កម្ពុជានិយម(ចិនហាយនៈខ្មែររាប់សិបទសវត្សរ៍)៖ អាមេរិកនិងអឺរ៉ុប បញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ នោះចៅកែ ចិន ក៏ក្ស័យធន ឬខាតឡុងចុង តែហេតុអ្វី ក៏រដ្ឋាភិបាលចិនប៉េកាំង នៅបន្តការគាំទ្ររដ្ឋាភិបាលភ្នំពេញ ដែលបានរំលាយបក្សប្រឆាំងចោល?
កម្ពុជានិយម(ចិនហាយនៈខ្មែររាប់សិបទសវត្សរ៍)៖ អាមេរិកនិងអឺរ៉ុប បញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ នោះចៅកែ ចិន ក៏ក្ស័យធន ឬខាតឡុងចុង តែហេតុអ្វី ក៏រដ្ឋាភិបាលចិនប៉េកាំង នៅបន្តការគាំទ្ររដ្ឋាភិបាលភ្នំពេញ ដែលបានរំលាយបក្សប្រឆាំងចោល?
ដូចដែលយើងដឹងហើយថា រោងចក្រកាត់ដេរភាគច្រើននៅស្រុកខ្មែរ ជារបស់ថៅកែចិន បើទីផ្សារនាំចូលខោអាវនៅអាមេរិក នៅអឺរ៉ុប ពីកម្ពុជាមានបញ្ហា សូម្បី តាំងពីឈប់អនុគ្រោះពន្ធ ដល់ការបិទទីផ្សារនាំចូល នោះចៅកែចិន ក៏ក្ស័យធន ឬខាតឡុងចុងដែរ តែហេតុអ្វី ក៏របបប៉េកាំង នៅបន្តគាំទ្ររបបក្រុងភ្នំពេញដែលរំលាយបក្សប្រឆាំង ខណៈម្ចាស់ទីផ្សាខោអាវ ចេញមុខរិះគន់យ៉ាងខ្លាំងក្លាចំពោះទង្វើនេះ។ មានអ្វី លើសពីនេះ?
១. ចិន ប្រែហើយ គឺប្រែពីនយោបាយការបរទេសសន្តិភាពនិយម ទៅជានយោបាយការបរទេសការពារវាតទីនិយម។ ចិនមើលគំរូអាមេរិកាំង មើលគំរូរុស្ស៊ី។ អាមេរិកកាំងការពារអ៊ីស្រាអ៊ែល ចំនែករុស្ស៊ីការពារស៊ីរី ក្នុងនាមជាបងធំមហាអំណាច។ ថ្ងៃនេះអាមេរិកកាំងលក់ពួកប្រឆាំងស៊ីបាត់ ស៊ីរីរបស់អាឡាសាតធ្លាក់ក្នុងដៃរុស្ស៊ីទាំងស្រុង។ បើកម្ពុជាព្រមលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារគោលនយោបាយចិន ព្រមយកចិនជាបងធំ ព្រមទទួលចិនជាឪស្របច្បាប់ ហើយចិនថែមទាំងបានចេញមុខការពារសន្តិសុខជាតិរបស់កម្ពុជា ជំនួយកម្ពុជាទៅហើយ ដូច្នេះទោះបីកម្ពុជា ប្រែពីកោះទ្រព្យ ទៅជាដុំថ្មគ្មានជាតិមួយដុំក៏ដោយ ក៏ចិន ត្រូវតែតាមការពារកម្ពុជា អោយដល់ទីបំផុតដែរ។
២. ប៉ុន្តែ ការតាមការពារកម្ពុជា នេះ ប្រហែលមិនសម្រាប់កម្ពុជាទេ ប៉ុន្តែសម្រាប់ប្រយោជន៍ជាតិចិនខ្លួនឯង។ ចិនចង់បង្ហាញដល់សម្ព័ន្ធមិត្តតូចធំ របស់ចិនក្នុងលោកថា បើនណារហើយ ព្រមយកចិនធ្វើឪ នោះចិន មិនបោះបង់ចោលបងប្អូនទន់ខ្សោយតូចតាចណាម្នាក់ឡើយក្នុងលោក។ ដូច្នេះការតាមការពារកម្ពុជា គឺចង់បង្ហាញគំរូនៃទំនាក់ទំនងចិន និងប្រទេសតូចតាចដទៃទៀត ថាខុសត្រូវយ៉ាងណា ចិនមិនខ្វល់ ដរាបណា នៅខាងចិន ចិននឹងការពាររហូតទាល់តែសល់ដុំថ្មមួយដុំ ឬរហូតទាល់តែប្រទេសមួយក្លាយជានគរគ្មានមនុស្សម្នាក់ ក៏ចិនតាមការពារដែរ។ កាលចិនខ្សោយ ចង់មិនចង់បង្ករសត្រូវ។ ពេលចិនធំធាត់ ចិនចង់បានមិត្ត។ ពេលចិន ឡើងខ្លាំង ចិនចង់បានកូនចៅ(រដ្ឋចំណុះ,រដ្ឋទ្រនាប់,រដ្ឋរបាំង)។ ដូច្នេះ បើកម្ពុជាលះបង់ខ្លួនប្រាណដើម្បីចិនយ៉ាងនេះទៅហើយ តែទីបំផុត ចិនមិនអាចសូម្បីតែស្រែកការពារកូនចៅតូចមួយ ទប់ទល់នឹងសម្ពាធអាគាំងអឺរ៉ុប តើចិនមានមុខមាត់អី ទៅសុំនគរតូចតាចផ្សេងទៀតមកធ្វើជាកូនចៅ ហើយតើចិនមានមុខមាត់អី ទៅអួតប្រាប់ពិភពលោកថាខ្លួនជាមហាអំណាចនោះ។
៣. ចំណែករោងចក្រនៅខ្មែរ បើបិទចោលទាំងស្រុកក៏ដោយ កៅថៅកែចិន អាចរើចង្ក្រានរើឆ្នាំងទៅប្រទេសតូចតាចដែលកំពុងអភិវឌ្ឍន៍ ហើយដែលទទួលបានការអនុគ្រោះពន្ធនាំចូលស្រុកអាមេរិក ស្រុកអឺរ៉ុប ដូច្នេះថៅកែចិនមិនងាប់ទេ ទីបំផុតទៅ កម្ពុជាទេ ដែលអត់ទាំងភ្លើង គ្មានទាំងផ្សែង អស់ទាំងផេះជើងក្រាន ក្រពះ៧០ម៉ឺន បូកមនុស្សក្នុងបន្ទុកស្មើ២លាននាក់ ស្រេចលើវាសនាចុះ។ លើសពីនេះ កម្ពុជាខ្ចីចិនកាន់តែច្រើន នោះចិនកាន់តែមានឥទ្ធិពលលើកម្ពុជាកាន់តែខ្លាំង ទីបំផុតបើចិនថាមួយ កម្ពុជាមិនហ៊ានស្រែកថាពីរទេ បើចិនប្រាប់ទៅស្លាប់ នោះកម្ពុជាមិនហ៊ានថាចង់រស់ឡើយ។ ខ្មែរដែលនៅតែឈ្លោះគ្នា នឹងរឿងថា ចិនល្អ ឬអាមេរិកកាំងល្អនោះ ទាំងពីរក្រុមនឹង សុទ្ធតែរុញមាតាកម្ពុជាទៅស្លាប់ម្តងទៀត។
៤. ឃើញខ្ញុំសសេរតែចិន ចិន ចិន ប្រហែលមានអ្នកខ្លះ គាត់ជ្រេញ ហើយចោទថា មនុស្សគំនិតខ្ញុំនេះ គឺពួកអាគាំង អាចម៍អាគាំងក៏ក្រអូប។ អត់ទេ ខ្ញុំនេះ មិនមែនចិននិយម ហើយក៏មិនមែនអាគាំងនិយមដែរ តែគឺ កម្ពុជានិយម។ ព្រោះបើថាអ្នករាប់អានអាគាំង ចង់ស៊ីគ្រាប់បែកថែមទៀតនោះ ចឹង រាប់អានចិននឹង ចង់ទៅវាលពិឃាត ប៉ុល ពត ទៀតអី។ អ្នកណាជួយ លន់ នល់ គឺអាមេរិកាំង។ ចុះ អ្នកណា ជួយ ប៉ុល ពត អោយធ្វើសង្គ្រាមដណ្តើមអំណាចភ្នំពេញបានជោគជ័យ គឺ ចិន និង យួន ហើយចុះអ្នកណាដែលបន្តគាំទ្រ ប៉ុល ពត អោយអង្គុយកៅអី អង្គការសហប្រជាជាតិ បើទោះបី ប៉ុល ពត បានដួលរំលំពីភ្នំពេញឆ្នាំ៧៩ទៅហើយ គឺ អាគាំង ចិន យួន ថៃ។ មុនពេលរបប ប៉ុល ពត ដួលរំលំ ទោះចិនដឹងថា របប ប៉ុល ពត សម្លាប់រង្គាលជនជាតិខ្មែរច្រើនលាននាក់ក៏ដោយ តែចិននៅតែការពារដល់ទីបំផុត ទោះបីកម្ពុជាស្ទើតែក្លាយជានគរខ្មោចទៅហើយក្តី ក៏តាមការពារលុះក្ស័យ ព្រោះចិនស្រលាញ់កម្ពុជាចង់លេប។
៥. បីខែមុននិយាយម្តង ៣ខែក្រោយនិយាយម្តងទៀត។ កាលៈទេសៈនេះ កាលពី៣០ឆ្នាំមុន កើតរួចហើយ គឺនៅពេលពួកមហាអំណាចចាប់ផ្តើមសង្គ្រាមដណ្តើមឥទ្ធិពលគ្នា ក្នុងទម្រង់សង្គ្រាមត្រជាក់ (ពីមុន អាមេរិក-សូវៀត ដណ្តើមគ្នានៅអឺរ៉ុប នៅសមុទ្រអាត្លង់តិច និងអាស៊ី, បច្ចុប្បន្ន អាមេរិក-ចិន ដណ្តើមគ្នានៅអាហ្វ្រិក និងនៅរវាងឥណ្ឌូ-ប៉ាស៊ីហ្វិក[ឥណ្ឌា,អូស្ត្រាលី,ជប៉ុន,កូរ៉េខាងត្បូង] និងអាស៊ី-ប៉ាស៊ីហ្វិក[ចិន] ថែមទាំងអាស៊ី-អាគ្នេយ៍ ជាពិសេស) មានប្រទេសតូចតាចជាច្រើន កំពុងតម្រង់ជួរស្ម័គ្រចិត្តធ្វើជារដ្ឋទ្រនាប់ និងរដ្ឋរបាំង អោយបងធំអាមេរិកកាំង អោយសូវៀត អោយចិន ជាថ្នូរនឹងការប្រើប្រាស់ឥទ្ធិពលបងធំរៀងៗខ្លួន ដើម្បីសម្រេចមហិច្ចតានយោបាយក្នុងស្រុកខ្លួនឯង។ ការរំលាយបក្សប្រឆាំងនេះក៏ដោយ បើចិន មិនព្រម ស្មានតែភ្នំពេញ ហ៊ានធ្វើដូច្នេះ។ តែមកពីបងធំចិនថាអោយធ្វើ ទើបភ្នំពេញហ៊ានធ្វើ ព្រោះភ្នំពេញដឹងថា លទ្ធផលយ៉ាងណាក៏ដោយ ក៏មានមេចិនចាំជួយ គឺជួយការពារដល់ទីបំផុតនៃដង្ហើមខ្មែរ ដូចដែលចិនជួយការពារ ប៉ុល ពត។
៦. កាលពីឆ្នាំ៣០មុន(៥ទសវត្សរ៍កន្លងមកនេះ) អ្នកនយោបាយខ្មែរ យល់ថា ខ្លួនឯងឆ្លាតណាស់ ដែលអាចប្រើចិន ប្រើអាមេរិកកាំងបាន ទីបំផុត ទាល់តែកាប់ចាក់គ្នា ងាប់ស្ទើមួយប្រទេស នគរក្លាយជានគរខ្មោច ទើបភ្ញាក់ខ្លួនដឹងថា ខ្លួនត្រូវបងធំ លក់កាប់សាច់រយលើជ្រុញអន្តរជាតិ ដើម្បីប្រយោជន៍ជាតិគេ។ យើងធ្វើរឿងដដែល ហើយយើងសង្ឃឹមចេញលទ្ធផលផ្សេងគ្នា ប្រហែលមិនអាច។ រឿងក្នុងងាយស្រាយ រឿងក្រៅពិបាកដោះ។ ជាតិសាសន៍មួយនេះ ដូចមានប្រជ្រុយក្រោមភ្នែក រង់ចាំតែថ្ងៃឈឺចាប់ ម្តងហើយម្តងទៀត មិនចេះចប់។ និយាយអីចឹង ស្រាប់តែលឺបងប្អូនខ្លះគាត់ថា បើចឹងពួកប្រឆាំងនឹង កុំបានតែនិយាយ ធ្វើអ្វីដោយមានប្រយោជន៍ចូលរួមជួយកម្ពុជាទៅ ទើបល្អ។ គំនិតល្អ។ តែផ្លូវជួយក្នុងនយោបាយជាតិ ជម្រើសទីមួយ គឺមានបក្សចូលបោះឆ្នោតដោយសេរី យុត្តិធម៌។ ចុះបើបងប្អូនរំលាយគេចោលទៅហើយ តើអោយគេចូលរួមជួយតាមច្រកណា។ សង្គ្រាមមិនធ្វើ បដិវត្តមិនធ្វើ បាញ់បោះដណ្តើមអំណាចមិនធ្វើ សម្រេចយកការបោះឆ្នោត ក៏បងប្អូនមិនអោយគេធ្វើ។ ជម្រើសទីពីរ គឺពឹងអន្តរជាតិជួយដោះស្រាយ ព្រោះខ្មែរនឹងខ្មែរនិយាយគ្នាលែងស្តាប់បានហើយ។ ទីបំផុត បើអន្តរជាតិជួយមិនបានទៀត នោះមានតែជម្រើសចុងក្រោយ ពលរដ្ឋជាទឹក។ ផ្លូវវាទៅអីចឹង បើបងប្អូនធ្វើអីចឹង តើបងប្អូនចង់អោយវាទៅយ៉ាងម៉េចវិញ រឿងវាត្រូវតែអីចឹង ជាកត្តាសត្យានុម័តនៃធម្មជាតិនយោបាយនិងអំណាច។ អកុសល ព្រហ្មលិខិត សង្ឃឹម។
ក្នុងនាមជនជាតិខ្មែរម្នាក់ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពេលព្យុះភ្លៀងចប់ទៅ នៅក្នុងកម្ពុជាយើង យើងត្រូវមានមូលនិធិនយោបាយដើម្បីបណ្តុះបណ្តាលពលរដ្ឋវិជ្ជានិងនយោបាយ អោយប្រជាជនវ័យក្មេងយើង ដឹងខុស ដឹងត្រូវ ដឹងល្អ ដឹងអាក្រក់ ក្នុងជីវិតនយោបាយរដ្ឋ កាត់បន្ថយការបំពាក់បំប៉នមនោគមន៍វិជ្ជាបក្ស តែពង្រីកស្មារតីជាតិសាសន៍ បើមិនដូច្នោះទេ ខ្លាចតែ៣០ឆ្នាំក្រោយទៀត អាចនឹងរង្វែងបែកបាក់ស្មារតីជាតិមួយនគរ ម្តងហើយម្តងទៀត ដូចរាំវង់នយោបាយ រកច្រកចេញមិនឃើញ។ នេះជារឿងដ៏កំសត់របស់ជាតិសាសន៍មួយ។ ពលរដ្ឋម្នាក់ៗ គួរចាំថា ជាតិមួយល្អឬអាក្រក់ ប្រទេសមួយសុខសាន្តឬសង្គ្រាម សុទ្ធតែមានចំនែកយើង។ យើងជាហេតុ។ យើងជាដំណោះស្រាយ។
((អត្ថបទដោយ៖ សូរ សមយុទ្ធ))
0 ความคิดเห็น: