លោកសម រង្ស៊ី បានថ្លែងធានាយ៉ាងមុតមាំថា នៅឆ្នាំ២០១៨ ខាងមុខ គណបក្សសង្រ្គោះជាតិ នឹងមានវត្តមានប្រកួតប្រជែងការបោះឆ្នោតឡើងវិញយ៉ាងពិតប្រាកដ!
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញក្ដីជឿជាក់យ៉ាមុតមាំថា គណបក្សសង្រ្គោះជាតិប្រាកដជានឹងមានវត្តមានចូលរួមប្រកួតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ខាងមុខនេះយ៉ាងពិតប្រាកដ។
លោក សម រង្ស៊ី ថែមទាំងបានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងថែមទៀតថា ក្រោយពេលដែលស្ថានការណ៍នៅកម្ពុជាបានល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះហើយ សមាជិកទាំង៣រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពីកូតាគណបក្សសង្រ្គោះជាតិ ដែលទើបនឹងបានប្រកាសលាលែងចេញពីតំណែងនោះ ពួកគេទាំងបីរូបប្រាកដជាអាចនឹងមានវត្តមានចូលរួមបម្រើការងារនៅក្នុងស្ថាប័នរៀបចំការបោះឆ្នោតនេះឡើងវិញ ។
លោក សម រង្ស៊ី ថ្លែងបញ្ជាក់យ៉ាងមុតមាំបែបនេះថា៖«មែន ពេលដល់ឆ្នាំ ២០១៨ នេះ គឺវាមិនអាចលួចយើងបានដូចមុនទេ ពេលនឹងសម្ពាធអន្តរជាតិនឹងជម្រុញអោយ គ.ជ.ប នឹងដំណើរការឡើងវិញ គួយ ប៊ុនរឿង អីនឹងគឺត្រឡប់ទៅវិញ ធ្វើការខ្លាំងជាមុនទៅទៀត ចឹងសុំអោយបងប្អូនទាំងអស់យល់ថា នេះគឺជាព្យុះ ព្យុះមួយរយៈពេលទេ យើងនឹងរកទីជម្រកទៅ» ។
ការថ្លែងទាំងមានជំនឿយ៉ាងមុតមាំរបស់លោក សម រង្ស៊ី បានអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សា នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ នៅខណៈពេលដែលលោកកំពុងមានវត្តមាននៅក្នុងប្រទេសមួយនេះ។
លោក សម រង្ស៊ី ថ្លែងបែបនេះ នៅចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយ ក្រោយពេលមានការចាប់ខ្លួនមេបក្សប្រឆាំង ការរំលាយគណបក្សប្រឆាំង និងការចាប់ខ្លួន សកម្មជនមួយចំនួនផងដែរ និងស្របពេលកម្ពុជាមានការថ្កោលទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសលោកសេរី ។
អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះថែមទាំងអះអាងអោយដឹងទៀតថា ស្ថានការណ៍នៅកម្ពុជាយ៉ាងយូរត្រឹមតែរយៈពេល២ខែទៀតប៉ុណ្ណោះ នឹងបានល្អប្រសើរវិញមិនខាន បន្ទាប់ពីលោកមើលឃើញថា លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្ទន់ឥរិយាបទរបស់លោកឡើងវិញ។ លោក ជឿជាក់ថា ក្រុមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិប្រាកដជានឹងអាចមានឱកាសបានមករៀបចំ គណបក្សឡើងវិញ ដើម្បីចូលរួមប្រកួតការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ៕
ប្រភពដើម៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
0 ความคิดเห็น: