ព័ត៌មានល្បាញល្បីប្រចាំឆ្នាំ២០១៧ ធ្លាក់ទៅលើដៃចោរសែនសោកស្តាយណាស់ដែលមិនបានសម្លាប់ជាតិសាសន៍ខ្លួនឯងចោល! (មានវីដេអូ) -Featured News 2017 : Hun sen said he would have killed CNRP group since 2013
លោក ហ៊ុន សែន សោកស្តាយណាស់ដែលមិនបានសម្លាប់ជាតិសាសន៍ខ្លួនឯង...!
ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅចំពោះមុខកម្មករ-កម្មការិនីរោងចក្ររាប់ពាន់នាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារនយោបាយបង្កប់ដោយអត្ថន័យហិង្សាបំផុតមួយ ដែលអាចធ្វើឲ្យលោកជាប់បន្ទុកក្នុងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ លោក ហ៊ុន សែន ថា លោកសោកស្តាយណាស់ ដែលលោកមិនបានសម្លាប់ក្រុមអ្នកប្រឆាំងរាប់ម៉ឺននាក់ ដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហើយដែលលោកចោទថា ប៉ុនប៉ងធ្វើ «បដិវត្តពណ៌»។ (វិទ្យុអាស៊ីសេរី)
គូសបញ្ជាក់ជាថ្មីស្ដីពីព័ត៌មាននេះពីវិទ្យុអាស៊ីសេរី៖ លោក ហ៊ុន សែន៖ ស្តាយមិនបានសម្លាប់ក្រុមបក្សប្រឆាំងដែលចង់ផ្ដួលរំលំរដ្ឋាភិបាលពីឆ្នាំ២០១៣
នៅរយៈពេលតែប៉ុន្មានថ្ងៃក្រោយ ពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរម្លាយចោលដោយបិទផ្លូវតវ៉ា ដូចតាមគម្រោងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង្អុលបង្ហាញ។ លោក ហ៊ុន សែន នៅថ្ងៃទី១៩ ខែវិច្ឆិកា ថ្លែងសារឌឺដងថា នៅកម្ពុជាពុំមាន អ្នកទោសនយោបាយទេ ប៉ុន្តែមានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។
លោកបន្តថា កម្ពុជាពុំមានវិបត្តិនយោបាយណាមួយឡើយ ព្រោះប្រជាពលរដ្ឋទូទៅអាចបំពេញការងារជាប្រក្រតីរបស់ពួកគេបានដូចធម្មតា។ លោកថា វិបត្តិនយោបាយពិតប្រាកដ កើតមាននៅប្រទេស ហ្ស៊ីមបាវ៉េ ឯណោះទេ ដែលប្រធានាធិបតីផ្តាច់ការកាន់អំណាចយូរជាងគេ ស្រដៀងនឹងលោក ហ៊ុន សែន ដែរនេះ នៅទីបំផុតទៅត្រូវបានក្រុមយោធាទម្លាក់ចេញពីអំណាច ដោយចាប់ឃុំក្នុងផ្ទះ ក្រោយពេលដែលប្រធានាធិបតីរូបនេះ ចង់ឲ្យភរិយារបស់ខ្លួនឡើងបន្តអំណាចពីលោក។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិក ប្រមាណ ៥ពាន់ នៅកោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា អតីតកម្មាភិបាលខ្មែរក្រហម និងជាបុរសហិង្សានិយមរូបនេះ និយាយគំរាមប្រលយថា ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តពណ៌» នោះលោកនឹងបញ្ជាឲ្យក្រុមរបស់លោក សម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោល តាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ នៅភ្នំពេញមកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើបថា លោកទើបតែទទួលបានព័ត៌មានថា ក្រុមបក្សប្រឆាំងបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្តាច់ព្រាត់រំលំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន ថ្លែងក្នុងឋានៈជានាយករដ្ឋមន្ត្រីថា លោកស្តាយណាស់ដែលលោក មិនបានសម្លាប់អ្នកទាំងនេះ។ «»
នេះមិនមែនជាលើកទីមួយទេ ដែលមេដឹកនាំផ្តាច់ការរូបនេះ និយាយថ្លែងជាសាធារណៈអួតអាងតែពីរឿងកាប់សម្លាប់ពូជសាសន៍ខ្មែរខ្លួនឯង ដោយមិនខ្មាស់បរទេស នៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់នេះ ខណៈដែលលោកត្រូវបានគេមើលឃើញថា តែងតែឱនលំទោននៅចំពោះមុខបរទេសជាពិសេសប្រទេសវៀតណាម ដែលបានលើកបណ្តុបលោកឲ្យឡើងកាន់អំណាច កាលពីដើមទស្សវត្សរ៍ទី៨០។ កាលពីមុនពេលបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់ថ្លែងសារគំរាមជាច្រើនលើកច្រើនសារអំពីសង្គ្រាម អំពីរឿងក្ដារមឈូស និងថា លោកសុខចិត្តកម្ទេចក្រុមប្រឆាំង ១០០ ទៅ២០០ នាក់ ប្រសិនបើចាំបាច់ ដើម្បីការពារសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់៕
0 ความคิดเห็น: