ))
0 ความคิดเห็น: